
អាហារពេលព្រឹកទាំង ៧នេះអាចជាថ្នាំថែរក្សាក្រពះពោះវៀនរបស់អ្នក


អ្នកណាខ្លះ ដែលតែងធ្វេសប្រហែសក្នុងការញ៉ាំអាហារពេលព្រឹក? មានមនុស្សមិនតិចនោះទេ ដែលជ្រើសរើសអាហារមិនស័កិ្តសមដូចជានំបុ័ង ឬអាហារក្រៀមក្រោះដទៃទៀតសម្រាប់ជាអាហារពេលព្រឹកប្រចាំថ្ងៃ។
ពិតណាស់អាហារប្រភេទទាំងនោះអាចបង្កលក្ខណៈងាយស្រួលនិងរហ័សក្នុងការរកទិញថែមទាំងចំណេញពេលបានច្រើនក្នុងការញ៉ាំ ប៉ុន្តែអ្នកមិនដឹងទេថាវាអាចប៉ះពាល់នូវមុខងារក្រពះពោះវៀនរបស់អ្នកនៅរយៈពេលណាមួយ។ ដូច្នេះអ្នកគួរកាត់បន្ថយ និងផ្លាស់ប្ដូរទម្លាប់ទាំងអស់នោះហើយងាកមកចាប់ផ្ដើមរបបអាហារពេលព្រឹកផ្សេងទៀត ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងជាឱសថបំប៉នដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកទៀតផង។
១. ត្រីសាម៉ុង
ត្រីសាម៉ុងគឺជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ដែលជាថ្នាំធម្មជាតិប្រឆាំងនឹងការរលាកប្រព័ន្ធរំលាយអាហាររបស់អ្នក ព្រមទាំងអាចជួយព្យាបាលអាការៈហើមពោះ និងឈឺពោះបានផងដែរ។ ការសិក្សាខ្លះបានរកឃើញផងដែរថាអាស៊ីតអូមេហ្គា-៣ នៅក្នុងត្រីសាម៉ុងពិតជាមានប្រយោជន៍សម្រាប់ការពារមហារីកពោះវៀនធំ។ ជាក់ស្ដែង ការទទួលទានត្រីសាម៉ុងនៅពេលព្រឹក វាពិតជាផ្តល់គុណប្រយោជន៍បំផុតចំពោះការធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារបង្កើនថាមពលក្នុងរាងកាយ លើកកម្ពស់ការសម្រកទម្ងន់ ពិសេសជួយរក្សាលំនឹងកម្រិតជាតិស្ករនៅក្នុងឈាមព្រោះវាមានផ្ទុកនូវជាតិប្រូតេអុីនខ្ពស់។
២. យ៉ាអ៊ួ
យ៉ាអ៊ួដែលគ្មានរសជាតិផ្លែឈើ និងគ្មានលាយទៅដោយសារធាតុពណ៌ ជាជម្រើសដ៏ល្អបំផុតក្នុងការទទួលទាន ជាពិសេសសម្រាប់ជាអាហារពេលព្រឹករបស់អ្នក។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានជីវជាតិជាច្រើនដែលជួយបង្កើនការរំលាយអាហារបានយ៉ាងល្អ។ ដោយហេតុថាយ៉ាអ៊ួមានផ្ទុកនូវប្រូតេអុីន កាល់ស្យូម និងឡាក់តូស(Lactose) ពិសេសសម្បូរទៅដោយប្រូប៊ីយ៉ូទិក (Probiotics) ដែលជួយធ្វើឲ្យប្រសើរឡើងនូវមុខងារប្រព័ន្ធរំលាយអាហារ ជួយថែរក្សាសរីរាង្គរបស់ពោះវៀនឲ្យមានសុខភាពល្អ និងកាត់បន្ថយអាការៈហើមពោះ ទល់លាមក និងរាកជាដើម។
៣. ផ្លែប៉ោម
ផ្លែប៉ោមមិនត្រឹមតែជួយសម្រស់ឲ្យនៅក្មេងជាងវ័យនោះទេ ប៉ុន្តែវាក៏អាចជួយការពារកោសិកាពោះវៀនពីបញ្ហារំខាននានាផងដែរ។ ផ្លែប៉ោមជាប្រភេទផ្លែឈើសម្បូរទៅដោយសារជាតិ Pectin ដែលជាជាតិសរសៃរលាយជួយបង្កើនការរំលាយអាហារនៅក្នុងពោះវៀនតូច បង្កើនការធ្វើចលនារបស់ពោះវៀន ពិសេសជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគក្នុងពោះវៀននិងព្យាបាលអាការៈទល់លាមកបានថែមទៀតផង។
៤. ផ្លែល្ហុងទុំ
ផ្លែល្ហុង ជាផ្លែឈើធម្មជាតិដែលសម្បូរ និងងាយស្រួលក្នុងការរកទិញនៅលើទីផ្សារ។ ជាក់ស្តែងការចាប់ផ្តើមអាហារពេលព្រឹកជាមួយផ្លែល្ហុងពិតជាពិសេសណាស់ ដោយសារផ្លែល្ហុងមានផ្ទុកនូវជាតិអង់ស៊ីមម្យ៉ាងឈ្មោះថា Papain ដែលជាអង់ស៊ីមជួយបង្កើនមុខងាររំលាយអាហារ និងបន្ថយហានិភ័យនៃការរលាកពោះវៀនធំដូចជា អាការៈទល់លាមក និងហើមពោះបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះវាក៏អាចជួយសម្រកទម្ងន់ ព្រមទាំងថែរក្សារាងនិងសម្រស់របស់លោកអ្នកឲ្យនៅស្អាតក្មេងជាងវ័យបានដែរ។
៥. ផ្លែម្នាស់
បន្ថែមពីអត្ថប្រយោជន៍ដែលស្រដៀងគ្នាទៅនឹងផ្លែល្ហុង ផ្លែម្នាស់ក៏មាននូវប្រភេទអង់ស៊ីមម្យ៉ាងឈ្មោះថា Bromelain ដែលមានមុខងារពិសេសក្នុងការបំបែកជាតិប្រូតេអុីន។ ការញ៉ាំទឹកម្នាស់ ត្រូវបានបង្ហាញថាអាចជួយកាត់បន្ថយការរលាកផ្លូវរំលាយអាហារ នេះបើយោងតាមការសិក្សាដែលធ្វើឡើងទៅលើសត្វកណ្តុរ។ បន្ថែមពីនោះ ផ្លែម្នាស់ ត្រូវបានចាត់ទុកជាឱសថធម្មជាតិមួយក្នុងការសម្អាតពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀននិងធានាបានសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យបានល្អពេញមួយថ្ងៃ។
៦. ផ្លែចេក
ពេលវេលាល្អបំផុតសម្រាប់ការបរិភោគផ្លែចេកគឺនៅពេលព្រឹក ព្រោះផ្លែចេកអាចជួយការពារអាការៈចុកដើមទ្រូង ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និងអាចឲ្យអ្នកមានកម្លាំងល្អសម្រាប់ការប្រកបកិច្ចការងាររហូតបានពេញមួយថ្ងៃ។ ដោយហេតុថាផ្លែចេកមានផ្ទុកសមាសធាតុដែលត្រូវបានគេស្គាល់ថាជា Protease ដែលជួយលុបបំបាត់បាក់តេរីដែលបង្កគ្រោះថ្នាក់ដូចជា H. pylori ដែលជាដើមចមបណ្តាលឲ្យរលាកស្រទាប់ក្រពះបាន។
៧. បន្លែបៃតងចាស់
បន្លែបែតង ជាប្រភពដ៏ល្អឥតខ្ចោះនៃជាតិសរសៃដែលមិនរលាយ។ ជាតិសរសៃបែបនេះ និងសារធាតុម៉ាញ៉េស្យូមដែលមាននៅក្នុងបន្លែអាចជួយសម្រួលនូវដំណើរការបញ្ចេញកាកសំណល់ពីពោះវៀនរបស់អ្នក កាត់បន្ថយអាការៈទល់លាមកតាមរយៈការបង្កើនការកន្រ្តាក់នៃផ្លូវក្រពះពោះវៀន។ ជាក់ស្ដែង បន្លែពណ៌បៃតងចាស់ដែលអ្នកបរិភោគបាន អាចមានដូចជា ស្ពៃបៃតង ប្រូខូលី និងប្រភេទស្លឹកដែលមានពណ៌បៃតងជាច្រើនទៀត។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ