Menu

ទម្លាប់៥យ៉ាង ដែលគេគិតថាអាក្រក់ តែក៏ជួយឲ្យអ្នកឆ្លាតវៃ


ទម្លាប់៥យ៉ាង ដែលគេគិតថាអាក្រក់ តែក៏ជួយឲ្យអ្នកឆ្លាតវៃ

ទម្លាប់ជាច្រើនហាក់ដូចជាមិនមានអ្វីដែលមានប្រយោជន៍ដល់យើងសោះ តែយើងកំពុងតែអនុវត្តវាដោយខានមិនបាន។ ជាក់ស្តែង ដូចជាការប្រើប្រាស់ទូរស័ព្ទដៃត្រូវប្រឈមនឹងជាតិវិទ្យុសកម្ម ទូរទស្សន៍ធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល ហើយអាហារជាច្រើនត្រូវបានផលិតឡើងដោយមានផ្ទុកសារធាតុគីមីដ៏គ្រោះថ្នាក់។ល។  ដែលជាហេតុធ្វើឲ្យយើងគិតថាយើងនឹងឆាប់ស្លាប់។

ទាំងនេះសុទ្ធតែជាការគិតបែបទុទិដ្ឋិនិយម ដែលបាន និងកំពុងលងបន្លាចបុគ្គលជាច្រើនរូបប្រៀបដូចជាសម្រោលអន្ទោលតាមប្រាណ រហូតដល់ពេលខ្លះខណៈពេលដែលបម្រុងនឹងធ្វើអ្វីមួយ ក៏ត្រូវផ្អាកវិញដោយសារតែនឹកឃើញនឹកពាក្យទាំងនោះ។ សាកគិតម្តងទៀតទៅមើលថា តើមានរបស់អ្វីដែលមានតែគុណប្រយោជន៍ ហើយល្អគ្រប់ដប់ដែរឬទេ? បើយើងគង់នឹងស្លាប់ទៅដូចគ្នា ហេតុអ្វីមិនព្យាយាមគិតក្នុងផ្លូវវិជ្ជមានវិញ?

ពេលក្រោយ បើមានអ្នកណារអ៊ូរទាំដាក់អ្នកអំពីទម្លាប់នៃការលេងហ្គេមកុំព្យូទ័រ ការមើលទូរទស្សន៍ការគេងសម្រន់ពេលថ្ងៃនោះ សូមយកអត្ថបទនេះឲ្យពួកគេមើល ហើយចាំមើលថាគេមានប្រតិកម្មបែបណាដែរ?

    ហ្វេសប៊ុក
វាហាក់ដូចជាចម្លែកបន្តិចមែនទេ? ប៉ុន្តែចិត្តវិទូ Tracy Alloway បានបញ្ជាក់ថាវាជាការពិត។ វាជាការសិក្សាថ្មីស្រឡាងមួយ ដែលទាមទារនូវការអង្កេតមើលច្រើនទៀត មុននឹងបញ្ជាក់ថាវាជាការពិតមួយដែលមិនអាចគេចវេសបាន។ លោកបានបញ្ជាក់ថា បណ្តាញសង្គមមួយនេះនឹងជួយបង្កើនការចងចាំនៃការប្រកបការងាររបស់មនុស្ស( សមត្ថភាពនៃការចងចាំពត៌មាន ហើយប្រើប្រាស់វាពេលក្រោយ)។

នេះហាក់ដូចជាត្រឹមត្រូវពិតមែន។ ជាក់ស្តែង ពេលដែលអ្នកតាមដានមើលគណនីរបស់នរណាម្នាក់ក្នុងហ្វេសប៊ុក អ្នកនឹងចងចាំរាល់ចំណង់ចំណូលចិត្តរបស់គេ ដូច្នេះហើយ នៅពេលដែលបានជួបគេដោយចៃដន្យនៅខាងក្រៅ  អ្នកអាចនឹងក្លែងធ្វើជាមានចំណូលចិត្តដូចគ្នាហើយក៏ភ្ជាប់ទំនាក់ទំនងគ្នាភ្លាមៗ។ អ្នកប្រហែលជាមិនអាចសម្តែងបានល្អមើលយ៉ាងនេះទេ ប្រសិនបើគ្មានហ្វេសប៊ុកនោះ។

     វីដេអូហ្គេម
វាស្រដៀងនឹងហ្វេសប៊ុកដែរ កិច្ចការទាក់ទិននឹងសមត្ថភាពចងចាំជាច្រើនដែលពាក់ព័ន្ធនឹងវីដេអូហ្គេម មានហ្គេមជាច្រើនដែលទាមទារអ្នកលេងឲ្យចងចាំអំពីគោលបំណងនៃឧបករណ៍ និងវត្ថុជាច្រើនផ្សេងៗពីគ្នា លក្ខណៈពិសេសនៃវត្ថុបំណងមួយចំនួន និងទីតាំងច្បាស់លាស់ជាច្រើនក្នុងពេលតែមួយ។

លើសពីនេះទៅទៀត ល្បឿន និងជម្រៅនៃវីដេអូហ្គេម ជម្រុញឲ្យខួរក្បាលរបស់អ្នកលេងអាចដំណើរការ និងវិភាគស្ថានភាពនិម្មិតបានលឿនជាងពេលដែលគេនៅមជ្ឈដ្ឋានធម្មតា។ ប្រសិនបើអ្នកមិនទាន់ជឿទេ អ្នកអាចតាមដានជាមួយវីដេអូ Major League Gaming នៅលើ YouTube។

   ការគេងសម្រាករយៈពេលខ្លី
ថ្មីៗនេះ សៀវភៅមួយក្បាលដែលនិយាយអំពីការអភិវឌ្ឍសមត្ថភាពរបស់ខួរក្បាល ដែលត្រូវបានបោះពុម្ពផ្សាយដោយសរសៃប្រសាទវិទូ Richard Restak បានបើកបង្ហាញពីអាថ៌កំបាំងនឹកស្មានមិនដល់ជាច្រើន។ ក្នុងនោះក៏មានឥទ្ធិពលនៃការគេងសម្រាកពេលខ្លីផងដែរ ជាពិសេសការគេងពេលថ្ងៃត្រង់ ដែលផលិតផលនូវ “ការបង្កើនការចងចាំក្រៅបណ្តាញ (off-linememory enhancement) ” បានច្រើនដូចជាការគេងគ្រប់គ្រាន់ពេលយប់ផងដែរ។

Brain Rules (សៀវភៅថ្មីមួយទៀតដែលផ្តោតសំខាន់លើការទាញយកផលប្រយោជន៍ពីសមត្ថភាពនៃខួរក្បាល) ត្រូវបានចេញផ្សាយដោយណាសា(NASA) បានបង្ហាញថា ការគេងសម្រាកក្នុងពេលពី 30-45នាទី បានបង្កើនស្មារតីរបស់នាវិករហូតដល់33%។ ការសិក្សាបានបង្ហាញថាការគេងសម្រាកបែបនេះជួយស្រោចស្រង់រាងកាយរបស់អ្នក ដោយបញ្ចូលថាមពល  និងធ្វើឲ្យអ្នកស្រស់ស្រាយ ព្រមទាំងអាចឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបំពេញកិច្ចការជាមួយថាមពលដ៏ខ្លាំងក្លា។

    តន្រ្តី
មិត្តអ្នកអានប្រហែលជាធ្លាប់បានលឺហើយថា ការស្តាប់តន្រ្តីបែបក្លាស៊ិកអាចនឹងជួយដល់អ្នកស្តាប់ក្នុងការរៀន និងការទន្ទេញ ឬចងចាំ។ ម្យ៉ាងទៀត តើការចេះលេងឧបករណ៍តន្រ្តីមានអ្វីទាក់ទងនឹងសមត្ថភាពខួរក្បាល? សមត្ថភាពក្នុងការលេខឧបករណ៍តន្រ្តី ធ្វើការផ្លាស់ប្តូរផ្នែកមួយនៃខួរក្បាលដែលភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ទម្លាប់អឆន្ទៈ(ការដកដង្ហើម ចង្វាក់បេះដូងលោត) ទៅត្រង់ចំណុចមួយដែលចិត្តមានការលូតលាស់ និងវិវឌ្ឍសមត្ថភាពក្នុងការចាត់យក ក៏ដូចជាកត់ចំណាំតុងផ្សេងៗពីគ្នា មិនថាស្របពេលកំពុងតែផ្តោតលើអ្វីផ្សេងនោះទេ។

មួយវិញទៀត ក្នុងបរិយាកាសដែលមានសម្លេងរំខានច្រើន អ្នកដែលអាចលេងតន្រ្តីបានងាយនឹងចាប់សម្លេងបានជាងគេ។

     លំហាត់ប្រាណ
ជំនឿដែលគេនិយាយតគ្នាថា អ្នកដែលហាត់ប្រាណច្រើនតែងមានសុខភាពផ្លូវចិត្តកាយខ្លាំងក្លា តែផ្លូវចិត្តខ្សោយ។ គុណប្រយោជន៍នៃការធ្វើលំហាត់ប្រាណដែលរួមមាន ជំនួយដល់លំហូរឈាម បង្កើនកម្រិតនៃសារធាតុនៅក្នុងប្រព័ន្ធរបត់ឈាម ព្រមទាំងការបង្កើនរំញោចនៃណឺរ៉ូន នឹងចូលរួមចំណែកក្នុងការវិវឌ្ឍរបស់ផ្នែកប្រាជ្ញាស្មារតី(ទាំងក្រោយពេលឈប់ហាត់ប្រាណភ្លាមៗ និងរយៈពេលក្រោយទៀត)។  ការហាត់ប្រាណជាប្រចាំក៏ជួយដល់សមត្ថភាពក្នុងការរៀនសូត្ររបស់បុគ្គលម្នាក់ៗផងដែរ មិនថាអ្នកស្ថិតក្នុងវ័យជំទង់ ឬវ័យកុមារនោះទេ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង