Menu

វិស្សមកាលដ៏សកម្មត្រៀមសម្រាប់រដូវក្តៅ


វិស្សមកាលដ៏សកម្មត្រៀមសម្រាប់រដូវក្តៅ

វិស្សមកាលរដូវក្តៅនេះ  មិនដូចវិស្សមកាលឆ្នាំមុនៗ ព្រោះអ្នកនឹងរីករាយនឹងវាជាងមុន ចូលចិត្តវាជាងមុន ហើយអ្នកនឹងចំណាយពេលវេលានេះបានល្អជាងមុនមែនទេ? និយាយពីអាកាសធាតុទៀតហើយ វាដូចជាក្តៅបណ្តើរៗ រីឯវិស្សមកាលតូចរបស់សិស្សនិស្សិតក៏ជិតចាប់ផ្តើមហើយដែរ គឺនៅអំឡុងខែមេសាដែលស្របពេលនឹងការឈប់សម្រាកអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ក្នុងរយៈពេលឈប់សម្រាកដ៏ខ្លី ដែលខ្លះក្រោម១អាទិត្យ(អ្នកធ្វើការ) ឬមិនលើសពីរអាទិត្យ (សិស្សនិស្សិត) តើអ្នកគិតថាអាចចំណាយពេលនេះដោយរបៀបណា? ក្រៅពីគម្រោងការសម្រាប់ធ្វើក្រោយវិស្សមកាល  អ្នកក៏គួរត្រៀមខ្លួនខ្លះសម្រាប់រដូវក្តៅខាងមុខផងដែរបើអ្នកមិនចង់និយាយថារដូវក្តៅឆ្នាំនេះ សូមធីបចោលនោះ!

1.រៀនហែលទឹក
មិនដែលថាមានឱកាសបានរៀនឲ្យស្រួលទេ ហើយបើគ្រាន់តែចំណាយពេលម្តង ឬពីរដងក្នុងមួយសប្តាហ៍ក្នុងអាងហែលទឹកនោះ មិនដឹងថាអ្នកនឹងចេះហែលនៅពេលណាឡើយ ដូចនេះ  នេះជាពេលល្អហើយដែលអ្នកមានពេលសម្រាកយូរគ្រាន់ ល្មមនឹងអាចរៀនចេះ។  ម្យ៉ាងបើនិយាយពីការហាត់កីឡា  ឬសកម្មភាពកំសាន្តនៅរដូវក្តៅ ហែលទឹកជាជម្រើសល្អបំផុត ព្រោះមិនត្រឹមត្រជាក់ស្រួលខ្លួន    អ្នកក៏អាចបញ្ចេញកម្លាំងដោយមិនបាច់បែកញើសជោក និងស្អុះស្អាប់ដោយសារញើសនោះទេ។

2.រៀនជិះស្គីលើទឹកកក
ដូចគ្នានឹងការហែលទឹក ការជិះស្គីទឹកកកក៏ជាសកម្មភាពកំសាន្តសប្បាយ​ និងចាត់ទុកដូចជាការហាត់ប្រាណផងដែរជាពិសេសនៅរដូវក្តៅនេះ ធានាថាអ្នកចង់លេងយូរប៉ុណ្ណាក៏នឹងមិនងាយហត់ និងបែកញើសដែរ។ ការជិះស្គីនេះផងដែរ មិនពិបាក និងត្រូវចំណាយពេលយូរពេកទេក្នុងការរៀនចេះជិះល្មមៗ ដូចនេះឆ្លៀតឱកាសថ្ងៃសម្រាកប៉ុន្មានថ្ងៃនេះ អ្នកគួររៀនឲ្យចេះ ដើម្បីអាចលេងបានម៉ាសប្បាយនៅរដូវក្តៅ។

3.រៀនមេកអាប់ខ្លួនឯង
ការមេកអាប់នៅរដូវក្តៅពិតជាពិបាកបន្តិចហើយ មិនថាអ្នកធ្វើវាខ្លួនឯងនៅផ្ទះ ឬនៅសាឡន ព្រោះអាកាសធាតុក្តៅពិតជារំខាន។ ហេតុនេះ អ្នកគួររៀនមេកអាប់ឲ្យស្ទាត់ជាងមុនខ្លួនឯង និងប្រើពេលឲ្យខ្លីជាងមុន ព្រមទាំងអាចឆ្លៀតរកតិកនិចណាងាយៗជាងមុន និងស្ទាយខ្លះៗសម្រាប់តុបតែងមុខឲ្យត្រូវនឹងរដូវក្តៅផងដែរ។   ម្យ៉ាងផលិតផលប្រើប្រាស់អាចនឹងមានការផ្លាស់ប្តូរខ្លះដែរ ដូចជាក្រែមផ្តល់សំណើមគួរតែប្រភេទស្រាលជាងរដូវរងា និងម៉ាស្ការ៉ាគួរជាប្រភេទធន់នឹងទឹកជាដើម។

4.ថែទាំសម្រស់
មិនអាចរំលងបានទេនៅវិស្សមកាលម្តងៗ ព្រោះជាទូទៅអ្នកមុខជាមិនមានពេលវេលាពេញលេញក្នុងការថែទាំខ្លួនឲ្យបានល្អទេ គ្រាន់តែរកពេលបិទម៉ាសក៏ពិបាកដែរ។ ដូចនេះ អំឡុងពេលនេះ អ្នកអាចចាប់ផ្តើមនូវវិធានការថែរក្សាស្បែក និងផ្នែកផ្សេងៗឲ្យស្រស់ស្អាតបាន ជាពិសេសសម្រាប់រដូវក្តៅ     អ្នកក៏ត្រូវគិតត្រៀមក្រែមការពារកម្តៅថ្ងៃដែលស័ក្តិសមឲ្យហើយផងដែរ។

5.រក្សាទម្ងន់បន្តិច
ប្រាកដណាស់ថា អ្នកមិនចង់មានរាងធាត់ទេនៅរដូវក្តៅ ព្រោះវាមិនត្រឹមប៉ះពាល់ដល់ជំនឿចិត្តពេលអ្នកស្លៀកសម្លៀកបំពាក់ប្រភេទរដូវក្តៅ  ដែលនឹងបង្ហាញរាងរបស់អ្នកច្បាស់ ខុសពីរដូវរងាដែលមានអាវក្រាស់ៗជួយលាក់រាងនោះទេ វាថែមទាំងធ្វើឲ្យអ្នកមិនស្រួលខ្លួនឡើយ ជាពិសេសនៅរដូវក្តៅតែម្តង ព្រោះអ្នកនឹងមានអារម្មណ៍ហប់ជាង ក្តៅជាង និងបែកញើសស្អុះស្អាប់ជាងអ្នកដែលស្គម។

6.រៀនរាំ
ឱកាសបុណ្យចូលឆ្នាំនឹងមកដល់ឆាប់ៗនោះអី! ឆ្នាំហ្នឹងអ្នកមុខជាមិនចង់នៅអង្គុយយាមកាបូបទេមែនទេ? ហើយក៏នៅមានឱកាសក្រោយៗទៀត ដូចជាជប់លៀងចុងឆ្នាំសិក្សា ជប់លៀងបំណាច់ឆ្នាំជាដើម។ ទាន់វិស្សមកាលនេះមានឱកាស រៀនបណ្តើរៗបាន អ្នកអាចរៀននៅផ្ទះដោយខ្លួនឯង ឬក៏ចុះឈ្មោះរៀននៅថ្នាក់បង្រៀនរាំនៅតាមក្លឹបហាត់ផ្សេងៗ។  វាប្រាកដជាសប្បាយមិនតិចទេសម្រាប់រដូវក្តៅនេះ ក្រឡែងខ្លួនម៉ាអស់ដៃបាន។

ក្រៅពីត្រៀមខ្លួនសម្រាប់រដូវក្តៅ អ្នកក៏គួរគិតផងដែរក្នុងការចំណាយពេលវេលាក្នុងការធ្វើដំណើរកម្សាន្តរយៈពេលវែង ឬខ្លី បញ្ចប់ការអានសៀវភៅ ចាប់ផ្តើមទម្លាប់ថ្មីល្អៗ រៀបចំគម្រោងអនាគត ធ្វើការងារស្ម័គ្រចិត្ត ឬចូលរួមសកម្មភាពសង្គមនានា ស្គាល់មិត្តថ្មីៗជាដើម ដែលសុទ្ធតែជាសកម្មភាពដែលមានប្រយោជន៍មិនគួរខកខាន។

ពេលវេលាដើរលឿនហួសពីការស្មាន បើអ្នកមិនបានធ្វើអ្វី ដូចនេះ កុំខាតពេលវេលានៃវិស្សមកាលដ៏មានតម្លៃសម្ងំនៅផ្ទះមើលទូរទស្សន៍ លេងហ្វេស-បុកអី  គួរតែចេញមកក្រៅ ធ្វើអ្វីដែលអ្នកគួរធ្វើ និងរៀបចំអ្វីដែលអ្នកត្រូវការ ជាពិសេសត្រៀមស្វាគមន៍អាកាសធាតុក្តៅជាមួយអារម្មណ៍ត្រជាក់ៗផងណា…


Share:

អត្ថបទទាក់ទង