Menu

ទង្វើ៥យ៉ាងធ្វើឲ្យអ្នកចាស់ជាងវ័យ


ទង្វើ៥យ៉ាងធ្វើឲ្យអ្នកចាស់ជាងវ័យ

តើស្ត្រេស និងការព្រួយចិត្ដពិតជាអាចធ្វើឱ្យមនុស្សចាស់មុនអាយុមែនទេ? ពិតមែនហើយក្រៅពីនាំទៅរកជីវិតគ្មានការរីកចម្រើន ឬទោរទៅរកការញ៉ាំអាហារមិនល្អសម្រាប់សុខភាពនោះការព្រួយចិត្ដ និងស្ត្រេសពិតជាមូលហេតុនាំមុខធ្វើឱ្យមនុស្សចាស់មុនអាយុ។

នៅក្នុងឱកាសមួយយើងប្រហែលជាបានជួបមនុស្សដែលមើលទៅក្មេងជាងវ័យហើយយើងប្រហែលជាសួរខ្លួនឯងថា «តើពួកគេទទួលបានលទ្ធផលនេះដោយរបៀបណា?»យើងតែងតែភ្លេចថាវិធីដ៏ប្រសើរបំផុតដើម្បីធ្វើឱ្យសម្រស់ក្មេងជាងវ័យគឺការដឹកនាំជីវិតប្រកបដោយសុខភាពល្អដែលរួមទាំងកត្ដាជាច្រើនទៀតដូចជារបបអាហារ ការហាត់ប្រាណ ការថែរក្សាស្បែក និងការមានសមត្ថភាពដោះស្រាយបានគ្រប់ស្ថានការដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ នៅក្នុងអត្ថបទនេះយើងនឹងពិភាក្សាពីមូលហេតុដែលបណ្ដាលឱ្យចាស់មុនអាយុ។

១. ភាពសោកសៅក្នុងចិត្ដ
ការមានសុខភាពផ្លូវចិត្ដល្អប្រសើរស្រស់បំព្រងអាចមានឥទ្ធិពលវិជ្ជមានទៅលើរូបសម្រស់ខាងក្រៅរបស់យើងគ្រប់គ្នា។ អញ្ចឹង ប្រសិនបើយើងរស់នៅក្នុងភាពសោកសៅ និងមិនមានហេតុផលល្អៗញ៉ាំងអារម្មណ៍ឱ្យសប្បាយចិត្ដ និងមានស្នាមញញឹមទេ ភាពជូរចត់ក្នុងអារម្មណ៍យើងនឹងបង្ហាញឱ្យឃើញនៅលើផ្ទៃមុខរបស់យើងជានិច្ចកាលនឹងធ្វើឱ្យយើងចាស់មុនអាយុ។

ម្យ៉ាងទៀត ប្រសិនបើយើងមានទស្សនៈវិជ្ជមានចំពោះជីវិត និងគ្រប់គ្រងខ្លួនឯងឱ្យមានអារម្មណ៍សប្បាយ និងមានស្នាមញញឹមលើផ្ទៃមុខដោយការសម្លឹងមើលផ្នែកល្អនៃស្ថានការបន្ទាប់មកយើង នឹងមានអារម្មណ៍សប្បាយរីករាយហើយជាលទ្ធផលយើងនឹងមានសមត្ថភាពពន្យឺតដំណើរការវិវឌ្ឍទៅរកភាពចាស់។

២. ស្ត្រេស
ស្ត្រេសគឺជាអាការៈមួយដែលកើតមានឡើងកាន់តែច្រើននាពេលបច្ចុប្បន្ន។ វាត្រូវបានគេចុះបញ្ជីថាជារឿងអកុសលមួយនៃទស្សវត្សរ៍ទី២១ និងប្រែក្លាយជាមូលហេតុដ៏ចម្បងមួយក្នុងចំណោមមូល-ហេតុទាំងឡាយដែលធ្វើឱ្យមនុស្សចាស់មុនអាយុនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ផលប៉ះពាល់នៃស្ត្រេសដែលអាចមើលឃើញដោយភ្នែកជាក់ស្ដែងមួយចំនួនមានដូចជាការជ្រុះសក់ ស្នាមជ្រីវជ្រួញ ឬសញ្ញាដទៃទៀតដែលធ្វើឱ្យយើងចាស់មុនអាយុ។ ក្នុងករណីជាច្រើនរឿងដែលបណ្ដាលឱ្យយើងកើតនូវស្ត្រេសវាមិនសមនឹងឱ្យយើងយកចិត្ដផ្ដោតអារម្មណ៍ខ្លាំងនោះទេ។

ការបណ្ដោយឱ្យអ្វីៗកន្លងផុតទៅតាមដំណើរអាចឱ្យយើងមានឱកាសល្អក្នុងការស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព និងឆាប់រហ័សចំពោះស្ថានភាពតានតឹងហើយជាលទ្ធផលធ្វើឱ្យយើងអាចចៀសវាងឥទ្ធិពលអវិជ្ជមាន។

៣. កង្វះលំហាត់ប្រាណ
សកម្មភាពធម្មតានៃការហាត់ប្រាណបន្តិចបន្ដួចធ្វើឱ្យយើងមើលទៅមានអារម្មណ៍ថាសកម្ម ដែលថែមទាំងផ្ដល់ឱ្យយើងនូវភាពក្មេងជាងវ័យ និងមានសុខភាពល្អ។ លំហាត់ប្រាណជាប្រចាំផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជាការពារអាការៈធាត់លើសគីឡូ លើកកម្ពស់ចរន្ដឈាមរត់និងបង្កើនសមត្ថភាពសួត។

ម្យ៉ាងទៀត វាក៏ជួយរក្សាស្បែករបស់យើងឱ្យក្មេងជាងវ័យ និងកាន់តែស្រស់ស្រាយផងដែរ។

៤. ចំណីអាហារមិនល្អ
អាហារដែលខ្វះសារធាតុចិញ្ចឹម និងមានផ្ទុកជាតិខ្លាញ់ច្រើនគឺវាមិនត្រូវធាតុជាមួយនឹងរាងកាយរបស់យើងនោះទេ។ ផ្ទុយទៅវិញវាអាចមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរសម្រាប់សុខភាពរបស់យើងនិងរូបរាងកាយទាំងស្រុង។ ដើម្បីរក្សារូបរាងកាយរបស់យើងឱ្យក្មេងជាងវ័យវាជារឿងចាំបាច់ក្នុងការពិសាអាហារដែលសម្បូរដោយផ្លែឈើបន្លែ សាច់សត្វមិនផ្ទុកជាតិខ្លាញ់ និងពិសាទឹកឱ្យគ្រប់គ្រាន់រាល់ថ្ងៃ។

៥. សម្រាកមិនបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់រាល់យប់គឺជារឿងចាំបាច់សម្រាប់ការផ្លាស់ប្ដូរកោសិកាថ្មី និងស្រោចស្រង់ឡើងវិញនូវកម្រិតថាមពលរាងកាយដែលបានបាត់បង់ដោយកត្ដាទាំងពីរនេះជួយឱ្យយើងមានសុខភាពល្អ និងមានកម្លាំងកាន់តែខ្លាំង។ សម្រាប់ការសម្រាកឱ្យពេញភ្នែកនៅពេលយប់គឺយ៉ាងតិចត្រូវគេងឱ្យបាន៨ម៉ោងក្នុងពេលយប់។

ប្រសិនបើអ្នកគេងបានតិចជាងនេះមានន័យថាអ្នកកំពុងតែប្រឈមនឹងការវិវឌ្ឍន៍ទៅរកភាពចាស់មុនអាយុ។


Share:

អត្ថបទទាក់ទង