Menu

Smartwatch ហ្នឹងកាលីបម៉េចខ្លះ?


Smartwatch ហ្នឹងកាលីបម៉េចខ្លះ?

បើអ្នកមានលទ្ធភាពប្រើរបស់ទំនើបដូចជា Smartwatch ហើយ អ្នកក៏គួរតែវៃឆ្លាតប្រើប្រាស់វាឲ្យអស់ពីលទ្ធភាពដែរមែនទេ? មិនអាចពាក់ត្រឹមលម្អខ្លួន និងបង្អួតគេថាវាឡូយនោះទេ ត្រូវតែបង្ហាញឲ្យគេឃើញផងដែរថាវាពិតជាឡូយ និងឆ្លាតវៃស័ក្តិសមនឹងអ្នក។ 

ក្នុងអត្ថបទកន្លងមក ហេលស៍ថាមបានលើកឡើងអំពីការប្រើប្រាស់កម្មវិធីក្នុង smartphone សម្រាប់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃ  អ្នកប្រាកដជាបានដឹងឮជាច្រើនផងដែរអំពីភាពសម្បូរបែបរបស់ smartwatch ដ៏ពេញនិយម ដែលយើងនឹងលើកមកបង្ហាញក្នុងលេខនេះផ្ទាល់ អំពីមុខងាររបស់វាចំពោះការរស់នៅ។  បន្ទាប់ពីនេះ អ្នកនឹងអាចដឹងបានហើយថាហេតុអ្វីបានជាមនុស្សជាច្រើនជ្រើសរើសយក smartwatch?

នាឡិកាអេឡិចត្រូនិចSmartwatchត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួល  និងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់   ដែលលើសពីការមើលពីពេលវេលា  ការភ្ជាប់ជាមួយនឹង  smartphone  ឆែកសារ ប្រើអ៊ីនធឺណែត ស្តាប់ចម្រៀង  ព្រមទាំងកម្មវិធីជាច្រើនទៀត ដែលក្នុងនោះមុខងារតាមដានសុខភាពទូទៅ និងឈានដល់ការគ្រប់គ្រងនូវជំងឺមួយចំនួន ក៏ជាមុខងារដែលអ្នកប្រើប្រាស់មិនគួរមើលរំលងផងដែរ។

1.កំណត់ជំហានក្នុងការដើរ៖
បើចង់បាននូវជីវិតរស់នៅដ៏សកម្ម និងទទួលបានសុខភាពដ៏ល្អប្រសើរនោះ អ្នកគួរដើរឲ្យបាន ១០,០០០ជំហានក្នុងមួយថ្ងៃ។  Smart Watch មានមុខងាររាប់នូវជំហានដែលអ្នកបានដើរ និងអាចឲ្យអ្នកគ្រប់គ្រងនូវចំនួនជំហានដែលអ្នកបានដើរជារៀងរាល់ថ្ងៃ។ ក្រៅពីនោះវានឹងកត់ទុកនូវទិន្នន័យទាក់ទងនឹងជំហាន  ចម្ងាយ និងកាឡូរីបានដុតបំផ្លាញដើម្បីអាចឲ្យអ្នកកំណត់គោលដៅសម្រាប់ការហាត់ម្តងៗ។

2.តាមដានការគេង៖
បុគ្គលភាគច្រើនអាចនឹងមានបញ្ហាក្នុងការមិនទទួលបានដំណេកគ្រប់គ្រាន់ ឬលើស ដែលជាហេតុបង្កឲ្យមានផលអវិជ្ជមានចំពោះរាងកាយ។ SmartWatch មានមុខងារ ដោយប្រាប់អ្នកនូវចំនួនម៉ោងដែលអ្នកគេងបានស្កប់ស្កល់ ដែលវាអាចឲ្យអ្នកកំណត់ពេលវេលាយ៉ាងជាក់លាក់សម្រាប់ទទួលបាននូវការគេងគ្រប់គ្រាន់ និងមានគុណភាព។

3.តាមដានលំហាត់ប្រាណ៖
នរណាក៏ចង់មានលំហាត់ប្រាណមួយដ៏ជាប់លាប់ដែរ   តែសំខាន់គឺការអត់ធ្មត់ និងការមានទម្លាប់ជាប្រចាំថ្ងៃ។ លក្ខណៈពិសេសនៃមុខងារ Smart Watch គឺផ្តល់នូវរំញ័រទៅលើ កដៃរបស់អ្នកដើម្បីជួយប្រាប់អ្នកថាដល់ពេលក្នុងការធ្វើលំហាត់ប្រាណ។ វាក៏អាចធ្វើការគ្រប់គ្រងនូវចំនួនកាឡូរីដែលអ្នកត្រូវដុតបំផ្លាញដើម្បីសម្រេចគោលដៅផងដែរ។

4.កម្មវិធីសម្រាប់អ្នកកីឡា៖
កម្មវិធី GPS នៅក្នុងSmartwatch អាចជួយឲ្យកីឡាកររត់ចម្ងាយ អ្នកជិះកង់ និងអ្នកហ្វឹកហាត់រាងកាយផ្សេងៗអាចកំណត់ទីតាំងរបស់ពួកគេបានដោយមិនបាច់ត្រូវការsmartphone។ ក្រៅពីនោះ ពួកគេក៏អាចតាមដាននូវចម្ងាយ ល្បឿន និងរង្វាស់ផ្សេងៗទៀតទាក់ទងនឹងការលេងកីឡា។ ដោយឡែក អ្នកហែលទឹកក៏អាចប្រើប្រាស់នូវនាឡិកានេះដូចគ្នា  ពីព្រោះវាមានសមត្ថភាពអាចការពារចូលទឹកបាន។

5.មុខងារសម្រាប់ដាស់តឿន និងរំលឹក៖
សកម្មភាពប្រចាំថ្ងៃជាច្រើនត្រូវការមានការដាស់តឿន ដូចជាការក្រោកពីគេង ការញ៉ាំទឹក ការញ៉ាំថ្នាំឲ្យទៀងទាត់ ការប្រជុំ ការធ្វើចលនាពេលអ្នកអង្គុយយូរ និងជម្រុញឲ្យធ្វើសកម្មភាពផ្សេងៗទៀតចៀសផុតពីការរស់នៅដែលមិនសកម្ម។

6.កម្មវិធីតាមដានសុខភាព៖
ក្រៅពីមុខងារក្នុងការវាស់ចង្វាក់បេះដូង និងប៉ារ៉ាមែត្រជាច្រើនទៀតទាក់ទងនឹងសុខភាព  មានក្រុមហ៊ុនមួយចំនួនបានបង្កើតនូវកម្មវិធីថ្មីសម្រាប់អ្នកប្រើប្រាស់ Smart watch ដោយពួកគេអាចធ្វើការទាញយកកម្មវិធីដែលអាចបកប្រែនូវលទ្ធផលសុខភាពដែលមានសារប្រយោជន៏សម្រាប់វេជ្ជបណ្ឌិតធ្វើការពិនិត្យ និងតាមដានសុខភាព ហើយវាស័ក្តិសមបំផុតចំពោះអ្នកដែលចាប់អារម្មណ៍ទៅលើសុខភាពឬអ្នកដែលមានជំងឺរ៉ាំរៃដូចជាជំងឺទឹកនោមផ្អែម និងជំងឺធាត់ហួសកម្រិតជាដើម។

7.មុខងារសម្រួលដល់អ្នកជំងឺ៖
Smart Watchក៏មានមុខងារអាចជួយសម្រួលការរស់នៅដល់អ្នកដែលមានជំងឺហឺត   ជំងឺParkinson ទឹកនោមផ្អែម មហារីកសុដន់   ឬអ្នកដែលមានជំងឺបេះដូងជាដើម។ ដោយផ្អែកលើការពិសោធន៍ទៅលើអ្នកជំងឺហឺត ឃើញថាកម្មវិធីនេះអាចជួយពួកគេឲ្យដឹងថាទីតាំងណាដែលមានខ្យល់អាកាសបរិសុទ្ធ។ ក្រៅពីនោះ ក៏មានកម្មវិធីសម្រាប់ណែនាំអំពីការដកដង្ហើមផងដែរ។

8.ជំនួយក្នុងការស្តាប់៖
Connect Line ក៏ជាកម្មវិធីដ៏អស្ចារ្យមួយ មាននៅក្នុង Smart Watchដែលបង្កើតឡើងសម្រាប់អ្នកដែលកំពុងប្រើប្រាស់ឧបករណ៏ជំនួយត្រចៀក។ វាអាចជួយគ្រប់គ្រងនូវសម្លេងនៃឧបករណ៏ជំនួយត្រចៀកបានយ៉ាងងាយស្រួល ដោយពុំមានអ្នកណាដឹងថាអ្នកកំពុងតែប្រើប្រាស់ឧបករណ៏ជំនួយត្រចៀកនោះទេ។

ជាមួយនឹងគ្រឿងលម្អខ្លួនដ៏ទាន់សម័យបែប Smartwatch នេះអាចឲ្យអ្នកផ្លាស់ប្តូរបែបផែនជីវិតរស់នៅឲ្យកាន់តែរស់រវើក  និងសម្បូរបែប ព្រមទាំងប្រកបដោយផាសុកភាពយ៉ាងពេញលេញ ដូចនេះវាពិតជាស័ក្តិសមនឹងក្លាយជាដៃគូដ៏ល្អដែលនៅជាប់ខ្លួនរបស់អ្នកគ្រប់គ្នាគ្រប់ពេលវេលា។ 


Share:

អត្ថបទទាក់ទង