Menu

ថ្ងៃចូលឆ្នាំថ្មីនៅ៣ប្រទេសប្លែកៗពីគ្នា


ថ្ងៃចូលឆ្នាំថ្មីនៅ៣ប្រទេសប្លែកៗពីគ្នា

នឹកដល់ថ្ងៃចូលឆ្នាំក្នុងខែមេសា អ្នកនឹងគិតដល់ប្រទេសណាខ្លះ? ហើយប្រទេសណាមួយដែលអ្នកប្រាថ្នាចំណាយពេលនៅថ្ងៃចូលឆ្នាំនេះ? ស្របពេលដែលឱកាសចូលឆ្នាំខ្មែរជិតឈានមកដល់ ប្រទេសជិតខាងរបស់យើង២ប្រទេសទៀតគឺថៃ និងឡាវ ក៏នឹងប្រារព្ធពិធីចូលឆ្នាំថ្មីក្នុងពេលឆាប់ៗដូចគ្នា។ ទាំង៣ប្រទេសអាចចាត់ទុកថាមាន វប្បធម៌ប្រពៃណីចំណាស់ដូចគ្នា ហើយមានការប្រារព្ធពិធីបុណ្យប្រពៃណីក្នុងខែជាមួយគ្នា ក៏ប៉ុន្តែភាពទាក់ទាញនៃការប្រារព្ធពិធីនៃប្រទេសនីមួយៗពិតជាស្ថិតក្នុងរូបភាពផ្សេងគ្នា។ ពិសេសនោះគឺប្រទេសនីមួយៗក៏មានខេត្តដែលលេចធ្លោជាងគេក្នុងការប្រារព្ធពិធីចូលឆ្នាំរួមជាមួយនឹងសកម្មភាពដ៏ឱឡារឹកពិសេសផ្សេងៗគ្នា ដែលពេលនេះហេលស៍ថាម នឹងបង្ហាញអ្នកនៅទីនេះតែម្តង។

កម្ពុជា (ចូលឆ្នាំខ្មែរ)
ប្រសិនបើអ្នកសម្រេចចិត្តចំណាយពេលសម្រាកចូលឆ្នាំថ្មីក្នុងប្រទេស ខេត្តដែលអ្នកគួរទៅទស្សនានោះគឺ ខេត្តសៀមរាប  ដែលមានមហាព្រឹត្តិការណ៍ជាតិដែលធំជាងគេ ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តហើយក្នុងឆ្នាំថ្មីនេះ នឹងមានការប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។ ក្នុងមហាព្រឹត្តិការណ៍នេះមានកម្មវិធីជាច្រើន ដែលអាចឲ្យអ្នកកម្សាន្ត និងស្វែងយល់ពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីខ្មែរ ជាមួយនឹងការរៀបចំឡើងបង្ហាញពីទិដ្ឋភាពសម័យបុរាណដែលអ្នកមិនធ្លាប់បានឃើញ។ កម្មវិធីពិសេសនៅក្នុងព្រឹត្តិការណ៍នេះរួមមាន មហោស្រពវប្បធម៌បុរាណ <ប្រវត្តិមួយសតវត្សរ៍នៃរបាំព្រះរាជទ្រព្យខ្មែរ >  កម្មវិធីភូមិខ្ញុំ ទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ត និងកម្មវិធីក្បាច់គុណល្បុក្កតោជាដើម។ ក្រៅពីនេះក៏មានកម្មវិធីផ្សេងៗទៀត ដូចជាការលេងល្បែងប្រពៃណីខ្មែរ ការប្រគុំតន្រ្តី និងការរាំលេងកម្សាន្ត ក៏ជាសកម្មភាពដ៏រស់រវើកនាឱកាសនេះ។ កាន់តែអស្ចារ្យគឺទិដ្ឋភាពនៃការបង្ហោះគោម និងបណ្តែតប្រទីប ដ៏ស្រស់ស្អាតនៅពេលយប់ក្នុងរមណីយដ្ឋានឧទ្យានអង្គរផ្ទាល់ផងដែរ។ ដូចបណ្តាឆ្នាំមុនៗដែរ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅបរិវេណខាងមុខ ប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍អង្គរឃ្យុងយូ ផាប់ស្រ្ទីត និងសួនច្បារមុខព្រះរាជដំណាក់។

ថៃ (សង្ក្រាន្ត)
បើអ្នកទៅកាន់ប្រទេសថៃវិញ ពិធីបុណ្យចូលឆ្នាំថ្មីនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ១៣ដល់ទី១៥ខែមេសា។ សម្រាប់សង្ក្រាន្តប្រទេសថៃ ខេត្តឈៀងម៉ៃជាកន្លែងដែលអ្នកគួរទៅជាងគេ ព្រោះវាជាកន្លែងប្រារព្ធពិធីចូលឆ្នាំធំជាងគេក្នុងប្រទេស។ ការប្រារព្ធពិធីនេះ ត្រូវបានគេស្គាល់ និងមិនដែលខានបានប្រសិនបើទៅទីនោះ តាមរយៈ ការលេងជះទឹក និងប៉ាតម្សៅយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្តាផ្លូវនៃខេត្តនេះ។ អាចថាដោយសារតែអាកាសធាតុក្តៅផង បានជាការលេងបាញ់ទឹកក្លាយជាភាពទាក់ទាញមួយដែលគេនាំគ្នាលេងយ៉ាងរីករាយ។ ការលេងបាញ់ទឹកតាមដងផ្លូវដោយការគោរព និងរក្សាសិទ្ធិគ្នានេះ ជាសកម្មភាពដ៏ពេញនិយមដោយមានការចូលរួមលេងទាំងពីភ្ញៀវជាតិ និងអន្តរជាតិ។ ដោយឡែក អ្វីដែលអ្នកគួរត្រៀមនោះគឺអ្នកនឹងត្រូវទទឹកខ្លួនរហូតប្រសិនបើអ្នកចេញមកតាមដងផ្លូវ  អំឡុងពេលបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសថៃ ដូចនេះអ្នកគួរតែរក្សារបស់របរសំខាន់ៗដូចជា ទូរស័ព្ទ ឬលិខិតឆ្លងដែនឲ្យល្អ ចៀសវាងការចូលទឹក។

ឡាវ (ភីមៃ ឡាវ)
ក្រឡេកទៅមើលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសឡាវវិញ គឺធ្វើឡើងនៅថ្ងៃទី១៣ ដល់១៥ខែមេសាដូចប្រទេសថៃដែរ។ លួងព្រះបាង គឺជាខេត្តបុរាណរបស់ប្រទេសឡាវ ជាកន្លែងដែលអ្នកមិនគួរខកខានទៅទស្សនាក្នុងអំឡុងពិធីចូលឆ្នាំថ្មីរបស់គេ។ ពេលទៅដល់ខេត្តចំណាស់មួយនេះ ក្រៅពីទេសភាពដ៏ទាក់ទាញបែបភូមិតូចៗ អ្នកក៏នឹងឃើញពីការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិឡាវដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយការតុបតែងខ្លួនបែបបុរាណ  ទាំងក្មេង ចាស់ ដើរជាក្បួន ជាមួយសត្វដំរីដែលត្រូវបានតុបតែងខ្លួនជាលក្ខណៈប្រពៃណីរបស់ឡាវជាអ្នកដើរនាំមុខ។  រីឯភ្ញៀវទេសចរជាច្រើន ក៏អាចស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេដើរជាមួយក្បួនដ៏ឱឡារឹកនេះបានផងដែរ។  ការបាចទឹកដែល ផ្កាចម្រុះពណ៌តាមដងផ្លូវ ក៏ជាសកម្មភាពដែលប្រជាជនឡាវ ព្រមទាំងអ្នកទេសចរទាំងអស់មិនអាចខកខានដូចគ្នាព្រោះវាត្រូវបានធ្វើឡើងដើម្បីភាពសុខសប្បាយ និងត្រជាក់ត្រជុំក្នុងឱកាសបុណ្យប្រពៃណីរបស់ប្រទេសឡាវ។

ថ្ងៃចូលឆ្នាំនៅប្រទេសយើងគឺអស្ចារ្យស្រាប់ទៅហើយ ម្យ៉ាងទៀតពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់តែសប្បាយទៅៗ ប៉ុន្តែបើទៅស្គាល់ពីប្រទេសជិតខាងខ្លះជាពិសេសអំពីថ្ងៃចូលឆ្នាំរបស់គេក៏ជាបទពិសោធន៍ថ្មីមួយផងដែរ។ ដូចនេះ រៀបគម្រោង៣ឆ្នាំជាប់គ្នាសម្រាប់ enjoy ម្តងមួយប្រទេសតែម្តងទៅ ដើម្បីទៅមើលផ្ទាល់ភ្នែកថាប្រទេសនីមួយៗធ្វើឲ្យអ្នកជាប់ចិត្តរបៀបណា។


@ 2017, Health Time Corporation


Share:

អត្ថបទទាក់ទង