Menu

ពេលវេលាត្រឹមត្រូវសម្រាប់ការញ៉ាំអាហារ!


ពេលវេលាត្រឹមត្រូវសម្រាប់ការញ៉ាំអាហារ!

អាហារទាំងអស់សុទ្ធតែផ្តល់គុណប្រយោជន៍ដល់រាងកាយតែការតមអាហារនៅតែមាន។ មនុស្សមួយចំនួន សុខចិត្តបង្អត់អាហារពេលព្រឹក ឬល្ងាចខ្លួនឯង ព្រោះតែខ្លាចលើសជាតិខ្លាញ់ ឬស្ករដែលបង្កផលប៉ះពាល់ដល់សុខភាព។ ការពិតទៅបើអ្នកគ្រាន់តែស្វែងយល់បន្តិចថា អាហារណាគួរញ៉ាំពេលណា និងពេលណាគួរចៀសវាង អ្នកក៏មិនចាំបាច់ធ្វើបាបខ្លួនឯងទៀតដែរ។ សូមណែនាំអាហារ ៨មុខ ជាមួយពេលវេលាដែលស័ក្តិសមគួរញ៉ាំ និងពេលវេលាដែលគួរចៀសវាង។ 

ផ្លែប៉ោម  គួរទទួលទាន  ពេលព្រឹក
ព្រោះសម្បកផ្លែប៉ោមមានសារធាតុសរសៃប៉ិចទីន(Pectin)ជាសារធាតុស្ករងាយរលាយ ដែលជួយសម្រួលដល់ចលនារបស់ពោះវៀន និងបង្ការអាការៈទល់លាមកផងដែរ។ អ្វីដែលកាន់តែពិសេសផ្លែប៉ោមមានអត្ថប្រយោជន៍ជួយលុបបំបាត់នូវសារធាតុដែលបង្កជាជំងឺមហារីក។ គួរចៀសវាងទទួលទាន ពេលល្ងាច ឬពេលយប់ព្រោះអាស៊ីតសរីរាង្គរបស់ផ្លែប៉ោម នឹងបង្កើនបរិមាណអាស៊ីតនៅក្នុងក្រពះ ដែលបង្កឲ្យមានការឈឺក្រពះ។ ម្យ៉ាងទៀត ប៉ិចទីននឹងបន្ថែម សម្ពាធដល់ប្រព័ន្ធរំលាយអាហារផងដែរ ប្រសិនញ៉ាំនៅពេលយប់។ ស្ករស គួរទទួលទានពេលព្រឹកឬពេលថ្ងៃព្រោះជាពេលដែលអាំងស៊ុយលីននៃរាងកាយរបស់យើង ធ្វើការបំបែកជាតិស្ករបានយ៉ាងមានប្រសិទ្ធ-ភាព។គួរចៀសវាងទទួលទានពេលយប់ព្រោះជាពេលដែលជាតិស្ករអាចបង្កើននូវជាតិខ្លាញ់នៅក្នុងរាងកាយ និងបង្កការរំខានដល់ការគេងរបស់អ្នកនៅពេលយប់ផងដែរ។

ចេក គួរទទួលទានពេលថ្ងៃត្រង់
ព្រោះចេកជាប្រភេទផ្លែឈើដែលសម្បូរនូវជាតិសរសៃ ហើយក៏ជាអ្នកសម្រួលដល់ការរំលាយអាហារដែរ។ មិនត្រឹមតែប៉ុណ្ណោះចេកជាឱសថធម្មជាតិ ដែលអាចបន្សាបជាតិអាស៊ីតក្នុងក្រពះ និងបន្ថយអាការៈចុកឆ្អល់ចុងដង្ហើមផងដែរ។ គួរចៀសវាងទទួលទាននៅពេលយប់  ព្រោះការទទួលទានផ្លែចេកពេលយប់ អាចបណ្តាលឲ្យមានការកកើតឡើងនូវសំបោរ  ឬស្លេស្មជាដើម។ ប្រសិនបើអ្នកញ៉ាំនៅពេលពោះទទេ អាចមានការប៉ះពាល់ដល់ក្រពះ ព្រោះវាជាប្រភពនៃម៉ាញេស្យូម។

ក្រូច គួរទទួលទានពេលថ្ងៃ
ព្រោះវាជួយដល់ប្រព័ន្ធរំលាយអាហារ ជួយបញ្ចេញជាតិពុល និងបង្កើនការធ្វើមេតាបូលីស។ គួរចៀសវាងទទួលទានពេលព្រឹក ឬពេលទើបភ្ញាក់ពីគេង ព្រោះការញ៉ាំពេលពោះទទេ អាចបង្កឲ្យមានការចេញទឹកអាស៊ីតក្រពះកាន់តែច្រើន និងអាចឈានដល់ការរលាកក្រពះ។

បាយ គួរទទួលទានពេលថ្ងៃ
ព្រោះជាពេលដែល ការរំលាយអាហារបានល្អជាងគេ និងអាចឲ្យរាងកាយប្រើប្រាស់ កាបូអីុដ្រាតបានប្រសើរ។ គួរចៀសវាងទទួលទានពេលយប់ ដោយសារការញ៉ាំបាយពេលយប់ ធ្វើឲ្យជាតិខ្លាញ់ក្នុងរាងកាយកើនឡើង។

ទឹកដោះគោ គួរទទួលទានពេលយប់
ទឹកដោះគោក្តៅឧណ្ហៗ អាចជួយសម្រួលការធ្វើការរបស់រាងកាយក៏ដូចជាជួយអ្នកឲ្យគេងលក់ស្រួលផងដែរ។ គួរចៀសវាងទទួលទានពេលព្រឹក ជាពិសេសបើអ្នកមិនមានការធ្វើលំហាត់ប្រាណ ដោយហេតុថា វាអាចឲ្យអ្នកពិបាកក្នុងការរំលាយអាហារ និងធ្វើឲ្យអ្នកពិបាកទទួលទានអាហារថែមទៀតផង។

ឈីស គួរទទួលទានពេលព្រឹកព្រលឹម
សម្រាប់អ្នកដែលមិនញ៉ាំសាច់ វាជាជម្រើសដ៏ល្អបំផុតសម្រាប់ជំនួសសាច់។ បើញ៉ាំឈីសក្នុងបរិមាណសមល្មមនោះវាអាចបង្ការនូវការឡើងទម្ងន់។ គួរចៀសវាងទទួលទានពេលយប់ ផលវិបាកចម្បងជាងគេ គឺបញ្ហាក្នុងការរំលាយអាហារ និងឡើងទម្ងន់។

សាច់ គួរទទួលទាន ពេលថ្ងៃត្រង់
ព្រោះវាសម្បូរទៅដោយប្រូតេអីុន ដែលជួយបង្កើនកម្លាំង និងភាពរឹងមាំដល់រាងកាយ ព្រមទាំងជួយដាស់អារម្មណ៍ និងស្មារតីឲ្យមានភាពស្រស់ថ្លា។ គួរចៀសវាងទទួលទានពេលយប់ ព្រោះសាច់ជាអាហារពិបាកក្នុងការកិនបំបែក និងត្រូវចំណាយពេលយូរអាចធ្វើឲ្យប៉ះពាល់ដល់ដំណេករបស់អ្នក និងអាចធ្វើឲ្យអ្នកឡើងទម្ងន់ទៀតផង។ 

ប្រាកដណាស់ថា អ្នកណាក៏មិនអាចគេចផុតពីការញ៉ាំអាហារទាំង៨ នេះដែរ ដូចនេះគួរចាប់ផ្តើមកែប្រែទម្លាប់នៃការញ៉ាំដោយគោរពតាមពេលវេលា ដូចដែលបានណែនាំខាងលើ ដើម្បីទទួលសុខភាពល្អ និងមិនចាំបាច់ហាមឃាត់ខ្លួនឯងតទៅទៀតឡើយ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង