Menu

ឥទ្ធិពលនៃ TACROLIMUS OINTMENT លើស្បែក


ឥទ្ធិពលនៃ TACROLIMUS OINTMENT លើស្បែក

Tacrolimus Ointment មានផ្ទុកសារធាតុសកម្មជា Tacrolimus ជាអង់ទីប៊ីយ៉ូទិកស្ថិតនៅក្នុងក្រុម Macrolide ដែលកាត់បន្ថយភាពស៊ាំការពាររាងកាយ និងត្រូវបានផលិតដោយ Streptomyces tsukubaensis។ ទម្រង់នៃការលាបលើស្បែកនេះ ប្រើសម្រាប់តែក្នុងករណីមានបញ្ហារលាកស្បែកប៉ុណ្ណោះ ពិសេសសម្រាប់ព្យាបាលឃ្លង់ល្ពៅនិងតាអកជាដើម។

សកម្មភាពឱសថ
T-lymphocytes ត្រូវបានជំរុញឲ្យមានសកម្មភាព ដើម្បីបញ្ចេញ Cytokines និងមានប្រតិកម្មទូលាយជាមួយប្រភេទកោសិកាផ្សេងទៀតនៅលើស្បែក។ នៅពេលប្រើ Tacrolimus Ointment លើស្បែកវាមានសកម្មភាពដោយផ្ទាល់ទៅលើ T-lymphocytesជាពិសេសកោសិកា CD4+​ តាមរយៈការភ្ជាប់នឹងប្រូតេអ៊ីន FKBP(FK-binding protein)។ ទម្រង់សាំញ៉ាំ Tacrolimus-FKBP ភ្ជាប់គ្នា និងរារាំងដោយប្រជែងជាមួយនឹង calcineurin, phosphatase ដែលមានសកម្មភាពតែនៅពេលភ្ជាប់ជាមួយនឹង Calcium និងCalmodulin។ បែបផែននៃការភ្ជាប់នេះ រារាំងទៅដល់សមត្ថភាពរបស់ Calcineurin ក្នុងការដកបង្គុំផូស្វាត និងកត្តានៃការចម្លងក្រម NFAT (nuclear factor of activated T-cells)(កត្តានៃការចម្លងក្រមដែលធ្វើឲ្យតំបន់នៃហ្សែនដែលមានការរលាករបស់ Cytokines ដែលចូលរួមក្នុងការឆ្លើយតបនឹងភាពស៊ាំភ្លាមៗ និងត្រូវបានស្នើឡើងដើម្បីដើរតួនាទីក្នុងការបង្កជំងឺលើស្បែក)។

ម៉្យាងវិញទៀត Tacrolimus ក៏ត្រូវបានបង្ហាញថា រារាំងការបញ្ចេញ Mast cells និង Basophilsដែលជាអ្នកសម្របសម្រួល (mediators បន្ថយការភ្ញោចជាទៀងទាត់នៃរ៉េស៊ិបទ័រIL-8 បន្ថយការភ្ជាប់មូលេគុលក្នុងកោសិកា និង E-selection ព្រមទាំងបន្ថយការបញ្ចេញ FcεRI នៃកោសិកា Langerhans)។ យន្តការទាំងអស់នេះ កាត់បន្ថយការរលាកតាមរយៈការថយចុះអង់ទីហ្សែន។

កម្រិតប្រើប្រាស់ និងរបៀបប្រើ
ជាទូទៅ Tacrolimus Ointment  ប្រើដោយលាបផ្ទាល់លើស្បែក ២ដងក្នុងមួយថ្ងៃ និងឈប់លាបពេលបាត់រោគសញ្ញា ចៀសវាងប្រើក្នុងរយៈពេលយូរ។ ការប្រើ Tacrolimus Ointment ត្រូវបានបែងចែកជា២កម្រិត ដែលតម្រូវឲ្យប្រើតាមអាយុដូចខាងក្រោម៖
• សម្រាប់មនុស្សពេញវ័យ អាចប្រើ Tacrolimus Ointment ទាំងកម្រិត០.០៣% និងកម្រិត០.១%
• សម្រាប់ក្មេងមានអាយុពី ២ ទៅ១៥ឆ្នាំ អាចប្រើត្រឹម Tacrolimus Ointment ០.០៣%ប៉ុណ្ណោះទោះបីគ្មានការសិក្សាណាមួយបង្ហាញពីផលប៉ះពាល់នៃការប្រើ Tacrolimus Ointment ក្នុងរយៈពេលយូរក៏ដោយ ក៏ថ្នាំលាបនេះត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់យូរដែរ។
របៀបលាប៖ ត្រូវលាងដៃឲ្យស្អាតរួចលាបក្នុងកម្រិតសមល្មមលើស្បែក ក្រោយពេលលាបរួចអ្នកមិនគួរងូតទឹក ឬហែលទឹកនិងប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យភ្លាមៗទេ។

ផលរំខានឱសថ
• ផលរំខានដែលគេតែងជួបជាញឹកញាប់៖ រលាក និងរមាស់ស្បែកពីកម្រិតតិចតួច ទៅមធ្យម ពិសេសនៅក្នុងអំឡុងប៉ុន្មានថ្ងៃដំបូងនៃការប្រើប្រាស់ហើយវានឹងបាត់ទៅវិញពេលស្បែកជា។
• ផលវិបាកផ្សេងទៀត៖ អាចមានលេចចេញមុន រលាក ឬឆ្លងរោគនៅឫសសក់ ឈឺក្បាល ស្បែកងាយមានប្រតិកម្មទាំងពេលក្តៅ និងពេលត្រជាក់ ផ្តាសាយ ឈឺពោះ ឈឺសាច់ដុំ មានដំបៅ ឬឆ្លងរោគលើស្បែក និងកើតរើម។

ក្នុងពេលប្រើ Tacrolimus ប្រសិនបើអ្នកញ៉ាំសារធាតុអាល់កុល វាអាចបង្កឲ្យស្បែក និងមុខរបស់អ្នកឡើងក្រហមរួមទាំងមានអារម្មណ៍ថាក្តៅ។ គួរបញ្ជាក់ផងដែរថា ប្រសិនលោកអ្នកមានបញ្ហាណាមួយកើតឡើងខុសប្រក្រតីត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យរបស់អ្នកឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​


Share:

អត្ថបទទាក់ទង