Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ចង់ចំណេញពេល និងថវិកាមុនទៅជួបពេទ្យពិនិត្យជំងឺម្តងៗ អ្នកគួរតែ …

មនុស្សគ្រប់គ្នាចៀសមិនផុតពីការឈឺថ្កាត់ ហើយត្រូវប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញនោះទេ។ ហេតុនេះ ដើម្បីធ្វើជាអ្នកជំងឺឆ្លាតម្នាក់ និងដើម្បីសន្សំថវិកា ព្រមទាំងពេលវេលាតើអ្នកគួរធ្វើដូចម្តេចខ្លះ មុនពេលទៅជួបគ្រូពេទ្យ?
 

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនសម្រាប់ការរៀបចំខ្លួនទុក មុននឹងទៅមន្ទីរពេទ្យ៖
 
១. ឯកសារសុខភាព ឬកាតពេទ្យ

ប្រសិនបើអ្នកធ្លាប់មកកាន់មន្ទីរពេទ្យនេះពីមុន អ្នកគួរតែយកអត្តលេខ ឬឯកសារផ្សេងៗមកជាមួយ ដើម្បីងាយស្រួលនិងឆាប់រហ័សរកឃើញឯកសារ ពាក់ព័ន្ធរបស់អ្នក ឬអាចទទួលបានការបញ្ចុះតម្លៃផ្សេងៗផងដែរ ទៅតាមឱកាសនានា សេវាកម្ម ឬមន្ទីរពេទ្យ។ 
 
២. ឯកសារវេជ្ជសាស្រ្ត ការថត ឬការពិនិត្យនានា
ប្រសិនបើអ្នកទើបតែធ្វើការពិនិត្យឈាម ថតអេកូ ឬធ្វើតេស្តផ្សេងៗទៀត អ្នកគួរតែយកវាមកជាមួយ ដើម្បីងាយស្រួលឲ្យគ្រូពេទ្យណែនាំ និងពិនិត្យ មើលភាពខុសគ្នា ឬអាចទាញទៅរកការធ្វើរោគវិនិច្ឆ័យបន្ទាប់កាន់តែជាក់លាក់ ដែលអាចកាត់បន្ថយការចំណាយពេលវេលា ព្រមទាំងថវិកាបាន។
 
៣. ថ្នាំពេទ្យ

មិនថាថ្នាំមានវេជ្ជបញ្ជា ថ្នាំគ្មានវេជ្ជបញ្ជា ឬអាហារបំប៉នអ្វីនោះទេ គឺអ្នកគួរតែនាំយមកជាមួយ ដើម្បីឲ្យគ្រូពេទ្យរបស់អ្នកពិនិត្យមើលថាតើអ្នកអាចបន្ត ការញ៉ាំទៀត ឬយ៉ាងណា ចៀសវាងប្រើប្រាស់បន្តដោយខ្លួនឯង ឬបញ្ឈប់ដោយខ្លួនឯង ដែលអាចឲ្យជួបបញ្ហានៅពេលក្រោយ។ 
 
៤. ការព្យាបាលនានាដែលអ្នកកំពុងធ្វើ ឬបានធ្វើពីមុន
តើអ្នកមានចាក់ម្ជុលវិទ្យាសាស្រ្ត ព្យាបាលដោយចលនា ឬការព្យាបាលអ្វីផ្សេងទៀតដែរឬទេ? តើអ្នកមានប្រើថ្នាំជំនួយ ឬអាហារបំប៉នណាមួយដែរឬទេ? អ្នកត្រូវជម្រាបគ្រូពេទ្យនូវព័ត៌មានទាំងនេះផងដែរ ចៀសវាងការទទួលយកការព្យាបាលដោយវិធីសាស្ត្រ ឬថ្នាំណាមួយដែលអ្នកមានហើយឬកំពុងទទួល ការព្យាបាលហើយ។ 
 
៥. តារាងរោគសញ្ញា និងបញ្ហារបស់អ្នក

ដើម្បីកុំឲ្យភ្លេច ចូរកត់ត្រាទុកនូវរោគសញ្ញា និងអាការៈមិនស្រួលណាមួយ ដែលអ្នកបានជួបប្រទះពីមុន និងឥឡូវនេះ ចៀសជាងចំណាយពេលរកនឹក នៅពេលបានជួបគ្រូពេទ្យ។
 
៦. កម្រងសំណួរសួរគ្រូពេទ្យ

ដូចគ្នានឹងចំណុចខាងលើ អ្នកអាចនឹងភ្លេច ឬត្រូវរកនឹកសំណួរផ្សេងៗពេលជួបគ្រូពេទ្យ ដូច្នេះ ដើម្បីចំណេញពេលវេលា និងថវិកា អ្នកគួរតែត្រៀមសំណួរ និងចម្ងល់នានា ដែលអ្នកចង់ដឹង ដើម្បីប្រាកដថាអ្នកទទួលបានព័ត៌មានគ្រប់គ្រាន់ និងចៀសវាង ឬកាត់បន្ថយការមានបញ្ហានៅលើកក្រោយ។
 
៧. ប៊ិច និងសៀវភៅ
វាហាក់បីដូចជាចម្លែក ប៉ុន្តែ អ្នកមិនអាចចងចាំការណែនាំរបស់គ្រូពេទ្យបានទាំងស្រុងនោះទេ ដូចនេះការកត់ត្រាចំណុចសំខាន់នានា ពិតជាអ្វីដែល អ្នកមិនគួរមើលរំលងឡើយ មិនដូច្នោះទេ អ្នកអាចនឹងត្រូវចំណាយពេល និងថវិកាមកជួបគ្រូពេទ្យម្តងទៀតក្នុងករណីដែលអ្នកភ្លេចត្រង់ចំណុចណាមួយ។
 
៨. សមាជិកគ្រួសារ ឬមិត្តភក្តិ
ការមានមនុស្សទៅជាមួយ អាចជួយអ្នកបានច្រើនពេលពិនិត្យសុខភាព ដោយពួកគេអាចជួយសម្របសម្រួលការរត់ឯកសារនានា និងការងារផ្សេងទៀត ដើម្បីឲ្យអ្នកអាចចំណេញពេលវេលាបានច្រើន។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


អត្ថបទទាក់ទង

មើលទាំងអស់

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី គន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ។  បេះដូងគឺជាសរីរាង្គមួយដែលមានទំហំតូច ប៉ុន្តែមានតួនាទីធំ ដោយវាទទួលខុសត្រូវក្នុងការថែរក្សាអ្នកឱ្យមានជីវិតរស់នៅ និងមានសុខភាពល្អជារៀងរាល់ថ្ងៃ រាល់នាទី និងរាល់វិនាទី។ បេះដូងច្របាច់ និងបញ្ជូនឈាម និងអុកស៊ីសែនទៅកាន់សួត និងរាងកាយរបស់អ្នក ព្រមទាំងកម្ចាត់ឧស្ម័នកាបូនិចចេញពីចរន្តឈាម ដែលមុខងារទាំងនេះគឺជាស្នូលនៃសុខភាពទូទៅរបស់អ្នក។ បេះដូងគឺជាសរីរាង្គដែលងាយរងគ្រោះ ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលស្ថានភាពទាំងនេះត្រូវបានគេដឹងថាជាឃាតករដ៏ធំបំផុតមួយក្នុងពិភពលោក ដោយបានឆក់យកជីវិតមនុស្សអស់ ១៨.៦ លាននាក់នៅទូទាំងសកលលោកក្នុងមួយឆ្នាំៗ។ អាយុកាន់តែច្រើន ហានិភ័យនៃជំងឺបេះដូងកាន់តែខ្ពស់។ នៅក្នុងប្រទេសអភិវឌ្ឍន៍ •  អត្រាអ្នកឈឺបេះដូងកើនឡើងខ្លាំង (លើសពី ១០ ភាគរយ) ចំពោះមនុស្សអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ។ ៨០ ភាគរយនៃអ្នកស្លាប់ដោយសារជំងឺបេះដូង គឺជាមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។ គន្លឹះស្តីពីសុខភាពបេះដូង និងការឈានចូលវ័យចាស់ដោយមានសុខភាពល្អ នេះគឺជាគន្លឹះល្អៗចំនួន ប្រាំយ៉ាង ដើម្បីឱ្យអ្នកចាប់ផ្តើមដំណើរនេះ សម្រាប់ជីវិតដែលមានសុខភាពល្អប្រសើរជាងមុនទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ គន្លឹះទី១៖ ស្វែងយល់ពីហានិភ័យសុខភាពរបស់អ្នក គន្លឹះដំបូងនៃការថែរក្សាសុខភាពបេះដូង គឺការដឹងពីសុខភាពរបស់អ្នកតាមរយៈការទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពឱ្យបានទៀងទាត់។ការពិនិត្យសុខភាពបានជាប់លាប់ជារឿងសំខាន់ខ្លាំងណាស់ ព្រោះសម្ពាធឈាមខ្ពស់ គឺជាកត្តាហានិភ័យចម្បងបំផុតនៃជំងឺសរសៃឈាមបេះដូង ហើយវាត្រូវបានគេចាត់ទុកជា "ឃាតករលាក់មុខ" ដោយសារតែវាមិនបង្ហាញចេញនូវសញ្ញាព្រមាន ឬរោគសញ្ញាអ្វីច្បាស់ៗឡើយ។ហេតុដូច្នេះ ការពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់ គឺជារឿងចាំបាច់បំផុត ព្រោះប្រសិនបើទុកចោលដោយមិនបានពិនិត្យ និងព្យាបាលទាន់ពេលវេលាទេ វានឹងបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបាន។ គន្លឹះទី២៖ កាត់បន្ថយទម្លាប់រស់នៅដែលមិនល្អចំពោះសុខភាព ការផ្តាច់បារីជាវិធីដ៏ល្អបំផុតក្នុងការការពារបេះដូង ព្រោះហានិភ័យជំងឺបេះដូងនឹងថយចុះភ្លាមៗបន្ទាប់ពីឈប់ជក់។ ជាទូទៅ ការជក់បារីបំផ្លាញសរសៃឈាមអាកទែឱ្យរួមតូចដោយសារការកកខ្លាញ់ ដែលអាចបង្កជាការឈឺទ្រូងជាសញ្ញាព្រមាន ឬអាចឈានទៅដល់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកគួរតែបោះបង់ទម្លាប់មិនល្អក្រវាត់ចោលនូវឧបករណ៍ជក់បារី រួចជំនួសមកវិញនូវផលិតផលជំនួសជាតិនីកូទីន។ ការបោះបង់ចោលទម្លាប់មិនល្អទាំងនេះ នឹងជួយឱ្យរាងកាយទាំងមូលទទួលបានសុខភាពល្អ។ គន្លឹះទី៣៖ រក្សារបបអាហារដែលល្អចំពោះសុខភាពបេះដូង អាហារូបត្ថម្ភដែលល្មមសមរម្យនៃកាឡូរីដែលអ្នកគួរទទួលទាន គួរមានកាបូអ៊ីដ្រាត ៤០ ភាគរយ ប្រូតេអ៊ីន ៣០ ភាគរយ និងខ្លាញ់ល្អ ៣០ ភាគរយ ព្រមទាំងជាតិសរសៃ ២៥ ក្រាម និងទឹកប្រាំបីកែវក្នុងមួយថ្ងៃ។ លើសពីនេះ ការញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ នឹងជួយផ្តល់វីតាមីន និងជាតិរ៉ែល្អៗជាច្រើន។ អាហារសម្បូរអូមេហ្គា-៣ ដូចជាត្រីមានជាតិខ្លាញ់ និងគ្រាប់ពូជផ្សេងៗ អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងផងដែរ។ ត្រីក៏ជាអាហារជំនួសសាច់គោដ៏ល្អដើម្បីចៀសវាងខ្លាញ់ឆ្អែតខ្ពស់ ហើយជាតិអូមេហ្គា-៣ដែលមានក្នុងត្រីក៏ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត ដើម្បីទ្រទ្រង់ប្រព័ន្ធសរសៃឈាមបេះដូងទៀតផង។ គន្លឹះទី៤៖ ធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ ការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយទៀងទាត់ផ្តល់ផលប្រយោជន៍ជាច្រើនដោយវាជួយឱ្យសរសៃឈាមសម្រាក និងពង្រីកខ្លួន ធ្វើឱ្យឈាមហូរទៅចិញ្ចឹមបេះដូងបានល្អ។ សកម្មភាពនេះរំញោចការផលិតសារធាតុនីទ្រីកអុកស៊ីតដើម្បីការពារប្រព័ន្ធសរសៃឈាមបេះដូង។ អ្នកគួរតែធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ ហើយបើគ្មានពេលគ្រប់គ្រាន់ទេ អ្នកអាចជំនួសដោយការដើរខ្លីៗមុនពេលធ្វើការ ដូចជាការចតឡានម៉ូតូឱ្យឆ្ងាយពីការិយាល័យ ឬការឈរធ្វើការខ្លះដើម្បីចៀសវាងការអង្គុយយូរៗពេញមួយថ្ងៃ។ គន្លឹះទី៥៖ កាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ទោះបីជាគ្មានការផ្សារភ្ជាប់ផ្ទាល់រវាងភាពស្ត្រេសខ្ពស់ និងជំងឺបេះដូង ប៉ុន្តែស្ត្រេសអាចបង្កហានិភ័យដោយប្រយោល ដូចជាធ្វើឱ្យឡើងសម្ពាធឈាម ធ្វើឱ្យអ្នកញ៉ាំច្រើនហួសប្រមាណ ខ្ជិលមិនធ្វើលំហាត់ប្រាណ ឬធ្វើឱ្យអ្នកជក់បារី។ ស្ត្រេសរ៉ាំរ៉ៃក៏ជម្រុញអរម៉ូនអង់ដ្រេណាលីន និងខទីសូលឱ្យកើនឡើង ដែលនាំឱ្យប្រឈមនឹងការគាំងបេះដូងផងដែរ។ ហេតុនេះ អ្នកគួរតែចំណាយពេលសម្រាក និងធ្វើអ្វីដែលសប្បាយចិត្ត ព្រោះមនុស្សដែលអាចគ្រប់គ្រងស្ត្រេសឱ្យនៅកម្រិតទាបបាន តែងមានទំនោរចង់ហាត់ប្រាណ និងមានចំណង់ញ៉ាំអាហារដែលមានសុខភាពល្អ។ ការអនុវត្តរបៀបរស់នៅសកម្ម និងមានសុខភាពល្អចាប់ពីពេលនេះតទៅ គឺជារឿងចាំបាច់បំផុតដើម្បីការពារជំងឺបេះដូង និងរក្សាបេះដូងឱ្យរឹងមាំទៅថ្ងៃអនាគត។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីសារៈសំខាន់នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង និងថាតើអ្វីទៅជាការជំរុញនីទ្រីកអុកស៊ីត? មានកត្តាជាច្រើនក្នុងការរស់នៅឱ្យបានល្អបំផុត ហើយក៏មិនចាំបាច់ពិបាកស្មុគស្មាញអ្វីច្រើននោះដែរ។ មានវិធីសាមញ្ញមួយចំនួនដើម្បីគាំទ្រដល់សុខភាពបេះដូងរបស់អ្នកឱ្យមានសុខភាពល្អគឺ តាមរយៈរបបអាហារត្រឹមត្រូវ ការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលទានអាហាររូបត្ថម្ភជំនួយ។របបអាហារ និងលំហាត់ប្រាណគឺងាយស្រួល ប៉ុន្តែអាហាររូបត្ថម្ភជំនួយវិញ? វិធីដ៏ល្អបំផុតមួយដើម្បីជួយការពារបេះដូងរបស់អ្នកគឺ តាមរយៈនីទ្រីកអុកស៊ីត ឬ ពាក្យកាត់ NO។ តើនីទ្រីកអុកស៊ីតដំណើរការយ៉ាងដូចម្តេច? នីទ្រីកអុកស៊ីត គឺជាឧស្ម័នដែលកើតឡើងពីធម្មជាតិដែលមាននៅទាំងក្នុង និងក្រៅរាងកាយ។ វាការពារប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកពីការខូចខាត និងការចុះខ្សោយតាមវ័យ ដោយលើកកម្ពស់ភាពយឺត នៃសរសៃឈាម។ នីទ្រីកអុកស៊ីតជួយឱ្យជញ្ជាំងសរសៃឈាមរបស់អ្នកសម្រាក និងរីកធំ ដើម្បីឱ្យកោសិកាឈាមអាចរត់បានយ៉ាងងាយស្រួល។ ដំណើរការនេះអនុញ្ញាតឱ្យសារធាតុចិញ្ចឹម និងអុកស៊ីហ្សែនត្រូវបានបញ្ជូនទៅកាន់រាងកាយឱ្យកាន់តែមានប្រសិទ្ធភាព។ អត្ថប្រយោជន៍ នៃនីទ្រីកអុកស៊ីត នីទ្រីកអុកស៊ីតត្រូវបានគេហៅថាជា "Miracle Molecule" ឬ “ម៉ូលេគុលអស្ចារ្យ” ដោយសារតែអត្ថប្រយោជន៍ជាច្រើនដែលវាមាន។ ផ្អែកលើការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Journal of Preventive Medicine and Hygiene បានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍របស់នីទ្រីកអុកស៊ីតដូចខាងក្រោម៖  • ជួយគាំទ្រដល់ដំណើរការបេះដូង • រក្សាសរសៃឈាមឱ្យមានភាពបត់បែន • ធ្វើឱ្យលំហូរឈាមប្រសើរឡើង • គាំទ្រដល់គ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយរបស់អ្នក • ជំរុញមុខងារបេះដូង ខួរក្បាល និងសរីរាង្គផ្សេងៗទៀតផងដែរ ការធ្វើឱ្យលំហូរឈាម និងការចរាចរឈាមប្រសើរឡើង នឹងជួយសម្រាលបន្ទុកការងាររបស់បេះដូង។ បេះដូងតែងតែច្របាច់បញ្ជូនកោសិកាឈាមផ្តល់​ថាមពលដល់គ្រប់សាច់ដុំ និងសរីរាង្គក្នុងរាងកាយ។ នីទ្រីកអុកស៊ីតជួយឱ្យសរសៃឈាមសម្រាក អនុញ្ញាតិឱ្យកោសិកាទាំងអស់អាចធ្វើចលនា និងរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតដែលមានសុខភាពល្អ។ ការផលិតនីទ្រីកអុកស៊ីត រាងកាយផលិតនីទ្រីកអុកស៊ីតដោយធម្មជាតិក្នុងកំឡុងពេលរំលាយអាហារនៅពេលដែលប្រូតេអ៊ីនត្រូវបានបំបែកទៅជាអាស៊ីតអាមីណូដូចជា L-arginine និង L-citrulline។ នៅពេលដែលសារធាតុ L-arginine ត្រូវបានស្រូបចូលទៅក្នុងកោសិកាដែលនៅតាមជញ្ជាំងសរសៃឈាមរបស់អ្នក វានឹងបំប្លែងទៅជានីទ្រីកអុកស៊ីត (NO)។ L-citrulline គឺជាផលដែលកើតចេញពីការបំប្លែងនោះ ហើយវាដើរតួអ្នកជាការបន្ថែមថាមពល ប៉ុន្តែឥទ្ធិពលវាគឺមានរយៈពេលខ្លី។ នីទ្រីកអុកស៊ីតត្រូវបានបំផ្លាញចោលដោយសារម៉ូលេគុលអុកស៊ីហ្សែនសកម្មក្នុងរយៈពេលតែមួយវិនាទីប៉ុណ្ណោះ បន្ទាប់ពីការផលិត។ ការការពារកម្រិតនីទ្រីកអុកស៊ីត សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាវិធីមួយដើម្បីការពារកម្រិតនីទ្រីកអុកស៊ីតនៅក្នុងរាងកាយរបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយឱ្យរាងកាយស្រូបយកម៉ូលេគុលអុកស៊ីហ្សែនសកម្ម មុនពេលពួកវាអាចបង្កៃការខូចខាតណាមួយដល់នីទ្រីកអុកស៊ីត។ តាមរយៈការទទួលទានវីតាមីន C និង E រួមគ្នាជាមួយអាស៊ីត alpha lipoic អ្នកអាចជួយបង្កើតរបាំងការពារសម្រាប់នីទ្រីកអុកស៊ីតបាន។ បន្ទាប់ពីអាយុ ៣០ ឆ្នាំឡើង បរិមាណនីទ្រីកអុកស៊ីតដែលផលិតដោយធម្មជាតិក្នុងរាងកាយចាប់ផ្តើមថយចុះ។ ដូច្នោះហើយទើបវាជាការចាំបាច់ក្នុងជួយការពារ និងជម្រុះការបន្ថែមការផលិត NO ដើម្បីគាំទ្រដល់ប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ។ ការជម្រុញនីទ្រីកអុកស៊ីត ដើម្បីជំរុញការផលិតនីទ្រីកអុកស៊ីតក្នុងរាងកាយ មានរឿងមួយចំនួនដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃ។ ជាទូទៅ វាអាស្រ័យលើរបបអាហារ ការហាត់ប្រាណ និងការទទួលទានអាហារូបត្ថម្ភដើម្បីជួយបំពេញបន្ថែម។ ចំពោះអាហារូបត្ថម្ភ អ្នកគួរទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមរួមមាន៖ • ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ដូចជាសណ្តែកសៀង សាច់ គ្រាប់ធញ្ញជាតិ ទឹកដោះគោ និងអាហារក្រឡុកប្រូតេអ៊ីន • បន្លែដែលមានសារធាតុនីត្រាតខ្ពស់ដូចជា គិនឆាយ សាឡាត់ មើមឆៃថាវក្រហម ស្ពៃពួយឡេង និងអាហារបំប៉នបន្លែបៃតង ក៏ជាជម្រើសដ៏ល្អដែរ • អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ របបអាហារដែលមានតុល្យភាពមិនមែនជាវិធីតែមួយគត់ដើម្បីបង្កើនកម្រិតនីទ្រីកអុកស៊ីតរបស់អ្នកនោះទេ។ វាក៏សំខាន់ផងដែរក្នុងការផ្តោតលើសុខុមាលភាពទូទៅរបស់អ្នកដូចជា៖ • ធានាថាអ្នកបានរក្សាជាតិទឹកបានគ្រប់គ្រាន់ • គេងឱ្យបានគ្រប់គ្រាន់ • និងបង្កើនសកម្មភាពរាងកាយ ការហាត់ប្រាណគឺជាចំណុចសំខាន់មួយ ព្រោះការផលិតនីទ្រីកអុកស៊ីតកើនឡើងយ៉ាងខ្លាំងក្នុងកំឡុងពេលធ្វើសកម្មភាពរាងកាយគ្រប់កម្រិត។ មិនថាការដើរ រត់ ជិះកង់ ហែលទឹក ឬសូម្បីតែការឡើងជណ្តើរ សុទ្ធតែជួយទ្រទ្រង់កម្រិត NO និងរបៀបរស់នៅដែលមានសុខភាពល្អទាំងអស់។ ការប្រើប្រាស់អាហារូបត្ថម្ភជំនួយ ក៏ជាកត្តាសំខាន់ផងដែរ ព្រោះសូម្បីតែរបបអាហារដែលមានតុល្យភាពបំផុតក៏នៅតែមានចន្លោះខ្វះខាតសារធាតុចិញ្ចឹមដែរ។ ដូច្នោះហើយអាហារូបត្ថម្ភជំនួយដូចជា អាហារក្រឡុកប្រូតេអ៊ីន អាហារូបត្ថម្ភជំនួយបន្លែបៃតង និងអូមេហ្គា ៣ គឺអាចជួយបំពេញចន្លោះខ្វះខាតបានយ៉ាងច្រើន។ សម្រាប់ការគាំទ្រកម្រិតនីទ្រីកអុកស៊ីត អាស៊ីតអាមីណូដូចជា L-arginine និង L-citrulline វីតាមីន C និង E អាស៊ីត alpha lipoic និងអាស៊ីតហ្វូលិក គឺពិតជាត្រូវការចាំបាច់។ ផលិតផល Herbalife® Vitality Amino Drink មានផ្ទុកនូវគ្រឿងផ្សំទាំងអស់នេះ និងជាជម្រើសដ៏ល្អសម្រាប់គាំទ្រដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នក។ Vitality Amino Drink រួមបញ្ចូលគ្នានូវអាស៊ីតអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលចាំបាច់ដើម្បីគាំទ្រដល់ការផលិត និងរក្សាកម្រិត NO ដើម្បីរក្សាសរសៃឈាមឱ្យមានភាពបត់បែន។ ផលិតផល Herbalife24® Rebuild Strength ក៏ជាជម្រើសដ៏ល្អមួយទៀតដែលជួយបង្កើនកម្រិត NO ក្នុងរាងកាយរបស់អ្នក។ នៅពេលទទួលទានមុនពេលហាត់ប្រាណ វាជួយគាំទ្រដល់លំហូរឈាម និងធ្វើឱ្យសមត្ថភាពកីឡា និងភាពធន់ប្រសើរឡើង។ ការរក្សាកម្រិតនីទ្រីកអុកស៊ីតឱ្យបានខ្ពស់ គឺជាគន្លឹះសម្រាប់សុខភាពរាងកាយ និងបេះដូង ។ អ្នកអាចជួយឱ្យបេះដូងមានសុខភាពល្អទៅតាមវ័យ តាមរយៈការរក្សាភាពបត់បែននៃសរសៃឈាម និងការកែលម្អលំហូរឈាមក្នុងរាងកាយ ជាមួយនឹងសារធាតុ L-arginine និង L-citrulline ដែលមាននៅក្នុងផលិតផល Vitality Amino Drink ។ ការផ្ដោតលើរបបអាហារដែលមានតុល្យភាព ការហាត់ប្រាណឱ្យបានទៀងទាត់ និងការទទួលបានកម្រិត NO ឱ្យបានគ្រប់គ្រាន់ គឺជាគន្លឹះក្នុងការគាំទ្រដល់សុខភាពបេះដូង និងការរស់នៅឱ្យបានល្អបំផុត។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាល​មួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី ការចាប់គូរអាហារដោយឆ្លាតវៃ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន។ អាហារូបត្ថម្ភល្អមិនមែនសំដៅលើការទទួលទានតែអាហារដែលកំពូល (Superfood) ឬវីតាមីនតែមួយមុខៗនោះទេ។ ផ្ទុយទៅវិញគឺជាការទទួលទានឱ្យមានតុល្យភាពចម្រុះមុខ ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយសម្រាប់ការលូតលាស់ និងសុខុមាលភាពទូទៅ។ ការចាប់គូអាហារនឹងជួយឱ្យរាងកាយស្រូបយក និងប្រើប្រាស់សារធាតុចិញ្ចឹមទាំងនោះបានកាន់តែមានប្រសិទ្ធភាព។ វិទ្យាសាស្ត្រអាហារូបត្ថម្ភបានទទួលស្គាល់ថា ការរួមបញ្ចូលគ្នានៃអាហារមួយចំនួនអាចមានឥទ្ធិពលលើកម្រិតសារធាតុចិញ្ចឹមអាចត្រូវបានស្រូបយក និងប្រើប្រាស់ដោយរាងកាយ។ ដូចនេះ អ្នកក៏មានអំណាចអាចជម្រុញការស្រូបយកសារធាតុចិញ្ចឹមនៃសារពាង្គកាយខាងក្នុងបានផងដែរ តាមរយៈការផ្គួរផ្គងអាហារនីមួយៗដោយខ្លួនឯង។ វិធីមួយក្នុងចំណោមវិធីដែលងាយស្រួលបំផុតនោះ គឺការផ្លាស់ប្តូរមុខម្ហូប និងការទទួលទានអាហារសុខភាពចម្រុះឱ្យបានទៀងទាត់ ជាជាងការទទួលទានអាហារដដែលៗរាល់ថ្ងៃ។ តើអ្នកមានដឹងទេថាការផ្គូរផ្គងអាហារមួយចំនួនអាចផ្តល់អត្ថប្រយោជន៍ដល់រាងកាយច្រើនជាងការដែលអ្នកញ៉ាំអាហារទាំងនោះដាច់ដោយឡែកពីគ្នា? ការចាប់គូរអាហារឆ្លាតវៃទាំង ៥ យ៉ាង៖ បន្លែចម្រុះ ដូចជា ស្ពៃពួយឡេង ការ៉ុត ម្ទេសប្លោក និងប៉េងប៉ោះ មានផ្ទុកសារធាតុ Carotenoids មិនត្រឹមតែធ្វើឱ្យរុក្ខជាតិមានពណ៌ស្រស់ស្អាតប៉ុណ្ណឹងទេ ប៉ុន្តែវាក៏ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ សមាសធាតុនេះវារលាយក្នុងខ្លាញ់ មានន័យថាវានឹងត្រូវបានស្រូបយកបានល្អប្រសើរ នៅពេលញ៉ាំជាមួយជាតិខ្លាញ់ខ្លះ។ អ្នកអាចបន្ថែមជាតិខ្លាញ់ល្អបានតាមវិធីជាច្រើន៖ លាយប្រេងអូលីវលើសាឡាត់ បន្ថែមគ្រាប់ធញ្ញជាតិបន្តិចបន្តួចទៅក្នុងបន្លែឆ្អិន ឬបន្ថែមផ្លែបឺរជាដើម។ តាមរយៈការធ្វើបែបនេះ រាងកាយរបស់អ្នកអាចស្រូបយកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ទាំងនេះបានកាន់តែប្រសើរ។ វីតាមីន C ជាមួយជាតិដែក ជួយទ្រទ្រង់ដល់ដំណើរអុកស៊ីសែន និងជួយដល់មេតាប៉ូលីសក្នុងការបំប្លែងអាហារជាថាមពល។ វីតាមីន និងជាតិដែកនេះមាននៅក្នុងប្រភពរុក្ខជាតិ និងសាច់សត្វ។ ជាតិដែកប្រភេទ Heme ដែលមាននៅក្នុង សាច់បក្សី ត្រី និងស៊ុត រាងកាយងាយស្រូបយកដោយមានប្រសិទ្ធភាព ខណៈដែលជាតិដែកប្រភេទ Non-heme ពីអាហាររុក្ខជាតិដូចជា សណ្តែក សណ្តែកបណ្តុះ ស្ពៃពួយឡេង និងធញ្ញជាតិ រាងកាយស្រូបយកបានតិចតែប៉ុណ្ណោះ។ វីតាមីន C ជួយបង្កើនការស្រូបយកជាតិដែកប្រភេទ Non-heme នេះ។ អ្នកអាចទទួលទានបន្ថែមវីតាមីន C រួមគ្នា តួយ៉ាងការទទួលទានប៉េងប៉ោះ ផ្លែក្រូច និងស្ត្របឺរី ដោយយកពួកវាទៅលាយបញ្ចូលនិងមុខម្ហូបដទៃដែលសម្បូរវីតាមីន C ស្រាប់ ដើម្បីជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែកប្រភេទ Non-heme នេះបានដោយមានប្រសិទ្ធភាព។ អាហារក្រឡុកប្រូតេអ៊ីន ដែលមានបន្ថែមជាតិដែកមករួចស្រេច ក៏អាចជួយបំពេញតម្រូវការជាតិដែកបានដែរ ហើយនៅពេលចាប់គូជាមួយអាហារសម្បូរវីតាមីន C ជាតិដែកនឹងត្រូវបានស្រូបយកយ៉ាងល្អប្រសើរ។​ ដូច្នោះអ្នកអាចសាកបន្ថែមផ្លែឈើដូចជា ផ្លែម្នាស់ ស្ត្រប៊ឺរី ឬផ្លែស្វាយ ទៅក្នុងអាហារក្រឡុករបស់អ្នកបាន។ ការបន្ថែមបន្តិចបន្តួចទាំងនេះ អាចបង្កើតភាពខុសប្លែកគ្នា ក្នុងការបំពេញតម្រូវការសារធាតុចិញ្ចឹមប្រចាំថ្ងៃបាន។ តែបៃតង ជាមួយអាហារដែលសម្បូរវីតាមីន C តែបៃតងមានសមាសធាតុរុក្ខជាតិដ៏មានប្រយោជន៍ហៅថា Catechins ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការបន្ថែមក្រូចឆ្មារទៅក្នុងតែរបស់អ្នក ឬការទទួលទានវារួមជាមួយផ្លែឈើដែលសម្បូរវីតាមីន C (ដូចជា ក្រូច ស្ត្រប៊ឺរី ឬគីវី) ជួយឱ្យការស្រូបយកសមាសធាតុទាំងនេះមានភាពប្រសើរឡើង។ ប្រសិនបើអ្នកមានទម្លាប់ទទួលទានតែបៃតង ការចាប់គូវាជាមួយអាហារសម្រន់ដែលមានតុល្យភាព និងមានវីតាមីន C គឺរឹតតែល្អ។ ហើយប្រសិនបើអាហារសម្រន់របស់អ្នកមានជាតិប្រូតេអ៊ីន និងជាតិសរសៃ (Fiber) ច្រើនទៀត នោះវាកាន់តែប្រសើរព្រោះវានឹងជួយផ្តល់ថាមពលបានយូរ។ វីតាមីន D ជាមួយអាហារសម្បូរកាល់ស្យូម៖ វីតាមីន D ចាំបាច់សម្រាប់ជួយឱ្យរាងកាយស្រូបយកកាល់ស្យូម ដែលទ្រទ្រង់ដល់សុខភាពឆ្អឹង និងមុខងារសាច់ដុំ។ ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាល់ម៉ុន ត្រីបេកា និង ស៊ុតផ្តល់​​នូវវីតាមីន D បន្លែស្លឹកបៃតង អាហារធ្វើពីទឹកដោះគោ និងភេសជ្ជៈធ្វើពីរុក្ខជាតិដែលបន្ថែមសារធាតុចិញ្ចឹម ជួយផ្តល់នូវកាល់ស្យូម។ សម្រាប់អ្នកដែលមិនសូវទទួលទានសាច់ ផលិតផលដែលមានសារធាតុចិញ្ចឹម ឬអាហារបំប៉នដែលផ្តល់វីតាមីន D អាចជួយបំពេញចន្លោះខ្វះខាតទាំងនេះបាន។ នៅពេលរួមបញ្ចូលគ្នាជាមួយអាហារសម្បូរកាល់ស្យូម មិនថាពីប្រភពរុក្ខជាតិ ឬសត្វនោះទេ ពួកវាអាចជួយទ្រទ្រង់តម្រូវការរាងកាយរបស់អ្នកបាន។ មនុស្សពេញវ័យជាច្រើនមិនសូវទទួលទានប្រូតេអ៊ីន និងជាតិសរសៃបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃនោះទេ សារធាតុទាំងពីរនេះសុទ្ធតែសំខាន់សម្រាប់ទ្រទ្រង់ភាពឆ្អែត។ ដូច្នេះការរួមបញ្ចូលប្រូតេអ៊ីនជាមួយអាហារដែលមានជាតិសរសៃខ្ពស់ អាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយជាតិសរសៃក៏ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ សរុបសេចក្តីមកវិញ អាហារូបត្ថម្ភល្អ មិនមែនជាច្បាប់ដ៏តឹងរ៉ឹង ឬការដេញតាមញ៉ាំតែអាហារកំពូល Superfood ណាមួយនោះទេ។ វាគឺជាការផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមដែលវាត្រូវការឱ្យបានទៀងទាត់ តាមរបៀបដែលសមស្របនឹងរបៀបរស់នៅរបស់អ្នក។ ការទទួលទានអាហារចម្រុះមានន័យថា អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការចាប់គូអាហារទាំងនេះ។ ខណៈពេលដែលអាហារធម្មជាតិគឺជាអាហារចម្បងនៃរបបអាហារ ផលិតផលដែលបន្ថែមសារធាតុចិញ្ចឹម អាហារក្រឡុកប្រូតេអ៊ីន សុទ្ធតែអាចប្រើជារបស់ជំនួយបំពេញចន្លោះខ្វះខាត ជាពិសេសនៅពេលដែលអ្នកមមាញឹកហើយត្រូវការឱ្យរាងកាយអ្នកមានអាហារូបត្ថម្ភគ្រប់គ្រាន់។ អាហារូបត្ថម្ភ មិនមែនទាមទារភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែវាទាមទារនូវភាពជាប់លាប់ក្នុងការអនុវត្ត។ តាមរយៈការរួមបញ្ចូលគ្នារវាងការចាប់គូអាហារ ជាមួយនឹងការជ្រើសរើសអាហារដែលផ្ដល់សុខភាពល្អ រួមមានប្រូតេអ៊ីនពី ប្រភពរុក្ខជាតិ និងសត្វ បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ និងខ្លាញ់ល្អ អ្នកនឹងនឹងទទួលបាននូវអាហារូបត្ថម្ភដែលប្រកបដោយនិរន្តរភាព ដើម្បីផ្ដល់ឱ្យរាងកាយនូវអ្វីដែលវាត្រូវការជាចាំបាច់ពីមួយថ្ងៃទៅមួយថ្ងៃ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី របៀបដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ ទឹកគឺជាកត្តាចម្បងបំផុតដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានរលូន តាំងពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ បច្ចុប្បន្ន ការយកចិត្តទុកដាក់លើសុខភាពប្រព័ន្ធរំលាយអាហារមានការកើនឡើងយ៉ាងខ្លាំង ដោយសារការរកឃើញថ្មីៗអំពី "មីក្រូជីវចម្រុះក្នុងពោះវៀន" (Gut Microbiome)។ វាគឺជាបណ្តុំបាក់តេរីដែលរស់នៅក្នុងបំពង់រំលាយអាហារ ហើយមានឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធសុខភាពទូទៅនៃរាងកាយទាំងមូល។ អ្នកប្រហែលជាបានដឹងខ្លះស្រាប់មកហើយថា ដើម្បីរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យមានសុខភាពល្អ ការទទួលទានប្រូបាយអូទិក (probiotics - បាក់តេរី "ល្អ") ក៏ដូចជា ព្រីបីយូទិក (prebiotics - "អាហារ" សម្រាប់ប្រូបាយអូទិក) និងជាតិសរសៃឱ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់ដែលអ្នកមិនគួរមើលរំលង។ ប៉ុន្តែមានរឿងមួយដែលសាមញ្ញនិងរឹតតែសំខាន់នោះគឺ៖ ទឹក។ ទឹកមានវត្តមាននៅក្នុងគ្រប់ជំហាននៃដំណើរការរំលាយអាហារ ហេតុដូច្នោះហើយទើបការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងចំពោះសុខភាពរបស់អ្នក។ តើទឹកជួយដល់ការរំលាយអាហារយ៉ាងដូចម្តេច?  ចាប់ផ្តើមតាំងពីចំណុចដំបូងបំផុតនៃដំណើរការរំលាយអាហារ ទឹកគឺជាសមាសធាតុសំខាន់នៃទឹកមាត់។ ទឹកមាត់មានមុខងារជាច្រើនដូចជា៖ • វាជួយធ្វើឱ្យអាហារមានសំណើម ដែលបង្កភាពងាយស្រួលក្នុងការទំពា និងលេបចូល • ទឹកមាត់ក៏មានផ្ទុកអង់ស៊ីម ដែលវាដើរតួជាអ្នកបំបែកសារធាតុអាហារដូចជា ជាតិខ្លាញ់ និងកាបូអ៊ីដ្រាត តាំងពីដំបូងបំផុតមុនក្រពះទៅទៀត នៅពេលអាហារឆ្លងកាត់ចូលទៅក្នុងក្រពះ ទឹកក្រពះត្រូវបានបញ្ចេញមក។ទឹកទាំងនោះក៏មានផ្ទុកនូវអង់ស៊ីម ដែលនឹងចាប់ផ្តើម​បំបែកប្រូតេអ៊ីន និងកាបូអ៊ីដ្រាតនៅក្នុងអាហារដែលអ្នកញ៉ាំឱ្យទៅជាផ្នែកតូចៗ ទើបបញ្ជូនទៅកាន់ពោះវៀនតូច ដែលជាកន្លែងកើតមានការរំលាយអាហារភាគច្រើន។ ក្នុងដំណាក់កាលនេះ ទឹកក៏ត្រូវការជាចាំបាច់ផងដែរ ដើម្បីផលិតទឹករំអិលដែលស្រោបផ្នែកខាងក្នុងនៃក្រពះរបស់អ្នក ដែលជួយការពារពីអាស៊ីតក្រពះ។ គួរឱ្យកត់សម្គាល់ផងដែរថា វាមិនមែនជាការពិតនោះទេនូវការលើកឡើងមួយថា ការផឹកទឹកជាមួយអាហារនឹងធ្វើឱ្យទឹកក្រពះរាវខ្លាំង រហូតដល់វាមិនអាចធ្វើការងារបាន។​ តែផ្ទុយទៅវិញ ការមានជាតិទឹកគ្រប់គ្រាន់នឹងជួយជម្រុញដំណើរការនេះឱ្យកាន់តែល្អទៅវិញទេ។ របៀបដែលទឹកទ្រទ្រង់សុខភាពពោះវៀន នៅពេលអាហារផ្លាស់ទីតាមពោះវៀនតូច មានសកម្មភាពរំលាយអាហារជាច្រើនដែលទឹកជួយសម្របសម្រួល៖ • សារធាតុរាវ (ដែលបញ្ចេញពីក្នុងខ្លួន) កាន់តែច្រើន ត្រូវបានបញ្ចេញទៅក្នុងពោះវៀនតូច ពីស្រទាប់ផ្ទៃខាងក្នុងនៃពោះវៀនផ្ទាល់ ក៏ដូចជាពីលំពែង និងថ្លើមផងដែរ។ • អង់ស៊ីមធ្វើការដើម្បីពន្លឿនដំណើរការ និងជួយរៀបចំសម្របសម្រួលការស្រូបយកនៅដំណាក់កាលចុងក្រោយនៃការរំលាយអាហារ៖ អាស៊ីតអាមីណូពីប្រូតេអ៊ីន អាស៊ីតខ្លាញ់ពីជាតិខ្លាញ់ និងម៉ូលេគុលស្ករនីមួយៗពីកាបូអ៊ីដ្រាត។ • ការស្រូបយកសារធាតុចិញ្ចឹមភាគច្រើនកើតឡើងនៅក្នុងពោះវៀនតូច ហើយបន្ទាប់មកសារធាតុចិញ្ចឹមដែលរំលាយរួច នឹងឆ្លងកាត់ទៅកាន់ចរន្តឈាមរបស់អ្នក។ នៅពេលដំណើរការរំលាយអាហារបន្តនៅក្នុងពោះវៀនធំ ទឹកក៏មានសារៈសំខាន់ខ្លាំងផងដែរ៖ • ជាតិសរសៃរលាយ (Soluble fibers) ដែលអ្នកទទួលទាន (មាននៅក្នុងអាហារដូចជា អូត សណ្តែក និងបាឡេ) វានឹងរលាយក្នុងទឹក ហើយប៉ោង និងរីកមាឌ ដែលវានឹងជួយរាងកាយស្រូបយកជាតិស្ករយឺតៗ និងបញ្ជុះកូឡេស្តេរ៉ុល។ • ជាតិសរសៃមិនរលាយ (Insoluble fiber) ដែលអ្នកទទួលទាន (មាននៅក្នុងអាហារដូចជា គ្រាប់ធញ្ញជាតិ និងបន្លែភាគច្រើន) គឺនឹងចាប់យក និងបឺតយកទឹក ដែលវាជួយជំរុញដល់ការបន្ទោបង់ឱ្យបានទៀងទាត់។ គួរបញ្ជាក់ផងដែរថា ផ្នែកខាងក្រោមនៃពោះវៀន ក៏ជាកន្លែងដែលរាងកាយរបស់អ្នកស្រូបយកជាតិរ៉ែភាគច្រើនដែលអ្នកទទួលទាន ហើយទឹកនៅទីនោះជាអ្នកជួយសម្រួលដល់ការស្រូបយកនូវសារធាតុរ៉ែទាំងអស់នោះ។ ជាការពិតណាស់ ប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ គឺពឹងផ្អែកលើការមានជាតិសរសៃគ្រប់គ្រាន់។ បន្ថែមពីនេះ ការហាត់ប្រាណក៏មានសារៈសំខាន់ផងដែរ នៅពេលអ្នកធ្វើចលនាសាច់ដុំឆ្អឹងអំឡុងពេលហាត់ប្រាណ អ្នកក៏កំពុងជំរុញសាច់ដុំ រលោង (Smooth muscle) នៃបំពង់រំលាយក្នុងពេលតែមួយ ដែលវានឹងជួយជំរុញការបន្ទោបង់មានភាពទៀងទាត់។ បើទោះបីជាអ្វីដែលលើកឡើងមកនេះសំខាន់កម្រិតណាក៏ដោយ ក៏សូមកុំភ្លេចរឿងដ៏សាមញ្ញបំផុតមួយគឺទឹក ហើយអ្នកត្រូវប្រាកដថាអ្នកទទួលទានជាតិទឹកបានច្រើន និងទៀងទាត់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាប្រព័ន្ធរំលាយអាហារទាំងស្រុងឱ្យដំណើរការបានរលូន។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនងលំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីរបៀបដែល "មីក្រូសរីរាង្គ" ក្នុងពោះវៀនជះឥទ្ធិពលមកលើសុខភាពទូទៅរបស់យើង ។ មានមនុស្សតិចណាស់ដែលដឹងថា រាងកាយរបស់យើងមិនមែនផ្សំឡើងទាំងស្រុងដោយកោសិកាតែម្យ៉ាងនោះទេ។ មីក្រូសរីរាង្គរាប់លានរស់នៅក្នុងពោះវៀនរបស់យើង ហើយចំនួនរបស់ពួកវា លើសពីចំនួនសរុបនៃកោសិកាផ្ទាល់ខ្លួនរបស់យើងទៅទៀត។ ប្រព័ន្ធអេកូឡូស៊ីខ្នាតតូចនេះ ដែលមានបាក់តេរី វីរុស មេរោគផ្សិត និងប្រូតូហ្សូអា ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា "ហ្សែនទីពីរ" ហើយវាជះឥទ្ធិពលយ៉ាងស្ងប់ស្ងាត់ដល់ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ អារម្មណ៍ និងសូម្បីតែមុខងារនៃការយល់ដឹងរបស់យើង។ បាក់តេរីក្នុងពោះវៀន (Gut microbiota) មិនមែនគ្រាន់តែជា "អ្នកដំណើរឆ្លងកាត់" ធម្មតានោះទេ ប៉ុន្តែគឺជាដៃគូរួមរស់ដែលបានវិវត្តន៍មកជាមួយមនុស្សអស់រាប់លានឆ្នាំមកហើយ។ នៅក្នុងពោះវៀនរបស់មនុស្សពេញវ័យដែលមានសុខភាពល្អ មានបាក់តេរីច្រើនជាង ១,០០០ ប្រភេទ ដែលមានទម្ងន់សរុបពី ១ ទៅ ២ គីឡូក្រាម ដែលស្មើនឹងទម្ងន់នៃថ្លើមមួយ។ មីក្រូសរីរាង្គទាំងនេះមានអន្តរកម្មជាមួយយើងតាមបណ្តាញដ៏ស្មុគស្មាញ៖ • ពួកវាជួយបំបែកជាតិសរសៃដែលពិបាករំលាយ និងបង្កើតអាស៊ីតខ្លាញ់ខ្សែខ្លី (ដូចជា Butyrate) ដើម្បីផ្តល់ថាមពលដល់កោសិកាពោះវៀន។ • សំយោគសារធាតុចិញ្ចឹម វីតាមីន K និងវីតាមីនក្រុម B។ • បង្ហាត់ប្រព័ន្ធភាពស៊ាំរបស់យើងឱ្យចេះបែងចែករវាងមិត្តនិងសត្រូវ។ • ចូលរួមក្នុងកិច្ចការគ្រប់គ្រងការរំលាយអាហារ (Metabolism) និងការឆ្លើយតបនឹងការរលាក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា ឥទ្ធិពលនៃបាក់តេរីក្នុងពោះវៀនមានវិសាលភាពលើសពីប្រព័ន្ធរំលាយអាហារទៅទៀត។ តាមរយៈ "Gut-brain axis" ប្រព័ន្ធទំនាក់ទំនងទ្វេទិសនេះអនុញ្ញាតឱ្យមីក្រូសរីរាង្គផលិតសារធាតុសរសៃប្រសាទដូចជា serotonin (ប្រហែល ៩០% ត្រូវបានផលិតនៅក្នុងពោះវៀន), dopamine និង GABA ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការឆ្លើយតបនៃអារម្មណ៍ និងភាពតានតឹង។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Nature Microbiology បានផ្សារភ្ជាប់សមាសភាពជាក់លាក់នៃពោះវៀនទៅនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ការសិក្សាមួយទៀតក៏បានរកឃើញថា បាក់តេរីក្នុងពោះវៀនរបស់អ្នកជំងឺ Parkinson មានភាពខុសគ្នាខ្លាំងពីមនុស្សដែលមានសុខភាពល្អ ដែលនេះបង្ហាញថាពោះវៀនអាចជាចំណុចចាប់ផ្តើមមួយនៃជំងឺប្រព័ន្ធសរសៃប្រសាទនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មានេះគឺងាយរងគ្រោះណាស់។មានកត្តាជាច្រើនដែលរបៀបរស់នៅក្នុងសម័យទំនើបនេះអាចបណ្តាលឱ្យមានអតុល្យភាពបាក់តេរី (ហៅតាមវេជ្ជសាស្ត្រថា Dysbiosis)៖ • របបអាហារ៖ របបអាហារបែបលោកខាងលិចដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់ បានកាត់បន្ថយការទទួលទានជាតិសរសៃដែលចាំបាច់សម្រាប់បាក់តេរីមានប្រយោជន៍។ • ការប្រើប្រាស់ថ្នាំផ្សះហួសកម្រិត៖ ថ្នាំផ្សះដែលមានប្រសិទ្ធភាពខ្លាំងនិងទូលំទូលាយនឹងបោសសម្អាតមីក្រូសរីរាង្គយ៉ាងច្រើនដោយមិនរើសមុខនោះឡើយ។ • សម្ពាធផ្លូវចិត្តរ៉ាំរ៉ៃ៖ ស្ថានភាពស្ត្រេសបន្តបន្ទាប់ផ្លាស់ប្តូរការជ្រាបនៃពោះវៀន និងសមាសធាតុបាក់តេរី។ • ការគេងមិនគ្រប់គ្រាន់៖ រំខានដល់ចង្វាក់ជីវសាស្រ្ត (Circadian rhythm) និងប៉ះពាល់ដល់វដ្តមេតាប៉ូលីសនៃបាក់តេរី។ • ការធ្វើអនាម័យលើសកម្រិត៖ កាត់បន្ថយឱកាសសម្រាប់ការទាក់ទងជាមួយជាមួយមីក្រូសរីរាង្គចម្រុះដទៃទៀតនៅក្នុងបរិស្ថាន។ ផលប៉ះពាល់លើសុខភាព និងការថែទាំ អតុល្យភាពបាក់តេរី​ (Dysbiosis) នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជំងឺជាច្រើន។ ជំងឺប្រព័ន្ធរំលាយអាហារដូចជា ជំងឺរលាកពោះវៀន និងរោគសញ្ញាពោះវៀនដែលងាយរងរំញោច (IBS) មានទំនាក់ទំនងនឹងការប្រែប្រួលបាក់តេរីជាក់លាក់។ មនុស្សដែលធាត់លើសទម្ងន់ជាទូទៅមានភាពចម្រុះនៃបាក់តេរីក្នុងពោះវៀនទាប ហើយផ្ទុយទៅវិញមានប្រសិទ្ធភាពក្នុងការស្រូបយកថាមពលខ្ពស់ជាង។ សូម្បីតែជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ជំងឺអាលែហ្សី និងសូម្បីតែសុខភាពសរសៃឈាមបេះដូង ក៏អាចរងឥទ្ធិពលពីបាក់តេរីទាំងនេះដែរ ។ ដូច្នោះតើយើងគួរថែរក្សា "ប្រព័ន្ធអេកូឡូស៊ីដ៏តូចឆ្មា" នេះដោយរបៀបណា?  1. របបអាហារចម្រុះគឺជាមូលដ្ឋានគ្រឹះ៖ មីក្រូសរីរាង្គផ្សេងៗគ្នាចូលចិត្តអាហារខុសៗគ្នា ដូច្នេះភាពចម្រុះនៃរបបអាហារគឺជាគន្លឹះក្នុងការរក្សាភាពចម្រុះនៃបាក់តេរី។ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែកដែលសម្បូរជាតិសរសៃគឺជា "ប្រេងឥន្ធនៈ" សម្រាប់បាក់តេរីមានប្រយោជន៍ ។ អាហារផ្អាប់ដូចជា យ៉ាអួ បន្លែផ្អាប់ និងតែ Kombucha សម្បូរទៅដោយប្រូបាយអូទិក (Probiotics) សកម្ម។ សារធាតុ Polyphenols (ដែលមានក្នុងផ្លែប៊ឺរី តែ និងសូកូឡាខ្មៅ) ក៏មានប្រសិទ្ធភាពជាប្រេបាយអូទិក (Prebiotics) ផងដែរដែលដើរតួជាស្បៀងសម្រាប់ជួយទ្រទ្រង់ដល់បាក់តេរីល្អៗដែលមានស្រាប់នៅក្នុងខ្លួន។ 2. ប្រើប្រាស់ថ្នាំផ្សះដោយឈ្លាសវៃ៖ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានពេញលេញ និងជៀសវាងការប្រើប្រាស់ដែលមិនចាំបាច់។ 3. គ្រប់គ្រងសម្ពាធផ្លូវចិត្ត និងការគេង៖ ការធ្វើសមាធិ ការហាត់ប្រាណបានទៀងទាត់ និងការរក្សាកាលវិភាគចូលដំណេកឱ្យទៀងទាត់ សុទ្ធតែជួយរក្សាសុខភាពពោះវៀនរបស់អ្នក។ 4. ធម្មជាតិ៖ ចេញទៅក្រៅផ្ទះខ្លះដើម្បីជួយឱ្យមានអន្តរកម្មរវាងអតិសុខមប្រាណចម្រុះក្នុងបរិស្ថាន ដែលអាចមានប្រយោជន៍ដល់​ការលូតលាស់នៃប្រព័ន្ធភាពស៊ាំ និងភាពចម្រុះនៃបាក់តេរីក្នុងខ្លួនយើងបាន។ ការប្រើប្រាស់អាហារបំប៉ន អាហារជួយចិញ្ចឹមប្រព័ន្ធអេកូឡូស៊ីខាងក្នុងខ្លួនរបស់យើង ក៏ប៉ុន្តែមនុស្សនៅក្នុងយុគសម័យថ្មីនេះ ជាទូទៅខ្វះការទទួលទានជាតិសរសៃ។ កត្តានានាដូចជាជីវិតដ៏មមាញឹក ប្រញ៉ាប់ប្រញាល់ របបអាហារគ្មានតុល្យភាព និងការថមថយនូវសកម្មភាពក្រៅផ្ទះ ធ្វើឱ្យរបបអាហារប្រចាំថ្ងៃតែមួយមុខពិបាកឆ្លើយតបទៅនឹងតម្រូវការរាងកាយជាក់ស្តែង។ អាហារបំប៉ន "ប្រូបាយអូទិក​ (Probiotic)" អាចចូលទៅក្នុងពោះវៀនដោយផ្ទាល់ដើម្បីបំពេញបន្ថែមបាក់តេរីមានប្រយោជន៍។ចំណែក "ប្រេបាយអូទិក (Prebiotics)" (ជាចម្បងគឺជាតិសរសៃរលាយ) គឺមានលក្ខណៈទូទៅជាង ដោយវាផ្តល់អាហារូបត្ថម្ភដល់បាក់តេរីមានប្រយោជន៍ដែលមានស្រាប់។ ទឹកប្រទាលកន្ទុយក្រពើជួយសម្រួលបរិស្ថានក្នុងក្នុងពោះវៀនៗ និងជួយជម្រុញការរីកលូតលាស់នៃប្រូបាយអូទិក។ ការរួមបញ្ចូលគ្នានេះរួមគ្នាបង្កើតបរិស្ថានអេកូឡូស៊ី ដែលកាន់តែអំណោយផលដល់ការលូតលាស់នៃមីក្រូសរីរាង្គចម្រុះ ដោយហេតុនេះបង្កើនតុល្យភាព និងភាពធន់នៃមីក្រូជីវសាស្ត្រពោះវៀន ដែលជះឥទ្ធិពលជាវិជ្ជមានដល់សុខភាព និងភាពស៊ាំទាំងមូល។ សរុបមក ស្នូលនៃសុខភាពពោះវៀនគឺសុខភាពរបស់បាក់តេរី ហើយការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីមីក្រូសរីរាង្គ គឺជាការវិនិយោគដ៏សំខាន់បំផុតមួយដែលយើងអាចធ្វើបានសម្រាប់សុខភាពខ្លួនឯង។ ការរក្សាបាក់តេរីក្នុងពោះវៀនឱ្យបានល្អ ស្មើរនឹងការស្រឡាញ់ខ្លួនឯង។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីអត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងការរៀបចំអាហារក្រឡុកដែលមានជីវជាតិល្អ។ ប្រូតេអ៊ីនមានមុខងារសំខាន់ៗជាច្រើន ក្រៅពីជាផ្នែកមួយនៃគ្រឿងបង្គុំនៃសក់ ស្បែក ក្រចក សរីរាង្គ និងសាច់ដុំ វាក៏ជួយជំរុញការលូតលាស់សាច់ដុំ និងជួយគ្រប់គ្រងចំណង់អាហារផងដែរ។ បច្ចុប្បន្ននេះ មានអាហាររូបត្ថម្ភប្រូតេអ៊ីនជាច្រើនរួមមាន៖ ម្សៅប្រូតេអ៊ីន អាហារក្រឡុករួចជាស្រេច និងប្រូតេអ៊ីនបារ (protein bars)។ ទោះបីជាផលិតផលទាំងនេះផ្តល់ភាពងាយស្រួលក៏ដោយ ក៏ពួកវាមិនមែនសម្រាប់ប្រើជំនួសអាហារដែលមានជាតិប្រូតេអ៊ីនសុខភាពទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ប្រូតេអ៊ីនទាំងនេះគឺប្រើដើម្បីជួយបំពេញបន្ថែមជីវជាតិបំប៉ន  ពីលើការទទួលទានទូទៅរបស់អ្នក ដើម្បីជួយឱ្យអ្នកអាចសម្រេចបាននូវតម្រូវការ និងគោលដៅសុខភាពរបស់អ្នក។ តើម្សៅប្រូតេអ៊ីនមានតួនាទីអ្វីខ្លះ? ម្សៅប្រូតេអ៊ីនគឺជាប្រភពប្រូតេអ៊ីនដែលប្រមូលផ្តុំ និងត្រូវបានផលិតចេញពីប្រភពផ្សេងៗគ្នា៖ ប្រូតេអ៊ីន Whey៖ ផលិតចេញពីទឹកដោះគោ ប្រូតេអ៊ីនពីរុក្ខជាតិ៖ ជាធម្មតាផលិតចេញពីសណ្តែកសៀង ឬការលាយបញ្ចូលគ្នានៃប្រូតេអ៊ីនរុក្ខជាតិផ្សេងទៀតដូចជា អង្ករ Quinoa សណ្តែកបារាំងជាដើម។ ផលិតផលទាំងនេះភាគច្រើនផ្តល់ប្រូតេអ៊ីនប្រហែល ២០ ឬ ៣០ ក្រាមក្នុងការទទូលទានម្តង។ ប្រូតេអ៊ីនក្នុងទម្រង់ជាម្សៅ អនុញ្ញាតឱ្យអ្នកអាចគ្រប់គ្រងបរិមាណប្រូតេអ៊ីនដែលអ្នកត្រូវការបានដោយងាយស្រួល ដោយគ្រាន់តែលាយចូលក្នុងអាហារដូចជា អាហារក្រឡុក, smoothies, Oatmeal, យ៉ាអួជាដើម។ តើអ្វីទៅជាអត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន? មានការស្រាវជ្រាវជាច្រើនដែលគាំទ្រដល់អត្ថប្រយោជន៍ប្រូតេអ៊ីន៖ ការកសាងសាច់ដុំ៖ ប្រូតេអ៊ីនជួយទ្រទ្រង់កម្លាំងសាច់ដុំ និងកសាងម៉ាសសាច់ដុំបន្ទាប់ពីការហ្វឹកហាត់។ ការសិក្សាលើអត្តពលិកបានរកឃើញថា ប្រូតេអ៊ីនសណ្តែកសៀង និងប្រូតេអ៊ីន whey មានប្រសិទ្ធភាពស្មើគ្នាក្នុងការកសាងសាច់ដុំ ។ ការគ្រប់គ្រងចំណង់អាហារ៖ អាហាររូបត្ថម្ភប្រូតេអ៊ីនជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងជួយទប់ស្កាត់ចំណង់អាហារ និងគ្រប់គ្រងការឃ្លានបាន។ ការសម្រកទម្ងន់៖ ចំពោះអ្នកដែលលើសទម្ងន់ ឬធាត់ ការប្រើប្រាស់ប្រូតេអ៊ីននឹងនាំឱ្យមានការកាត់បន្ថយទម្ងន់ខ្លួន និងខ្លាញ់សរុប។ សុខភាពមនុស្សចាស់៖ ចំពោះមនុស្សចាស់ វាមានប្រសិទ្ធភាពក្នុងការដើរតួជាអ្នកការពារ និងទប់ទល់នឹងជំងឺសាច់ដុំចុះខ្សោយ (sarcopenia) ឬការបាត់បង់ម៉ាសសាច់ដុំ។ របៀបប្រើប្រាស់ និងការរក្សាទុក ជាការពិតណាស់អ្នកមិនអាចរំលងប្រភពប្រូតេអ៊ីនដើមនោះទេដូចជា ត្រី បសុបក្សី សាច់គ្មានខ្លាញ់ និងប្រូតេអ៊ីនពីរុក្ខជាតិ។ ម្សៅប្រូតេអ៊ីនគឺជាវិធីដ៏ងាយស្រួលក្នុងការបញ្ចូលបន្ថែមនូវប្រូតេអ៊ីនទៅក្នុងរបបអាហារនានា ដូចជា អាហារក្រឡុក ស៊ុប នំដុត និង Cereal ជាដើម។ អត្តពលិក និងអ្នកហាត់ប្រាណក៏អាចប្រើប្រាស់វាសម្រាប់ការឡើងទម្ងន់ ឬការស្តារកម្លាំងឡើងវិញក្រោយការហាត់ប្រាណបានផងដែរ។ ការរក្សាទុក៖ រក្សាទុកម្សៅប្រូតេអ៊ីននៅក្នុងកន្លែងត្រជាក់ និងស្ងួតដើម្បីធានាថាគុណភាពរបស់វានៅស្រស់។ ការរក្សាទុកបានត្រឹមត្រូវ វាអាចទុកបានជាច្រើនខែ ប៉ុន្តែសូមយកចិត្តទុកដាក់លើកាលបរិច្ឆេទផុតកំណត់នៅលើកញ្ចប់ផងដែរ។ រៀបចំអាហារក្រឡុកងាយៗ សម្រាប់ការប្រើប្រាស់ ចំនួនស្លាបព្រាដែលត្រូវប្រើគឺអាស្រ័យលើការណែនាំលើសម្បកកញ្ចប់ ព្រោះម៉ាកនីមួយៗអាចមានបរិមាណខុសៗគ្នា។ រៀបចំបែបងាយៗ រៀបចំគ្រឿងផ្សំ និងម៉ាស៊ីនក្រឡុក បន្ថែមទឹក ឬទឹកដោះគោតាមការណែនាំលើកញ្ចប់ ដាក់ម្សៅប្រូតេអ៊ីនតាមការណែនាំ ដាក់ទឹកកក ៣ ទៅ ៥ ដុំ ក្រឡុកឱ្យម៉ដ្ឋ ជាការស្រេច អ្នកអាចបន្ថែមអាហាររូបត្ថម្ភបន្ថែមទៀតបានទៅតាមតម្រូវការជាក់ស្តែង។ វិធីបង្កើនជីវជាតិបន្ថែម៖ ផ្លែឈើ និងបន្លែ៖ ក្រៅពីផ្លែប៊ឺរី ឬចេក អ្នកអាចសាកល្បងជាមួយ ផ្លែគីវី គ្រាប់ទទឹម ក្រុមផ្លែត្រសក់ស្រូវ ឬឱឡឹកបាន។ បន្លែដូចជា ការ៉ុត ល្ពៅ ក៏ជាជម្រើសដ៏ល្អផងដែរ។ ខ្លាញ់ដែលមានប្រយោជន៍៖ គ្រាប់ធញ្ញជាតិដូចជា flax, hemp, chia ឬគ្រាប់ផ្កាឈូករ័ត្ន ជួយបន្ថែមជាតិរ៉ែ និងអាស៊ីតខ្លាញ់អូមេហ្គា-៣។ អ្នកក៏អាចរកគ្រាប់ធញ្ញជាតិដទៃទៀតដូចជា អាល់ម៉ុន, គ្រាប់រីករាយ (pistachio) ឬផ្លែបឺរ វាជួយផ្តល់នូវកាកសរសៃ ជាតិសង្កសីល្អៗផងដែរ។ កាកសរសៃ (Fiber)៖ ស្រូវអូត (oats), ផ្លែប៉ោម និងបន្លែបៃតង ជួយបង្កើនកាកសរសៃដែលជួយឱ្យឆ្អែតបានយូរ និងជួយដល់សម្រួលដល់ប្រព័ន្ធបញ្ចេញចោល។ គ្រឿងទេស និងរុក្ខជាតិ៖ អ្នកអាចបន្ថែមរសជាតិជាមួយ cinnamon, ខ្ញី ឬជីអង្កាម (mint)បន្ថែមបាន។ បន្ថែមសំបកក្រូចឆ្មារ ឬសំបកក្រូចពោធិ៍សាត់ស្រស់ៗ បន្តិចបន្តួច នឹងជួយបន្ថែមរសជាតិស្រស់ស្រាយ ហើយវាក៏មានផ្ទុកនូវប្រេងដែលមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ ការគាំទ្រប្រព័ន្ធរំលាយអាហារ៖ អាចដាក់បន្ថែមយ៉ាអួទៀតក៏បាន ដែលវាសម្បូរទៅដោយប្រូបាយអូទិក (probiotics) ជួយដល់សុខភាពរំលាយអាហារ។ ខ្ញី និងជីអង្កាមក៏ត្រូវបានគេស្គាល់ថាជួយដល់ដំណើរការរំលាយអាហារផងដែរ។ ការបន្ថែមគ្រឿងផ្សំផ្សេងៗអនុញ្ញាតឱ្យអ្នកទទួលបានជម្រើសអាហារូបត្ថម្ភដែលសម្បូរបែប និងឆ្ងាញ់សម្រាប់សុខភាពប្រចាំថ្ងៃ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Top