ហាត់ប្រាណរបៀបណាទើបសមនឹងខ្ញុំ?
ការហាត់ប្រាណនៅពេលព្រឹកព្រលឹម សម្រាកថ្ងៃត្រង់ និងល្ងាច តើពេលណាមួយដែលល្អបំផុតសម្រាប់អ្នក?
មនុស្សម្នាក់ៗមានភាពខុសគ្នាច្រើនយ៉ាង រួមទាំងការទទួលបានលទ្ធផលពីការហាត់ប្រាណក្នុងពេលជាក់លាក់ណាមួយផងដែរ។ ដូចនេះ មិនប្រាកដថាអ្នកនឹងត្រូវហាត់ប្រាណតាមពេលវេលារបស់អ្នកផ្សេងទៀតដើម្បីទទួលបានលទ្ធផលដូចគ្នានោះឡើយ សំខាន់អ្នកត្រូវស្វែងរកពេលវេលាដែលល្អបំផុតក្នុងការទទួលបានលទ្ធផលតាមដែលអ្នកត្រូវការ។
១.ពេលព្រឹកព្រលឹម
គុណសម្បតិ្ត៖ ការហាត់ប្រាណនៅពេលព្រឹកអាចធ្វើឲ្យមេតាបូលីសចាប់ផ្តើមដំណើរការដុតបំផ្លាញជាតិខ្លាញ់បានល្អពេញមួយថ្ងៃតែម្តងដែលមានន័យថាល្អបំផុតសម្រាប់ការសម្រកទម្ងន់។ ម្យ៉ាងទៀត ការហាត់នៅពេលនេះធ្វើឲ្យជាតិស្ករដែលស្តុកទុកទៅជាកម្លាំងដែលអាចបំលែងជាតិខ្លាញ់ទៅជាអង់ដូហ្វីនដែលអាចជំរុញឲ្យមានថាមពល អារម្មណ៍ល្អ និងសុទិដ្ឋិនិយមក្នុងការចាប់ផ្តើមថ្ងៃថ្មីប្រកបដោយភាពសកម្មទៀតផង។
ក្រៅពីនោះ ការហាត់ភ្លាមក្រោយពីក្រោកពីគេងជាពេលដែលខួរក្បាលស្រឡះល្អ មិនមានការរំខានអារម្មណ៍ដែលអាចឲ្យអ្នកផ្តោតលើការយកឈ្នះខ្លួនឯងក្នុងពេលហាត់ប្រាណបានយ៉ាងប្រសើរ។ ចំពោះអ្នកដែលមានបញ្ហាពិបាកគេង ការហាត់ប្រាណនៅពេល
ព្រឹកក៏ជាជម្រើសដ៏ល្អផងដែរ។
ចំណុចគួរពិចារណា៖ ការហាត់ប្រាណជាមួយនឹងពោះទទេនៅពេលព្រឹក មានន័យថាអ្នកត្រូវហាត់ជាមួយនឹងកម្លាំងដែលមានកម្រិត ហើយអ្នកក៏អាចងាយប្រឈមនឹងការរងបួសដូចជាឈឺសាច់ដុំជាដើម ដោយសារសាច់ដុំមិនទាន់កម្តៅបានល្អ (ត្រូវការពេលយូរកម្តៅសាច់ដុំ)។
ការហាត់នៅពេលព្រឹកក៏តម្រូវឲ្យអ្នកគេងបានគ្រប់គ្រាន់ និងក្រោកយ៉ាងហោចមួយម៉ោងលឿនជាងធម្មតា ដែលអាចជាការលំបាកសម្រាប់អ្នកសម្រាកយប់ជ្រៅ និងត្រូវចេញបំពេញភារកិច្ចតាំងពីព្រឹក ដោយវាអាចនឹងបំផ្លាញថ្ងៃថ្មីរបស់អ្នកទៅវិញបើអ្នកបង្ខំខ្លួនឯងពេក។ ដោយឡែក មនុស្សភាគច្រើនពិបាកជំនះនឹងការហាត់ប្រាណក្នុងសីតុណ្ហភាពត្រជាក់ពេលព្រឹក ពិសេសនៅរដូវរងាផងដែរ។
២.ពេលសម្រាកថ្ងៃត្រង់
គុណសម្បត្តិ៖ ហាក់ដូចជាប្លែកសម្រាប់មនុស្សភាគច្រើន ក៏ប៉ុន្តែនេះជាជម្រើសល្អបំផុតសម្រាប់អ្នកមិនសូវមានពេលវេលា។ ក្រៅពីអាចសម្រាកបានគ្រប់គ្រាន់នៅពេលព្រឹក និងមានពេលវេលាសម្រាកលំហែនៅពេលល្ងាច ការហាត់ប្រាណនៅក្នុងអំឡុងពាក់កណ្តាលថ្ងៃ ក៏អាចជួយសម្រាលការនឿយហត់ និងស្ត្រេសពីការសិក្សា ឬការងារបានមួយកម្រិតធំ ព្រមទាំងជំរុញឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញក្នុងការបំពេញភារកិច្ចក្នុងពាក់កណ្តាលថ្ងៃទៀតបានកាន់តែល្អ។ សម្រាប់ការហាត់ប្រាណមុនពេលអាហារថ្ងៃត្រង់ អ្នកក៏អាចសង្កេតឃើញថាអ្នកនឹងពិចារណាបានច្រើនក្នុងការជ្រើសរើសអាហារ និងបន្ថយបរិមាណអាហារថ្ងៃត្រង់ និងល្ងាចទៀតផង។ សម្រាប់អ្នកចូលចិត្តទៅក្លឹបហាត់ប្រាណ ក៏អាចចៀសពីការរំខានពីមនុស្សច្រើន ឬការរង់ចាំម៉ាស៊ីនយូរផងដែរ។
ចំណុចគួរពិចារណា៖ ពេលវេលាសម្រាកខ្លី មិនអនុញ្ញាតឲ្យអ្នកធ្វើការហាត់បានយូរ ព្រមទាំងអាចមានការរំខានអារម្មណ៍ជាមួយបញ្ហាដែលសេសសល់សម្រាប់ពេលថ្ងៃផងដែរ។ តាមការសិក្សា មុខងារនៃសួតក៏មិនសូវពេញលេញដែរនៅអំឡុងពេលថ្ងៃត្រង់។ ក្រៅពីនោះ អាកាសធាតុនៅពេលថ្ងៃ គឺជាឧបសគ្គចម្បងមួយសម្រាប់មនុស្សភាគច្រើន ដែលអាចធ្វើឲ្យជម្រើសនៃការហាត់ប្រាណនៅខាងក្រៅត្រូវបានច្រានចោល។
៣.ពេលរសៀល ឬល្ងាច
គុណសម្បត្តិ៖ ការសិក្សាបានបង្ហាញថា នៅអំឡុងម៉ោង ២ រសៀលទៅ ៦ល្ងាច ជាពេលដែលរាងកាយមានកម្តៅខ្ពស់បំផុត ដែលអាចបង្កើនមុខងារ កម្លាំង និងភាពបត់បែននៃសាច់ដុំ សកម្មភាពអង់ស៊ីម ព្រមទាំងភាពធន់ ដែលមានន័យថា រាងកាយរបស់អ្នកបានត្រៀមរួចរាល់បានយ៉ាងល្អសម្រាប់ការហាត់ប្រាណ។ ការកម្តៅសាច់ដុំបានក្នុងរយៈពេលខ្លី រួមជាមួយសម្ពាធឈាមស្ថិតក្នុងកម្រិតទាប ដែលអាចជួយកាត់បន្ថយការរបួស និងគ្រោះថ្នាក់មួយចំនួន ក៏ជាគុណសម្បត្តិនៃការហាត់ពេលល្ងាចផងដែរ។
ម្យ៉ាងទៀត ការហាត់ក្នុងកម្រិតល្មមនៅពេលល្ងាច អាចឲ្យអ្នកគេងបានលក់ស្រួលដូចគ្នា ប៉ុន្តែបានយូរជាងបើធៀបនឹងការហាត់ពេលព្រឹក។ នេះក៏ជាពេលល្អ ដើម្បីបន្ធូរអារម្មណ៍តានតឹងពីថ្ងៃ និងបង្កើននូវថាមពលមកវិញដើម្បីគិតគម្រោងថ្មីៗបន្តនៅពេលយប់ផងដែរ។ ពេលល្ងាចក៏ត្រូវបានណែនាំផងដែរសម្រាប់ការហាត់បង្កើនសាច់ដុំ និងកម្លាំង។ ផ្ទុយពីការយល់ឃើញភាគច្រើន ការហាត់នៅពេលល្ងាចអាចឲ្យអ្នកកាត់បន្ថយចំណង់ក្នុងការបរិភោគទៀតផង។
ចំណុចគួរពិចារណា៖ ជាញឹកញាប់អ្នកអាចនឹងត្រូវបែងចែកពេលវេលាពេលល្ងាចសម្រាប់លំហែជា-មួយមិត្តភក្តិ អ្នករួមការងារ ឬដៃគូ ដែលធ្វើឲ្យអ្នកខកខានក្នុងការហាត់ប្រាណ។ ម្យ៉ាងទៀត ការងារនៅសេសសល់មួយចំនួន អាចធ្វើឲ្យអ្នកមិនចង់ចំណាយពេលទៅហាត់ប្រាណ។ ប្រសិនបើអ្នកហាត់ប្រាណលើសកម្រិត ឬហាត់នៅកៀកម៉ោងចូលគេង (តិចជាង ៣ម៉ោង) នោះវាអាចរំខានដល់ការគេងទៀតផង។ អ្នកក៏អាចខាតបង់ឥទ្ធិពលនៃការដុតបំផ្លាញជាតិខ្លាញ់ក្រោយពីហាត់ប្រាណផងដែរ ដោយសារមេតាបូលីសនឹងធ្លាក់ចុះនៅពេលគេង។
តើអ្នកនឹងសម្រេចចិត្តជ្រើសយកពេលវេលាណាមួយ?
ការជ្រើសរើសពេលវេលាដែលល្អបំផុតសម្រាប់អ្នកពិតជាសំខាន់ តែសំខាន់ជាងនោះគឺភាពជាប់លាប់នៃការហាត់ប្រាណ។ ដូចនេះ មិនថាគោលបំណងនៃការហាត់ប្រាណរបស់អ្នកគឺជាអ្វី ពេលវេលារបស់អ្នកក៏ត្រូវយោងតាមកត្តាជាច្រើនទៀតផងដែរ ទើបអាចធានានូវភាពជាប់លាប់ ប្រសិទ្ធភាពព្រមទាំងផាសុកភាពសម្រាប់អ្នកផ្ទាល់ ក្នុងនោះរួមមាន ដៃគូហាត់ប្រាណ ឬគ្រូបង្វឹក កាលវិភាគប្រចាំថ្ងៃ កន្លែងហាត់ប្រាណ និងម៉ោងអាហាររបស់អ្នកជាដើម។
អ្នកប្រហែលជាអាចមានការប្រឆាំងគ្នាខ្លះក្នុងជ្រើសរើសពេលវេលាដោយយោងតាមកត្តាផ្សេងៗ តែអ្នកត្រូវចងចាំថា អ្នកបានសម្រេចចិត្តត្រឹមត្រូវរួចមកហើយក្នុងការជ្រើសរើសការហាត់ប្រាណ ឯពេលវេលាដែលអ្នកអាចសម្របខ្លួនបានជាពេលវេលាល្អបំផុតរបស់អ្នក។ ប្រសិនបើអ្នកមិនច្បាស់ថា ពេលវេលាណាមួយត្រូវនឹងអ្នក អ្នកក៏អាចសាកល្បងទៅតាមពេលនីមួយៗជាមុនសិនផងដែរ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ