គូស្នេហ៍និស្សិតbelikeចំណេញទាំងរឿងស្នេហា និងការសិក្សា...
បើរៀនពេទ្យរវល់យ៉ាងហ្នឹង ពេលមានស្នេហាគួរបែងចែកពេលវេលាបែបណា? បើគ្រាន់តែចំណាយពេលលើការសិក្សាហ្នឹងក៏សឹងតែមិនគ្រប់ផងសម្រាប់២៤ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែ មិនប្រាកដថានិស្សិតពេទ្យមិនអាចមានស្នេហាណា៎…ជាក់ស្តែង ប្រាកដណាស់គឺថា និស្សិតពេទ្យជាច្រើនក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សជាទីស្រលាញ់របស់ខ្លួន ដែលអ្នកខ្លះក៏មានដៃគូស្នេហាជានិស្សិតពេទ្យដូចគ្នាទៀតផង។
ក្នុងនោះផងដែរ ក្រុមការងារក៏សូមណែនាំនឹងគូស្នេហ៍និស្សិតពេទ្យផ្នែកទន្តសាស្រ្តមួយគូដែលមិនត្រឹមតែជោគជ័យរឿងស្នេហាទេ គឺថែមទាំងទទួលបានលទ្ធផលសិក្សាដ៏គាប់ប្រសើរដូចគ្នាផងដែរ ដែលខាងក្រោមនេះ ក៏ជាការចែករំលែកបទពិសោធន៍នៃយុវនិស្សិត ហេង ចាន់ឡៃ ជានិស្សិតទន្តសាស្រ្តឆ្នាំទី៦ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលយល់ថា «ស្នេហា គឺមនុស្សពីរនាក់យល់ចិត្តគ្នាទទួលយកភាពល្អ និង អាក្រក់របស់គ្នា និង គោរពគ្នាទៅវិញទៅមក» …សូមតាមដានជាមួយគ្នា ដើម្បីស្វែងយល់ពីអ្វីដែលគាត់ចង់ឲ្យអ្នកដឹង ជាពិសេសនិស្សិតពេទ្យដែលចង់មានស្នេហា…
តើស្នេហាមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមានបែបណាខ្លះចំពោះការសិក្សា?
វិជ្ជមាន
-អាចជួយគ្នាទៅវិញទៅមក ដូចជាអាចជួយពន្យល់មេរៀន
-អាចប្រាប់នូវចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក
-អាចលើកទឹកចិត្តគ្នាទៅវិញទៅមក។
អវិជ្ជមាន
-ប្រសិនបើងប់ងល់ពេក គឺអាចខាតបង់ពេលវេលារៀនសូត្រ និងមិនសូវយកចិត្តទុកដាក់ក្នុងការរៀន
-ជួនកាលក៏អាចប៉ះពាល់ដល់អនាគត។
ប្រហែលជាមាននិស្សិតពេទ្យជាច្រើន គិតថាខ្លួនឯងរវល់ច្រើននឹងរៀន ហើយបើមានស្នេហាក៏ហាក់ដូចជាមិនសូវមានពេលឲ្យគ្នា តើបងយល់យ៉ាងណាដែរចំពោះការយល់ឃើញបែបនេះ?
ការយល់ឃើញរបស់ខ្ញុំ គឺសំខាន់លើបុគ្គលម្នាក់ៗ បើសិនជាពួកគេអាចបែងចែកពេលវេលាលើការសិក្សា និងស្នេហាឲ្យដាច់ពីគ្នា វាមិនមានការលំបាកនោះទេ ហើយអ្វីដែលសំខាន់ គឺត្រូវចេះផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមក។
តើនិស្សិតពេទ្យគួរមានការបែងចែកពេលវេលាបែបណាទើបល្អ ដើម្បីទទួលបានជោគជ័យទាំងក្នុងការសិក្សា និងស្នេហា?
-ត្រូវមានពេលសម្រាប់សិក្សាឲ្យបានច្រើន (គួរតែយកការសិក្សាជាអាទិភាព)
-អាចជួបគ្នា នៅពេលដែលទំនេរពីម៉ោងសិក្សា
-គួរតែបង្កើតកាលវិភាគឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបរាជ័យទាំងពីរហើយ
-មិនគួរដាក់សម្ពាធលើខ្លួនពេកនោះទេ ជាពិសេស គឺមិនគួរគិតថាខ្លាចដៃគូស្នេហាខឹង ឬប្រកាន់នឹងខ្លួនឡើយ។
តើមានកន្លែងណាខ្លះដែលនិស្សិតពេទ្យគួរតែទៅ សម្រាប់date? ហេតុអ្វី?
-បណ្ណាល័យ ៖ ដោយសារតែអាចជួបគ្នា ហើយអាចអានសៀវភៅបានទៀត
-រោងកុន ៖ ដោយសារតែអាចកាត់បន្ថយសម្ពាធពីការសិក្សាបានខ្លះផងដែរ។
តើមានទម្លាប់ ឬទង្វើអ្វីខ្លះ ដែលបងទាំងពីរបានធ្វើកន្លងមក ហើយជាមូលហេតុជំរុញឲ្យចំណងស្នេហ៍កាន់តែរឹងមាំ និងការសិក្សាក៏មានលទ្ធផលគាប់ប្រសើរ?
-តែងតែពិភាក្សាគ្នារឿងសិក្សា
-ផ្លាស់ប្តូរវិធីសម្រាប់ជំរុញសមត្ថភាព
-ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក
-លើកទឹកចិត្តគ្នា ពេលមានបញ្ហា និងផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក។
មានមតិខ្លះបានលើកឡើងថា«និស្សិតមិនគួរស្រលាញ់និស្សិតពេទ្យ»ដូចគ្នាទេ តើបងយល់យ៉ាងណាដែរ?
ខ្ញុំយល់ថា វាអាស្រ័យទៅលើអត្តចរិតរបស់បុគ្គលម្នាក់ៗ និងការយល់ឃើញរបស់គេ។
សម្រាប់បងផ្ទាល់ ដៃគូរបស់បងក៏ជានិស្សិតពេទ្យដូចគ្នាដែរ តើវាមិនមែនជាបញ្ហា ឬភាពលំបាកទេឬ សម្រាប់ចំណងស្នេហារវាងមនុស្សពីរនាក់ដែលមានភាពមមាញឹកដូចគ្នាបែបនេះ? តើអាចបាន និងកំពុងឆ្លងកាត់វាដោយរបៀបណាខ្លះដែរ?
មានខ្លះៗដែរ ព្រោះពេលខ្លះ មានការយល់ឃើញខុសគ្នាសម្រាប់ការដោះស្រាយបញ្ហា ឬការព្យាបាលទៅលើអ្នកជំងឺ (សម្រាប់ពេទ្យធ្មេញ ពេលខ្លះ មានវិធីសាស្រ្តលើសពី១សម្រាប់ការព្យាបាល)។ សម្រាប់បញ្ហារបស់ខ្ញុំ គឺយើងពិភាក្សាគ្នារកដំណោះស្រាយដែលសមស្រប ហើយពួកយើងយល់ស្របដូចគ្នា ដោយពេលខ្លះយើងសម្អាងលើឯកសារយោងreference ក្នុងការសម្រេចចិត្តយកវិធីសាស្រ្តមួយណា។
តើបងយល់ថា មនុស្សពីរនាក់ស្រលាញ់គ្នា កត្តាអ្វីដែលសំខាន់ជាងគេ?
សំខាន់ គឺត្រូវយល់ចិត្តគ្នា គោរពគ្នា អត់អោនឲ្យគ្នា និង ផ្តល់ពេលវេលាឲ្យគ្នា។
ជាចុងក្រោយ តើបងមានសារអ្វីសម្រាប់ចែករំលែកបន្ថែមដល់និស្សិតពេទ្យ ជាពិសេសទាក់ទិននឹងការមានស្នេហាក្នុងវ័យសិក្សាផ្នែកសុខាភិបាលនេះដែរឬទេ?
ត្រូវស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ថា បើយើងមានស្នេហាវានឹងអាចប៉ះពាល់លើការសិក្សារបស់យើងដែរឬទេ? ហើយវានឹងផ្តល់សម្ពាធឲ្យយើងខ្លាំងឬទេ? ការគ្រប់គ្រងពេលេវេលារបស់យើងអាចគ្រប់គ្រងបានដែរឬទេ?
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ