ធ្លាប់មានអារម្មណ៍ថាខ្លួនឯងម៉្ញូបតែពេលយប់ទេ?
អ្នកបើកបរពេលយប់មួយចំនួនតែងតែត្អូញត្អែរថាខ្លួនពិបាកមើលផ្លូវឬស្លាកសញ្ញាចរាចរណ៍។ តើអ្នកដឹងទេថានេះជារោគសញ្ញារបស់ជំងឺអ្វី តាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត នេះជារោគសញ្ញានៃជំងឺម៉្ញូបពេលយប់ Nocturnal myopia or night myopia ។
និយមន័យ
ជំងឺម៉្ញូបពេលយប់ Noctunal myopia or nightmyopia គឺជាប្រភេទម៉្ញូបម្យ៉ាងដែលអ្នកជំងឺអាចមើលឃើញធម្មតានៅកន្លែងដែលមានពន្លឺគ្រប់ គ្រាន់តែមិនអាចមើលឃើញរូបភាពនៅក្នុងទីតាំងដែលមានពន្លឺមិនគ្រប់គ្រាន់ឬងងឹតដែលអ្នកមានភ្នែកធម្មតាអាចមើលឃើញបាន។
ជំងឺនេះភាគច្រើនកើតលើក្មេងជំទង់ និងមនុស្សពេញវ័យអាយុក្រោម៤០ឆ្នាំ ដែលមានទម្លាប់ក្នុងការសម្លឹងមើលវត្ថុក្នុងទីងងឹតនិងរយៈពេលយូរ។
មូលហេតុ
ម៉្ញូបពេលយប់មិនបង្កឡើងពីតំណពូជទេតែវាកើតឡើងដោយសារលក្ខខណ្ឌនៃការងាររបស់បុគ្គលនោះផ្ទាល់ដូចជាគាត់ជាអ្នកបើកបរឡានពេលយប់។
យន្តការនៃការកើតជំងឺនេះគឺដោយសារអ្នកជំងឺប្រឹងសម្លឹងទីតាំងឆ្ងាយនៅទីងងឹតរយៈពេលយូរដែលជាហេតុធ្វើឲ្យកូនក្រមុំភ្នែករីកធំនាំឲ្យភ្នែកស្រវាំងហើយសាច់ដុំខាងក្នុងភ្នែកទាញរូបភាពទៅជិតដែលកំនុំរូបភាពមិនត្រូវនឹងរ៉េទីន។
រោគសញ្ញា
អ្នកដែលមានម៉្ញូបបែបនេះអាចដឹងថាខ្លួនឯងម៉្ញូបបានតាមការប្រៀបធៀបគំហើញរបស់ខ្លួនជាមួយនឹងអ្នកនៅជិតខ្លួន។ ឧទារហណ៍ពេលបើកបរឡានពេលងងឹតគាត់មិនអាចមើលឃើញស្លាកសញ្ញាចរាចរណ៍បាន ផ្ទុយទៅវិញអ្នកដែលអង្គុយនៅជិតគាត់បែរជាមើលឃើញទៅវិញ។
ចំពោះអ្នកដែលកុំពុងប្រើប្រាស់វ៉ែនតាអាចដោះវ៉ែនតាហើយប្រៀបធៀបគំហើញរបស់ខ្លួននៅពេលថ្ងៃនិងពេលយប់ប្រសិនបើមានលក្ខណៈខុសគ្នានោះអ្នកអាចនឹងមានម៉្ញូបពេលយប់មួយទៀតហើយ។ ប្រសិនបើការងាររបស់អ្នកត្រូវធ្វើនៅទីងងឹតដូចជាអ្នកបើកបរពេលយប់ នោះអ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាល។
រោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យលើជំងឺនេះ គឺទាមទារដឹងពីប្រវត្តិរបស់អ្នកជំងឺលើការងាររបស់គាត់ប្រចាំថ្ងៃ និងការត្អូញត្អែររបស់អ្នកជំងឺពីការពិបាកមើលនៅទីងងឹត។ វិធីសាស្ត្រសម្រាប់ពិនិត្យរកម៉្ញូបពេលយប់នេះគឺប្រើ Retinoscope ដែលជាតេស្តវាស់គំហើញនៅទីងងឹត។
ការព្យាបាល
ជំងឺនេះនឹងបាត់ទៅវិញនៅពេលអ្នកជំងឺឈានដល់វ័យ៤០ឆ្នាំដោយសារតែសាច់ដុំរបស់ភ្នែកនឹងឈប់ប្រឹងខ្លាំងដូចមុនទៀត។ ដូចនេះហើយការព្យាបាលជំងឺនេះក្នុងពេលកំពុងកើតមានគឺគ្រាន់តែកែគំហើញរបស់អ្នកជំងឺឲ្យមកធម្មតាវិញតាមរយៈការប្រើប្រាស់វ៉ែនតានៅពេលយប់ ឬនៅទីកន្លែងងងឹត។ មួយ
វិញទៀតអ្នកជំងឺអាច នឹងមិនចាំបាច់ពាក់វ៉ែនតាប្រសិនបើគាត់អាចផ្លាស់ប្តូរការងាររបស់គាត់បាន។
ផលវិបាក
ការមិនបានមកព្យាបាលជំងឺនេះមិនមានផលប៉ះ ពាល់ណាមួយលើភ្នែករបស់អ្នកជំងឺទេប៉ុន្តែវាអាចបង្កឲ្យមានគ្រោះថ្នាក់ក្នុងការងារដែលធ្វើនៅទីងងឹតដោយសារតែគំហើញរបស់អ្នកជំងឺមិនអាចមើលឃើញច្បាស់។
ជាចុងក្រោយលោកវេជ្ជបណ្ឌិតសូមផ្តាំដល់មាតាបិតាទាំងអស់គួរនាំកូនមកពិនិត្យភ្នែកមុនពេលចូលរៀនដើម្បីឲ្យគំហើញរបស់ក្មេងបានគ្រប់គ្រាន់។ម្យ៉ាងទៀតសូមកុំទាន់ឲ្យកូនៗរបស់លោកអ្នកប្រើប្រាស់ iPad ឬ Smartphone នៅពេលដែលពួកគេនៅវ័យក្មេងពេកយ៉ាងហោចណាស់ក៏រង់ចាំដល់ពួកគេមានអាយុ៦ឆ្នាំសិនដែរ។
បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជំងឺភ្នែកនិងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក និងជាអនុប្រធានជំងឺភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ