វុឌ្ឍ សិរីកុសក្តិរក្ស «មោទនភាពជានិស្សិតទន្តសាស្រ្ត ជាមួយឱកាសក្នុងការលើកកម្ពស់សុខភាពមាត់ធ្មេញ»
តាមការពិតទៅ ការសិក្សាមុខវិជ្ជា ឬជំនាញអ្វីក៏មានលក្ខណៈពិសេស និងមោទនភាពដែរ ឲ្យតែសិស្សនិស្សិត មើលឃើញ និងមានទឹកចិត្តស្រលាញ់លើមុខវិជ្ជារបស់ខ្លួន។ ជាក់ស្តែង ក្នុងការសិក្សាផ្នែកសុខាភិបាល ក៏មានជំនាញជាច្រើនផងដែរ ក្នុងនោះទន្តសាស្រ្តក៏ជាបាន និងកំពុងជាជំនាញមួយដែលទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។
យើងខ្ញុំក៏សូមណែនាំមិត្តអ្នកអានឲ្យបានស្គាល់និសិ្សតទន្តសាស្រ្តជំនាន់ទី២៧មួយរូប(ដែលបានបញ្ចប់ការសិក្សានៅចុងឆ្នាំ២០១៧នេះ) និងជាអនុប្រធាននៃសមាគមនិសិ្សតទន្តសាស្រ្តកម្ពុជាផងនោះ គឺ យុវនិស្សិត វុឌ្ឍ សិរីកុសក្តិរក្ស។ គាត់ក៏បានបញ្ជាក់ផងដែរថា «ខ្ញុំបានជ្រើសរើសមុខវិជ្ជានេះ ដោយទឹកចិត្តស្រលាញ់ខ្លួនឯងផ្ទាល់ រួមទាំងក្តីស្រឡាញ់ក្នុងការការពារ និងព្យាបាលជូនប្រជាពលរដ្ឋនូវបញ្ហាមាត់ធ្មេញ»។
ជាទូទៅ ជំនាញនីមួយៗតែងតែមានភាពលំបាកខុសៗគ្នា តែចំពោះវិស័យទន្តសាស្រ្តមានភាពខុសគ្នាពីមុខវិជ្ជាជំនាញមួយចំនួន រួមមានដូចជា ៖
-រយៈពេលនៃការសិក្សាយូរ ៧ឆ្នាំ
-ការចំណាយថវិកាក៏ច្រើន ដោយហេតុថាតម្លៃសិក្សាខ្ពស់
-តម្រូវឲ្យនិស្សិតធ្វើការសិក្សាស្រាវជ្រាវជាប់ជានិច្ច។
សម្រាប់គាត់ផ្ទាល់ ការសិក្សាផ្នែកទន្តសាស្រ្តមានភាពលំបាកច្រើន ដោយសារតែមានមុខវិជ្ជាច្រើនត្រូវរៀន ធ្វើឲ្យរយៈពេលសិក្សាច្រើន (៨ម៉ោង ក្នុងមួយថ្ងៃ)។ ម្យ៉ាងទៀត មេរៀនក៏មានលក្ខណៈស្មុគស្មាញច្រើន តម្រូវឲ្យមានការយកចិត្តទុកដាក់ និងធ្វើការសិក្សាស្រាវជ្រាវបន្ថែម ក៏ប៉ុន្តែទោះជាលំបាកយ៉ាងណាដោយ ក្តីស្រលាញ់ និងការមិនបោះបង់ក្តីស្រមៃបានជំរុញការសិក្សារបស់ខ្ញុំទៅមុខយ៉ាងប្រសើរ។
យ៉ាងណាមិញ ជំនាញទន្តសាស្រ្តមានលក្ខណៈពិសេសដែលតម្រូវឲ្យនិសិ្សតធ្វើការអនុវត្តបច្ចេកទេសនៃការព្យាបាលនៅលើModel បន្ទាប់ពីសិក្សានូវមេរៀនរួច ដែលធ្វើឲ្យនិស្សិតមានភាពស្រលាញ់ និងយល់កាន់តែច្បាស់នូវអ្វីដែលជាមុខជំនាញរបស់ខ្លួនទៅថ្ងៃអនាគតផងដែរ។
ដើម្បីឲ្យការសិក្សា និងការងារនាពេលអនាគតទទួលបានជោគជ័យ ក្រៅពីសិក្សានៅសាលា និស្សិតទន្តសាស្រ្ត គួរចូលរួមការងារស្ម័គ្រចិត្ត ចុះជួយព្យាបាល និងពិនិត្យជំងឺ ដោយមានទន្តបណ្ឌិតជាអ្នកពិនិត្យមើល និងណែនាំ ដែលរួមមានទាំងសមាគមក្នុងរដ្ឋាភិបាល និងសមាគមបរទេស ព្រោះថា ការចូលរួមការងារស្ម័គ្រចិត្តនេះ ធ្វើឲ្យនិសិ្សតមានឱកាសពិគ្រោះយោបល់ និងបានឃើញនូវការព្យាបាលពិតៗជាមួយទន្តពេទ្យជំនាញ ដែលធ្វើឲ្យកាន់តែយល់ច្បាស់នូវអ្វីដែលខ្លួនបានរៀន។
ទន្ទឹមនឹងគ្នានេះដែរ បន្ថែមពីលើជំនាញឯកទេសដែលបានទទួលពីសាលា និស្សិតទន្តសាស្រ្តគួរមានជំនាញទន់ (soft skills) រួមមានដូចជា ជំនាញក្នុងការប្រាស្រ័យទាក់ទង ការប្រើប្រាស់ពាក្យសម្តីជាមួយអ្នកជំងឺ ជំនាញគ្រប់គ្រង និងជំនាញផ្សេងៗទៀត ដើម្បីប្រកបវិជ្ជាជីវៈឲ្យកាន់តែមានសក្តានុភាព។
សម្រាប់វិស័យសុខាភិបាល ក្នុងនាមជានិស្សិតទន្តសាស្រ្តមួយរូប គឺនឹងអាចក្លាយជាចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាដ៏ធំ ដោយពួកយើងតែងតែធ្វើការពន្យល់ពីសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋ ដែលនឹងជំរុញលើកកម្ពស់សុខភាពមាត់ធ្មេញប្រជាជនយើងឲ្យកាន់តែខ្ពស់ ដោយហេតុថាសព្វថ្ងៃការយល់ដឹងពីបញ្ហាជំងឺមាត់ធ្មេញរបស់ប្រជាជនយើងហាក់ដូចជានៅមានកម្រិតនៅឡើយ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ការសិក្សា ការចូលរួមចំណែកក្នុងការព្យាបាលនៅតំបន់ដាច់ស្រយាល ក៏នឹងអាចកាត់បន្ថយការឈឺចាប់នៃជំងឺមាត់ធ្មេញរបស់ប្រជាជនយើងបានមួយកម្រិតទៀតផងដែរ។
ចំណែកឯពាក្យដែលគេតែងតែនិយាយថា «រៀនពេទ្យមិនស្រួល»នោះ ពិតជាត្រឹមត្រូវ ព្រោះការរៀនពេទ្យត្រូវការ ឧត្តមគតិ ការប្តេជ្ញាចិត្ត ការតាំងចិត្តខ្ពស់ រួមទាំងស្រលាញ់ការព្យាបាល និងការពារជំងឺជូនប្រជាជន ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនជាធំ។ ដូចដែលបានបញ្ជាក់ខាងលើដែរ រយៈពេលសិក្សា និងថវិកាត្រូវចំណាយក៏ជាផ្នែកមួយដែលធ្វើឲ្យការសិក្សាជំនាញនេះពិតជាមិនស្រួល។ ប៉ុន្តែបើចង់ចេះឲ្យច្បាស់ គ្មានមុខវិជ្ជាណាដែលស្រួលរៀននោះទទេ ដូចនេះ ក្តីស្រលាញ់ និងការខិតខំ ព្រមទាំងកត្តាជាច្រើនទៀតដើរតួរយ៉ាងសំខាន់ក្នុងការនាំទៅរកជោគជ័យក្នុងការសិក្សា។
សម្រាប់សិស្សដែលទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ ហើយមានក្តីស្រលាញ់ ក៏ដូចជាបំណងសិក្សានូវជំនាញទន្តសាស្រ្ត សូមធ្វើការសិក្សាស្វែងយល់ឲ្យច្បាស់ពីមុខវិជ្ជានេះ ព្រមទាំងស្គាល់សាកលវិទ្យាល័យដែលខ្លួនចង់សិក្សាជាមុនសិន មុននឹងសម្រេចចិត្តចូលរៀន។
ចំពោះនិស្សិតទន្តសាស្រ្តវិញ សូមផ្តោតទៅលើការសិក្សា ការស្រាវជ្រាវថ្មីៗ និងការអានសៀវភៅឲ្យបានច្រើន រួមទាំងយកចិត្តទុកដាក់ក្នុងការអនុវត្តប្រកបដោយការតាំងចិត្ត ស្មារតីមិនបោះបង់ និងក្តីស្រលាញ់។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ