គោលការណ៍ហាត់ប្រាណសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១!
ប្រជាជនដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ស្ថិតក្នុងកម្រិតហានិភ័យខ្ពស់បំផុតចំពោះការថយជាតិស្ករអំឡុងពេលធ្វើលំហាត់ប្រាណព្រោះថាពួកគាត់ពឹងផ្អែកលើអាំងស៊ុយលីនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ខាងក្រោមនេះជាគោលការណ៍ណែនាំខ្លះៗពីសមាគមជំងឺ-ទឹកនោមផ្អែមសហរដ្ឋអាមេរិក នៅមុនពេល អំឡុងពេល និងក្រោយពេលហាត់ប្រាណ ប្រកបដោយសុវត្ថិភាព៖
ត្រូវត្រួតពិនិត្យកម្រិតជាតិស្ករមុនពេលធ្វើលំហាត់ប្រាណ
• ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់មុនពេលចាប់ផ្តើមហាត់ប្រាណ អ្នកត្រូវពិនិត្យមើលជាតិសេតូននៅក្នុងឈាម ឬក្នុង
ទឹកនោម។ បើការធ្វើតេស្តឃើញវិជ្ជមាន ត្រូវចៀសនូវសកម្មភាពណាដែលខ្លាំងក្លា ផ្ទុយមកវិញបើគ្មានវត្តមានជាតិសេតូនក្នុងឈាម ឬក្នុងទឹកនោម ហើយអ្នកមានអារម្មណ៍ល្អធម្មតា អ្នកក៏អាចហាត់ប្រាណបានជាធម្មតា។
• បើកម្រិតជាតិស្ករថយចុះ នៅមុនពេលហាត់ អ្នកគួរញ៉ាំអាហារសម្រន់ជាមុន ដូចជាពពួកអាហារមានផ្ទុកនូវកាបូអុីដ្រាត ឬទឹកផ្លែ-ឈើដែលបង្កើនកម្រិតជាតិស្ករក្នុងឈាមបានលឿន រួចសម្រាកបន្តិចមុននឹងចាប់ផ្តើមហាត់។
ញ៉ាំអាហារសម្រន់
លោកអ្នកចាំបាច់ត្រូវញ៉ាំអាហារសម្រន់ជាមុន ប្រសិនបើអ្នកមានគម្រោងហាត់ប្រាណលើសពី៦០នាទី (លើសពីធម្មតា)
ឬប្រសិនបើអាកាសធាតុក្តៅ ឬត្រជាក់ជាងធម្មតា។ ក្នុងអាហារសម្រន់នេះទៀតសោត គួរមានផ្ទុកសមាសធាតុកាបូអីុដ្រាត បើជាតិស្ករក្នុងឈាមរបស់អ្នកមានត្រឹម១០០មីលីក្រាមក្នុងមួយដេស៊ីលីត ឬតិចជាងនេះ។ រង់ចាំប្រហែល១០នាទីទៅ១៥នាទី មុននឹងចាប់ផ្តើមសកម្មភាពរបស់អ្នក។ ម៉្យាងវិញទៀត អ្នកគួរតែយកតាមខ្លួននូវអាហារសម្រន់ប្រភេទមានជាតិស្ករ ឬកាបូអីុដ្រាត រួមបញ្ចូលទាំងភេសជ្ជៈសម្រាប់អ្នកកីឡា (Sport drink) ផងដែរ។
ជ្រើសរើសលំហាត់ប្រាណសមស្រប
លោកអ្នកត្រូវហាត់ប្រាណបែបផ្សេងៗពីគ្នា ទើបអាចមានឥទ្ធិពលដល់កម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកបានដែលរួមមាន ការដើរ រត់ត្រឹកៗ វាយតឺនីស បោះបាល់ ហែលទឹក និងជិះកង់ ជាដើម។
ស្វែងយល់ពីសញ្ញានានា
អ្នកគួរដឹងពីសញ្ញានានានៃការថយកម្រិតជាតិស្ករ ប្រសិនបើអ្នកមានអារម្មណ៍ចុះខ្សោយ ចាញ់ពន្លឺ ឬត្រជាក់ចុងដៃចុងជើងខុសធម្មតា ត្រូវបញ្ឈប់ចលនារបស់អ្នកហើយត្រួតពិនិត្យជាតិស្ករមួយរំពេច។ ប្រសិនបើចុះទាប អ្នកត្រូវញ៉ាំប្រភពជាតិស្ករសុទ្ធ ដូចជាគ្រាប់ថ្នាំជាតិស្ករ ឬជាជែល។ ចៀសវាងការធ្វើលំហាត់ប្រាណលឿនខ្លាំងពេក ឬប្រភេទកីឡាដែលប្រើប្រាស់ថាមពលខ្លាំង បើសិនជាជាតិស្ករនៅក្នុងឈាមរបស់អ្នកមានលើសពី ២៥០ មីលីក្រាមក្នុងមួយដេស៊ីលីត្រ ហើយមានបរិមាណគួរឲ្យកត់សម្គាល់នៃសេតូនច្រើននៅក្នុងទឹកនោម។
ដោយហេតុថារាងកាយរបស់អ្នកផលិតសេតូនលើស នៅពេលអ្នកដុតខ្លាញ់ដើម្បបង្កើនថាមពលសម្រាប់ប្រើប្រាស់ច្រើន។
ធ្វើកំណត់ហេតុ
សរសេរកំណត់ហេតុជាលាយលក្ខណ៍អក្សរ អំពីសកម្មភាព ឬប្រភេទកីឡាដែលអ្នកបានធ្វើ រយៈពេលហាត់ អ្វីដែលអ្នកបានញ៉ាំ ព្រមទាំងកម្រិតជាតិស្ករក្នុងឈាម មុន និងក្រោយពេលហាត់។ ការធ្វើបែបនេះអាចឲ្យអ្នកយល់កាន់តែច្បាស់ពីសកម្មភាពនៃការហាត់ប្រាណរបស់អ្នក មានឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាម និងការធ្វើការរបស់អាំងស៊ុយលីន។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ