Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

8 Mistakes from Diabetes Patients about Foods

ការយល់ច្រឡំជាច្រើនអំពីជំងឺទឹកនោមផ្អែម ត្រូវបានលើកឡើងនៅក្នុងសង្គមមនុស្សទូទៅ និងសូម្បីតែអ្នកជំងឺក៏ដូចជាក្រុមគ្រួសាររបស់ពួកគេផ្ទាល់ដែលក្នុងនោះកំហុសអំពីទំនាក់ទំនងរវាងអាហារនិងជាតិស្ករក្នុងឈាមជាមូលហេតុដ៏សំខាន់នៃការបរាជ័យក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។ខាងក្រោមជាកំហុស ៨យ៉ាងអំពីរបបអាហារនិងជំងឺទឹកនោមផ្អែមដែលតែងតែកើតមានជាញឹកញាប់។

1.    ការបរិភោគស្ករច្រើន ជាមូលហេតុនៃការកើតជំងឺទឹកនោមផ្អែម៖
ការបរិភោគស្ករច្រើនតែម្យ៉ាង មិនអាចបង្កជាជំងឺទឹកនោមផ្អែមឡើយ ប៉ុន្តែវាអាចជាកត្តាជំរុញនៃជំងឺក្នុងករណីខ្លះ។  គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទ១ អាចបង្កឡើងដោយកត្តាហ្សែន និងកត្តាដែលយើងមិនដឹងណាមួយ  រីឯជំងឺទឹកនោមផ្អែមប្រភេទ២ បង្កឡើងដោយកត្តាហ្សែន និងកត្តាប្រឈមមួយចំនួនទៀត  រួមទាំងកត្តារស់នៅប្រចាំថ្ងៃ។
ក្រៅពីនោះ ការលើសទម្ងន់ ឡើងសម្ពាធឈាមអាយុលើសពី៤៥ឆ្នាំនិងភាពមិនសូវសកម្មជាដើមសុទ្ធតែជាកត្តាអាចជំរុញឲ្យមានជំងឺទឹកនោមផ្អែម។ ដូចនេះ ស្របពេលដែលអ្នកចៀសវាងការញ៉ាំស្ករច្រើន ការរក្សាបែបផែនរស់នៅប្រកបដោយផាសុកភាព និងការតាមដានសុខភាពទៀងទាត់ក៏ជាកត្តាសំខាន់ផងដែរ។

2.    អ្នកជំងឺទឹកនោមផ្អែម មិនអាចបរិភោគអាហារមានជាតិស្ករបានឡើយ៖
ដរាបណាជាតិស្ករក្នុងអាហារស្ថិតក្នុងកម្រិតសមស្របនិងមានការរួមផ្សំនឹងការហាត់ប្រាណអ្នកជំងឺនៅតែអាចបរិភោគអាហារទាំងនោះបាន។ផ្ទុយទៅវិញ ការហាមឃាត់ខ្លួនឯងពេក អាចនាំឲ្យអ្នកជំងឺចង់បរិភោគកាន់តែខ្លាំង និងញ៉ាំកាន់តែច្រើននៅពេលមានឱកាស។ ទោះយ៉ាងណា អ្នកគួរតែបរិភោគវាក្នុងកម្រិតតិចតួច និងរួមផ្សំជាមួយអាហារសុខភាពដទៃ ជាពិសេសគឺប្រូតេអុីន ដើម្បីជួយពន្យឺតការរំលាយ និងការជ្រៀបចូលទៅក្នុងឈាមនៃជាតិស្ករ។ សរុបមក អ្នកគួរចៀសវាងបរិភោគអាហារដែលមានស្ករតែឯង និងត្រូវបរិភោគក្នុងកម្រិតតិចល្មម។

3.    អ្នកអាចបរិភោគអាហារដែលមិនមានជាតិស្ករ(SUGAR-FREE) បានតាមចិត្ត៖
អាហារជាច្រើននៅលើទីផ្សារជាអាហារគ្មានជាតិស្ករ ឬ SUGAR-FREE ក៏ប៉ុន្តែអាហារទាំងនោះនៅតែអាចមានសារធាតុដទៃទៀតដូចជាសារធាតុធាត់ឬខ្លាញ់(fat)កាល់ឡូរីនិងសូម្បីតែជាតិកា-បូហាយដ្រេតដែលអាចបំលែងជាជាតិស្ករក្នុងឈាមបាន។ដូចនេះអ្នកនៅតែត្រូវពិនិត្យនិងជ្រើសរើសអាហារទាំងនោះឲ្យបានត្រឹមត្រូវដោយការមើលស្លាកអាហារូបត្ថម្ភ និងប្រើប្រាស់ក្នុងកម្រិតត្រឹមត្រូវ។

4.    ម្សៅ ផ្លែឈើ និងអាហារដែលមានកាបូហាយដ្រេត គឺជាសត្រូវរបស់ជំងឺទឹកនោមផ្អែម៖
កាបូហាយដ្រេតមិនមែនជាសត្រូវរបស់អ្នកជំងឺទឹកនោមផ្អែមទេ តែប្រភេទ និងបរិមាណរបស់វាដែលអ្នកបរិភោគ គឺជាអ្វីដែលអ្នកជំងឺត្រូវពិចារណា។
ជម្រើសកាបូហាយដ្រេតដែលល្អគឺពពួកដែលមានសន្ទស្សន៍ជាតិស្ករ(GI)ទាបដោយសារវាអាចជះឥទ្ធិពលដល់ជាតិស្ករក្នុងឈាមយឺតជាងពពួកមាន GI ខ្ពស់។កាបូហាយដ្រេតដែល GI ទាបមាន នំបុ័ងធញ្ញជាតិ សណ្តែក និងស្ពៃក្រៀម បន្លែដែលមិនសូវមានជាតិម្សៅដូចជា ផ្ទី ប្រូខូលី និងប៉េងប៉ោះជាដើម។ ដោយឡែក អាហារម្សៅនិងផ្លែឈើដែលមានជាតិកាបូហាយដ្រេតក៏អាចបញ្ចូលក្នុងរបបអាហាររបស់អ្នកជំងឺបានផងដែរដរាបណាវាស្ថិតក្នុងកម្រិតសមសម្យ។ អ្នកគួរជ្រើសរើសម្សៅដែលមានជាតិសរសៃខ្ពស់ ដូចជាផាស្តា នំបុ័ងធញ្ញជាតិ អង្ករ ដំឡូង ពោតជាដើម។

5.    ការប្រើប្រាស់ថ្នាំទឹកនោមផ្អែម អាចឲ្យអ្នកជំងឺបរិភោគបានដោយមិនបាច់តម៖
ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម ទាមទារឲ្យមានការប្រើប្រាស់ថ្នាំបានត្រឹមត្រូវតាមការណែនាំ រួមជាមួយនឹងរបបអាហារសមស្រប និងប្រកបដោយសុខភាពក៏ដូចជាកត្តារស់នៅផ្សេងៗទៀតដែលមានន័យថាអ្នកជំងឺមិនអាចបរិភោគតាមចិត្តចង់ដោយសារតែបានប្រើប្រាស់ថ្នាំហើយនោះទេ។ផ្ទុយទៅវិញ ការបរិភោគមិនបានសមស្រប អាចរារាំងដល់ប្រសិទ្ធភាពរបស់ថ្នាំបានវិញទៀតផង។ទោះយ៉ាងណា អ្នកតែងតែអាចស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នកមានចម្ងល់អំពីការសម្របសម្រួលរបបអាហារ  និងការប្រើប្រាស់ថ្នាំ។
 
6.    ការរំលងអាហារនៅពេលណាមួយ ឬរំលងយូរម៉ោង៖
ការរំលង ឬមិនបរិភោគអាហារនៅពេលណាមួយនឹងផ្តល់ផលមិនល្អ មិនថាចំពោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកគ្មានជំងឺឡើយ។ នៅពេលអ្នករំលងអាហារ ថ្លើមនឹងបំលែងជាតិស្ករពីគ្លីកូហ្សែនដែលស្តុកទុកស្របពេលដែលរាងកាយបញ្ចេញនូវអ័រម៉ូនcortisolដោយសារស្ត្រេសពីការមិនបរិភោគ។
កត្តាទាំងនេះត្រូវបានបង្ហាញថា អាចធ្វើឲ្យមានការកើនជាតិស្ករក្នុងឈាមច្រើនជាងអាហារមួយពេលទៅទៀត។ ដូចនេះ អ្នកជំងឺគួរព្យាយាមបរិភោគអាហារតូចៗរៀងរាល់ ៣ ទៅ ៤ម៉ោងម្តងដើម្បីជំរុញមេតាបូលីសរាងកាយ ការពារការកើនឡើង និងធ្លាក់ចុះខ្លាំងនៃជាតិស្ករក្នុងឈាម ព្រមទាំងដុតបំផ្លាញជាតិខ្លាញ់ផងដែរ។

7.    អ្នកជំងឺទឹកនោមផ្អែមអាចប្រើប្រាស់ស្ករសិប្បនិម្មិតបានច្រើនតាមចិត្ត៖
ស្ករសិប្បនិម្មិតភាគច្រើន មានរសជាតិផ្អែមជាងស្ករធម្មតា និងមានកាល់ឡូរីទាបរហូតអាចផាត់ចោលបាន ព្រមទាំងអាចធ្វើឲ្យអ្នកប្រើប្រាស់វាតិចជាងស្ករធម្មតាផងដែរ។ ថ្វីត្បិតតែ សុវត្ថិភាពក្នុងការប្រើប្រាស់ស្ករប្រភេទនេះ នៅតែត្រូវបានលើកយកមកពិភាក្សា ក៏ប៉ុន្តែមានប្រភេទស្ករមួយចំនួនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់រួចមកហើយ ក្នុងនោះរួមមាន Saccharin, Aspartame, AcesulfamePotassium, Sucralose, Stevia ជាដើម។
ទោះជាស្ករសិប្បនិម្មិត នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់ជំនួសស្ករធម្មតា តែអ្នកក៏ត្រូវចងចាំផងដែរថា ស្ករប្រភេទនេះក៏មានផ្ទុកនូវកាបូហាយដ្រេតក្នុងបរិមាណតិចតួច ដែលទាមទារឲ្យអ្នករក្សាការប្រើប្រាស់ក្នុងកម្រិតសមរម្យជានិច្ច។

8.    អ្នកជំងឺទឹកនោមផ្អែមអាចបរិភោគទឹកឃ្មុំជំនួសស្ករបានធម្មតា៖
ទាំងទឹកឃ្មុំ និងស្ករធម្មតា សុទ្ធតែអាចបង្កើនជាតិស្ករក្នុងឈាមបាន តែដោយសារទឹកឃ្មុំមានរសជាតិផ្អែមជាង ដូចនេះ យើងអាចប្រើវាក្នុងបរិមាណតិចជាងបើធៀបនឹងស្ករ។ ទោះយ៉ាងណា ដោយសារទឹកឃ្មុំក៏មានកាបូហាយដ្រេត និងកាល់ឡូរីច្រើនជាងស្ករបន្តិចផងដែរ ដូចនេះ ភាពខុសគ្នានៃឥទ្ធិពលរបស់វាលើជាតិស្ករក្នុងឈាមមានតិចតួចប៉ុណ្ណោះ ដែលមានន័យថាការប្រើប្រាស់វាក៏ទាមទារឲ្យមានកម្រិតសមរម្យដូចស្ករធម្មតាផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Related Articles

View All

វីតាមីនសេ គឺជាវីតាមីនសារវន្តមួយក្នុងចំណោមវីតាមីនជាច្រើន ដែលមានន័យថារាងកាយរបស់យើងមិនអាចខ្វះវាបាន ដោយសារតែវាមានទំនាក់ទំនងយ៉ាងចាំបាច់ក្នុងដំណើរការនៃរាងកាយ ក៏ប៉ុន្តែរាងកាយរបស់យើងបែរជាមិនអាចធ្វើការផលិតវាបាន។  ដូចនេះ ដើម្បីបំពេញតម្រូវការវីតាមីនសេរបស់រាងកាយ ចាំបាច់ត្រូវទទួលយកតាមរយៈអាហារ ឬឱសថបំប៉នពីខាងក្រៅ។   វីតាមីនសេ​ ដែលជាប្រភេទវីតាមីនរលាយនៅក្នុងទឹកត្រូវបានរកឃើញក្នុងបន្លែ និងផ្លែឈើជាច្រើនប្រភេទ ដោយក្នុងនោះរួមមានដូចជា ផ្លែក្រូច ស្ត្រប៊េរី គីវី ម្ទេសប្លោក ប្រូខូលី និងផ្ទីជាដើម។ ស្របពេលដែលវត្តមានរបស់វាអាចរកឃើញមាននៅក្នុងម្ហូបអាហារ ក៏ប៉ុន្តែការបំពេញតម្រូវការវីតាមីនសេ តាមរយៈឱសថបំប៉នក៏ត្រូវបានណែនាំផងដែរ ដោយសារវីតាមីនសេដែលមានក្នុងការអាហារ អាចនឹងទទួលរងការខូចខាត និងថយចុះតាមរយៈដំណើរការក្នុងការចម្អិន ឬរក្សាទុកមិនបានត្រឹមត្រូវ។ ផលប៉ះពាល់ ឬហានិភ័យនៃកង្វះវីតាមីនសេក្នុងរាងកាយនឹងបង្ហាញឡើងក្នុងរយៈពេល ជាច្រើនសប្តាហន៍ និងអាចបង្ករហូតដល់គ្រោះថ្នាក់ដល់អាយុជិវិតប្រសិនកង្វះវីតាមីនសេ បន្តឡើងរហូតដល់ 5 ទៅ 6ខែ។ សម្រាប់តម្រូវការបរិមាណនៃវីតាមីនដែលត្រូវបានណែនាំនាពេលបច្ចុប្បន្នគឺ 75មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង 90 មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស។ ការទទួលទានលើសកម្រិតនៃវីតាមីនសេ ជាទូទៅនឹងត្រូវបានសម្របសម្រួលដោយស្វ័យប្រវត្តិពីរាងកាយ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណកំណត់មួយ ដែលត្រូវបានកំណត់ត្រឹម 2 ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែផលរំខានដែលអាចកើតមានចំពោះប្រព័ន្ធក្រពះពោះវៀន។ ជាការពិត បរិមាណវីតាមីនសេដែលត្រូវបានទទួលទានទាំងអស់មិនសុទ្ធតែត្រូវបានស្រូបចូល និងប្រើប្រាស់ក្នុងរាងកាយឡើយ ដោយវាអាស្រ័យទៅលើបរិមាណនៃការទទួលទាន​។​ ជាទូទៅ បរិមាណដែលត្រូវបានស្រូបចូលយកទៅប្រើប្រាស់គឺ 70 ទៅ 90%​ នៃវីតាមីនសេដែលត្រូវបានទទួលទានពី 30 ទៅ 180 មីលីក្រាម។ ចំពោះការទទួលទានវីតាមីនសេចាប់ពី 1 ក្រាមក្នុងមួយថ្ងៃ នោះអត្រានៃការស្រូបចូលនឹងធ្លាក់ចុះទាបជាង 50%  ហើយ បរិមាណដែលនៅសេសសល់នឹងត្រូវបានបញ្ចេញចោលទៅតាមទឹកនោមវិញ តែក្នុងករណីពិសេសខ្លះ ភាពលើសលុបនៃវីតាមីនសេ ក៏អាចបង្កហានិភ័យជាគ្រួសក្នុងតម្រងនោមផងដែរ។ ជារួមមក វីតាមីនសេគួរត្រូវបានប្រើប្រាស់ក្នុងបរិមាណដែលសមស្របតាមតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានសារប្រយោជន៍សំខាន់ៗជាច្រើនចំពោះសុខភាព​ និងសម្រស់យ៉ាងពេញលេញ ព្រមទាំងចៀសវាងពីហានិភ័យនានាកើតឡើងពីកង្វះខាត ឬភាពលើសលុបនៃ វីតាមីនសេដោយមិនដឹងខ្លួន។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

ក្រៅពីមុខងារដ៏សំខាន់សម្រាប់ដំណើរការក្នុងរាងកាយ អត្ថប្រយោជន៍សំខាន់ៗជាច្រើននៃវីតាមីនសេ ដែលធ្វើឲ្យវាក្លាយជាប្រភពជីវជាតិដែលមិនគួរខ្វះនោះរួមមានដូចជា៖ 1- ការសំយោគសារធាតុកូឡាជែន  កូឡាជែនជាសារធាតុដែលត្រូវបានស្គាល់រួចមកហើយថាមានគុណប្រយោជន៍ក្នុងការកសាង និងទ្រទ្រង់រចនាសម្ព័ន្ធនៃជាលិកាស្បែក ឆ្អឹងខ្ចី ឆ្អឹង ធ្មេញ និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។ ក្រៅពីនោះ វាជាសារធាតុដែលជំរុញការជាសះស្បើយនៃមុខរបួស ការពារការបែកបាក់ឆ្អឹង និងភាពស្រួយនៃសរសៃឈាម និងជំរុញមុខងារកំណកឈាមទៀតផង។ 2- សកម្មភាពប្រឆាំងអុកស៊ីតកម្ម វីតាមីនសេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយដែលជួយកាត់បន្ថយហានិភ័យនៃ ជំងឺរ៉ាំរ៉ៃមួយចំនួនជាពិសេសគឺជំងឺបេះដូងព្រមជាមួយមុខងារដ៏មានអនុភាពក្នុងការប្រឆាំងនឺងការខូចខាតដោយសារពពួករ៉ាឌីកាល់សេរី បម្រែបម្រួលនៃហ្ស៊ែន និងពង្រឹងប្រព័ន្ធភាពស៊ាំ​។​ 3- មុខងារជាច្រើនទៀតដែលមិនត្រូវបានដឹងពីចលនការ ការស្រូបចូលទៅក្នុងកោសិកាខួរក្បាល ការចូលរួមក្នុងការសំយោគភ្នាក់ងារនាំសាររបស់ខួរក្បាល និងអ័រម៉ូន ឥទ្ធិពលវិជ្ជមានចំពោះសមត្ថភាពក្នុងការរៀន ការចងចាំ និងការធ្វើចលនា  កាត់បន្ថយភាពភ័យខ្លាច និងហានិភ័យនៃជំងឺ Alzheimer’s ដែលជាចម្បងបង្កទៅជាជំងឺវង្វេងរង្វាន់ និងភ្លេចភ្លាំង។  លើសពីមុខងារខាងលើ វីតាមីនសេ ក៏ជាដៃគូដ៏ល្អក្នុងការស្រូបយកជាតិដែក សម្រាប់ប្រើប្រាស់ដែលជាទូទៅពិបាកនឹងស្រូបចូលទៅក្នុងរាងកាយជាពិសេសគឺជាតិដែកដែលមានប្រភពពីពពួកដែលមិនមែនសាច់សត្វតែម្តង។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។ អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។ ការប្រើប្រាស់ បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖ • ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល • ការលើសសម្ពាធឈាម • ទឹកនោមផ្អែម • ជំងឺរលាកសន្លាក់ • ជំងឺមហារីកមួយចំនួន • ជំងឺហឺតជាដើម។   សកម្មភាពឱសថ  អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ • ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម • ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖ • បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម • ប៉ះពាល់លើក្រពះ • ចង្អោរ។ ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។ អន្តរកម្មឱសថ ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។ ការប្រឈម និងបម្រុងប្រយ័ត្ន បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់ • អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត • ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖ ១. អាការៈរំខានពីការអស់រដូវ នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។ ២. ជំងឺបេះដូង និងសរសៃឈាម នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។ ៣. បញ្ហាលើសទម្ងន់ តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។ ៤. បញ្ហាផ្លូវចិត្ត ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។ ៥. បញ្ហាស្បែក ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។ ៦. ជំងឺមហារីក នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។ ៧. បញ្ហាចម្លងរោគ Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។ ៨. អុកស៊ីតកម្ម ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។ សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។ អត្ថបទសម្រង់៖ (1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43. (2) Mark Messina : Nutrients. 2016 Dec; 8(12): 754. ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ភាគច្រើននៃអ្នកជំងឺមហារីកសុទ្ធតែបានជួបប្រទះជាមួយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីករបស់គាត់ ដោយពេលខ្លះអាហារអាចគ្មានរសជាតិ ឬអាហារប្រែជាមានរសជាតិផ្សេងខុសពីមុនទៅវិញ ហើយអាហារមួយចំនួនទៀតបែរជាមានក្លិនគួរឲ្យរំខានផងដែរ។ ការផ្លាស់ប្តូររសជាតិ និងក្លិននៃអាហារអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការព្យាបាលដែលគាត់បានទទួល និងអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតផង។ អនុសាសន៍សម្រាប់អ្នកជំងឺទាក់ទងនឹងការផ្លាស់ប្តូររសជាតិ និងក្លិនអាហារ ១.    ភ្លក់រសជាតិអាហារ ហើយកត់ទុកនូវរាល់ប្រភេទអាហារដែលមានរសជាតិល្អ៖ ការដែលធ្វើបែបនេះអាចជួយអ្នកឲ្យញ៉ាំអាហារបានច្រើន ព្រមទាំងរក្សាបាននូវសារជាតិចិញ្ចឹមរាងកាយក្នុងអំឡុងពេលព្យាបាលជំងឺ ២.   បន្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់៖ ថ្វីបើវាជាប្រភេទអាហារដដែលៗក្នុងមួយរយៈពេលក៏ដោយ តែជីវ្ហាវិញ្ញាណរបស់អ្នកនឹងចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ៣.    ចៀសវាងប្រភេទអាហារដែលមានរសជាតិមិនឆ្ងាញ់៖ គួរស្វែងរកប្រភេទអាហារជំនួស ដូច្នេះ អ្នកនៅតែអាចរក្សាបាននូវសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ ៤.    អាហារដែលតម្រូវឲ្យមានការទំពាតិច៖ ប្រហែលជាអាចជួយអ្នកឲ្យទទួលបានភាពស៊ាំល្អប្រសើរ ខណៈពេលដែលអ្នកកំពុងមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ៥.    ដុសសម្អាតធ្មេញ និងអណ្តាតជារឿយៗដោយប្រើច្រាសសរសៃទន់៖ លាងជម្រះជាមួយម្សៅ baking soda និងទឹកខ្ពុរមាត់ (ដោយប្រើម្សៅសូដា ១ភាគ ៤ស្លាបព្រាបាយ ជាមួយទឹក ១ពែង) ពេញមួយថ្ងៃ ជាពិសេស មុនពេលបរិភោគអាហារនិងក្រោយពេលបរិភោគអាហារ ៦.    ប្រសិនបើអាហារមានរសជាតិបែបលោហៈ (taste metallic)៖ -    ព្យាយាមញ៉ាំអាហារនេះពេលត្រជាក់ ឬនៅសីតុណ្ហភាពបន្ទប់ត្រជាក់ -    ព្យាយាមជ្រលក់សាច់ត្រី សាច់មាន់ ឬសាច់ផ្សេងទៀតដើម្បីបិទបាំងរសជាតិជូរចត់៖ ទឹកជ្រលក់ទាំងនោះមានដូចជា ទឹកក្រូចឆ្មារ ទឹកជ្រលក់ដែលមានរសជាតិជូរអែម  ស្រាទំពាំងបាយជូរ teriyaki ឬទឹកសណ្តែកសៀង ទឹកជ្រលក់បាប៊ីឃ្យូ ឬទឹកជ្រលក់បែបអ៊ីតាលីជាដើម -    អាចប្រើប្រាស់សម្ភារៈដែលធ្វើពីប្លាស្ទិច ឬដែកអុីណុក -    បរិភោគប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលងាយបរិភោគដូចជា៖          ក.    ទឹកដោះគោ ទឹកដោះគោជូរ ឈីស custards នំធ្វើពីម្សៅ(puddings) ភេសជ្ជៈដែលផ្សំពីទឹកដោះគោ (milkshakes)     ​   ​​      ខ.    ត្រីធូណា និងត្រីសាល់ម៉ុន          គ.    ស៊ុតដែលចម្អិនបានឆ្អិនល្អ          ឃ.    hummus ៧.    ប្រសិនបើរសជាតិផ្អែមពេក៖ អាចលាយវាជាមួយទឹក ទឹកសូដា ទឹកកក ភេសជ្ជៈដែលផ្សំពីកាបូណាត (tonic water) ឬអ្នកអាចសាកល្បងបន្ថែមអំបិលបន្តិចចូលដើម្បីកាត់បន្ថយភាពផ្អែម ៨.    ប្រសិនបើអាហារប្រៃពេក៖ ព្យាយាមស្វែងរកប្រភេទអាហារដែលមានបរិមាណអំបិលទាប ឬមានកម្រិតសូដ្យូមតិច។ អ្នកក៏អាចប្រើប្រាស់ស្ករដើម្បីជួយបិទបាំងរសជាតិប្រៃផងដែរ ៩.    ប្រសិនបើអាហារមានរសជាតិសាបពេក៖     • បន្ថែមរសជាតិអាហារជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកជ្រលក់បាប៊ីឃ្យូ ទឹកជ្រលក់សណ្តែកសៀង mustard  ឬketchup     • បង្កើនរសជាតិអាហារជាមួយប្រភេទជី និងគ្រឿងផ្សំផ្សេងទៀតដូចជា ជីវ៉ាន់ស៊ុយ ជីត្រចៀកជ្រូក ខ្ទឹម ឈើអែម និងម្រេចជាដើម ១០.  ប្រសិនបើអាហារមានក្លិនខ្លាំងពេក៖ -    អាចប្រើប្រាស់កង្ហារក្នុងផ្ទះបាយ ពេលកំពុងចម្អិនម្ហូប -    ប្រើប្រាស់ម៉ាស៊ីនកម្តៅម្ហូបម៉ាយក្រូវ៉េវ (mic-rowave) ឆ្នាំងដែលគ្របបិទជិត ឬអាចចម្អិននៅខាងក្រៅ -    អង្គុយនៅជិតបង្អួចដែលបើកចំហ -    ស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឲ្យចម្អិនម្ហូប -    សាកល្បងបរិភោគនៅសីតុណ្ហភាពត្រជាក់ដូចជា៖     •  ភេសជ្ជៈធ្វើពីទឹកដោះគោ     •  ឈីស និងផ្លែឈើ     •  ទឹកដោះគោជូរ     •  សាឡាដ ជាមួយសាច់មាន់     •  ឈីសដែលមានលើនំស្រួយ     •  ការ៉េម ១១.    ប្រសិនបើអ្នកមានអារម្មណ៍ថាស្ងួតមាត់ខ្លាំង៖ អ្នកអាចសាកល្បងប្រភេទអាហារដែលមានរសជាតិជូរដើម្បីភ្ញោចជីវ្ហាវិញ្ញាណ និងបង្កើនការបញ្ចេញទឹកមាត់ ដែលអាចមានជាប្រភេទអាហារដូចជា៖ -    ក្រូចឆ្មារ តែទឹកកក ទឹកផ្លែឈើច្របាច់ ទឹកដោះគោជូរ ឬប្រភេទគ្រីមមានរសជាតិជូរ -    អាហារត្រាំ -    ទឹកជ្រលក់រសជាតិជូរអែម -    ស្ករទំពា ឬស្ករគ្រាប់ដែលមានរសជាតិជូរអែមតែមិនមានដាក់ស្ករស។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរបបអាហារ ប្រសិនបើ៖ ១. អ្នកនៅតែមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហាររយៈពេលយូរ ដែលធ្វើឲ្យអ្នកមិនអាចបរិភោគអាហារបានគ្រប់គ្រាន់ ២. អ្នកមានផលរំខានដូចជា ក្អួត ចង្អោរ ដែលធ្វើឲ្យអ្នកពិបាកបរិភោគ ៣. អ្នកស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមសម្រក ៤. ជម្រើសអាហារមានរយៈពេលយូរ ក្នុងករណីនេះ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រាស់ប្រភេទថ្នាំពេទ្យ ឬអាហារបំប៉នផ្សេងទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ក្តីស្រឡាញ់កើតចេញពីចិត្ត សុខភាពកើតចេញពីការថែទាំ ពេលវេលានៅក្បែរគ្នាបានយូរប៉ុណ្ណាអាស្រ័យទៅលើការឲ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដគឺ ការផ្តល់ពេលវេលា ការយកចិត្តទុកដាក់ជាប្រចាំ និងការថែទាំសុខភាព។ ទទួលបានក្តីស្រឡាញ់បែបនេះ តើមនុស្សជាទីស្រលាញ់របស់អ្នករំភើបយ៉ាងណាទៅណ៎? តែ... ត្រូវធ្វើបែបណាទៅ? វិធីសាស្ត្រងាយៗក្នុងឱកាស Pink Day ខាងមុខនេះ អ្នកអាចជូនកាដូពិសេសមួយដល់មនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីបញ្ជាក់ប្រាប់ថា អ្នកពិតជាស្រឡាញ់ពួកគាត់ពិតប្រាកដ ហើយកាដូនេះនឹងជាអ្នករំលឹកអ្នក ឲ្យអ្នក បង្ហាញក្តីស្រឡាញ់ទៅពួកគាត់ជាប្រចាំ។ កាដូពិសេសនោះ អាចជាអ្វី? យើងខ្ញុំសូមណែនាំ នូវម៉ាស៊ីនវាស់ជាតិស្ករឃែរសេន (Caresens) ដែលអាចឲ្យលោកអ្នកវាស់ជាតិស្ករដោយខ្លួនឯងបាន។ ឧបករណ៍នេះ មិនមែនប្រើបានតែអ្នកដែលមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តាយាយ ប៉ាម៉ាក់ចាស់ៗ ក៏គួរតែមានម៉ាស៊ីនប្រភេទនេះផងដែរ ដើម្បីធ្វើការតាមដានជាតិស្ករក្នុងឈាមរបស់ពួកគាត់ ហើយអាចការពារពីជំងឺទឹកនោមផ្អែមថែមទៀត។ ពេលដែលកាដូនេះទៅដល់ដៃពួកគាត់ អ្នកត្រូវឆ្លៀតពេលនៅក្បែរពួកគាត់ យកចិត្តទុកដាក់ពួកគាត់ និងថែទាំសុខភាពគាត់ជាប្រចាំ បើទោះបីជាពួកគាត់អាចប្រើម៉ាស៊ីននេះដោយខ្លួនឯងក៏ដោយ ព្រោះនេះទើបជាក្តីស្រឡាញ់ពិតប្រាកដ។ ក្រៅពីនេះ អ្នកតមអាហារដើម្បីសម្រកទម្ងន់ ក៏ត្រូវប្រុងប្រយ័ត្នលើកម្រិតជាតិស្ករក្នុងខ្លួនគាត់ដែរ ដើម្បីឲ្យការសម្រកទម្ងន់មានប្រសិទ្ធភាព និងសុវត្ថិភាព។ ក្នុងឱកាសថ្ងៃនៃក្តីស្រលាញ់នេះ ឧបករណ៍ម៉ាស៊ីនវាស់ជាតិស្ករម៉ាក CareSens ដែលជាម៉ាស៊ីនតេស្តជាតិស្ករលេខ១ មកពីប្រទេសកូរ៉េ បានរៀបចំនូវកម្មវិធីយកម៉ាស៊ីនចាស់ប្តូរម៉ាស៊ីនថ្មី ដោយលោកអ្នកគ្រាន់តែយកម៉ាស៊ីនវាស់ជាតិស្ករណាមួយក៏បាន មកប្តូរយកម៉ាស៊ីនវាស់ជាតិស្ករថ្មីម៉ាក CareSens មួយគ្រឿងដោយឥតគិតថ្លៃ។ កម្មវិធីប្តូរនេះ មាននៅតាមបណ្តាឱសថស្ថានដៃគូទូទាំងប្រទេសរបស់យើង ដូចជា៖ រាជធានីភ្នំពេញ មាននៅ ឱសថស្ថាន អរុណរស្មីថ្មី ឱសថស្ថាន សួនសុវណ្ណ ឱសថស្ថាន HELPY ឱសថស្ថាន វិសារ ឱសថស្ថាន NORM ឱសថស្ថាន ធីតាសុភ័ក្ត្រ ឱសថស្ថាន ដេវាល់ដា ឱសថស្ថាន ឌីនីកា ឱសថស្ថាន ពន្លឺបញ្ចពណ៌ ឱសថស្ថាន មេឌីធិច ឱសថស្ថាន សុភ័ក្ត្រមិត្តសែនសុខ ឱសថស្ថាន អង្គរឧត្តម ខេត្តកំពង់ចាម ឱសថស្ថាន នាគព័ន្ធ ឱសថស្ថាន អង្គរធំ ខេត្តសៀមរាប ឱសថស្ថាន ខ្មែរ អង្គរ ឱសថស្ថាន ព្រះវិហារ ឱសថស្ថាន ព្រះវិហារ ១ ឱសថស្ថាន ព្រះវិហារ ២ ខេត្តកំពត៖​ ឱសថស្ថាន រិទ្ធិយ៉ា កាន់តែអស្ចារ្យជាងនេះទៀត Caresens នឹងចាប់ឆ្នោតជូនរង្វាន់ចំនួន៥ ដែលមួយរង្វាន់ៗ គឺ ម៉ាស៊ីនតេស្តជាតិស្ករ Caresens មួយឈុត ដោយលោកអ្នកគ្រាន់តែ Like page Caresens Glucose Meter (https://www.facebook.com/caresensglucosemeter) Share Page Caresens Glucose Meter ហើយ Inbox លេខទូរស័ព្ទ និងទីតាំងរបស់លោកអ្នក នោះលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត។ រង្វាន់នឹងប្រកាសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុង Page Caresens Glucose Meter។ ស្រឡាញ់សុខភាពអ្នក តេស្តឃែរសេន(Caresens) ជាប្រចាំ ------------------------------------------------------- ប្រសិនបើអ្នកមានទាន់ដឹងពីរបៀបប្រើប្រាស់ អាចសាកសួរតាមឱសថស្ថាន ដែលអ្នកជាវ ឬអានពីការប្រើប្រាស់នៅទីនេះ https://healthtime.tips/km/library/article/2167។ ហើយសម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើងខ្ញុំគឺ CareSens Glucose Meter ឬតាមតំណភ្ជាប់ https://www.facebook.com/caresensglucosemeter

ការវាស់ជាតិស្ករដោយខ្លួនឯង ពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះការការពារការវិវឌ្ឍនៃជំងឺ និងចូលរួមក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលឲ្យបានកាន់តែប្រសើរជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ប៉ុន្តែការថែរក្សាឧបករណ៍វាស់ជាតិស្ករ និងបន្ទះតេស្តរបស់វាឲ្យស្ថិតក្នុងស្ថានភាពល្អ និងត្រឹមត្រូវ គឺរឹតតែសំខាន់សម្រាប់ធានាបាននូវលទ្ធផល ដែលមានលក្ខណៈច្បាស់លាស់សម្រាប់ការតាមដាន។  ខាងក្រោមជាចំណុចសំខាន់ៗក្នុងការថែទាំងឧបករណ៍វាស់ជាតិស្ករដែលអ្នកមិនគួរមើលរំលង។ មុនពេលប្រើប្រាស់៖ ត្រូវប្រាកដថាដៃរបស់អ្នកស្អាតនិងស្ងួតល្អ មុនពេលចាប់កាន់ឧបករណ៍  មើលជំហានណែនាំពីការជួសយកសំណាកឈាមរហូតដល់ការសូកបញ្ចូលបន្ទះតេស្ត ពិនិត្យមើលថ្ងៃផុតកំណត់នៃបន្ទះតេស្តជាមុនសិនមុនពេលវាស់ជាតិស្ករក្នុងឈាម  លាងសម្អាតដៃឲ្យបានស្អាតមុនពេលជួសយកសំណាកឈាមដាក់លើបន្ទះតេស្ត។ ក្រោយពេលប្រើប្រាស់៖  ធ្វើការជូតសម្អាតឧបករណ៍ជាមួយនឹងក្រណាត់ស្ងួតឲ្យបានសព្វ ដើម្បីប្រាកដថា ឧបករណ៍មិនមានតោងប្រឡាក់ដោយកម្ទេចធូលី ឬកាកសំណល់ផ្សេងៗ ត្រូវធ្វើការសម្អាតក្រណាត់ដែលជូតឲ្យបានញឹកញាប់តាមដែលអាចធ្វើបានផងដែរ អាចប្រើប្រាស់សារធាតុសម្អាតដែលមានលក្ខណៈស្រាលសម្រាប់សម្អាតផងដែរ ដោយត្រូវប្រាកដថាមិនមានសារធាតុរាវហូរចូលក្នុងឧបករណ៍ និងជូតសម្ងួតឲ្យបានឆាប់រហ័ស រក្សាទុកឧបករណ៍ និងបន្ទះតេស្តនៅក្នុងប្រអប់ ឬកាបូបវេចខ្ចប់ដើមរបស់វាជានិច្ច រក្សាទុកនៅកន្លែងស្ងួត ស្អាត និងត្រជាក់គ្រប់ពេល។ អ្នកអាចធ្វើការស្វែងយល់បន្ថែមអំពីការប្រើប្រាស់ និងការថែទាំឧបករណ៍វាស់ជាតិស្កររបស់អ្នក ទៅតាមការណែនាំដែលភ្ជាប់មកជាមួយនឹងឧបករណ៍ ឬទំនាក់ទំនងផ្ទាល់ជាមួយនឹងអ្នកផ្គត់ផ្គង់ក៏បាន។  ©2021 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

អ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២? ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃដែលអ្នកជំងឺមានជាតិស្ករលើសនៅក្នុងឈាម។ ជំងឺទឹកនោមផ្អែមនេះ ឬក៏យើងហៅពាក្យម៉្យាងទៀតថាជំងឺលើសជាតិស្ករក្នុងឈាម ពាក្យទាំងពីរនេះមានន័យដូចគ្នា។ ជំងឺនេះគឺបណ្តាលមកពីលំពែងដំណើរការមិនប្រក្រតី ដែលជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ ជំងឺទឹកនោមផ្អែម មាន៣ប្រភេទគឺ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺទឹកនោមផ្អែមដែលកើតលើស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែចំនួនអ្នកជំងឺដែលមានច្រើនលើសលប់ជាងគេនោះគឺជំងឺទឹកនោមផ្អែមប្រភេទទី២។ ជំងឺទឹកនោមផ្អែមប្រភេទទី២ នេះគឺបណ្តាលមកពីលំពែងដែលដំណើរការមិនប្រក្រតីផលិតអាំងស៊ុយលីន ដែលជាអ័រម៉ូនម៉្យាងសម្រាប់នាំជាតិស្ករចូលទៅក្នុងរាងកាយរបស់យើងដើម្បីបំលែងទៅជាថាមពល។ លំពែងមិនអាចផលិតអាំងស៊ុយលីនក្នុងបរិមាណមួយគ្រប់គ្រាន់ ហើយមុខងាររបស់អាំងស៊ុយលីនក៏ថយចុះទៀតដែលជាហេតុធ្វើឲ្យជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ ដើម្បីគ្រប់គ្រង ឬធ្វើការព្យាបាលជំងឺនេះ តើមានវិធីសាស្រ្តអ្វីខ្លះ? ជំងឺទឹកនោមផ្អែម ឬជំងឺលើសជាតិស្ករក្នុងឈាមនេះគឺជាជំងឺរ៉ាំរ៉ៃ។ ការព្យាបាលដើម្បីគ្រប់គ្រងជាតិស្ករឲ្យបានល្អ បង្ការផលវិបាកនានាឲ្យអ្នកជំងឺរស់នៅបានយូរអង្វែងប្រកបដោយផាសុកភាព មានចំណុច២ធំៗ៖ - ការព្យាបាលទី១ គេហៅថាការព្យាបាលដោយមិនប្រើថ្នាំ គឺទាក់ទងទៅនឹងរបបចំណីអាហារ ការហាត់ប្រាណ ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ។ល។ - ការព្យាបាលទី២ គឺការព្យាបាលដោយថ្នាំ ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២ អាចលេបថ្នាំគ្រាប់ ឬប្រើថ្នាំចាក់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ វិធីសាស្រ្តក្នុងការព្យាបាលទាំងពីរនេះ ការប្រើថ្នាំនិងការព្យាបាលដោយមិនប្រើថ្នាំសុទ្ធតែមានសារសំខាន់ដូចគ្នាមិនអាចអត់មួយណាបាននោះទេ។ អ្នកជំងឺមិនអាចធ្វើតែលំហាត់ប្រាណ ផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយមិនទទួលទានថ្នាំបាននោះទេ។ ម្យ៉ាងវិញទៀតអ្នកជំងឺដែលទទួលទានថ្នាំហើយមិនព្រមធ្វើរបបចំណីអាហារ ឬក៏ហាត់ប្រាណ ក៏មិនល្អដូចគ្នា។ នៅប្រទេសកម្ពុជា តើអ្វីជាបញ្ហាប្រឈមដែលទាក់ទងនឹងអ្នកជំងឺក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២? បញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះតាមរយៈការសិក្សានាពេលកន្លងមកយើងឃើញថា៖ - អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នៅក្នុងប្រទេសកម្ពុជាយើង មួយភាគធំមិនបានដឹងខ្លួនថាខ្លួនមានជំងឺប្រភេទនេះទេ ពីព្រោះជំងឺទឹកនោមផ្អែមប្រភេទទី ២នៅក្នុងដំណាក់កាលដំបូងមិនមានរោគសញ្ញាដែលជាហេតុធ្វើឲ្យអ្នកជំងឺមិនបានចាប់អារម្មណ៍។ - អ្នកជំងឺមិនសូវចាប់អារម្មណ៍នៅក្នុងការមកតាមដានពិនិត្យជាមួយគ្រូពេទ្យឲ្យបានជាប់លាប់ច្រើន តែប្រើឱសថតៗគ្នា ឬក៏ប្រើប្រាស់វេជ្ជបញ្ជាពីមុនៗមកដោយមិនព្រមទៅតាមដានដើម្បីធ្វើការផ្លាស់ប្តូរទៅតាមដំណាក់កាលនៃជំងឺ។ - អ្នកជំងឺមិនសូវចាប់អារម្មណ៍ស្វែងយល់អំពីរបៀបនៃការថែទាំខ្លួន អ្នកជំងឺមួយចំនួនគិតថាការដែលទទួលទានថ្នាំបានជាប់លាប់គឺគ្រប់គ្រាន់ហើយ។ - អ្នកជំងឺមិនសូវតាមដានជាតិស្ករជាប្រចាំទេ ហើយគាត់ជោះជាតិស្ករភាគច្រើនតែពេលព្រឹកមិនទាន់ទទួលទានអាហារ ព្រោះគាត់យល់ថាការជោះជាតិស្ករក្រោយទទួលទានអាហារគឺយកជាការមិនបាន។ តើអ្នកជំងឺត្រូវសហការដូចម្តេចខ្លះក្នុងពេលព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២របស់ខ្លួន? ការព្យាបាលជំងឺទឹកនោមផ្អែមឬជំងឺលើសជាតិស្ករក្នុងឈាមនេះ មានលក្ខណៈពិសេស ពីព្រោះអ្នកជំងឺក្រៅអំពីជាតិស្ករនៅក្នុងឈាមត្រូវចាប់អារម្មណ៍ចំណុចដទៃៗទៀត ដូចជាបញ្ហាសម្ពាធឈាមគឺត្រូវរក្សាកុំឲ្យសម្ពាធឈាមឡើងខ្ពស់។ ករណីដែលសម្ពាធឈាមខ្ពស់ត្រូវប្រញាប់រូតរះទៅពិគ្រោះជាមួយគ្រូពេទ្យ។ បន្ទាប់មកទៀតអ្នកជំងឺ ត្រូវចាប់អារម្មណ៍កម្រិតជាតិខ្លាញ់នៅក្នុងឈាមដែរ ព្រោះថាបើព្យាបាលតែជាតិស្ករ ព្យាបាលតែសម្ពាធឈាម ហើយមិនបានគិតពីជាតិខ្លាញ់នៅក្នុងឈាម ក៏មិនជោគជ័យដែរ។ ដូចនេះយ៉ាងហោចណាស់មួយឆ្នាំម្តង អ្នកជំងឺត្រូវពិនិត្យមើលជាតិខ្លាញ់នៅក្នុងឈាម។ អ្នកជំងឺក៏ត្រូវតាមដានពិនិត្យមុខងារតម្រងនោមជាប្រចាំផងដែរ ព្រោះថាជំងឺទឹកនោមផ្អែមឬជំងឺលើសជាតិស្ករនៅក្នុងឈាមនេះអាចបណ្តាលឲ្យមានផល់ប៉ះពាល់ទៅលើតម្រងនោម ធ្វើឲ្យខូចតម្រងនោម ខ្សោយតម្រងនោម លាងឈាមជាដើម។ លើសពីនោះទៅទៀត អ្នកជំងឺត្រូវតាមដានភ្នែកជាប្រចាំ។ ទោះបីមានរោគសញ្ញា ឬមិនមានរោគសញ្ញាអ្នកជំងឺត្រូវពិនិត្យបាតភ្នែកជាប្រចាំ ព្រោះថាការលើសជាតិស្កររយៈពេលយូរអាចធ្វើឲ្យសរសៃឈាមនៅបាតភ្នែកខូច។ ក្រៅពីនេះអ្នកជំងឺត្រូវពិនិត្យថែទាំជើងពីព្រោះអ្នកជំងឺទឹកនោមផ្អែមងាយនឹងដំបៅជើង ហើយត្រូវការពេលវេលាយូរជាងអ្នកមិនមានជំងឺទឹកនោម ផ្អែមដើម្បីធ្វើឲ្យដំបៅជើងនោះជាសះស្បើយ ដូច្នេះត្រូវតែពិនិត្យជើងជាប្រចាំ។ អ្នកជំងឺ ក៏ត្រូវបញ្ឈប់ជាដាច់ខាតនូវការជក់បារី ពីព្រោះការជក់បារីបន្ថែមពីលើជំងឺទឹកនោមផ្អែម ធ្វើឲ្យសរសៃឈាមងាយនឹងមានបញ្ហាដូចជាកកស្ទះ។ ចុងក្រោយអ្នកជំងឺត្រូវប្រឹក្សាជាប្រចាំជាមួយគ្រូពេទ្យព្រោះថាឱសថដែលទទួលទានត្រូវនៅពេលនេះអាចនឹងមិនត្រូវនៅពេលក្រោយ ហើយគួរចៀសវាងការប្រើប្រាស់ថ្នាំតៗគ្នា។ តើគ្រូពេទ្យគួរធ្វើអ្វីខ្លះដើម្បីបង្កើនការចូលរួមរបស់អ្នកជំងឺក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២? តើអ្នកជំងឺគួរធ្វើបែបណាដែរ? តើគួរមានតួអង្គណាខ្លះទៀតចូលរួមដើម្បីជួយឲ្យការគ្រប់គ្រងជំងឺនេះបានកាន់តែប្រសើរ? ដោយសារជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ ដូច្នេះការថែទាំសុខភាពគឺត្រូវធ្វើជារឿយៗ និងខ្ជាប់ខ្ជួន។ ជំងឺនេះទាមទារឲ្យមានការសហការខ្ពស់ពីវេជ្ជបណ្ឌិត និងអ្នកជំងឺ ក៏ដូចជាក្រុមគ្រួសារផ្ទាល់ដែរ ពីព្រោះវេជ្ជបណ្ឌិតមានកាតព្វកិច្ចណែនាំអប់រំអ្នកជំងឺអំពីវិធីសាស្ត្រនៅក្នុងការថែទាំខ្លួនក៏ដូចជាធ្វើការព្យាបាលដោយប្រើប្រាស់ឱសថ ដោយជ្រើសរើសឱសថណាសមស្របទៅនឹងលក្ខខណ្ឌរបស់អ្នកជំងឺនីមួយៗ។ ជាងនេះទៅទៀត វេជ្ជបណ្ឌិតត្រូវមានកាតព្វកិច្ចក្នុងការផលិតជាឯកសារអប់រំនានាដើម្បីជាប្រយោជន៍ដល់អ្នកជំងឺព្រោះថាអ្នកជំងឺគាត់ត្រូវការឯកសារទាំងអស់នោះជាភាសាជាតិដើម្បីបង្កើនការថែទាំខ្លួនរបស់ពួកគាត់។ ថ្មីៗនេះយើងបានបង្កើតជាកម្មវិធីទូរស័ព្ទ ”Carnet Dia” សម្រាប់អ្នកជំងឺ។ លើសពីនោះទៅទៀត អ្នកជំងឺ និងក្រុមគ្រួសារត្រូវខិតខំស្វែងយល់អំពីវិធីសាស្ត្រនៅក្នុងការថែទាំ ហើយការចូលរួមនេះទៀតសោតតាមរយៈការសិក្សាធំៗនៅប្រទេសជឿនលឿនឃើញថាបើមានការចូលរួមពីក្រុមគ្រួសារនោះអ្នកជំងឺគឺមានការវិវឌ្ឍល្អជាងអ្នកជំងឺតែម្នាក់ឯងតស៊ូជាមួយនឹងជំងឺរ៉ាំរ៉ៃមួយនេះ។ អ្នកជំងឺនិងក្រុមគ្រួសារគួរគប្បីស្គាល់អំពីវិធីសាស្ត្រមួយចំនួននៅក្នុងការថែទាំដូចជាការជោះជាតិស្ករ ត្រូវជោះជាតិស្ករជាប្រចាំហើយយកកំណត់ត្រានេះទៅជូនគ្រូពេទ្យរាល់ពេលដែលមានការណាត់ជួបពិគ្រោះជំងឺ។ អ្នកជំងឺ និងក្រុមគ្រួសារគប្បីយល់ដឹងអំពីវិធីសាស្ត្រនានាក្នុងការថែទាំជើង និងស្វែងយល់អំពីហានិភ័យនានា ឬក៏កត្តាប្រឈមដែលធ្វើឲ្យមានដំបៅជើងជាដើម។ លើសពីនោះទៅទៀត ក្រុមគ្រួសារនិងអ្នកជំងឺត្រូវស្វែងយល់ពីការជួយខ្លួនឯង ក្នុងករណីដែលជាតិស្ករចុះជ្រុល។ តើលោកគ្រូមានចំណាប់អារម្មណ៍បែបណាដែរចំពោះយុទ្ធនាការ "ថ្ងៃដំបូងរបស់ខ្ញុំជាមួយជំងឺទឹកនោមផ្អែម"ដែលផ្តួចផ្តើមដោយក្រុមហ៊ុន Servier? ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះកម្មវិធី My First Day របស់ Servier International នេះ គឺមានសារៈសំខាន់ណាស់ជាប្រភពព័ត៌មានជាក់លាក់ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រសម្រាប់បងប្អូនយើងយកទៅធ្វើការរក្សាទុកនិងធ្វើការសិក្សា ពីព្រោះយើងដឹងហើយថាបច្ចុប្បន្ននេះ តាមរយៈបណ្តាញសង្គមគឺថាសម្បូរទៅដោយព័ត៌មានដែលមិនពិតដែលបំពុលដល់បងប្អូនអ្នកជំងឺក៏ដូចជាក្រុមគ្រួសារ។ My First Day ជាប្រភពនៃការស្វែងយល់ និងជាប្រភពនៃចំណេះដឹងសម្រាប់អ្នកជំងឺដែលធ្វើឡើងដោយបង្កើតជាភាសាជាតិ ពីព្រោះអ្នកជំងឺត្រូវការឯកសារជាភាសាជាតិដើម្បីយកទៅស្វែងយល់។ ហើយការព្យាបាលជំងឺទឹកនោមផ្អែមនេះមិនតម្រូវឲ្យទៅធ្វើការព្យាបាលដល់បរទេសដែលអ្នកជំងឺមិនអាចធ្វើការទំនាក់ទំនងល្អបានដោយការលំបាកខាងភាសាក្តី ពីព្រោះបើខ្វះការស្វែងយល់ ខ្វះការយល់ដឹងគឺការព្យាបាលរបស់អ្នកជំងឺមិនបានដល់គោលដៅនោះទេ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសក្រពេញអ័រម៉ូន និងទឹកនោមផ្អែម សព្វថ្ងៃបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជាគ្រូបង្ហាត់បង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ការមានជំងឺរ៉ាំរ៉ៃនៅក្នុងវ័យណាមួយ សុទ្ធតែមិនអំណោយផលទៅដល់ស្ថានភាពសុខភាពទូទៅនោះទេ។ ចុះចំណែកស្រ្តីដែលស្ថិតក្នុងវ័យត្រៀមអស់រដូវវិញ តើត្រូវរៀបចំការតាមដាន និងគ្រប់គ្រងបែបណា ប្រសិនសព្វថ្ងៃកំពុងប្រឈមទៅនឹងជំងឺទឹកនោមផ្អែមរួចទៅហើយ? សំណួរ៖ ខ្ញុំអាយុ ៥៥ឆ្នាំ ភេទស្រី ទម្ងន់ ៦០គីឡូក្រាម កម្ពស់ ១ម៉ែត្រ៥០ ជាស្រ្តីមេផ្ទះ។ ខ្ញុំមានជំងឺទឹកនោមផ្អែម និងលើសឈាមមកជាង ១០ឆ្នាំមកហើយ។ ខ្ញុំក៏ត្រូវបានឲ្យប្រើប្រាស់ថ្នាំសម្រាប់ជំងឺទាំងពីរជាប្រចាំផងដែរ។ខ្ញុំកំពុងព្រួយបារម្ភថាជំងឺទាំងពីរអាចនឹងធ្វើឲ្យខ្ញុំមានបញ្ហាក្នុងការគ្រប់គ្រងនៅពេលដែលខ្ញុំអស់រដូវ ពីព្រោះបច្ចុប្បន្នខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវផង។ តើខ្ញុំគួរធ្វើយ៉ាងដូចម្តេច? ចម្លើយ៖ ជាធម្មតា ប្រសិនវ័យកាន់តែច្រើន ជាពិសេសស្ថិតក្នុងដំណាក់កាលត្រៀមអស់រដូវផងនោះ បញ្ហាប្រឈមនានានឹងអាចកើតមានឡើង។ ជម្រើសដែលល្អគួរតែអញ្ជើញទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់ នោះគ្រូពេទ្យអាចមានលទ្ធភាពតាមដានរាល់ផលវិបាកផ្សេងៗ ដោយហេតុថាស្ថានភាពជំងឺមានរយៈពេលដល់ទៅ១០ឆ្នាំ ហើយក៏កំពុងស្ថិតក្នុងដំណាក់កាលអស់រដូវទៀតផង។ ម៉្យាងទៀតអ្នកក៏គួរធ្វើការបញ្ចុះទម្ងន់ និងរក្សាលំនឹងជាតិស្ករឲ្យមានស្ថេរភាពផងដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ទូច ឃុនប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ជាមួយប្រសិទ្ធភាពបញ្ឈប់ការលូតលាស់របស់បាក់តេរីនៃឱសថ Levofloxacin ត្រូវបានចាត់ចូលនៅក្នុងក្រុមអង់ទីប៊ីយ៉ូទិក Fluoroquinolone សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលការបង្ករោគពីបាក់តេរីជាច្រើនប្រភេទ ដោយឡែក ឱសថនេះគ្មានប្រសិទ្ធភាពសម្រាប់ការបង្ករោគដោយពពួកវីរុសដូចជា ជំងឺផ្តាសាយធម្មតា ឬគ្រុនផ្តាសាយនោះទេ។ ការប្រើប្រាស់ឱសថ Levofloxacin ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការចម្លងមេរោគពីពពួកបាក់តេរីដែលមាននៅលើ៖ • ស្បែក • ប្រហោងឆ្អឹងច្រមុះ ថ្ពាល់ និងថ្ងាស (Sinuses) • តម្រងនោម • ប្លោកនោម • ក្រពេញប្រូស្តាត • ជំងឺរលាកទងសួត ឬសួត ។ល។ សកម្មភាពរបស់ឱសថ ប្រសិទ្ធភាពសម្លាប់មេរោគរបស់ Levofloxacin ស័ក្តិសមចំពោះបាក់តេរីជាច្រើនប្រភេទ ដែលរួមបញ្ចូលទាំងប្រភេទក្នុងក្រុម Gram-positive និងGram-negative ដោយវាទៅធ្វើការបង្អាក់នូវសកម្មភាពរបស់ DNA gyrase និងTopoisomerase IV របស់បាក់តេរី។ Topoisomerase IV មានតួនាទីក្នុងការបំបែកខ្លួនជាពីររបស់ DNA ចំណែក DNA gyrase រ៉ាប់រងក្នុងការភ្ជាប់គ្នាឡើងវិញនៃខ្សែ DNA របស់បាក់តេរី នោះសកម្មភាពបំបាត់ចោលនៃដំណើរការទាំងពីរនៃឱសថ Levofloxacin បានធ្វើឲ្យការបំបែកខ្លួនរបស់កោសិកាបាក់តេរីមិនអាចប្រព្រឹត្តទៅបាន។ ការស្រូបចូលរបស់ឱសថធ្វើឡើងបានយ៉ាងឆាប់រហ័សជាមួយនឹងកំហាប់ពេញលេញបន្ទាប់ពីការលេបដែលដូចគ្នាទៅនឹងការស្រូបចូលនៃឱសថតាមរយៈការចាក់ ក្នុងរយៈពេលបាន៦០នាទី។ឱសថបានធ្វើការចែកចាយទៅកាន់កោសិការបស់រាងកាយ ដែលកំហាប់បានជ្រាបទៅកាន់ស្បែកក្នុងរយៈពេល៣ម៉ោង បន្ទាប់ពីការលេប ចំណែករយៈពេលនៃការបញ្ចេញចោលពាក់កណ្តាល ធ្វើឡើងបន្ទាប់ពី៦ទៅ៨ម៉ោង តាមរយៈទឹកនោម។ កម្រិត និងរបៀបប្រើប្រាស់ ចំនួនកម្រិត ចន្លោះពេល និងរយៈពេលនៃការប្រើប្រាស់ឱសថ Levofloxacin ត្រូវផ្អែកលើស្ថានភាព និងប្រភេទជំងឺសម្រាប់បុគ្គលម្នាក់ៗ ដែលជាទូទៅ៖ • សម្រាប់មនុស្សពេញវ័យ៖ កម្រិតប្រើប្រាស់ចាប់ពី ២៥០មីលីក្រាម ទៅ ៧៥០ មីលីក្រាមក្នុងមួយថ្ងៃ • សម្រាប់កុមារ៖ ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិត។  គួរប្រើប្រាស់ឱសថឲ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជា និងទៀងទាត់ ទើបរោគសញ្ញាអាចចាប់ផ្តើមធូរស្រាល។ ផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវ ឬមិនគ្រប់ចំនួន អាចបង្កឲ្យជំងឺបែរជាមានភាពស៊ាំទៅនឹងឱសថបាន។ ផលរំខានឱសថ ឱសថអាចបង្កជាផលរំខានទូទៅមួយចំនួនដូចជា ចង្អោរ ទល់លាមក រាក ឈឺក្បាល ឬធីងធោង ជាដើម ហើយម៉្យាងទៀតអ្នកគួរបញ្ឈប់ការប្រើប្រាស់ភ្លាមៗ ប្រសិនសង្កេតឃើញមានរោគសញ្ញា៖ • ឈឺពោះ ឬរាកខ្លាំង • ចង្វាក់បេះដូងញាប់ ដង្ហើមខ្លី • មានសញ្ញាកន្ទួលក្រហមលើស្បែក • ច្របូកច្របល់ រវើរវាយ ឬបាក់ទឹកចិត្ត • ឈឺសាច់ដុំ • មានបញ្ហាចង្វាក់ដង្ហើម • រាងកាយចុះខ្សោយភ្លាមៗ។ អន្តរកម្មឱសថ ឱសថមួយចំនួនអាចទៅបន្ថយប្រសិទ្ធភាពរបស់ Levofloxacin ក្នុងករណីប្រើប្រាស់ក្នុងពេលជាមួយគ្នាដូចជា៖ • ឱសថប្រឆាំងការចេញជាតិអាស៊ីត (Antacids) ដែលមានសារធាតុផ្សំពី ម៉ាញ៉េស្យូម ឬអាលុយមីញ៉ូម ដូចជា Maalox Mylanta ឬ Rolaids • ឱសថ Didanosine (Videx) ក្រោមទម្រង់ជាម្សៅ ឬគ្រាប់ដែលអាចទំពាបាន • ពពួកវីតាមីន ឬថ្នាំបំប៉នដែលមាន អាលុយមីញ៉ូម ដែក ម៉ាញ៉េស្យូម ឬស័ង្កសី ជាសារធាតុផ្សំ។ ក្នុងករណីប្រើប្រាស់ឱសថខាងលើក្នុងពេលជាមួយគ្នា អ្នកគួរលេបឱសថ Levofloxacin ២ ម៉ោងមុន ឬក្រោយ។ គួរបញ្ជាក់ផងដែរ ឱសថ Levofloxacin ដែលអ្នកអាចរកបាននៅលើទីផ្សារអាចមានឈ្មោះដូចជា Leflox ឬLevocin ជាដើម។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

កត្តាតំណពូជបានក្លាយទៅជាការព្រួយបារម្ភរបស់ប្រជាជនលើជំងឺទឹកនោមផ្អែម តួយ៉ាងដូចជាករណីរបស់មិត្តអ្នកអានយើងម្នាក់ដែលមានសមាជិកគ្រួសារកើតជំងឺនេះ។ តើវាពិតជាជំងឺតំណពូជមែនឬទេ? សូមតាមដានទាំងអស់គ្នា៖ សំណួរ៖ នាងខ្ញុំអាយុ ២៣ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៦៥ ទម្ងន់ ៧៥ គីឡូក្រាម ជានិស្សិត។ ឪពុកម្តាយរបស់ខ្ញុំត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែមជាបន្តបន្ទាប់ ហើយខ្ញុំបារម្ភថាខ្ញុំក៏អាចប្រឈមនឹងជំងឺនេះដូចគ្នាផងដែរ ដោយសារខ្ញុំក៏លើសទម្ងន់តាំងពីអាយុជាង១០ឆ្នាំមកម្លេះ។ តើខ្ញុំគួរធ្វើដូចម្តេចដើម្បីចៀសវាងពីការកើតជំងឺនេះ? ចម្លើយ៖ ជំងឺទឹកនោមផ្អែម ឬជំងឺទឹកនោមផ្អែមប្រភេទ ២ អាចជាប់ទាក់ទងនឹងកត្តាដូចជា៖ • កត្តាតំណពូជ (ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម) • លើសទម្ងន់ • របបអាហារមិនល្អ (អាហារដែលមានកាល់ឡូរីខ្ពស់) • មិនសូវធ្វើលំហាត់ប្រាណ • កត្តាអាយុ (វ័យកាន់តែច្រើនប្រឈមកាន់តែខ្ពស់) • អ្នកធ្លាប់មានបញ្ហាលើសសម្ពាធឈាម • អ្នកបម្រុងនឹងឡើងជាតិស្ករ • ស្រ្តីដែលធ្លាប់មានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ តាមស្ថានភាពខាងលើ ប្អូនមានបញ្ហាលើសទម្ងន់ដល់ទៅជាង ២០គីឡូក្រាម និងកត្តាតំណពូជផងដែរ នោះមធ្យោបាយដែលល្អបំផុតគឺ ប្អូនត្រូវព្យាយាមសម្រកទម្ងន់ ពីព្រោះផ្អែកតាមការសិក្សាបានបង្ហាញថា វាអាចកាត់បន្ថយអត្រានៃការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ ២បានខ្ពស់ដោយគ្រាន់តែបញ្ចុះទម្ងន់ប្រហែល ១០%នៃទម្ងន់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ នោះការវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមអាចថយចុះដល់ទៅ ៥៨%។ បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុនប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top