តើស្ថានភាពរបស់ខ្ញុំអាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមទេ?
កត្តាតំណពូជបានក្លាយទៅជាការព្រួយបារម្ភរបស់ប្រជាជនលើជំងឺទឹកនោមផ្អែម តួយ៉ាងដូចជាករណីរបស់មិត្តអ្នកអានយើងម្នាក់ដែលមានសមាជិកគ្រួសារកើតជំងឺនេះ។ តើវាពិតជាជំងឺតំណពូជមែនឬទេ? សូមតាមដានទាំងអស់គ្នា៖
សំណួរ៖ នាងខ្ញុំអាយុ ២៣ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៦៥ ទម្ងន់ ៧៥ គីឡូក្រាម ជានិស្សិត។ ឪពុកម្តាយរបស់ខ្ញុំត្រូវបានរកឃើញថាមានជំងឺទឹកនោមផ្អែមជាបន្តបន្ទាប់ ហើយខ្ញុំបារម្ភថាខ្ញុំក៏អាចប្រឈមនឹងជំងឺនេះដូចគ្នាផងដែរ ដោយសារខ្ញុំក៏លើសទម្ងន់តាំងពីអាយុជាង១០ឆ្នាំមកម្លេះ។ តើខ្ញុំគួរធ្វើដូចម្តេចដើម្បីចៀសវាងពីការកើតជំងឺនេះ?
ចម្លើយ៖ ជំងឺទឹកនោមផ្អែម ឬជំងឺទឹកនោមផ្អែមប្រភេទ ២ អាចជាប់ទាក់ទងនឹងកត្តាដូចជា៖
• កត្តាតំណពូជ (ប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម)
• លើសទម្ងន់
• របបអាហារមិនល្អ (អាហារដែលមានកាល់ឡូរីខ្ពស់)
• មិនសូវធ្វើលំហាត់ប្រាណ
• កត្តាអាយុ (វ័យកាន់តែច្រើនប្រឈមកាន់តែខ្ពស់)
• អ្នកធ្លាប់មានបញ្ហាលើសសម្ពាធឈាម
• អ្នកបម្រុងនឹងឡើងជាតិស្ករ
• ស្រ្តីដែលធ្លាប់មានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។
តាមស្ថានភាពខាងលើ ប្អូនមានបញ្ហាលើសទម្ងន់ដល់ទៅជាង ២០គីឡូក្រាម និងកត្តាតំណពូជផងដែរ នោះមធ្យោបាយដែលល្អបំផុតគឺ ប្អូនត្រូវព្យាយាមសម្រកទម្ងន់ ពីព្រោះផ្អែកតាមការសិក្សាបានបង្ហាញថា វាអាចកាត់បន្ថយអត្រានៃការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ ២បានខ្ពស់ដោយគ្រាន់តែបញ្ចុះទម្ងន់ប្រហែល ១០%នៃទម្ងន់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ នោះការវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមអាចថយចុះដល់ទៅ ៥៨%។
បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ទូច ឃុនប្រធានផ្នែកជំងឺទឹកនោមផ្អែម និងជានាយករងមន្ទីរពេទ្យព្រះកុសុមៈ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ