អ្នកជំងឺទឹកនោមផ្អែមគួរតែស្គាល់ថា អ្វីជាHbA1C?
HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់ គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់នឹងអេម៉ូក្លូប៊ីន ដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។ កាលណាយើងធ្វើតេស្តHbA1C នេះ យើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយ ការវាយតម្លៃកម្រិតជាតិស្ករ ដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះ អាចវាយតម្លៃជាតិស្កររបស់យើង ក្នុងរយៈពេល៣ខែចុងក្រោយ។
តើHbA1Cមានតួនាទីដូចម្តេច?
HbA1Cមានតួនាទីសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ កាលណាHbA1Cធំជាង6.5% គឺអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមហើយ។ លើសពីនេះទៅទៀត HbA1Cមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានប្រសិទ្ធភាពព្យាបាលជំងឺទឹកនោមផ្អែម។ កាលណា HbA1Cកើនឡើងខ្ពស់ អ្នកជំងឺនឹងប្រឈមមុខនឹងផលវិបាកផ្សេងៗដូចជាផលវិបាកលើភ្នែក លើតម្រងនោម លើប្រពន័្ធសសៃវិញ្ញាណ ឬលើសរសៃឈាមបេះដូងជាដើម។ ហេតុនេះហើយ សម្រាប់បងប្អូនប្រជាជនដែលមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវស្គាល់អ្វីដែលជា HbA1C។
តើ HbA1Cត្រូវពិនិត្យនៅពេលណា? ហើយបូមឈាមដាក់ទីបអ្វី?
ដោយសារHbA1Cជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ ដូច្នោះហើយ HbA1Cអាចធ្វើតេស្ដពេលណាក៏បាន មុនបាយក៏បាន ក្រោយបាយក៏បានហើយបូមដាក់ទីប Hemogram។ នៅក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមអ្នកជំងឺគួរគប្បីពិនិត្យ HbA1Cយ៉ាងហោចណាស់ឲ្យបាន១ ឬ២ដងក្នុងមួយឆ្នាំ ហើយពិសេសពិនិត្យHbA1Cរាល់៣ខែម្ដង។
កត្តាអ្វីខ្លះដែលអាចធ្វើឲ្យប្រែប្រួល ឬប៉ះពាល់ដល់សុក្រិតភាពរបស់ HbA1C?
កត្តាខ្លះអាចធ្វើឲ្យតម្លៃHbA1Cទាបជាងកម្រិតធម្មតាដូចជា៖
-ជំងឺខ្វះគ្រាប់ឈាមក្រហម
-ជំងឺThalassemia
-អ្នកដែលបាត់បង់ឈាម
-អ្នកជំងឺដែលទើបតែទទួលការបញ្ចូលឈាម
-ស្រ្តីមានផ្ទៃពោះ
កត្តាមួយចំនួនទៀតដែលអាចធ្វើឲ្យHbA1Cខ្ពស់ជាងតំលៃពិតដូចជា៖
-អ្នកជក់បារី
-អ្នកដែលខ្សោះជាតិទឹកខ្លាំង
-អ្នកជំងឺដែលមានបញ្ហាសួតហើយគ្រាប់ឈាមក្រហមកើនឡើង
-កង្វះអុកស៊ីហ្សែនរ៉ាំរ៉ៃ
ហេតុដូចនេះ ប្រជាពលរដ្ឋដែលមិនទាន់មានជំងឺទឹកនោមផ្អែម ឬមានហើយក្តីគួរតែទៅពិនិត្យរក HbA1Cឲ្យបានទៀងទាត់ ដើម្បីចៀសផុតពីផលលំបាកមួយចំនួនដូចដែលបានរៀបរាប់ខាងលើ។
អត្ថបទនេះរៀបរៀងដោយលោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និងម៉េឌីថិច)
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ