Menu

ផ្លាស់ប្តូរជីវិតរបស់អ្នកតាមរយៈការជិះកង់


ផ្លាស់ប្តូរជីវិតរបស់អ្នកតាមរយៈការជិះកង់

ធ្លាប់តែជិះម៉ូតូ ឬបើកឡានទៅមកពីកន្លែងទៅកន្លែងមួយ ហើយប្រាកដណាស់ គឺមានភាពធុញទ្រាន់ខ្លាំងនឹងភាពកកស្ទះចរាចារណ៍…ក្រលេកមកមើលអ្នកជិះកង់វិញ អារម្មណ៍ប្លែកម្យ៉ាង ត្រង់ថាងាយស្រួលបត់បែន ទៅណាមកណាក៏លឿន ហើយអ្វីដែលពិសេស គឺមិនបាច់អស់លុយថ្លៃសាំងនុះអី…

តាមការពិតទៅ ក្រៅពីហេតុផលខាងលើ និងចំណូលចិត្ត  មានមូលហេតុជាច្រើនដែលនាំឲ្យការជិះកង់ត្រូវបានទទួលការពេញនិយមខ្លាំងបែបនេះ    ហើយជឿជាក់ថា អត្ថបទនេះនឹងអាចធ្វើជម្រុញចិត្តអ្នកឲ្យជ្រើសរើសកង់មួយមកជិះនៅថ្ងៃណាមួយ   ដោយសារវាអាចធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរយ៉ាងច្រើន…

១ ធ្វើឲ្យអ្នកក្មេងជាងមុន
ការជិះកង់ជាប្រចាំអាចប្រឆាំងនឹងភាពជ្រីវជ្រួញរបស់ស្បែក ដោយវាជម្រុញចលនាឈាមរត់ បង្កើនការដឹកជញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកា ស្របពេលដែលសារធាតុពុលក្នុងខ្លួនត្រូវបានបញ្ចេញចោល។ វាក៏បង្កើតជាមជ្ឈដ្ឋានដ៏ប្រសើរសម្រាប់ការផលិតកូឡាជែនដែលជួយឲ្យស្បែកហាប់ណែននិងស្រស់ថ្លា។

២ រាងស្អាត និងសាច់ហាប់ណែន
ការធាក់កង់តម្រូវឲ្យប្រើសាច់ដុំជាច្រើនកន្លែង ដូចជាភ្លៅ  ដើមដៃ  ក្បាលពោះជាដើម ដូច្នេះក្រោយពីការធាក់កង់លេង   លោកអ្នកក៏អាចទទួលនូវរូបរាងរឹងមាំ និងស្រស់ស្អាត។

៣ ជម្រុញសមត្ថភាពខួរក្បាល
ការជិះកង់អាចជម្រុញឲ្យមានការផលិតកោសិកាខួរក្បាលដែលមាននាទីសម្រាប់ការចងចាំ និងជាទូទៅវាខូចខាតចាប់ពីអាយុ៣០ឆ្នាំ។ ការបង្កើនចលនាឈាមរត់   និងផ្តល់អុកស៊ីហ្សែនដល់កោសិកាខួរក្បាល   ធ្វើឲ្យមានការកកើត និងមានសកម្មភាពឡើងវិញនៃប្រព័ន្ធទទួលរបស់សរសៃប្រសាទ។

៤ ជម្រុញសមត្ថភាពធ្វើការ
តាមរយៈការសិក្សាមួយទៅលើបុគ្គលិក២០០នាក់ ដែលជិះកង់   ឬធ្វើលំហាត់ប្រាណមុនមកធ្វើការអាចបង្កើនប្រសិទ្ធភាពការងារ និងគ្រប់គ្រងទំហំនៃការងាររបស់ពួកគេបានយ៉ាងប្រសើរ ហើយថែមទាំងបង្កើនទឹកចិត្តជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងស្រេ្តសបានទៀតផង។

៥ បង្កើនភាពច្នៃប្រឌិត
មិនថាអ្នកជានរណា ភាពច្នៃប្រឌិតជាគន្លឹះមួយនៃការរស់នៅ។ ត្រូវអរគុណដល់ដំណើរនៃការនាំអុកស៊ីហ្សែនទៅកាន់ខួរក្បាលត្រង់ផ្នែកដែលទទួលខុសត្រូវគុណភាពនៃការគិតបែបច្នៃប្រឌិត។

៦ រស់បានកាន់តែយូរ
ការជិះកង់បង្កើនចលនារបត់ឈាមទៅកាន់បេះដូង ធ្វើឲ្យបេះដូងមានដំណើរការល្អ   ការពារបញ្ហាគាំងបេះដូង   ព្រមទាំងពង្រឹងសមត្ថភាពសួតបានទៀតផង។ ក្រៅពីនោះ វាក៏អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម មហារីក ការឡើងសម្ពាធឈាម និងជំងឺលើសទម្ងន់បានទៀតផង។

៧ អ្នកអាចជួយគេបានកាន់តែច្រើន
មានកម្មវិធីប្រមូលមូលនិធិសប្បុរសធម៌ជាច្រើនត្រូវធ្វើឡើងក្រោមរូបភាពជាការជិះកង់ជាក្រុម ដែលមានន័យថាអ្នកមិនត្រឹមតែជិះកង់ដើម្បីខ្លួនឯង តែក៏ដើម្បីអ្នកដទៃ និងពិភពលោកផងដែរ។ 

៨ ជួបមនុស្សថ្មីៗបង្កើតមិត្តភាព
ការជិះកង់ អាចបង្កើនឱកាសក្នុងការស្គាល់មនុស្សថ្មីៗ ធ្វើឲ្យទំនាក់ទំនងសង្គមរបស់អ្នកកាន់តែប្រសើរ ដែលជាលទ្ធផលនៃការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលសម្របសម្រួលអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរ។

ចង់ដឹងពីផលចំណេញនៃការជិះកង់ផ្សេងៗទៀតទេ? មានច្រើនសន្ធឹកទៀត មិនថាសប្បាយចិត្ត សន្សំលុយមិនបាច់ចាក់សាំង មិនបាច់អស់ថ្លៃផ្ញើ   ចោរក៏មិនសូវចង់បាន   ងាយស្រួលជិះ   មិនខ្លាចស្ទះចរាចរណ៍ ត្រជាក់ដោយខ្យល់ធម្មជាតិ អ្វីដែលពិសេសជាងនេះ   មិនបំពុលបរិស្ថាន ជួយផែនដីឲ្យនៅតែស្រស់ស្អាត និងគួរឲ្យចង់រស់នៅថែមទៀតផង…គឺថា…ចំណេញពេកក្រៃហ្មងហា៎…


Share:

Related Articles