Valentine សម្រាប់អ្នកគ្មានគូ
កាលពីអាទិត្យមុនបានណែនាំនូវស្នៀតខ្លះៗសម្រាប់អ្នកមានបំណងសារភាពស្នេហ៍ហើយ បើមានមិត្តអ្នកអានណាមិនទាន់បានអាននោះ អានចូលតាមតំណនេះ ស្នៀតសារភាពស្នេហ៍ដែលមិនទ្រលាន់
លឺពាក្យថាថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬValentine's Day មនុស្សភាគច្រើនប្រហែលជានឹកគិតដល់ពេលវេលាផ្អែមល្អែមរវាងគូស្នេហ៍មិនខាន...តែក៏នៅមានអ្នកដែលមិនទាន់មានចំណងស្នេហាហ្នឹងគេដែរ (ចង់ធីបគេទុកចោលម៉េចបាន)...ថ្ងៃ១៤ កុម្ភៈ គឺសម្រាប់ទាំងអស់គ្នា មិនថាមានគូ ឬគ្មានគូនោះឡើយ...ហេតុនេះ ទើបពួកយើងសូមបង្ហាញនូវសកម្មភាពផ្សេងៗសម្រាប់អ្នកមិនទាន់រកម្ចាស់ចិត្តឃើញ នឹងអាលបានenjoyថ្ងៃពិសេសនេះហ្នឹងគេដែរ...
តាមការពិតទៅ វាជាពេលវេលាដ៏ល្អក្នុងការផ្តល់នូវការចងចាំល្អៗ និងសេចក្តីស្រឡាញ់ដល់ខ្លួនឯង ក៏ដូចជាពេលវេលាដែលអ្នកអាចសិក្សាពីឯករាជ្យភាពរបស់អ្នកថាឈានដល់កម្រិតណាផងដែរ។ អញ្ចឹងសាកសកម្មភាពទាំងនេះហើយនៅ?
1.ទៅកន្លែងផ្តល់ចំណេះដឹង(មិនមែនឌឺទេណា!)
ដូចជាសារមន្ទីរ បណ្ណាល័យ ឬក្លិបសិក្សា បើសិនអ្នកជាមនុស្សចូលចិត្តរៀនសូត្រ ឬរីករាយនឹងការអាន ហើយនេះជាការផ្តល់ឲ្យខ្លួនឯងនូវចំណេះដឹងបន្ថែម ដែលអាចចាត់ទុកថាជាកាដូដ៏ល្អ និងមានប្រយោជន៍សម្រាប់អនាគត។ ដើម្បីឲ្យវាពិសេសបន្តិច អ្នកអាចឆ្លៀតកម្សាន្តខ្លះ ដូចជាថតរូបលេង ឬអានសៀវភៅថ្មីជាដើម។
2.ចូលរួមកម្មវិធីកម្សាន្តពិសេសៗ
សកម្មភាព និងកម្មវិធីកម្សាន្តមួយចំនួនដែលតែងតែធ្វើឡើងនៅថ្ងៃនោះដូចជា កម្មវិធីរត់ប្រណាំងដូចជា Couple Run (អាចរត់ជាមួយមិត្តភក្តិ ឬបងប្អូន) កម្មវិធីប្រគុំតន្ត្រី ឬពិព័រណ៍ជាដើម ដើម្បីកំដរថ្ងៃនេះឲ្យមានន័យ។
3.ដាំដើមឈើ
សកម្មភាពតូចមួយ តែជាការបង្ហាញនូវក្តីស្រឡាញ់ដ៏ធំធេងចំពោះពិភពលោកទាំងមូល ដែលជាចំណែកកាត់បន្ថយគ្រោះធម្មជាតិ និងបង្កើនភាពស្រស់ស្រាយឲ្យពិភពលោកទៀតផង។
4.ដើរទិញឥវ៉ាន់ (មិនមាននរណាជូន ទិញជូនខ្លួនឯង)
នឹកមើលថាតើមានអ្វីដែលអ្នកចង់បាន តែមិនទាន់បានទិញ? នេះជាឱកាសល្អក្នុងការយកលេសទិញឲ្យខ្លួនឯង ដោយមិនបាច់មានអារម្មណ៍មិនល្អលើការចំណាយ។ អ្នកក៏អាចឆ្លៀតទិញកាដូចជូនអ្នកមានគុណគ្រួសារ និងមិត្តជាទីស្រឡាញ់បានផងដែរ ដើម្បីចែករំលែកសេចក្តីសុខទៅគ្នាទៅវិញទៅមក និងបង្កើនភាពស្និទស្នាល។
5.ចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសិលា
វគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសិលាល្អៗមួយចំនួនក៏អាចធ្វើឡើងនៅថ្ងៃនោះផងដែរ។ ដូចនេះ បើវាជាឱកាសអភិវឌ្ឍខ្លួនអ្នក បង្កើនទំនាក់ទំនង និងជាកិច្ចការដ៏មានន័យសម្រាប់ថ្ងៃនោះ ហេតុអ្វីក៏អាចឲ្យវារំលងហួសនោះ?
6.ចែករំលែកក្តីស្រឡាញ់ ចែករំលែកអាយុជីវិត ចូលរួមបរិច្ចាគឈាម
ជាសកម្មភាពដ៏ប្រពៃដែលអ្នកគួរតែធ្វើ បើសិនជាអ្នកអាចធ្វើបាន ព្រោះអ្នកអាចចូលរួមជួយសង្គ្រោះអាយុជីវិតរបស់អ្នកដទៃដែលល្អជាងសាងចេតិយ៧ជាន់ទៅទៀត ហើយជាទូទៅយុទ្ធនាការបរិច្ចាគឈាមក៏ច្រើនធ្វើនៅថ្ងៃនោះ ដែលអ្នកអាចជួបមនុស្សជាច្រើន និងអាចរីករាយជាមួយនឹងសកម្មភាពនានានៅក្នុងកម្មវិធីផងដែរ។
ដូចនេះ ទោះបីអ្នកគ្មានគូ សូម Double Check ទៅលើផែនការនៅថ្ងៃនៃក្តីស្រឡាញ់ម្តងទៀត ដើម្បី make sure ( ប្រាកដ) ថាអ្នកអាចធ្វើឲ្យថ្ងៃពិសេសក្នុងឆ្នាំនេះ ផ្តល់ឲ្យអ្នកនូវអារម្មណ៍ថ្មីខុសពីឆ្នាំមុនៗ ជាមួយនឹងរឿងល្អៗដែលអ្នកមិនធ្លាប់បានធ្វើ...