សិទ្ធិទទួលសេវាសុខភាពដោយគ្មានការរើសអើង
មនុស្សគ្រប់រូបកើតមកមានសេរីភាព ភាពស្មើគ្នា និងមានសិទ្ធិក្នុងការទទួលសេវាថែទាំព្យាបាលដោយមិនមានការប្រកាន់អំពីពូជសាសន៍ សញ្ជាតិ ពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពសង្គម និងនិន្នាការនយោបាយឡើយ។
ជាក់ស្តែង សិទ្ធិទីមួយរបស់អ្នកជំងឺ ឬអតិថិជនក្នុងចំណោមសិទ្ធិទាំង៧នោះគឺ សិទ្ធិស្មើភាព និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាង ដែលការអនុវត្តជារួម មានដូចជា៖
• ការផ្តល់សេវាប្រកបដោយគុណភាពទៅតាមស្តង់ដាជាតិដែលបានកំណត់ដល់អតិថិជន ឬអ្នកជំងឺទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិពណ៌សម្បុរ សាសនា ភាសា អាយុ ភេទ ស្ថានភាពគ្រួសារ ស្ថានភាពសេដ្ឋកិច្ចស្ថានភាពសង្គម និងនិន្នាការនយោបាយ។
• សិទ្ធិអ្នកជំងឺស្តីពីភាពស្មើគ្នា និងសិទ្ធិមិនរើសអើងមានចែងក្នុងក្រសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត
- អ្នកផ្តល់សេវាសុខភាពមានកាតព្វកិច្ចត្រូវគោរពសិទ្ធិនេះពេញមួយអាជីពរបស់ខ្លួន
- ក្រសួងសុខាភិបាល និងមន្រី្តទទួលបន្ទុកមូលដ្ឋានសុខាភិបាល ត្រូវធ្វើឲ្យអ្នកផ្តល់សេវាសុខភាពបានយល់ដឹងនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត។
• ស្របតាមគោលនយោបាយវិមជ្ឈការ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវតែមានតួនាទីក្នុងការពន្យល់ឲ្យបានច្បាស់លាស់អំពីសិទ្ធិអតិថិជនដល់៖
- ប្រជាជនក្រីក្រ
- ជនងាយរងគ្រោះ
- និងផ្តល់ការគាំទ្រនៅពេលណាដែលពួកគាត់ត្រូវការ។
• ការផ្សព្វផ្សាយព័ត៌មានបន្ថែមអាចធ្វើឡើងក្រោមរូបភាព៖
- ការទំនាក់ទំនងអន្តរបុគ្គល
- យុទ្ធនាការអប់រំ
- សម្ភារបោះពុម្ព (ចែកខិត្តប័ណ្ណ ឬផ្ទាំងរូបភាព)
- ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច (វិទ្យុ ទូរទស្សន៍ និងវិបសាយ)។
• អប់រំដល់គ្រូបង្រៀនអាចមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសិទ្ធិអតិថិជនទៅដល់សិស្សានុសិស្ស។
តើការទទួលខុសត្រូវចំពោះសិទ្ធិស្មើភាព និងសិទ្ធិមិនរើសអើងគ្រប់បែបយ៉ាងមានអ្វីខ្លះ?
ការទទួលខុសត្រូវអ្នកជំងឺត្រូវតែសកម្មខ្លួនឯងក្នុងការស្វែងយល់អំពីសិទ្ធិរបស់ខ្លួន ដែលគាត់អាចរកជំនួយបានតាមរយ៖
• គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ឬមន្ទីរពេទ្យ
• ក្រុមទ្រទ្រង់សុខភាពភូមិ
• បុគ្គលិកសុខភាព និងក្រុមប្រឹក្សាឃុំ/សង្កាត់។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ