ក្នុងខែតុលានេះ…អត្ថបទណាខ្លះមានគេចូលអានច្រើនជាងគេ?
ជាមួយនឹងកំណើននៃចំនួនអត្ថបទ ក៏មានកំណើននៃអ្នកចូលអានផងដែរ ដែលភាគច្រើនយើងឃើញថា អត្ថបទសុខភាពនៃបញ្ហាទឹកនោមផ្អែម និងសុខភាពស្រ្តី ជាប្រភេទអត្ថបទដែលមានការចាប់អារម្មណ៍ច្រើនពីសំណាក់មិត្តអ្នកអាន…ក្នុងនោះផងដែរ អត្ថបទជាការចែករំលែកបទពិសោធន៍ក៏នៅតែជាទីចាប់អារម្មណ៍ផងដែរ ជាពិសេសមិត្តៗនិស្សិតពេទ្យ។ ក្នុងចំណោមអត្ថបទជាច្រើន អត្ថបទ៣ដែលមានចំនួនអ្នកចូលអានច្រើនជាងគេរួមមានដូចខាងក្រោម ៖
1. អ្នកជំងឺទឹកនោមផ្អែមគួរតែស្គាល់ថា អ្វីជាHbA1C?
យោងតាមប្រសាសន៍របស់លោក អ៊ត ងីម អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរសូវៀតនិងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និងម៉េឌីថិច បានឲ្យដឹងថា «HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់ គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់នឹងអេម៉ូក្លូប៊ីនដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង»។ ពេលយើងធ្វើតេស្តHbA1Cនេះ យើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយ ការវាយតម្លៃកម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះអាចវាយតម្លៃជាតិស្កររបស់យើង ក្នុងរយៈពេល៣ខែចុងក្រោយ…
2.គាត់ថា«ចង់ស្អាត ត្រូវឆ្លាត» ហើយមិនប្រាកដថារៀនពេទ្យ ដឹងតែមុខចាស់នោះទេ!!!
នរណាៗក៏និយាយដែរថា «រៀនពេទ្យ ដឹងតែមុខចាស់»ហើយ រហូតធ្វើឲ្យសិស្សប្អូនជំនាន់ក្រោយខ្លះ រារែកនឹងសម្រេចចិត្តជ្រើសរើសការសិក្សាផ្នែកនេះដោយសារតែខ្លាចបាក់សម្រស់ដូចពាក្យដែលគេបាននិយាយតៗគ្នានោះ។ យ៉ាងណាមិញ អ្វីដែលគេនិយាយនោះ អាចមិនមែនជាការពិតនោះទេ ព្រោះថាមាននិស្សិតពេទ្យមិនតិចនោះទេដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយរក្សាសម្ផស្សបានស្រស់ស្អាត និងក្មេងសមនឹងអាយុដដែល។ ក្នុងនោះផងដែរ ជាមួយនឹងបទពិសោធន៍ក្នុងការថែទាំនូវសម្ផស្សរបស់ខ្លួនឲ្យនៅស្រស់ស្អាត មិនថាមានកាលវិភាគមមាញឹកយ៉ាងណាក្នុងនាមជានិស្សិតពេទ្យមួយរូប កញ្ញា អ៊ិត ម៉ូលីកា ក៏បានបង្ហើប និងបង្ហាញពីគន្លឹះរបស់គាត់ដែលតែងតែធ្វើជាប្រចាំ និងមានប្រសិទ្ធភាព…
3. ស្ទីម ឬសូណា និងម៉ាស្សា ដែលអ្នកជំងឺទឹកនោមផ្អែម គួរស្វែងយល់
«តើស្ទីម(Steamshower)ឬសូណា(Sauna)អាចជួយអ្នកជំងឺទឹកនោមផ្អែមជំនួសការហាត់ប្រាណបានដែរឬទេ? ព្រោះវាចេញញើស និងចេញជាតិពុលដូចហាត់ប្រាណដែរ» ជាសំណួរដែលត្រូវបានចោទសួរឡើងដោយអ្នកជំងឺជាច្រើនរបស់លោកវេជ្ជបណ្ឌិត នៅ គីមសាន បម្រើការនៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា- កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានបន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជបណ្ឌិត នៅ គីមសាន។ ចម្លើយរបស់លោក គឺថា «ស្ទីម និងសូណា(បន្ទប់តូចមួយ ឬអាគារដែលត្រូវបានរចនាឡើងដោយទទួលនូវកម្តៅស្ងួត(សូណា) ឬសើម(ស្ទីម)អាចមានកម្តៅលើសពី ៨០អង្សារសេ និងអាចមានកន្លែងមួយ ឬច្រើន) មិនអាចជំនួសការហាត់ប្រាណបានទេដោយមានមូលហេតុជាច្រើន»។