មានផលវិបាកពីជំងឺទឹកនោមផ្អែមគួរហាត់ប្រាណរបៀបណា?
ការហាត់ប្រាណត្រូវបានដឹងថាមានប្រយោជន៍ជួយការពារការឈានទៅដល់ការមានផលវិបាកពីជំងឺទឹកនោមផ្អែម។ ប៉ុន្តែសម្រាប់អ្នកកំពុងមានផលវិបាកហើយនោះគួរធ្វើយ៉ាងដូចម្តេច?
ការហាត់ប្រាណបានក្លាយទៅជាផ្នែកដ៏សំខាន់សម្រាប់សុខភាពប្រចាំថ្ងៃរបស់អ្នកជំងឺទឹកនោមផ្អែមទៅហើយ តែការប្រុងប្រយ័ត្នមួយចំនួននៅតែគួរធ្វើឡើង ជាពិសេសប្រសិនបើអ្នកជំងឺកំពុងរងផលវិបាកពីជំងឺទឹកនោមផ្អែម។ គួរបញ្ជាក់ថា ផលវិបាកនៃជំងឺទឹកនោមផ្អែម គឺជាឥទ្ធិពលអាក្រក់រយៈពេលខ្លី និងរយៈពេលវែងដែលកើតឡើងដោយសារជំងឺទឹកនោមផ្អែម ពោលគឺការគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ។ ខាងក្រោមជាផលវិបាកនៃជំងឺទឹកនោមផ្អែមដែលអាចកើតជាញឹកញាប់ជាមួយនឹងការប្រុងប្រយ័ត្នក្នុងការហាត់ប្រាណដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពចំពោះសុខភាព៖
1. ផលវិបាកលើប្រអប់ជើង
ប្រសិនជើងរបស់អ្នកកំពុងមានបញ្ហា អ្នកត្រូវទៅ ពិភាក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការផ្លាស់ប្តូរក្នុងគម្រោងហាត់ប្រាណរបស់អ្នក។ ជាទូទៅលំហាត់ប្រាណដែលសមស្របគឺ លំហាត់ដែលប្រើប្រាស់ដៃ ឬជាលក្ខណៈអង្គុយហាត់ដោយមិនផ្តល់សម្ពាធខ្លាំងដល់ជើង និងគួរចៀសវាងការហែលទឹក។ ដោយសារការហាត់ប្រាណភាគច្រើនត្រូវធ្វើឡើងជាលក្ខណៈឈរ ដូចនេះទោះជាអ្នកពុំទាន់មានបញ្ហាជើណាមួយ ក៏វាសំខាន់ណាស់ក្នុងការធានាថាជើងរបស់អ្នកពុំទទួលរងផលប៉ះពាល់ពីសកម្មភាពណាមួយឡើយតាមរយៈ៖
•ត្រួតពិនិត្យប្រអប់ជើងជាប្រចាំទាំងមុន និងក្រោយហាត់ប្រាណ ដើម្បីរកសញ្ញានៃការប្រេះ ឬការខូចខាតណាមួយនៅលើស្បែកដោយសារសម្ពាធ ឬការប៉ះទង្គិចដោយមិនបានដឹងខ្លួន
•ជួបជាមួយនឹងវេជ្ជបណ្ឌិតដើម្បីទទួលការណែនាំអំពីការថែទាំប្រអប់ជើង
•ជ្រើសរើសស្បែកជើងដែលស័ក្តិសមនឹងសកម្មភាពហាត់ប្រាណ និងជើងអ្នកផ្ទាល់
•ពាក់ស្រោមជើងប្រភេទកប្បាស និងអាចជ្រៀបបាន។
2. ផលវិបាកលើសុខភាពបេះដូង និងសម្ពាធឈាម
អ្នកជំងឺចាំបាច់ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីកំណត់កម្មវិធីហាត់ប្រាណដែលស័ក្តិសមនឹងខ្លួន ជាពិសេសចំពោះអ្នកមានជំងឺទឹកនោមផ្អែមលើសពី ៥ឆ្នាំ ពីព្រោះទឹកនោមផ្អែមជាកត្តប្រឈមដ៏ខ្លាំងក្លានៃជំងឺបេះដូង។ ជាទូទៅអ្នកជំងឺទឹកនោមផ្អែមជាមួយនឹងផលវិបាកលើបេះដូង ឬសម្ពាធឈាម នឹងត្រូវណែនាំឲ្យចៀសវាងសកម្មភាពដែលប្រើប្រាស់កម្លាំង ឬប្រឹងខ្លាំងលើករបស់ធ្ងន់ និងហាត់ក្នុងបរិយាកាសក្តៅ ឬត្រជាក់ខ្លាំង។ ជំនួសមកវិញ អ្នកជំងឺអាចធ្វើការដើរ ពត់ខ្លួន ឬលើករបស់ល្មមៗ ធ្វើការងារផ្ទះស្រាលៗ ធ្វើសួន ឬស្ទួចត្រីជាដើម។
3. ផលវិបាកលើសុខភាពភ្នែក
ប្រសិនបើអ្នកកំពុងមានផលវិបាកលើភ្នែកដោយសារទឹកនោមផ្អែម តែនៅមានគំហើញ អ្នកគួរចៀសវាងសកម្មភាពដែលអាចបង្កើនការប្រឈមនឹងការដាច់ស្រទាប់ និងហូរឈាមបាតភ្នែក ដែលក្នុងនោះរួមមាន កីឡាវាយសី អារ៉ូបិចកម្រិតខ្លាំង រត់ត្រឹកៗ ព្រមទាំងការធ្វើចលនាពេញរាងកាយ ឬសកម្មភាពលឿនៗនៅផ្នែកក្បាជាដើម។ អ្នកក៏ត្រូវចៀសវាងការហាត់ដែលបង្កើនសម្ពាធនៅផ្នែកក្បាផងដែរដូចជាការឱនក្បាលចុះទាបជាងបេះដូង ឬលំហាត់យោគៈមួយចំនួន។
ក្រៅពីនោះ ការលើកវត្ថុធ្ងន់ៗ ព្រមទាំងការហាត់ដែលទាមទារនូវការទប់ដង្ហើមក៏អាចជាមូលហេតុនៃការហូរឈាមនៅបាតភ្នែកផងដែរ។ ផ្ទុយទៅវិញ អ្នកអាចជ្រើសរើសការហាត់បែបជិះកង់កម្រិតល្មម ដើរធម្មតា ឬដើរនៅក្នុងអាងទឹកជាដើម។
4. ផលវិបាកលើសរសៃប្រសាទជាយ
ការខូចខាតលើសរសៃប្រសាទជាយៗ អាចឲ្យអ្នកជំងឺមានអាការៈស្កៀប ឈឺចាប់ខូចទ្រង់ទ្រាយឬក៏បាត់បង់អារម្មណ៍ដឹងនៅនឹងសរីរាង្គចុងៗដូចជាមេជើង ប្រអប់ជើង និងម្រាមដៃ ដែលជាមូលហេតុនៃការបាត់បង់លំនឹងរាងកាយ បង្កើនឱកាសក្នុងការដួល និងពិបាកដើរ។ ក្នុងករណីនេះ លំហាត់ប្រាណដែលគួរចៀសវាងគឺសកម្ម-ភាពដែលទាមទារការរក្សាលំនឹងច្រើនដូចជាការដើរ រត់ត្រឹកៗរយៈពេលយូរ ការលោតហក់ជាដើម ជាពិសេសពេលជើងកំពុងមានដំបៅ ឬរបួស។ឯជម្រើសល្អគឺ ការធាក់កង់នៅមួយកន្លែង ការហាត់បែបអង្គុយ និងការហែលទឹកនៅកន្លែងដែលមានសីតុណ្ហភាពសមស្រប។ ដោយសារផលវិបាកនេះអាចធ្វើឲ្យអ្នកជំងឺមិនសូវដឹងអារម្មនៅនឹងជើង ដូចនេះ ការត្រួតពិនិត្យជើងឲ្យបានទៀងទាត់គឺជាការចាំបាច់មួយផងដែរ។
5. ផលវិបាកលើតម្រងនោម
ការខូចខាតតម្រងនោម អាចនឹងឈានទៅដល់ការបិទទាំងស្រុងនៃផ្លូវច្រោះតាមតម្រងនោមដែលជាសភាពធ្ងន់ធ្ងររហូតទាមទារឲ្យមានការលាងឈាម។ បញ្ហានេះ ជាមូលហេតុដែលធ្វើឲ្យសមត្ថភាពក្នុងការធ្វើលំហាត់ប្រាណថយចុះដោយសារតែកាកសំណល់ដែប្រមូលផ្តុំក្នុងរាងកាយ។
ដូចនេះ ជម្រើសដែលល្អគឺការហាត់ប្រាណងាយៗ ក្នុងកម្រិតស្រាលទៅមធ្យមជាប្រចាំ ដោយការដើរ ធ្វើការងារផ្ទះស្រាលៗ ធ្វើសួន ឬហាត់ប្រាណ នៅក្នុងទឹកជាដើម។ គួររំលឹកថា ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ជាង 2500 mg/dl និងមានវត្តមាននៃ ketone គួរផ្អាកធ្វើការហាត់ប្រាណសិន។ ដូចនេះអ្នកជំងឺតម្រូវឲ្យធ្វើការត្រួតពិនិត្យឈាមជានិច្ចទាំងមុន និងក្រោយពេលហាត់ប្រាណ។
ជំងឺទឹកនោមផ្អែម ព្រមទាំងផលវិបាករបស់វាមួយចំនួន ពិតជាអាចធ្វើឲ្យការហាត់ប្រាណរបស់អ្នកមានកម្រិត តែមិនមានន័យថាអ្នកត្រូវចៀសវាងការហាត់ប្រាណទាំងស្រុងឡើយ។ ផ្ទុយទៅវិញនៅដំណាក់កាលនេះការហាត់ប្រាណរឹតតែមានសារសំខាន់សម្រាប់គ្រប់គ្រងសុខភាព និងការវិវឌ្ឍនៃជំងឺ។ អ្នកគ្រាន់តែត្រូវចងចាំថា អ្នកគួរពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នកជានិច្ចសម្រាប់គម្រោងការហាត់ប្រាណដែលសមស្របនឹងស្ថានភាពរបស់អ្នកផ្ទាល់មិនថាជាបញ្ហាខាងលើ ឬបញ្ហាសុខភាពផ្សេងៗទៀតនោះឡើយ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ