ជំងឺទឹកនោមផ្អែម & ទឹកនោមប្រៃ អាចកើតដំណាលគ្នាបានទេ?
«តើមនុស្សម្នាក់ក្នុងពេលតែមួយ អាចកើតជំងឺទឹកនោមផ្អែមផង ជំងឺទឹកនោមប្រៃផងដែរឬទេ?» ជាសំណួរ ក៏ដូចជាចម្ងល់ដែលត្រូវបានចោទឡើងដោយប្រជាជនជាច្រើន...
វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺម្យ៉ាងដែលជាតិស្ករអ្នកជំងឺកើនឡើងនៅក្នុងឈាមលើសពីធម្មតា។ ជួនកាល នៅពេលដែលចំនួនជាតិស្ករនៅក្នុងឈាម ក្នុងទឹកនោមអ្នកជំងឺក៏មានជាតិស្ករដែរ។ រីឯជំងឺទឹកនោមប្រៃ គឺជាជំងឺម្យ៉ាងដែលនៅក្នុងទឹកនោមអ្នកជំងឺមានជាតិសាច់ (Protein ប្រូតេអ៊ីន)។ តាមធម្មតា នៅក្នុងទឹកនោមមិនមានជាតិសាច់ទេ ទឹកនោមប្រៃនៅក្នុងន័យនេះ មិនសំដៅលើរសជាតិប្រៃរបស់ទឹកនោមទេ។»
លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលគាត់កើតជំងឺនេះ រយៈពេលយូរ ឬព្យាបាលមិនបានត្រឹមត្រូវ ពេលនោះអាចលេចចេញនូវផលលំបាកទៅលើតម្រងនោម។ ផលវិបាកនៅលើតម្រងនោមនោះ គឺទឹកនោមប្រៃនេះឯង។ ជំងឺទឹកនោមផ្អែម គឺជាមូលហេតុទីមួយដែលធ្វើឲ្យយើងកើតទឹកនោមប្រៃ អាចមានមូលហេតុដទៃទៀតដែលធ្វើឲ្យកើត ទឹកនោមប្រៃដូចជា៖
•លើសឈាម
•រលាកតម្រងនោមរ៉ាំរ៉ៃ
•គីសតម្រងនោម (Cystic kidney)។
ការសិក្សាថ្មីៗនេះនៅប្រទេសកម្ពុជារកឃើញថា ប្រមាណពាក់កណ្តាលនៃជំងឺទឹកនោមផ្អែមមានផលវិបាកតម្រងនោម។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលដំបូង អ្នកជំងឺទឹកនោមផ្អែមដែលចាប់ផ្តើមមានទឹកនោមប្រៃ គឺមិនមានរោគសញ្ញាអ្វីទាំងអស់ មានតែការពិនិត្យទឹកនោម និងពិនិត្យឈាមទេ ទើបអាចវាយតម្លៃកម្រិតទឹកនោមប្រៃ និងមុខងារតម្រងនោមបាន។
ចំណែកឯនៅក្នុងដំណាក់កាលបន្ទាប់ អ្នកជំងឺអាចមានអាការៈស្លេក ហើម ហត់ ក្អួត នោមតិច ឡើងឈាម។ល។ឯដំណាក់កាលចុងក្រោយ គឺលាងឈាម។
អ្នកជំងឺទឹកនោមផ្អែមគួរពិនិត្យរកទឹកនោមប្រៃ និងមុខងារតម្រងនោមតើនៅពេលណា?
•អ្នកជំងឺគួរគប្បីពិនិត្យឈាមរៀងរាល់ឆ្នាំ (BUN, Creatinine, Creatine clearance)
•អ្នកជំងឺគួរគប្បីពិនិត្យទឹកនោមរៀងរាល់ឆ្នាំ (Microalbuminuria, Proteinuria)។
តើអ្នកជំងឺទឹកនោមផ្អែមមានរបៀបការពារតម្រងនោមរបស់ខ្លួនដូចម្តេចខ្លះ?
•ត្រួតពិនិត្យកម្រិតជាតិស្ករឲ្យបានល្អ
•ត្រួតពិនិត្យសម្ពាធឈាមឲ្យបានល្អ
•បញ្ឈប់ការជក់បារី
•កាត់បន្ថយការបរិភោគជាតិខ្លាញ់។
អ្នកជំងឺខ្សោយតម្រងនោម និងទឹកនោមប្រៃក្នុងដំណាក់កាលដំបូង គួរទទួលទានអាហារូបត្ថម្ភអ្វីខ្លះ?
•កាត់បន្ថយចំនួនប្រូតេអុីន (Proteine) ដែលអ្នកបរិភោគ
•កាត់បន្ថយចំនួនផូស្វ័រ
•កាត់បន្ថយចំនួនអំបិលក្នុងចំណីអាហារ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូននៃមន្ទីរពេទ្យកាល់ម៉ែត
ប្រភព ៖ ទំព័រហ្វេសប៊ុកផ្លូវការ មន្ទីរពេទ្យ កាល់ម៉ែត
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ