ជំងឺមុខក្រហម មានទាំងប្រភេទងាយ និងពិបាកព្យាបាល...
ជំងឺមុខក្រហម គឺជាជំងឺរលាកសើស្បែកម្យ៉ាងដែលស្បែកមុខឡើងក្រហមចំណុចកន្ទួលក្រហម និងកន្ទួលក្រហមមានខ្ទុះ និងមានឃើញនូវសរសៃឈាមតូចឆ្មារៗលើមុខជាពិសេសលើថ្ពាល់ ថ្ងាស ច្រមុះ ចង្កា ករណីខ្លះអាចមានលើសែ្បកក្បាល ត្រចៀកកនិងផ្នែកខាងលើនៃដងខ្លួន។ ជំងឺនេះអាចច្រឡំនឹងជំងឺមុនជំងឺប្រតិកម្មអាលែ្លកហ្ស៊ីស្បែកឬជំងឺស្បែកផ្សេងៗ ទៀត។ ជំងឺមុខក្រហមកើតលើអាយុចន្លោះពី៣០ឆ្នាំទៅ៥០ឆ្នាំភាគច្រើនកើតលើស្រ្តីជាងបុរសតែបើកើតលើបុរសជាទូទៅមានដុំពករលាក និងការរីកប៉ោងធំនៃក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។
មូលហេតុ
មូលហេតុនៃការរកឃើញនេះមិនត្រូវបានគេដឹងនោះទេប៉ុន្តែវាអាចដោយសារតែការរួមបញ្ចូលគ្នានៃកត្តាតំណពូជ និងបរិស្ថាន។កត្តាមួយចំនួនអាចបង្កឬធ្វើឲ្យជំងឺមុខក្រហមធ្ងន់ធ្ងរដោយការបង្កើនលំហូរឈាមទៅលើផ្ទៃនៃស្បែករបស់ អ្នក។
កត្តាមួយចំនួននេះរួមមាន៖
• ភេសជ្ជៈក្តៅ និងហឹរ
• ជាតិអាល់កុល
• សីតុណ្ហភាពត្រជាក់ ឬក្តៅខ្លាំង
• ពន្លឺព្រះអាទិត្យ ឬខ្យល់
• ការរំជួលអារម្មណ៍
• ថ្នាំដែលពង្រីកសរសៃឈាម រួមទាំងថ្នាំសម្ពាធឈាមមួយចំនួន
• ការលាបថ្នាំ ឬគ្រឿងសម្អាងដែលមានជាតិគ័រទីកូអ៊ីតរយៈពេលយូរ ក្នុងហេតុផលព្យាបាលជំងឺឬកែសម្ផស្ស ឬមួយការចាក់ឬលេបថ្នាំជាតិសេ្តរ៉យ(Steroid) ម្តងហើយម្តងទៀត។
សញ្ញា និងរោគសញ្ញា
ដោយសារជំងឺមុខក្រហមមានសញ្ញានិងរោគសញ្ញាជាច្រើនអ្នកវិទ្យាសាស្ត្របានកំណត់ជំងឺមុខក្រហមជាបួនប្រភេទ។
១ ប្រភេទErythematotelangiectatic Rosacea ៖
មានការរលាកក្រហមនៃស្បែកជាប្រចាំរួមជាមួយការកើតឡើងនូវសរសៃឈាមតូចឆ្មារៗលើស្បែក។
២ ប្រភេទPapulopustular Rosacea ៖
មានកន្ទួលពងៗ ឬខ្ទុះត្រង់គល់រោម តែគ្មានគ្រាប់-មុនដូចជំងឺមុនទេ។
៣ ប្រភេទPhymatous Rosacea ៖
ជាទូទៅមានដុំពករលាក និងការរីកប៉ោងធំក្រពេញខ្លាញ់នៃស្បែកនាំឲ្យច្រមុះរីកធំ(Rhinophyma)។
៤ Ocular Rosacea ៖
ភ្នែក និងត្របកភ្នែក ក្រហម ស្ងួតរោលជួនកាលរមាស់ រលាក និងមានអារម្មណ៍ថាមានអ្វីមួយក្នុងភ្នែក។
រោគវិនិច្ឆ័យ(គ្លីនិក)
-ផ្អែកលើសញ្ញាគ្លីនិក និងប្រវត្តិជំងឺ៖ កន្លែងស្បែកមានបញ្ហាកាន់តែធ្ងន់នៅពេលរងពន្លឺថ្ងៃ ពេលញុាំកាហ្វេ ស្រា និង គ្រឿងហឹរ។
ការព្យាបាល
-ត្រូវការពារមុខពីពន្លឺថ្ងៃដូចជាពាក់មួកការពារ ឬប្រើឆ័ត្រពេលប៉ះនឹងកំដៅថ្ងៃ ឬ ប្រើប្រាស់ក្រែមការពារកំដៅថ្ងៃ
-ចៀសវាងហូបកាហេ្វក្តៅ ស្រា គ្រឿងហឹរ
-ចៀសវាងប្រើថ្នាំមានជាតិសេ្តរ៉យ(Steroid) ដោយគ្មានការណែនាំពីគ្រូពេទ្យ
-ប្រើឱសថប្រភេទលាប និងលេប។
ចំពោះប្រភេទជំងឺមុខក្រហម ដែលពិបាកព្យាបាលអាចព្យាបាលដោយវិធីវះកាត់ឬដោយប្រើម៉ាស៊ីនឡេសែ។ ក្នុងករណីចាំបាច់គួរទៅទទួលសេវាពិគ្រោះ និងព្យាបាលជំងឺពីគ្រូពេទ្យជំនាញឬមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផ្នែកជំងឺសើស្បែកផ្ទាល់ ដើម្បីទទួលបាននូវការព្យាបាលដ៏សមស្រប និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្រ្តទំនើបទាន់សម័យ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស វេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក និងកាមរោគ និងជានាយផ្នែករងជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ