យល់ដឹង ដើម្បីរើសការងារ និងបុគ្គលិកដូចចិត្តប្រាថ្នា
សព្វថ្ងៃនេះ បើនិយាយពីការស្វែងរកការងារធ្វើ គេតែងនឹកដល់គេហទំព័រដែលអ្នកស្វែងរកការងារអាចបង្ហោះជីវប្រវត្តិសង្ខេប និងស្វែងរកការងារដែលគេប្រាថ្នា ខណៈពេលដែលក្រុមហ៊ុនអាចបង្ហាញពីឱកាសការងារផ្សេងៗរបស់ខ្លួន។
ក្នុងនោះ Everjobs Cambodia ជាគេហទំព័រមួយដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកដែលមានទេពកោសល្យជាមួយនឹងការងារដែលស័ក្តិសមសម្រាប់ពួកគេ ព្រមទាំងផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាន់ក្រោយឲ្យត្រៀមខ្លួនរួចជាស្រេចក្នុងការចូលបម្រើការតាមវិជ្ជាជីវៈរបស់ខ្លួន តាមរយៈការយល់ច្បាស់ពីទីផ្សារការងារ និងជំនាញ។
ក្នុងឱកាសជួបផ្ទាល់ជាមួយនឹងប្រធានផ្នែកអភិវឌ្ឍអាជីវកម្មរបស់ Everjobs Cambodia គឺ Alexandra Luchykក្រុមការងាររបស់យើងខ្ញុំក៏បានសាកសួរពីចំណុចរសើបខ្លះៗក្នុងផ្នែកនេះ។ ចង់ដឹងថាយ៉ាងណាខ្លះ តាមដានជាមួយគ្នា...
ដំបូង យើងក្រលេកទៅមើលទីផ្សារការងារ និងជំនាញដែលត្រូវប៉ាន់ជាមុនសិន...
•ការងារទាំង៥ផ្នែក ដែលក្រុមហ៊ុនត្រូវការ
១. គណនេយ្យ ឬហិរញ្ញវត្ថុ
២. ផ្នែកការលក់
៣. បដិសណ្ឋារកិច្ច
៤. គ្រប់គ្រង
៥. ទីផ្សារ
•ការងារទាំង៥ ដែលបេក្ខភាពច្រើនស្វែងរក
១. ព័ត៌មានវិទ្យា
២. គ្រូបង្រៀន
៣. ធនធានមនុស្ស
៤. អ្នកគ្រប់គ្រង
៥. អ្នកបើកបរ
ចំណាំ ៖ ទិន្នន័យខាងលើដកស្រង់ពី Online Career Report Cambodia គិតត្រឹមត្រីមាសទី 3 នៃឆ្នាំ 2016
ចុះសម្រាប់ឆ្នាំ២០១៧វិញ តើEverjobs អាចទស្សន៍ទាយបានទេថា ការងារផ្នែកណានឹងមានតម្រូវការខ្លាំង?
«ព័ត៌មានវិទ្យា និងធនាគារ»
ជំនាញធំ៣ដែលក្រុមហ៊ុនចង់បានពីបេក្ខភាព
១. ភាសាអង់គ្លេស ៖ ជាភាសាដែលកំពុងត្រូវបានប្រើប្រាស់នៅទូទាំងពិភពលោក ហើយវាក៏មិនត្រឹមតែជាតម្រូវការរបស់ក្រុមហ៊ុនអន្តរជាតិទេ គឺ ក្រុមហ៊ុនក្នុងស្រុកភាគច្រើនក៏ត្រូវការវាដូចគ្នាដែរ។
២. ការទំនាក់ទំនង ៖ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាពជាតម្រូវការដ៏ចាំបាច់សម្រាប់សម្រេចឲ្យបាននូវការងារគ្រប់ប្រភេទ ។
៣. ជំនាញទន់ ៖ ជំនាញសង្គម ជំនាញគ្រប់គ្រង ការធ្វើការងារជាក្រុមជាដើម។
ជំនាញ៣ខាងក្រោមក៏ជាអ្វីដែលក្រុមហ៊ុននានាប្រាថ្នាដែរ
•ជំនាញស្នូល៖ ហៅម្យ៉ាងទៀតថាជា«ជំនាញរឹង» ដែលអាចរៀនសូត្រ និងហ្វឹកហាត់បាននៅតាមសាលា ក៏ដូចជាមជ្ឈមណ្ឌលអប់រំនានា
•ជំនាញអម ៖ ប្រៀបបានដូចជាឧបករណ៍ដ៏សំខាន់ ដែលត្រូវបានប្រើប្រាស់ក្នុងការងារអាស្រ័យ
ទៅតាមប្រភេទការងារផ្សេងៗគ្នា ដូចជា ជំនាញប្រើប្រាស់កម្មវិធីរចនាសម្រាប់អ្នកឌីហ្សាញ ជំនាញកាត់តសម្រាប់អ្នកថតរូប ។ល។
•ជំនាញទន់ ៖ ជំនាញសង្គមជាច្រើនសុទ្ធតែមានសារសំខាន់សម្រាប់ការប្រឈម និងដោះស្រាយបញ្ហានានាមិនថានៅខាងក្នុង ឬក្រៅក្រុមហ៊ុននោះទេ។
ដល់វគ្គគន្លឹះដែលបេក្ខភាពស្វែងរកការងារមិនគួរមើលរំលងម្តង…
ជំនាញដែលជាចំណុចខ្វះខាតរបស់បេក្ខភាពស្វែងរកការងារ
•អវត្តមាននៃវគ្គសិក្សាផ្នែកភស្ដុភារ(Logistics)នៅប្រទេសកម្ពុជា
•មិនទាន់មានវគ្គបណ្តុះបណ្តាលគ្រប់គ្រាន់ទៅលើជំនាញផ្នែកលក់ប្រកបដោយប្រសិទ្ធភាព
គន្លឹះដែលគួរប្រតិបត្តិ
•ចំណាយថវិកា និងការប្តេជ្ញាចិត្តទៅលើការសិក្សាពីវគ្គបណ្តុះបណ្តាល និង សាស្រ្តាចារ្យជំនាញ ក៏ដូចជារៀមច្បងដែលមានបទពិសោធន៍
•វិនិយោគពេលវេលាខ្លះទៅលើការអានសៀវភៅ ឬឯកសារផ្សេងៗដែលសព្វថ្ងៃមានយ៉ាងទូលំទូលាយក្នុងប្រព័ន្ធអ៊ីនធឺណែត ដើម្បីធ្វើការអភិវឌ្ឍខ្លួន
•(សម្រាប់អ្នកមិនទាន់មានបទពិសោធន៍) ទាញយកអត្ថប្រយោន៍ពីវគ្គបណ្តុះបណ្តាលដែលត្រូវបានផ្តល់ឲ្យ ឬរៀបចំឡើងពីស្ថាប័នការងារ។
អ្វីដែលមិនអាចខ្វះបាន ប្រសិនបើចង់បានការងារដែលខ្លួនប្រាថ្នា
ការរៀបចំជីវប្រវត្តិសង្ខេប៖ មុននឹងមានឱកាសបង្ហាញខ្លួន អ្នកក៏ត្រូវបង្ហាញក្រដាសប៉ុន្មានសន្លឹកនេះទៅមុន ហេតុនេះហើយ ចាំបាច់ណាស់ត្រូវមានការរៀបចំឲ្យបានរៀបរយដោយរួមបញ្ចូលនូវលក្ខណៈខាងក្រោម៖
•មានបែបបទ និងសណ្ឋានត្រឹមត្រូវ ព្រមទាំងទាក់ទាញ ៖ ប្រវែង ឬចំនួនសន្លឹកមិនសំខាន់នោះទេ ប៉ុន្តែ ប្លង់ និងទម្រង់បែបបទទើបសំខាន់ ព្រោះថាវាជាអ្វីដែលគេនឹងក្រឡេកឃើញដំបូងគេបង្អស់។
•សង្ខេប តែគ្រប់គ្រាន់ ៖ មិនគួរដាក់ពត៌មានមិនចាំបាច់ច្រើនពេកទេ សំខាន់ត្រូវប្រាកដថា ដាក់តែព័ត៌មានណាដែលពាក់ព័ន្ធនឹងការងារដែលខ្លួនកំពុងស្នើសុំទៅបានហើយ។
•បទពិសោធន៍ការងារពាក់ព័ន្ធ៖ មិនគួរដាក់បង្ហាញរាល់គ្រប់ការងារទាំងអស់ដែលអ្នកធ្លាប់បានធ្វើទាំងអស់នោះទេ។
•(អ្នកមិនមានបទពិសោធន៍ការងារ) ៖ គួរតែឆ្លៀតបង្ហាញពីបទពិសោធន៍ផ្សេងៗដែលខ្លួនមានដូចជា ការធ្វើការងារស្ម័គ្រចិត្ត ការធ្វើគម្រោង ភាពជាអ្នកដឹកនាំ សមិទ្ធផលសិក្សា ឬស្នាដៃនានា ដើម្បីយ៉ាងហោចណាស់ក៏អាចបង្ហាញពីឆន្ទៈរបស់អ្នកក្នុងការរៀនពីអ្វីដែលថ្មី។
ការស្រង់យកបទពិសោធន៍ ៖មានបេក្ខភាពមិនតិចទេ ដែលនឹងប្រកួតប្រជែងនឹងអ្នក ប្រសិនបើចង់ឲ្យខ្លួនឯងមានភាពលេចធ្លោ អ្នកគួរតែមានអ្វីដែលប្លែក និងលើសពីគេ។ គួរតែទទួលយកការហ្វឹកហាត់ និងបណ្តុះបណ្តាលក្នុងកម្មវិធីភាពជាអ្នកដឹកនាំ ឬការចុះកម្មសិក្សារបស់សាលា ក៏ដូចជាអង្គភាពនានា ដើម្បីបន្ស៉ាំខ្លួនឯង ទៅក្នុងបរិយាកាសការងារពិតពិត នឹងអាចត្រៀមខ្លួន
បានច្រើន។
បែរមកខាងស្ថាប័នដែលត្រូវការរើសបុគ្គលិកវិញ…
អ្វីដែលមិនអាចខ្វះបាន ប្រសិនបើចង់បានបេក្ខភាពដែលខ្លួនប្រាថ្នានៅលើសេចក្តីប្រកាសរើសបុគ្គលិក៖
•បរិយាយពីការងារឲ្យបានពេញលេញ ដោយផ្តល់ពត៌មានទាក់ទងនឹង តួនាទី ការទទួលខុសត្រូវ និងតម្រូវការការងារ
•បង្ហាញពីសក្តានុពល ក៏ដូចជាចំណុចខ្លាំងរបស់ក្រុមហ៊ុន
•បង្ហាញពីចន្លោះនៃកម្រិតប្រាក់បៀវត្ស ការលើកទឹកចិត្តដល់បេក្ខភាព
•ផ្តល់ប្រាក់បៀវត្សសមរម្យ
•បញ្ជាក់ពីការតម្លើងប្រាក់បៀវត្សទៅតាមស្នាដៃ និងប្រសិទ្ធភាពនៃការងារ
•ផ្តល់ឱកាសអភិវឌ្ឍអាជីព ដោយផ្តល់នូវអារម្មណ៍មួយថាបុគ្គលិកនឹងអាចរៀន ព្រមទាំងអភិវឌ្ឍខ្លួនឯងតាមរយៈការជ្រោមជ្រែងពីស្ថាប័នការងាររបស់ខ្លួន
សារសម្រាប់មិត្តអ្នកអាន ៖
សម្រាប់អ្នកដែលកំពុងធ្វើការ ធ្វើយ៉ាងណាឲ្យខ្លួនឯងមានអារម្មណ៍ថាមានផាសុកភាពនៅពេលធ្វើការ
និងត្រៀមខ្លួនជានិច្ច ដើម្បីលូតលាស់ ក៏ដូចជារៀនអ្វីដែលថ្មី ដើម្បីបង្កើនតម្លៃរបស់ខ្លួនឯងផ្ទាល់សម្រាប់
ទាំងមុខតំណែងបច្ចុប្បន្ន និងអនាគត។ សម្រាប់សហគ្រិនវ័យក្មេងក៏ដូចអនាគតសហគ្រិន មិនគួរ
ខ្លាចនឹងការចាប់ផ្តើមធ្វើអ្វីដែលថ្មីទេ ហើយត្រូវចាំថា«អ្នកមិនអាចដឹង ដរាបណាអ្នកចាប់ផ្តើមបោះជំហានលើកដំបូង»។