ចង់ដឹងទេថា មុនក្បាលខ្មៅកើតឡើងដោយសារអ្វី?
មុនក្បាលខ្មៅ គឺជាសត្រូវលេខ១ដែលញាំញីនៅលើផ្ទៃមុខរបស់យើងជាពិសេសគឺកើតនៅវ័យជំទង់នេះតែម្ដង។ តើធ្លាប់ដឹងទេថាហេតុអ្វីបានជាកើតមានជំងឺនេះ? សូមងាកមកស្ដាប់ប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ឈិត គន្ធី អ្នកឯកទេសជំងឺសើស្បែកនៃកាដាវគ្លីនិកសើស្បែក និងឡេសឺរធ្វើការរៀបរាប់យ៉ាងក្បោះក្បាយ ទាក់ទិននឹងជំងឺមុនក្បាលខ្មៅនេះជាមួយ និងបទពិសោធន៍ក្នុងការសិក្សានៅតាមបណ្ដាប្រទេសមួយចំនួនស្ដីពីការថែទាំសុខភាពស្បែក និងការប្រើប្រាស់ឡេសឺរ។
ការយល់ដឹងពីប្រភេទនៃមុន
មុនជាទូទៅ ត្រូវបានចែកចេញជា២ក្រុម គឺមុនដែលមានការរលាក និងគ្មានការរលាក។ មុនដែលមានការរលាកមានន័យថាមុខរបស់អ្នកជំងឺឡើងក្រហម មានអាការៈឈឺហើយមើលទៅមានកំណកខ្ទុះ ពណ៌លឿងនៅផ្នែកខាងលើនៃមុន ដែលមានប្រភេទដូចជា Acne Vulgaris, Acne Rosacea, Acne Conglobata និង Acne Fulminans ។
រីឯមុនគ្មានការរលាកមានន័យថាមុខរបស់អ្នកជំងឺមិនមានការក្រហម ឈឺ ឬខ្ទុះអ្វីនោះទេ គ្រាន់តែមើលឃើញសភាពជាមុនកប់ មុនក្បាលខ្មៅ ឬមុនខ្សាច់ធម្មតា។
ប្រភេទដែលគួរឲ្យព្រួយបារម្ភជាងគេក្នុងចំណោមប្រភេទមុនដែលមានការរលាក គឺប្រភេទ Acne Conglobata និងប្រភេទ Acne Fulminans ដែលមុនប្រភេទនេះត្រូវបានគេហៅថា«Sever cystic acne» ដោយសារតែឈឺខ្លាំង និងមានលក្ខណៈជាខ្ទុះ នៅពេលជាសះស្បើយវា
បន្សល់ទុកស្លាកស្នាមជាផ្លែដែលធ្វើឲ្យអ្នកជំងឺមានការព្រួយបារម្ភនៅថ្ងៃក្រោយ។
អ្វីទៅជាមុនក្បាលខ្មៅ?
មុនក្បាលខ្មៅ ជាបញ្ហាស្បែកមួយប្រភេទដែលជាទូទៅកើតឡើងដោយសារតែមានវិបត្តិទៅលើក្រពេញប្រេងហើយវិបត្តិនេះមានន័យថាជាការស្ទះនៃក្រពេញប្រេងដែលបណ្ដាលឲ្យមានកន្ទួលនៅលើមុខស្ដែងចេញជាមុនក្បាលខ្មៅ ឬមុនខ្សាច់។ ភាគច្រើនយើងឃើញវាកើតមានឡើងនៅកៀនច្រមុះ នៅតាមចង្កា នៅលើថ្ពាល់ ឬក៏លើថ្ងាស។
ជាទូទៅ មុនក្បាលខ្មៅកើតទៅលើមនុស្សពេញវ័យដែលមនុស្សប្រុសចន្លោះពី១៤ឆ្នាំទៅ១៩ឆ្នាំ និងមនុស្សស្រីពី១០ឆ្នាំទៅ១៧ឆ្នាំតែក៏មានអ្នកខ្លះអាចឈានដល់អាយុ២០ឆ្នាំទៅ២១ឆ្នាំទើបកើតមានជំងឺនេះផងដែរ។
កត្តាដែលធ្វើឲ្យកើតមានមុនក្បាលខ្មៅ
កត្តាដែលជម្រុញឲ្យកើតមានមុនក្បាលខ្មៅមាន៤កត្តាធំៗគឺ៖
•តំណពូជ៖ ឪពុក ឬម្ដាយដែលធ្លាប់មានជំងឺមុននេះពីមុនមកនាំឲ្យកូនរបស់ពួកគេងាយនឹងកើតមុនជាងមនុស្សធម្មតា។
•ការប្រែប្រួលនៃអ័រម៉ូន៖ ដោយសារតែពេលពេញវ័យមានបម្រែបម្រួលនៃអ័រម៉ូន Progesterone និង Estrogen ដែលវាភ្ញោចទៅលើក្រពេញប្រេងទាំងឡាយណាដែលមាននៅលើស្បែកឲ្យផលិតប្រេងលើសពីធម្មតាហើយនៅពេលដែលក្រពេញប្រេងនោះស្ទះនាំឲ្យកកជាកំណកមុន។
•ការតានតឹងអារម្មណ៍(Stress)៖ ដោយសារតែមានភាពតានតឹង គិតច្រើន គេងមិនលក់ ឬមានសម្ពាធណាមួយក៏ជាកត្តាជម្រុញឲ្យកើនមុនផងដែរ។
•កត្តារួមផ្សំ៖ កង្វះអនាម័យក្នុងការលាងមុខ ការជ្រើសរើសផលិតផលក្នុងការប្រើប្រាស់ ថ្នាំលាប ឬលេបទាំង
ឡាយណាដែលធ្វើឲ្យស្ទះក្រពេញប្រេងសុទ្ធតែបណ្តាលឲ្យកើតមុនទាំងអស់។ ចំណីអាហារក៏ជាកត្តាជម្រុញមួយដែរ ប៉ុន្តែយើងមិនអាចកំណត់បានឡើយ គឺវាអាស្រ័យទៅលើបុគ្គលម្នាក់ៗ តែយើងសង្កេតឃើញអាហារមួយចំនួនដែលតែងតែធ្វើឲ្យកើតមុនដូចជាអាហារផ្អាប់ ស៊ុតគ្រឿងសមុទ្រ អាហារហឹរជាដើម។
វិធីសាស្រ្ដធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ គឺមើលទៅលើភាពមិនរលោងនៃផ្ទៃមុខស្ទាបទៅមានពកៗនៅលើផ្ទៃមុខតែវាមិនមែនបណ្ដាលមកពីការរលាកទេពេលមើលទៅរន្ធរោមឃើញមានពកៗ និងមានក្បាលពណ៌ខ្មៅ ហើយមុននេះមិនធំទេវាអាចមានទំហំប៉ុនរន្ធរោម ឬធំជាងនេះបន្តិច ដោយសារតែក្រពេញប្រេងស្ទះ រួមជាមួយនឹងបរិយាកាសខាងក្រៅដូចជាធូលី។
នៅពេលយើងខ្វះការលាងសម្អាតធ្វើឲ្យក្រពេញប្រេងមានអុកស៊ីតកម្មជាមួយកោសិកាស្បែកដែល ងាប់ដែលធ្វើឲ្យចេញជាមុនក្បាលខ្មៅ។
ផលវិបាកនៃការកើតមុន
ជំងឺមុនមិនមានផលវិបាកអ្វីប៉ះពាល់ដល់ជីវិតអ្នកជំងឺទេតែអ្នកដែលមានមុន ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវអាចជួបនូវបញ្ហាមួយ គឺមានបន្សល់ទុកនូវស្លាកស្នាមខ្លះៗលើផ្ទៃមុខ។ ស្លាកស្នាមនោះវារំខានដល់ជំនឿចិត្តដែលធ្វើឲ្យអ្នកជំងឺមិនហ៊ានប្រឈមមុខនឹងសង្គមដូចជា ទៅផ្សារ សាលារៀន ឬចូលរួមកម្មវិធីផ្សេងៗដោយសារតែខ្មាស់គេ ក៏អាចឈានទៅដល់ការកើតជំងឺផ្លូវចិត្ត ឬសម្លាប់ខ្លួន (ករណីនេះធ្លាប់កើតមានឡើងនៅប្រទេសដទៃប៉ុន្តែពុំទាន់ឃើញមាននៅកម្ពុជានៅឡើយទេ)។
វិធីសាស្រ្ដក្នុងការការពារ
ដើម្បីចៀសឲ្យផុតពីជំងឺមុនក្បាលខ្មៅយើងត្រូវរកពីមូលហេតុវាជាមុនសិន។ ប្រសិនបើបណ្ដាលមកពីតំណពូជ គឺត្រូវទៅទទួលការព្យាបាល។ មួយវិញទៀត បើសិនជាមានបម្រែបម្រួលអ័រម៉ូនត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលយកដំបូន្មានក្នុងការគ្រប់គ្រងការប្រែប្រួលអ័រម៉ូននេះ ហើយត្រូវយល់ដឹងពីអនាម័យក្នុងការលុបលាងមុខ ត្រូវដឹងថាស្បែករបស់ខ្លួនជាប្រភេទខ្លាញ់ ស្ងួត ឬធម្មតាដើម្បីជ្រើសរើសផលិតផលប្រើប្រាស់ឲ្យត្រឹមត្រូវតាមប្រភេទស្បែក។ បើសិនជាអ្នកអាចកត់សម្គាល់ថាអាហារណាធ្វើឲ្យអ្នកឡើងមុន ត្រូវតែចៀសវាង។
ការព្យាបាល
ចំពោះការព្យាបាលគឺយើងត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញឯកទេសផ្នែកសើស្បែកដែលគាត់អាចឲ្យជាហ្វូមលាងមុខទៅតាមប្រភេទស្បែករបស់យើងឲ្យជាប្រភេទថ្នាំលាបដែលមានជាពេលព្រឹក និងពេលយប់។ សព្វថ្ងៃនេះ មានបច្ចេកវិទ្យាទំនើបដោយមានការព្យាបាលមុនតាមការប្រើពន្លឺ ឬឡាស៊ែរ ហើយចំពោះមុនមួយចំនួនដែលពិបាកធ្វើការយកចេញ គឺមានម៉ាស៊ីនបូមសម្អាត ឬញេចយកចេញដោយមិនមានបន្សល់ទុកស្លាកស្នាម។
ជាចុងបញ្ចប់លោកស្រីវេជ្ជបណ្ឌិតសូមធ្វើការផ្ដាំផ្ញើដល់ប្រិយមិត្តហេលស៍ថាម និងប្រជាជនទាំងអស់ថាប្រសិនបើមានបញ្ហាមុន សូមកុំមានការព្រួយបារម្ភព្រោះបច្ចេកវិទ្យាវេជ្ជសាស្រ្ដ ឥឡូវនេះមានការរីកចម្រើន និងសូមស្វែងរកគ្រូពេទ្យជំនាញគាត់នឹងអាចជួយអ្នកឲ្យមានស្បែករលោងដូចធម្មតាវិញ។
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ