មានគ្រោះថ្នាក់ពេលហាត់ប្រាណគួរធ្វើបែបណាខ្លះ?
កន្លែងហាត់ប្រាណ អាចជាកន្លែងមួយដែលងាយមានការប្រឈមនឹងការរងរបួសផ្សេងៗដោយប្រការណាមួយក្នុងអំឡុងពេលហាត់ ហេតុនេះហើយ វាពិតជាមានសារសំខាន់ណាស់ក្នុងការដឹងពីបច្ចេកទេសផ្សេងៗសម្រាប់ការផ្តល់ជំនួយភ្លាមៗ ឬសង្គ្រោះបឋម ដែលអាចនឹងជាគុណប្រយោជន៍មិនថាសម្រាប់ខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់នោះទេ។
ខាងក្រោមនេះ គឺវិធីសាស្រ្តមួយចំនួនដែលអ្នកគួរតែយល់ដឹង ដើម្បីយ៉ាងហោចណាស់ អ្នកបានដឹងថាប្រសិនបើមានរបួសបែបណាមួយកើតឡើង តើអ្នកគួរ ឬមិនគួរធ្វើបែបណា ទើបអាចបង្ការបញ្ហាធ្ងន់ធ្ងរបាន?
1. អាការៈរមួលក្រពើ
•បញ្ឈប់រាល់សកម្មភាពដែលអ្នកកំពុងធ្វើប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់។ ការឈឺចុកចាប់នៃរាងកាយ ពេលធ្វើលំហាត់ប្រាណ មានន័យថា«មានអ្វីមួយដែលខុសប្រក្រតី»។ សូមអង្គុយចុះ ដើម្បីឲ្យតំបន់ដែលរងផលប៉ះពាល់ពីការរមួលនោះបានសម្រាក
•អង្អែលតំបន់រមួលនោះថ្នមៗ ដើម្បីការពារការហើម ហើយពិនិត្យមើលថា តើអាចធ្វើចលនាបានឬទេ នៅកន្លែងដែលរងផលប៉ះពាល់?
•ប្រើប្រភេទថង់កម្តៅម៉ាស្សានៅលើកន្លែងរមួលនោះ ដើម្បីកុំឲ្យមានផលរំខានពីការរលាក
•ប្រើប្រភេទថង់ទឹកត្រជាក់ ដើម្បីកាត់បន្ថយការហើម ហើយពិនិត្យបន្ថែមទៀត
•ប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់ បើអ្នកមិនអាចទ្រាំទ្រជាមួយការឈឺចាប់ពីការហើម និងរមួលសាច់ដុំ
•បើអ្នករមួលក្រពើនៅជើង (កំភួនជើង) អ្នកគួរលើកជើងឲ្យបានខ្ពស់បន្តិច ដើម្បីឲ្យមានចរន្តឈាមនៅតំបន់ដែលរងផលប៉ះពាល់នោះរត់បានល្អ និងអាចឲ្យមានការថយចុះនៃការរលាកសាច់ដុំ។
បញ្ជាក់ ៖ សូមសម្រាកឲ្យបានគ្រប់គ្រាន់ និងជាសះស្បើយល្អ មុននឹងបន្តការធ្វើលំហាត់ប្រាណទៀត។
2. សង្គ្រោះបឋមសម្រាប់ការរងរបួសធ្ងន់ធ្ងរ
•ត្រូវប្រាដកថាជនរងគ្រោះនៅទីមានសុវត្ថិភាពល្អ
•ទូរស័ព្ទទៅកាន់អ្នកជំនួយផ្នែកសង្រ្គោះឲ្យបានឆាប់រហ័ស
•យកចិត្តទុកដាក់ចំពោះជនរងគ្រោះជាពិសេសលើផ្លូវដង្ហើម ដោយធ្វើឲ្យផ្លូវដង្ហើមស្រឡះល្អ (គ្មានការកកស្ទះបំពង់ខ្យល់ដោយស្លេស្ម ឬរបស់ផ្សេងៗ)
•ក្នុងករណីហូរឈាម អ្នកចាំបាច់ត្រូវទប់ស្កាត់ការហូរឈាមដោយប្រើក្រណាត់ស្អាត (ទប់ស្កាត់ការបាត់បង់ឈាមច្រើន) ហើយដាក់អ្នករបួសឲ្យនៅស្ងៀម និងត្រូវធានាថាមានសុវត្ថិភាពរហូតដល់ជនរងគ្រោះលែងប្រឈមនឹងបញ្ហាណាមួយ
•ផ្តល់បច្ចេកទេសនៃការសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ (ប្រសិនបើអ្នកចេះ) ដើម្បីចៀសវាងShock រហូតដល់មានអ្នកជំនួយផ្នែកវេជ្ជសាស្ត្រមកដល់កន្លែងកើតហេតុ។
3. បច្ចេកទេសសង្គ្រោះជីវិតនៅកន្លែងហាត់ប្រាណ
•បើជនរងគ្រោះសន្លប់ សកម្មភាពចម្បងដែលអ្នកគួរធ្វើ គឺរក្សាផ្លូវដង្ហើមឲ្យបានស្រឡះ និងតាមដានលើការដកដង្ហើម
•ប្រសិនបើមានដង្ហើមធម្មតា អ្នកត្រូវប្រាកដថាអ្នករបួសនៅទីតាំងសុវត្ថិភាព និងមានដង្ហើមជានិច្ច
•ករណីពិបាកដកដង្ហើម អ្នកគួរប្រើបច្ចេកទេសសង្គ្រោះបឋមដោយការសង្កត់ទ្រូង និងផ្តល់ខ្យល់ទៅក្នុងបំពង់ដង្ហើម ព្រោះថាខ្យល់អុកស៊ីសែនដែលបានផ្តល់នោះ ត្រូវបានផ្ទុកក្នុងឈាម ហើយបេះដូងនឹងច្របាច់ឈាមដែលផ្ទុកអុកស៊ីសែនទៅចិញ្ចឹមកោសិកានានាក្នុងសរីរាង្គកាយបានឆាប់រហ័ស។ (សូមកុំអនុវត្ត ប្រសិនបើអ្នកមិនចេះពីវិធីសាស្រ្តត្រឹមត្រូវ)។
មនុស្សគ្រប់រូបគួរតែសិក្សារៀនសូត្រពីវិធីងាយៗតែមានប្រសិទ្ធភាពខ្លះពីអ្នកជំនាញសង្គ្រោះបឋមព្រោះវាពិតជាអាចឲ្យអ្នកជួយជីវិតជនរងគ្រោះពីករណីណាមួយដែលនឹងកើតមានឡើងចំពោះមុខអ្នកបាន។ យ៉ាងណាមិញ សម្រាប់ករណីរបួសឬគ្រោះថ្នាក់នៅកន្លែងហាត់ប្រាណនេះ អ្នកក៏អាចចៀសវាងបានដោយ ការជ្រើសរើសកន្លែង និងសម្ភារៈហាត់ប្រាណត្រឹមត្រូវតាមបច្ចេកទេស មានគ្រូបង្វឹកតាមក្បួនខ្នាត អមជាមួយនឹងបរិយាកាសអំណោយផលផងដែរ៕
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ