ស្វែងយល់អំពីក្រពេញទីរ៉ូអ៊ីត (Thyroid gland)
ទីរ៉ូអ៊ីត (Thyroid gland) គឺជាឈ្មោះក្រពេញបញ្ចេញមួយដែលមានរូបរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខនៃគល់ករបស់មនុស្សយើង។ ក្រពេញទីរ៉ូអ៊ីតមានតួនាទីបញ្ចេញនូវអ័រម៉ូនដែលមានតួនាទីសំខាន់នៅក្នុងការធ្វើដំណើរការមេតាបូលីសនៅក្នុងសរីរាង្គយើង។ អ័រម៉ូននេះមានឈ្មោះថាអ័រម៉ូនទីរ៉ូអ៊ីត(Thyroid hormone) ទៅតាមឈ្មោះរបស់ក្រពេញ។
អ័រម៉ូននេះ មានតួនាទីសំខាន់ៗចូលរួមក្នុងដំណើរការដូចជា ៖
- ការរក្សាកំដៅក្នុងខ្លួន
- ចង្វាក់បេះដូង
- ប្រព័ន្ធប្រសាទខួរក្បាល និងប្រព័ន្ធសរសៃប្រសាទតាមផ្នែកផ្សេងៗ
- ការកន្ត្រាក់នៃសាច់ដុំ
- កម្រិតជាតិខ្លាញ់
- ទម្ងន់ខ្លួនមនុស្ស
- រដ្តរដូវ ។ល។
ប្រសិនបើការបញ្ចេញបរិមាណអ័រម៉ូនទីរ៉ូអ៊ីតខុសពីប្រក្រតី វាអាចបណ្តាលឲ្យកម្រិតនៃអ័រម៉ូននេះក្នុងឈាម ខុសប្រក្រតីដែរ ពោលគឺអាច ឡើងខ្ពស់ ឬចុះទាប ។
អាការរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់ (Hyperthyroidism) មានដូចជា ៖
- ភាពថប់បារម្ភ
- ឆាប់ខឹង ឆេវឆាវ មួម៉ៅ
- ស្រកទំងន់
- ញ័រដើមទ្រូង មានអារម្មណ៍ថាបេះដូងលោតញាប់ ជីពចរដើរញាប់
- ញ័រចុងដៃ ចុងជើង
- ងាយបែកញើស និងឆាប់ចាញ់កម្តៅ
- ជ្រុះសក់
- រាគរូសញឹកញាប់
- វដ្តរដូវមិនទៀង យឺតយ៉ាវ
- លៀនគ្រាប់ភ្នែក
អាការៈរោគដែលបណ្តាលមកពីកម្រិតអ័រម៉ូនទីរ៉ូអ៊ីតចុះទាប (Hypothyroidism) មានដូចជា ៖
- ហេវហត់អស់កម្លាំង
- ហើមមុខ ត្របកភ្នែក
- ស្បែកស្ងួត សក់ និងក្រចកផុយស្រួយ ជ្រុះសក់
- ឡើងទម្ងន់
- បេះដូងដើរយឺតខុសប្រក្រតី
- ទល់លាមក
- ពិបាកក្នុងការទទួលទានដំណេក
- ឆាប់ចាញ់ត្រជាក់
- ឈឺចាប់តាមសាច់ដុំ និងសន្លាក់
- មានអាការហើមខ្លួន
- រដូវមកញឹកញាប់ និងច្រើន
អាការៈរោគនៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត មានដូចជា ៖
- មានដុំពកនៅផ្នែកដើមក ផ្នែកខាងមុខ
- សម្លេងស្អក
- ឡើងកូនកណ្តុរនៅបរិវេណក
- ពិបាកក្នុងការលេបអាហារ
- ពិបាកក្នុងការដកដង្ហើម
- ឈឺចាប់នៅខាងក្នុងបំពង់ក និងក
- ក្អកជាប់ជាប្រចាំ ដែលមិនមែនកើតឡើងដោយសារផ្តាសាយ ឬបញ្ហាសួតដទៃ
សរុបសេចក្តីមក ក្រពេញទីរ៉ូអ៊ីត និងអ័រម៉ូនទីរ៉ូអ៊ីត ពិតជាមានសារសំខាន់បំផុតនៅក្នុងដំណើរការផ្សេងៗរបស់សរីរាង្គមនុស្សយើង។ រាល់បញ្ហាដែលនាំឲ្យមានការប្រែប្រួលកម្រិតអ័រម៉ូននេះក្នុងឈាម ឬមានដុំនៅតំបន់ក្រពេញទីរ៉ូអ៊ីតនេះ គឺពិតជាចាំបាច់នៅក្នុងការពិនិត្យ តាមដាន និងព្យាបាល។ ប្រសិនបើមានបញ្ហាទាក់ទងទៅនឹងក្រពេញ ក៏ដូចជាអ័រម៉ូនទីរ៉ូអ៊ីត សូមបងប្អូលប្រជាពលរដ្ឋទាំងអស់ អញ្ជើញស្វែងរកការពិនិត្យនិងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការថែទាំដ៏សមស្រប។
បកស្រាយដោយលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស ក្រពេញអ័រម៉ូន និង ទឹកនោមផ្អែម (មន្ទីរពេទ្យព្រះកុសុមៈ)
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ