លក្ខខណ្ឌសមស្របនៃការដាំបង្គោលធ្មេញក្នុងឆ្អឹង
និយមន័យ
ការដាំបង្គោលធ្មេញ ឬពាក្យបច្ចេកទេសហៅថាDental Implants ជាបង្គោលធ្មេញសិប្បនិម្មិតដែលជាទូទៅត្រូវបានដាំនៅក្នុងធ្មេញថ្គាមជំនួសធ្មេញដែលបាត់បង់។ គួរបញ្ជាក់ថា ការដាំបង្គោលធ្មេញក្នុងឆ្អឹងនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវជនជាតិស្វីសមួយក្រុម តាំងពីឆ្នាំ១៩៦០មកម្លេះ។
អត្ថប្រយោជន៍
ការដាំបង្គោលធ្មេញក្នុងឆ្អឹងមានគុណសម្បត្តិ ជួយឲ្យធ្មេញដែលបាត់បង់វិលត្រឡប់មកសភាពដើមវិញ ដោយចៀសឲ្យផុតពីការដាក់ធ្មេញដោយស្រោបប្រទាក់ (Dental Bridge) និងធ្មេញក្រអូម (Full Dentures) ដែលគ្មានលំនឹង។ ម៉្យាងទៀត ការដាំបង្គោលធ្មេញនេះ ជួយឲ្យអ្នកជំងឺអាចពិសាអាហារបានយ៉ាងមានឱជារស គ្រប់គ្រងឆ្អឹងកុំឲ្យមានការបាត់បង់ រក្សាសម្រស់ និងភាពក្មេងជាងវ័យ ជាពិសេស គឺមានសុខភាពល្អ។
លក្ខខណ្ឌដែលត្រូវដាំបង្គោលធ្មេញ
ភាគច្រើននៃអ្នកដែលបាត់បង់ធ្មេញសុទ្ធតែស្ថិតក្នុងលក្ខខណ្ឌដែលត្រូវព្យាបាលដោយការដាំបង្គោលធ្មេញក្នុងឆ្អឹង។ រាល់ការដាំបង្គោលធ្មេញក្នុងឆ្អឹងតែងឆ្លងកាត់នូវការវះកាត់យ៉ាងហោចណាស់ម្តងហេតុនេះ អញ្ចាញធ្មេញរបស់អ្នកជំងឺចាំបាច់ត្រូវមានសុខភាពល្អ ហើយឆ្អឹងថ្គាមត្រូវរឹងមាំគ្រប់គ្រាន់ដើម្បីទ្រឬទប់បង្គោលធ្មេញ ពិសេសរាងកាយអ្នកជំងឺត្រូវមានផាសុកភាព គ្មាននូវប្រភេទជំងឺមួយចំនួន ឬមិនបានកំពុងប្រើប្រាស់ប្រភេទថ្នាំផ្សេងៗជាដើម។
ផ្ទុយមកវិញ ការដាំបង្គោលធ្មេញក្នុងឆ្អឹងនឹងមិនត្រូវបានផ្តល់នោះទេ ប្រសិនបើអ្នកជំងឺពិសាបារី ព្រោះវាអាចប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងការព្យាបាល។ មួយវិញទៀត ការដាំបង្គោលធ្មេញក្នុងឆ្អឹងនឹងមិនទទួលបានជោគជ័យ ប្រសិនបើអ្នកជំងឺធ្លាប់ទទួលការព្យាបាលដោយប្រើប្រាស់កាំរស្មីអ៊ិច(Radiotherapy) ការប្រើប្រាស់ថ្នាំ (Bisphosphonates) ព្យាបាលជំងឺឆ្អឹង។ គួរចៀសវាងផងដែរ ប្រសិនបើអ្នកជំងឺ មានជំងឺមហារីក ជំងឺពុកឆ្អឹងជំងឺទឹកនោមផ្អែមកម្រិតខ្ពស់ ជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ អ្នកញៀនស្រាហួសកម្រិតជាដើម ដោយសារវាមានផលប៉ះពាល់ដល់ការលូតលាស់របស់ការដាំបង្គោលធ្មេញក្នុងឆ្អឹង។ ដូចនេះ មុនពេលធ្វើការព្យាបាលដោយការដាំបង្គោលធ្មេញ ទាមទារឲ្យអ្នកជំងឺប្រាប់ទន្តបណ្ឌិតពីប្រវត្តិជំងឺរបស់ខ្លួន និងប្រភេទថ្នាំកំពុងប្រើប្រាស់ ដើម្បីឲ្យទន្តបណ្ឌិតងាយស្រួលក្នុងការវិនិច្ឆ័យថាអាចទទួលការដាំបង្គោលធ្មេញក្នុងឆ្អឹងបាន ឬយ៉ាងណា។
ការថែទាំក្រោយការដាំបង្គោលធ្មេញ
មិនថាបង្គោលធ្មេញដែលដាំក្នុងឆ្អឹង ឬក៏ធ្មេញធម្មជាតិនោះទេ ការយកចិត្តទុកដាក់ថែទាំធ្មេញគឺជារឿងសំខាន់បំផុត ដែលគ្រប់គ្នាមិនគួរមើលរំលង។ ដើម្បីឲ្យធ្មេញរក្សាអនាម័យបានល្អ លោកអ្នកត្រូវដុសធ្មេញឲ្យបានទៀងទាត់យ៉ាងតិច២ដងក្នុងមួយថ្ងៃ (ពេលព្រឹក និងពេលយប់)។
ក្រៅពីនេះលោកអ្នកត្រូវ៖
•ជ្រើសរើសប្រភេទថ្នាំដុសធ្មេញដែលមានផ្ទុកនូវសារធាតុ Fluoride
•គួរទម្លាប់ប្រើប្រាស់នូវអំបោះទាក់សម្អាតចន្លោះធ្មេញ (Flossing) ជាប្រចាំ
•ប្រើប្រាស់ទឹកខ្ពុរមាត់បន្ថែមក្រោយពីដុសធ្មេញរួច
•ចៀសវាងញ៉ាំប្រភេទអាហារដែលមានជាតិស្ករឬជាតិស្អិតច្រើនពេក
•ធ្វើការណាត់ជួបជាមួយទន្តពេទ្យជារៀងរាល់៦ខែម្តងឲ្យបានទៀងទាត់។
ទោះការដាំបង្គោលធ្មេញក្នុងឆ្អឹងអាចរក្សាបានស្ទើរតែពេញមួយជីវិត (៤០ឆ្នាំ) យ៉ាងណាក៏ដោយ ដើម្បីស្ថេរភាព លោកអ្នកក៏តម្រូវឲ្យមានការថែរក្សាអនាម័យមាត់ធ្មេញជាប្រចាំ និងធ្វើការត្រួតពិនិត្យជាមួយទន្តពេទ្យជំនាញរៀងរាល់៦ខែម្តងផងដែរ។
បកស្រាយដោយ ៖ ទន្តបណ្ឌិត សូវ សុខយី ឯកទេសដាំបង្គោលធ្មេញក្នុងឆ្អឹងនៃគ្លីនិកធ្មេញ យ័រដាន ផេត្រា
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ