ហាត់ប្រាណបែបណាទើបមានរាងស្អាត?
មិនថាតែផែនការជីវិតនោះទេដែលមានគោលដៅច្បាស់លាស់ សូម្បីតែការធ្វើលំហាត់ប្រាណដើម្បីសុខភាព ក៏គួរតែមានគោលដៅផងដែរ នោះទើបអ្នកអាចបង្កើននូវភាពរីករាយ និងស្កប់ស្កល់ចិត្តមួយកម្រិតទៀតដល់ខ្លួនឯង។ ជាការពិតណាស់ដរាបណាការធ្វើលំហាត់ប្រាណដោយមានគោលដៅមួយពិតប្រាកដនោះ អ្នកនឹងមានការបេ្តជ្ញាចិត្តកាន់តែខ្ពស់ និងមិនងាយបោះបង់ ឬឈប់សម្រាកងាយៗនោះឡើយ។ ជាក់ស្តែង មិនថាការហាត់យោគៈ ឬការហាត់ដោយប្រើម៉ាស៊ីននោះទេ គឺសុទ្ធតែផ្តល់នូវលទ្ធផលខុសៗពីគ្នា ដែលជាការល្អប្រសើរ អ្នកគួរយល់ដឹងជាមុនថាតើគោលដៅអ្នកជាអ្វី? ហើយតើគួរហាត់បែបណាទើបទទួលបានលទ្ធផលដូចចិត្តប្រាថ្នា? តាមដានជាមួយគ្នានូវប្រភេទលំហាត់ប្រាណដែលអ្នកគួរធ្វើប្រសិនបើ…
អ្នកចង់បានភ្លៅតូចជាងមុនអ្នកគួរតែរត់ចម្ងាយ
អ្នករត់ចម្ងាយបានរយៈពេលប្រមាណពី៩០នាទីឬច្រើនជាងនេះ រាងកាយនឹងប្រើប្រាស់ជាតិខ្លាញ់អស់ ហើយក៏ចាប់ផ្តើមដុតបំផ្លាញប្រូតេអ៊ីនដែលបានមកពីសាច់ដុំ (ជាប្រភពនៃថាមពល)។ នេះពិតជាជម្រើសដ៏ល្អសម្រាប់អ្នកដែលប្រាថ្នាចង់ឲ្យភ្លៅរបស់ខ្លួនតូចជាងមុន។ អ្នកគួរតែរត់ឲ្យបានចន្លោះពី១-២ម៉ោង ជាប្រចាំ ហើយបើសិនជាអាចអ្នកគួរតែហ្វឹកហាត់ពីវិធីរត់ឲ្យមានប្រសិទ្ធភាពពីអ្នកជំនាញផងដែរ។
អ្នកចង់បានគូទហាប់ណែន មិនយារធ្លាក់(flat butt) អ្នកគួរហាត់បែបប្រើកម្លាំង(Strength training)
ការហាត់ប្រាណបែបប្រើកម្លាំងដូចជាការលើកដុំដែកនឹងមានឥទ្ធិពលច្រើនដល់រាងកាយផ្នែកខាងក្រោយ ហើយក៏ធ្វើឲ្យមានរាងស្អាតផងដែរ។ អ្នកក៏បន្ថែមនូវលំហាត់ប្រាណខ្លីៗមួយចំនួនដូចជា squats (ការអង្គុយចោងហោង ហើយងើបឡើងចុះ) lunges (ស្រដៀងនឹង squats គ្រាន់តែបន្ទន់ជង្គង់ទៅមុខបន្តិច) ជាដើម ឲ្យបានយ៉ាងតិច២ដងក្នុងមួយសប្តាហ៍។ ដើម្បីឲ្យបានសាច់ហាប់ណែននោះ អ្នកគួរជ្រើសរើសដុំដែក ឬទម្ងន់ដែលអាចលើកយ៉ាងតិចណាស់១០ដង ហើយ២ជុំទើបឈប់ម្តង។
អ្នកចង់បានក្បាលពោះរាបស្មើ អ្នកគួរហាត់បែប Pilates
Pilates សំដៅលើលំហាត់ប្រាណដែលត្រូវបានហាត់ដោយគេងលើផ្ទៃរាបស្មើ ដោយមានសន្ធឹង និងពន្លាតសាច់ដុំ ដើម្បីបង្កើនភាពរហ័សរហួន និងលំនឹងដងខ្លួន។ នៅពេលដែលធ្វើនូវលំហាត់ប្រាណបែបនេះ (ជាពិសេប្រភេទដែលពិបាកៗ) នោះអ្នកនឹងដុតបំផ្លាញខ្លាញ់ដែលមិនត្រូវការ។ ទន្ទឹមនឹងការកម្ចាត់ចោលនូវខ្លាញ់ដែលមិនល្អចំពោះសុខភាព និងរាងកាយហើយនោះ អ្នកនឹងមានសាច់ដុំពោះតិចៗដែលធ្វើឲ្យពោះមើលទៅរាបស្មើដោយរឹងមាំ និងហាប់ណែន បើទោះជាមិនមែនជាសាច់ដុំ៦កង់ក៏ដោយ។
បើអ្នកចង់បានរាងស្អាត (មានរាងរៅ) អ្នកគួរហាត់បែប CrossFit
វាជាប្រភេទលំហាត់ប្រាណដែលត្រូវប្រើកម្លាំងខ្លាំងមែនទែនរួមមានការលើកដុំដែក និងកីឡាផ្សេងៗដែលតម្រូវឲ្យអ្នកប្រើប្រាស់ថាមពលច្រើន។រាល់ពេលដែលក្បាល ឆ្អឹងខ្នង និងឆ្អឹងត្រគាកមានចលនាម្តងហើយម្តងទៀតនោះ រាងកាយនឹងសម្របខ្លួនទៅត្រង់ផ្នែកកណ្តាល ហើយក៏មានសាច់ដុំណែន និងរឹងមាំជាងពីមុនផងដែរ ដែលជាហេតុនាំឲ្យសាច់ដុំគូទ និងត្រគាកចេញជារាងស្អាត។
អ្នកចង់បានសាច់ដុំរហ័សតែមិនចង់ឲ្យឡើងជាបន្តបន្ទាប់ អ្នកគួរហាត់ស្រដៀងនឹងរបាំបាឡេ(Barre)
ការលើកដុំដែកនឹងនាំឲ្យអ្នកឡើងសាច់ដុំ តែការធ្វើចលនាដោយប្រើទម្ងន់ដងខ្លួនទប់នឹងវត្ថុដែលគ្មានចលនា(ដូចជាកញ្ចក់ ជញ្ជាំង) ដែលជាសកម្មភាពនៃលំហាត់ប្រាណដែលស្រដៀងនឹងការរាំរបាំបាឡេនោះ នឹងមិនជំរុញឲ្យមានការឡើងនូវសាច់ដុំជាបន្តបន្ទាប់នោះទេ ដោយហេតុថាអ្នកមិនបានបំបែកសរសៃពួរសាច់ដុំ។ ស្របពេលជាមួយគ្នា អ្នកនឹងមានអារម្មណ៍ថាមានសាច់ដុំត្រូវបានដុតកម្តៅ តែវាគ្រាន់តែជាអាការៈនៃភាពនឿយហត់នៃសាច់ដុំប៉ុណ្ណោះ ដែលនឹងបង្កើននូវភាពរឹងមាំ និងលំនឹងនៃភាពមានរាងរៅស្អាតដែលអ្នកប្រាថ្នាផងដែរ។
សង្ឃឹមថាអ្នកអាចនឹងសម្រេចបាននូវក្តីប្រាថ្នា និងគោលដៅក្នុងការហាត់ប្រាណរបស់អ្នកហើយលោកអ្នកក៏អាចធ្វើការស្វែងយល់លម្អិតពីប្រភេទលំហាត់ប្រាណនីមួយៗជាមួយនឹងអ្នកជំនាញនៅក្លឹបហាត់ប្រាណ ឬកន្លែងហ្វឹកហាត់ ក៏ដូចជាស្រាវជ្រាវនៅក្នុងប្រព័ន្ធអ៊ីនធើណែតផងដែរ និងដើម្បីឲ្យកាន់តែមានទំនុកចិត្តទៀតនោះ អ្នកគួរត្រៀម និងរៀបចំនូវគម្រោងសម្រាប់លំហាត់ប្រាណរបស់អ្នកឲ្យបានច្បាស់លាស់ជាមួយនឹងគ្រូបង្វឹកផងដែរ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ