ពេលទៅហាត់ប្រាណនៅខាងក្រៅ បើមានរបស់ទាំងនេះ គឺរឹតតែប្រសើរ…
ប្រហែលជាមានអ្នកខ្លះ មានទម្លាប់មិនយករបស់របរ ក៏ដូចជាប្រដាប់ប្រដាផ្សេងៗតាមខ្លួនពេលទៅហាត់ប្រាណឡើយ ប៉ុន្តែតើអ្នកដឹងទេថា មានរបស់មួយចំនួនពិតជាមានគុណប្រយោជន៍សម្រាប់អ្នកដើម្បីឲ្យដំណើរនៃការហាត់ប្រាណបានរលូនដោយមិនមានការប្រឈមនឹងហានិភ័យអ្វីជាថាហេតុជាពិសេសពេលដែលអ្នកចេញទៅហាត់នៅខាងក្រៅ។ បើទោះជាសម្ភារៈទាំងនេះមិនអាចបង្ការនូវបញ្ហាផ្សេងៗបាន១០០%ក៏ដោយតែយ៉ាងហោចណាស់ ក៏អាចជួយឲ្យលោកអ្នកអាចត្រៀមខ្លួនបានទុកជាមុនជាជាងការដែលមិនមានអ្វីជាប់ខ្លួនដែរ…
កាបូបកីឡា
វានឹងជាការប្រសើរ ប្រសិនបើអ្នកមានកាបូបមួយសម្រាប់ដាក់នូវសម្ភារៈផ្សេងៗទៀត ដើម្បីមានភាពងាយស្រួលក្នុងការរក និងទុកដាក់ផងដែរ។មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចឲ្យអ្នកចំណេញពេលវេលាផងដែរ រាល់ពេលដែលចេញទៅហាត់ប្រាណម្តងៗ អ្នកអាចគ្រាន់តែទាញយកវាមកពិនិត្យមើលបន្តិច ហើយក៏ចេញដំណើរបានយ៉ាងលឿន ជាជាងការទុកដាក់របស់របរចាំបាច់ទាំងអស់នៅរាយប៉ាយក្រៅកាបូប។
ប្រអប់សង្គ្រោះបឋម
មានប្រអប់សង្គ្រោះបឋម (First Aid) តូចៗជាច្រើនដាក់លក់នៅតាមឱសថស្ថាន ម៉ាត និងកន្លែងផ្សេងទៀត ដែលលោកអ្នកអាចរកទិញបាន ដើម្បីត្រៀមទុកជាមុនចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងដោយមិនបានព្រាងទុក។ ក្នុងនោះគួរតែមានបង់បិទដំបៅ អាល់កុលសម្លាប់មេរោគ និងសម្ភារៈសង្គ្រោះបឋមមួយចំនួនដែលចាំបាច់សម្រាប់របួសតូចតាច។
ដបទឹក
ជាទូទៅ អ្នកក៏អាចទិញភេសជ្ជៈនៅខាងក្រៅញ៉ាំក៏បានដែរ ប៉ុន្តែវារឹតតែប្រសើរបើសិនជាអ្នកមានដបទឹកផ្ទាល់ខ្លួន (ជាពិសេសដបទឹកសម្រាប់អ្នកកីឡា) ដើម្បីជាសញ្ញាណមួយនៃស្មារតីជាអ្នកកីឡា និងហាត់ប្រាណ ហើយក៏ជាហ្វេសសិនមួយបែបផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ដបទឹកផ្ទាល់ខ្លួនក៏ធានាបាននូវអនាម័យខ្ពស់ជាងការដែលប្រើប្រាស់ដបទឹក ឬភេសជ្ជៈដែលទិញពីក្រៅផងដែរ។
កន្សែង
អ្នកខ្លះប្រើប្រាស់២ ស្របពេលដែលអ្នកខ្លះប្រើប្រាស់តែ១ បរិមាណមិនសូវជាសំខាន់ អ្វីដែលសំខាន់ គឺប្រើប្រាស់បានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ត្រូប្រាកដថាកន្សែងដែលអ្នកប្រើប្រាស់ត្រូវបានបោកសម្អាត និងរក្សាទុកបានត្រឹមត្រូវ ដើម្បីធ្វើការសម្លាប់មេរោគ ក៏ដូចជាបាក់តេរីផ្សេងៗដែលតោងជាប់ទាំងនោះ។ ដើម្បីជាការប្រសើរ អ្នកគួរចៀសវាងការប្រើប្រាស់កន្សែងលាយឡំនឹងអ្នកដទៃ។
តន្រ្តី
ពេលខ្លះ អ្នកអាចនឹងចង់បង្កើនទំនាក់ទំនងជាមួយនឹងអ្នកដទៃ ប៉ុន្តែពេលខ្លះ អ្នកក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ ដែលជាទូទៅ ការហាត់ប្រាណម្នាក់ឯងអាចនឹងធុញទ្រាន់ ឬមិនសូវមានភាពសប្បាយរីករាយប្រសិនបើអ្នកមិនមានអ្វីកំដរជាពិសេស គឺតន្រ្តី។ មិនថាអ្នកចូលចិត្តស្តាប់តន្រ្តីនៅពេលធម្មតាឬអត់នោះទេ ប៉ុន្តែមានតន្រ្តីមួយចំនួនពិតជាជះឥទ្ធិពលវិជ្ជមានលើអំឡុងពេលនៃការហាត់ប្រាណរបស់អ្នក។ អ្នកអាចសាកល្បងស្តាប់នូវចម្រៀងដែលអ្នកស្រឡាញ់ចូលចិត្តជាមុនសិន ដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសនៃការហាត់បណ្តើរស្តាប់បណ្តើរ។ ក្រោយមក អ្នកក៏អាចចាប់ផ្តើមស្វែងរកបទចម្រៀង ឬភ្លេងណាដែលទទួលបានការពេញនិយម និងមានការណែនាំច្រើន។
យ៉ាងណាមិញ សូមកុំបើកសំឡេងខ្លាំងពេក ដើម្បីចៀសវាងនូវការខកខានផ្សេងៗក្នុងករណីអ្នកមិនបានស្តាប់ឮសំឡេងពីខាងក្រៅ។
ផលិតផលបំបាត់ការឈឺចាប់
លំហាត់ប្រាណមិនងាយនឹងចៀសផុតពីអាការៈឈឺចុកចាប់សាច់ដុំ ឬគ្រេចថ្លោះឡើយ ហេតុនេះហើយអ្នកគួរតែមានផលិតផលសម្រាប់បំបាត់ការឈឺចាប់ដូចជាថ្នាំរឹត ឬស្រៃ្ពយ៍បាញ់ ដែលអាចជួយសម្រួលសរសៃ និងសាច់ដុំរបស់អ្នកបានភ្លាមៗ។ តាមការពិតទៅ ការដែលមានផលិតផលនេះនៅក្នុងដៃ អ្នកមិនត្រឹមតែអាចជួយដល់ខ្លួនឯងប៉ុណ្ណោះទេ ក្នុងករណីដែលអ្នកនៅក្បែរខ្លួនជួបបញ្ហាបែបនេះ អ្នកក៏អាចជួយដល់ពួកគេផងដែរ។
ឧបករណ៍តាមដានដំណើរនៃលំហាត់ប្រាណ
បច្ចុប្បន្ននេះ បច្ចេកវិទ្យាក៏កាន់តែជឿនលឿន គេក៏ឃើញមានឧបករណ៍មួយចំនួនដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់តាមដាននូវសុខភាព ជាមួយនឹងមុខងារពិសេសដែលអាចក្លាយជាមិត្តជិតស្និទ្ធសម្រាប់អ្នកចូលចិត្តការហាត់ប្រាណ ដែលខ្លះអាចធ្វើការតាមដាននូវចង្វាក់បេះដូង ចម្ងាយដែលអ្នកបានដើរ ឬរត់ បរិមាណកាល់ឡូរីដែលអ្នកបានដុតបំផ្លាញជាដើម។
ជាថ្មីម្តងទៀត ថ្វីត្បិតថាសម្ភារៈខាងលើនេះមិនជាការចាំបាច់ខ្លាំង តែបើសិនអ្នកមានវាត្រៀមទុកនោះ ការហាត់ប្រាណនៅខាងក្រៅរបស់អ្នកនឹងកាន់តែមានភាពស៊ីវីល័យ និងល្អប្រសើរថែមមួយកម្រិតទៀត…
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ