មានវិធីបែបណាខ្លះ ដើម្បីបញ្ឈប់ស្រមុក?
សំណួរ ៖ ឪពុករបស់ខ្ញុំអាយុ ៤៣ឆ្នាំ កម្ពស់១,៦៧ម៉ែត្រ ទម្ងន់ ៧៤គីឡូក្រាម ជាអ្នកបើកបរ។ គាត់មានបញ្ហាគេងស្រមុក និងពេលខ្លះមានបាត់ដង្ហើមម្តងម្កាលដែលធ្វើឲ្យភ្ញាក់កន្ត្រាក់ផងដែរ។ គាត់ពុំមានប្រវត្តិជំងឺប្រចាំកាយឡើយ ក៏ប៉ុន្តែគាត់ធ្លាប់មានអារម្មណ៍ថាពិបាកដកដង្ហើមនៅពេលខ្លះ។ គាត់ពិសាស្រាញឹកញាប់ និងមិនសូវមានទម្លាប់ហាត់ប្រាណឡើយ។ តើបញ្ហានេះធ្ងន់ធ្ងរឬទេ? តើគួរដោះស្រាយយ៉ាងដូចម្តេច?
ចម្លើយ ៖ បញ្ហាស្រមុក គឺជាសំឡេងដែលកើតឡើងនៅនឹងផ្លូវដង្ហើមរបស់យើង ត្រង់ផ្នែកបំពង់ក។ ជាទូទៅ បំពង់កត្រូវបានបែងចែកជា៣ផ្នែក៖ ផ្នែកខាងលើ (Rhinopharynx) ផ្នែកកណ្តាល (Oropharynx) និងផ្នែកខាងក្រោម (Hypopharynx)។ ផ្នែកដែលធ្វើឲ្យមានសំឡេងស្រមុកនោះ គឺផ្នែកកណ្តាល (Oropharynx)។ ជាធម្មតា នៅពេលដកដង្ហើមចូល ខ្យល់ត្រូវបានធ្វើដំណើរឆ្លងកាត់បំពង់ក បើកាលណាសាច់ដុំរួមតូច នាំឲ្យវាត្បៀត។ ដើម្បីដោះស្រាយបញ្ហានេះបាន ត្រូវបែងចែកជា២ករណី៖
•ស្រមុកមិនមានស្ទះដង្ហើម មិនមានបញ្ហាអ្វីនោះទេ អ្នកជំងឺគ្រាន់តែបំបាត់មូលហេតុមួយចំនួន ដែលអាចបង្កឲ្យស្រមុក ដូចជាឈប់ញ៉ាំស្រា ព្រោះវាធ្វើឲ្យបំពង់ករីក ឈប់ជក់បារី ម៉្យាង គួរធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់ និងចៀសវាងប្រើថ្នាំងងុយគេង។ ម៉្យាងទៀត កាលណាអាយុកាន់តែច្រើន សាច់បំពង់កក៏ឡើងនៅពេលគេងផ្ងារ នោះសាច់គល់អណ្តាតនឹងទៅបិទលើបំពង់ក ដូចនេះ អ្នកជំងឺអាចប្តូរទម្រង់នៃការគេងមកគេងចំហៀងវិញ។
•គេងស្រមុក ហើយមានដាច់ដង្ហើម អ្នកជំងឺអាចតម្រូវឲ្យវាស់ដោយអុកស៊ីមេទ្រី(Oximetry)ដែលអាចវាស់ដោយខ្លួនឯងនៅផ្ទះ ឬប្រើ Poly-sonography ដែលវាស់នៅក្នុងមន្ទីរពេទ្យ ដើម្បីវិនិច្ឆ័យពីភាពគ្រោះថ្នាក់នេះបាន។
បកស្រាយដោយ ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេសត្រចៀក ច្រមុះ បំពង់ក ជាប្រធានផ្នែក និងជាសាស្ត្រាចារ្យជំនួយផ្នែកត្រចៀក-ច្រមុះ-បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ