យល់ដឹងពីជំងឺរបើកបាតភ្នែក
១. ដូចម្ដេចដែលហៅថាជំងឺរបើកបាតភ្នែក?
វាជាការរបើកចេញពីគ្នារវាងកោសិកាស្រទាប់បាទភ្នែកដែលមានមុខងារក្នុងការចាប់រូបភាព និងការមើលឃើញ ដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការមើលឃើញ ឬពិការភ្នែកបើមិនព្យាបាលទាន់ពេលវេលា។
២. តើជំងឺរបើកបាតភ្នែកកើតឡើងដោយសារអ្វី ?
ជំងឺរបើកបាតភ្នែកកើតឡើងដោយសារមូលហេតុជាច្រើនតាមប្រភេទរបស់ការរបើកដូចជា៖
-ជំងឺរបើកបាតភ្នែកដោយមានប្រហោង កើតឡើងដោយសារការប៉ះទង្គិចផ្ទាល់នូវភ្នែក ឬក្បាលដោយកត្តាណាមួយ។ ការដាច់ចេញនៃសារធាតុចាហួយបាតភ្នែក ដែលបង្កើតជាកម្លាំងទាញ។ ភាពម៉្ញូបដែលមានដឺក្រខ្ពស់ ឬការបើកដែលអាចកើតឡើងដោយឯកឯង។
-ជំងឺរបើកបាតភ្នែកដោយសារការគ្មានប្រហោងដែលកើតឡើងដោយសារជំងឺទឹកនោមផ្អែម ឬទារកកើតមិនគ្រប់ខែ។
-ជំងឺរបើកបាតភ្នែកដោយសារការរលាកបាតភ្នែក ដូចជាជំងឺរលាកបាតភ្នែករុំាំរ៉ៃ ការដុះដុំសាច់ ឬការដុះសរសៃឈាមថ្មីក្នុងបាតភ្នែក។
៣.តើរោគសញ្ញារបស់ជំងឺរបើកបាតភ្នែកមានអ្វីខ្លះ?
អ្នកជំងឺរបើកបាតភ្នែកអាចគ្មានអាការៈអ្វីខុសធម្មតា នៅពេលដែលមានការរបើកមានប្រហោងតូច ឬនៅកម្រិតចាប់ផ្ដើម។ អ្នកជំងឺអាចមានថយចុះនៃគំហើញ និងពេលខ្លះអាចមានអារម្មណ៍ថា ដូចជាមានផ្ទាំងខ្មៅងងឹតមកបាំងនៅលើ ឬខាងក្រោមនៃភ្នែក អាស្រ័យទៅលើទីតាំងនៃកន្លែងរបើក។ អ្នកជំងឺក៏អាចមានអារម្មណ៍ថាមានដូច ជាភ្លើងផ្លេកបន្ទោរភ្លឺមួយពព្រិចភ្នែករួចបាត់រួចបាត់ទៅវិញបួករួមនឹងការមើលឃើញស្រមោលល្អិតៗដែលរត់កាត់មុខភ្នែក។
៤.តើអ្នកណាខ្លះដែលប្រឈមនឹងជំងឺរបើកបាតភ្នែកនេះ ?
អ្នកដែលប្រឈមនឹងជំងឺប្រភេទនេះមានដូចជាអ្នកដែលធ្លាប់ជួបការប៉ះទង្គិច។ អ្នកដែលមានដឺក្រេម៉្ញូបខ្ពស់លើសពី៦០០ ដឺក្រេ ឬធ្លាប់មានប្រវត្តិរបើកបាតភ្នែកនៅភ្នែកម្ខាងទៀត។ មនុស្សចាស់អាយុកលើសពី៥០ឆ្នាំ ឬមានរួមផ្សំជាមួយជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺភ្នែកដទៃទៀត។ ប៉ុន្តែពេលខ្លះជំងឺនេះអាចកើតមានដោយខ្លួនឯកឯងដោយមិនបាច់មានកត្តាប្រឈមទាំងនេះឡើយ។
៥. តើអ្នកជំងឺរបើកបាតភ្នែកអាចព្យាបាលបានដែរឬទេ ?
ចំពោះប្រហោងបាតភ្នែកនៅបាតភ្នែកដែលមិនទាន់ឈានទៅដល់ការរបើកបាតភ្នែកការបាញ់កាំរស្មីបិទប្រហោងជាវិធីបង្ការមួយដែលមានប្រសិទ្ធភាព និងអាចបញ្ជៀសមិនឲ្យមានការរបើកបាតភ្នែកទៅថ្ងៃក្រោយ។ចំពោះភ្នែកដែលឈានដល់ការរបើករួចហើយ ការវះកាត់គឺជាជម្រើសតែមួយគត់។ ការវះកាត់នេះតម្រូវឲ្យមានការដាក់បញ្ជូលហ្គាស ឬស៊ីលីកូនចូលក្នុងភ្នែកដើម្បីឲ្យមានការបិទជិតឲ្យបានល្អនៃបាតភ្នែកហើយពេលខ្លះក៏តម្រូវឲ្យមានការចាញ់កាំរស្មីបន្ថែមទៅលើស្នាមរហែកស្របពេលកំពុងវះកាត់ ដើម្បីបង្ការកុំឲ្យមានការរើឡើងវិញនៃជំងឺនេះ ៕
បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ