តិចលោ មិនធ្លាប់ដឹងថា ភ្នែកចេះហាត់ប្រាណទៅ!!!
លំហាត់ប្រាណមិនត្រឹមតែជួយដល់សុខភាពទូទៅទេ វាក៏អាចជាជំនួយដល់សាច់ដុំភ្នែក និងធ្វើឲ្យភ្នែកមានសភាពសម្រាកទៀតផងតាមរយៈប្រភេទលំហាត់ជាក់លាក់នៅលើភ្នែកដែលក្នុងនោះ ក៏រួមមានទាំងរបៀបម៉ាស្សា ក៏ដូចជាសម្រាកមួយចំនួនផងដែរ។ ក៏ប៉ុន្តែ...អ្នកគួរតែពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតមុនពេលធ្វើលំហាត់ប្រាណនេះ ប្រសិនបើភ្នែកអ្នកមានជំងឺផ្សេងៗទៀត...
ពង្រឹងត្របកភ្នែក
អ្នកអាចពង្រឹងសាច់ដុំនៅជុំវិញភ្នែករបស់អ្នកឲ្យរឹងមាំបានដូចនឹងសាច់ដុំដទៃទៀតដែរ។ វាចាប់ផ្តើមដោយការបិទត្របកភ្នែកពាក់កណ្តាលព្រឹមៗ។ ពេលនោះអ្នកនឹងកត់សម្គាល់ថាត្របកភ្នែករបស់អ្នកនឹងញ័រតិចៗដោយការប្រឹង។
• ដូច្នេះដើម្បីកុំឲ្យមានសភាពញ័រនេះ អ្នកគ្រាន់តែសម្លឹងមើលវត្ថុដែលនៅឆ្ងាយជាការស្រេច.
• ធ្វើភ្នែកព្រឹមៗបែបនេះរយៈពេល ១០ទៅ១៥វិនាទី រួចបិទភ្នែកតិចៗ។ ដកដង្ហើមវែងៗ ដើម្បីបង្កើនអុកស៊ីហ្សែននៅក្នុងឈាម។ នៅពេលអ្នកដកដង្ហើមចូល ខ្យល់ដែលពោរពេញទៅដោយអុកស៊ីហ្សែននឹងចូលតាមច្រមុះរបស់អ្នក។ ដកដង្ហើមចេញ ហើយធ្វើដូចនេះរយៈពេល១នាទី ឬក៏ច្រើន។
ម៉ាស្សាភ្នែក
ម៉ាស្សា គឺជាការព្យាបាលដែលគេនិយមប្រើ ដើម្បីសម្រួលភាពតានតឹង និងសម្ពាធផ្សេងៗ ពីព្រោះវាជួយឲ្យឈាមរត់ស្រួល។ ការ
ម៉ាស្សាចាប់ផ្តើមពីត្របកខាងលើចំនួន១០វិនាទី រួចត្របកខាងក្រោមជាបន្តបន្ទាប់។
• ប្រើម្រាមដៃដំបូងទាំង៣សង្កត់ថ្នមៗ និងមានចលនាជារង្វង់
• សង្កត់តិចៗនៅលើក្រពេញឡាគ្រីមាល(Lacrimal gland) ដែលជាក្រពេញបញ្ចេញទឹកភ្នែកច្រើនជាងគេ ដើម្បីធ្វើឲ្យមានទឹកភ្នែកចេញ និងមានសំណើមនៅក្នុងភ្នែក ហើយធ្វើឲ្យភ្នែកដែលមានភាពនឿយហត់បានសភាពសម្រាក។
• នៅពេលម៉ាស្សាត្របកភ្នែកខាងក្រោម ត្រូវម៉ាស្សានៅម្តុំឆ្អឹងឡាគ្រីមាល(Lacrimal bone) ដែលនៅជិតភ្នែកផ្នែកខាងក្នុង។
ព្រិចភ្នែក
ការព្រិចភ្នែកធ្វើឲ្យភ្នែកបានសម្រាក ដោយសារការព្រិចភ្នែកនេះធ្វើឲ្យភ្នែកសើម និងបញ្ចេញជាតិពុលតាមទឹកភ្នែក។ អ្នកគួរព្រិចភ្នែក៤វិនាទីម្តង ដើម្បីការពារភាពស្អិតស្ងួតរបស់គ្រាប់ភ្នែក។
សម្រាក
អ្នកគួរតែសម្រាកភ្នែករបស់អ្នកនៅពេលអ្នកធ្វើការច្រើន ជាពិសេសពេលប្រើប្រាស់កុំព្យូទ័រ។
• វិធីសាស្រ្ត 20-20-20៖ រៀងរាល់២០នាទី អ្នកគួរតែមើលរបស់ដែលនៅទីឆ្ងាយចម្ងាយប្រហែលជាង ២០ហ្វីត(20 feet) រយៈពេល២០វិនាទី។
• ប្រសិនបើអ្នករវល់ពេក អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីរំលឹកពេលដែលភ្នែកត្រូវសម្រាក។
• អ្នកអាចបើកភ្នែកឲ្យអស់ និងបន្ទាប់មកបិទភ្នែកឲ្យអស់ម្តងម្កាល ព្រោះការសិក្សាថ្មីៗបានបញ្ជាក់ថា សកម្មភាពបែបនេះកាត់បន្ថយការស្រវាំងភ្នែក ព្រិលភ្នែក ភ្នែកមានសភាពនឿយហត់ និងភ្នែកស្ងួត។
សម្រាកភ្នែកដោយប្រើបាតដៃ
ការធ្វើឲ្យភ្នែកសម្រាក គឺធ្វើឡើយដោយគ្រាន់តែប្រើបាតដៃរបស់អ្នកដាក់លើភ្នែក២ ឬ៣នាទី។
• អង្គុយនៅលើកៅអីដែលមានខ្នងត្រង់។ ដាក់កែងដៃនៅលើតុ ឬក៏ដាក់ក្រណាត់កល់ ដើម្បីកុំឲ្យឈឺកែងដៃ។ ត្រដុសបាតដៃអ្នកឲ្យមានកំដៅ រួចយកមកខ្ទប់លើភ្នែកទាំងសងខាង។ ដកដង្ហើមមួយៗធម្មតា និងសម្រាករយៈពេល ៥ទៅ១០នាទី។ អ្នកអាចដាក់ម៉ោងរោទ៍ ដើម្បីកំណាត់នាទី។
• ប្រសិនបើអ្នកមានអារម្មណ៍ស្រស់ស្រាយ បន្ទាប់ពីម៉ោងរោទ៍នោះ រយៈពេលនេះ គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ។តែអ្នកអាចបន្ថែមនាទី ប្រសិនបើអ្នកគិតថាមិនទាន់គ្រប់គ្រាន់។
ភ្នែកក៏ចេះនឿយហត់ដែរ...ហើយសុខភាពភ្នែកក៏រឹតតែត្រូវការថែទាំដូចផ្នែកដទៃដូចគ្នា...ចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីនេត្រាដ៏មានតម្លៃទាំងគូរបស់អ្នក...បើសាកហើយមានប្រសិទ្ធភាព ជួយចែករំលែកបន្តផង
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ