ប្រសិទ្ធភាពនៃការព្យាបាលជំងឺឫសដូងបាតដោយវេជ្ជបណ្ឌិតឯកទេស
តើអ្វីជាជំងឺឫសដូងបាត?
ជំងឺឫសដូងបាត ជាជំងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ។ ជាធម្មតា មនុស្សគ្រប់រូបតែងតែមានសរសៃឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្កជារោគសញ្ញាផ្សេងៗ។
រោគសញ្ញាជំងឺឫសដូងបាត
ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុង និងឫសដូងបាតផ្នែកខាងក្រៅ។រោគសញ្ញាទាំងនោះមានដូចជា៖
- ការធ្លាក់ឈាមក្រហមស្រស់តាមបាត
- ការលានធ្លាក់សរសៃឫសដូង
- ការមានដុំពកហើម និងឈឺនៅបាត។
ជំងឺឫសដូងបាតផ្នែកខាងក្នុងមាន៤កម្រិត៖
- កម្រិត១៖ សរសៃឫសដូងប៉ោងធំ បណ្ដាលឲ្យ ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់ ប៉ុន្តែសរសៃនេះមិនលានចេញក្រៅទេ។
- កម្រិត២៖ សរសៃឫសដូងប៉ោងធំលានចេញ មកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញ ដោយខ្លួនឯង និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។
- កម្រិត៣៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅពេលបន្ទោបង់ រួចលឹបចូលទៅក្នុងវិញលុះត្រាតែរុញបញ្ចូល និងអាចមានធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់។
- កម្រិត៤៖ សរសៃឫសដូងប៉ោងធំលានចេញមកក្រៅរហូតមិនលឹបចូលទៅក្នុងវិញទេ ទោះបីជាព្យាយាមរុញបញ្ចូលក៏ដោយ និងអាចមានធ្លាក់ឈាមក្រហមស្រស់។
មូលហេតុសំខាន់ៗនៃជំងឺឫសដូងបាត
- ការទល់លាមក ឬរាករ៉ាំរ៉ៃ
- ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ
- មុន និងក្រោយពេលសម្រាលកូន ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យនៃជំងឺនេះនឹងត្រូវបានធ្វើឡើង បន្ទាប់ពីការពិគ្រោះសាកសួរនូវរោគសញ្ញា និងការពិនិត្យបាត ដោយឧបករណ៍ទំនើប ដែលមានភាពងាយស្រួល ឆាប់រហ័សដោយគ្មានការឈឺចាប់ និងគ្មានផលវិបាក ។
ការព្យាបាលជំងឺឫសដូងបាតនាពេលបច្ចុប្បន្ន
វិធីព្យាបាលមានច្រើនប្រែប្រួលទៅតាមដំណាក់កាលនីមួយៗនៃសភាពជំងឺ និងអ្នកជំងឺ។ គោលការណ៍រួមនៃការព្យាបាល គឺដោះស្រាយវិបត្តិ នៃការបន្ទោបង់។
ការព្យាបាលមានដូចជា៖
- ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ និង ជំងឺឫសដូងបាតផ្នែកខាងក្រៅ យើងចាប់ផ្ដើមព្យាបាលដោយការប្រើថ្នាំលេប និងលាប។ ក្នុងករណីបរាជ័យជាមួយការប្រើថ្នាំការព្យាបាលឈានទៅរកការចងឫសដូងសម្រាប់ជំងឺឫសដូងបាតក្នុង និងការវះកាត់តូចសម្រាប់ជំងឺឫសដូងបាតក្រៅ។
- ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត២ការព្យាបាលដោយការចងគួបផ្សំជាមួយថ្នាំលេបគឺជាជម្រើសដ៏ល្អប្រសើរ។
- ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៣យើងចាប់ផ្ដើមព្យាបាលដោយការចងគួបផ្សំជាមួយថ្នាំលេប។ ប៉ុន្តែប្រសិនបើឫសដូងបាតនោះធំខ្លាំងការចងនិងលេបថ្នាំអាចទទួលបរាជ័យ នោះការវះកាត់ជាជម្រើសចុងក្រោយដែលប្រសើរបំផុត។
- ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត៤ការវះកាត់គឺជាវិធីព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាព។
ផលប្រយោជន៍នៃការព្យាបាល
១- ការព្យាបាលដោយឧបករណ៍ ៖ ការចង ឫសដូងបាត ជាវិធីព្យាបាលដែលមានប្រសិទ្ធ ភាព ចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ២និង៣ ដែលមិនចំណាយពេលយូរ គ្មានស្នាមរបួស មិនមានការឈឺចាប់ មិនត្រូវការចាក់ថ្នាំស្ពឹកមិនតម្រូវឲ្យសម្រាកពេទ្យ អ្នកជំងឺអាចត្រឡប់ទៅផ្ទះ និងធ្វើការងារប្រចាំថ្ងៃជាធម្មតាបានភ្លាមក្រោយពេលចង។ ការចងឫសដូងបាតមិនមែនជាការព្យាបាលជាដាច់មិនលាប់ឡើងវិញនោះទេ ប្រសិនបើអ្នកជំងឺមិនដោះស្រាយវិបត្តិនៃការបន្ទោបង់។ វិធីព្យាបាលមួយផ្សេងទៀតគឺការដុតដោយកំដៅ Infrarouge ដែលអាចមានប្រសិទ្ធភាពចំពោះជំងឺឫសដូងបាតផ្នែកខាងក្នុងកម្រិត១ ប៉ុន្តែបើប្រៀបធៀបជាមួយការចង គឺការចងមានប្រសិទ្ធភាពខ្ពស់ជាង។
២- ការវះកាត់ ៖ មានបច្ចេកទេសផ្សេងៗជាច្រើនរួមមានការកាត់យកសរសៃឫសដូងខាងក្រៅ និងខាងក្នុងចេញ ជាបច្ចេកទេសតែមួយគត់ក្នុងពេលបច្ចុប្បន្ន ដែលត្រូវបានសកលលោកទទួលស្គាល់ថាជាបច្ចេកទេសដែលល្អមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺឫសដូងបាតឲ្យជាដាច់។ នៅក្នុងសម័យទំនើបនេះ ទោះបីជាមានស្នាមរបួស និងការឈឺចាប់ក្រោយវះ ក៏យើងមានថ្នាំ និងវិធីសាស្ត្រ ដើម្បីបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ជាទូទៅ ក្រោយពេលវះកាត់ តម្រូវឲ្យអ្នកជំងឺសម្រាកពេទ្យត្រឹមតែ១-២ថ្ងៃតែប៉ុណ្ណោះ។ ផលវិបាកដែលអាចជួបប្រទះមានដូចជា ការឈឺចាប់ដែលអាចគ្រប់គ្រងបាន ការធ្លាក់ឈាមក្រោយវះដែលមានដោយកម្រ ការពិបាកនោមដែលមាន រយៈពេលខ្លីក្រោយពេលវះថ្មីៗជាដើម ក៏ប៉ុន្តែទាំងនេះសុទ្ធតែជាផលវិបាកដែលអាចដោះស្រាយបាន។ ការរឹតបន្តឹងសរសៃឫសដូងខាងក្នុង (Stapled hemorrhoidopexy និង Hemorrhoidal arterial ligation)គឺជាបច្ចេកទេសផ្សេងទៀត វិធីនេះមិនមានស្នាមរបួស និងមានការឈឺចាប់ក្រោយវះតិចជាងការកាត់ឫសដូងចេញក៏ពិតមែន ក៏ប៉ុន្តែអត្រានៃការកើតមានជំងឺនេះឡើងវិញគឺខ្ពស់មិនមែនជាសះស្បើយដាច់នោះទេ រីឯតម្លៃវិញ គឺប្រហាក់ប្រហែលនឹងការកាត់ឫសដូងដែរ។ របបអាហារសម្រាប់អ្នកជំងឺឫសដូងបាត មិនតម្រូវឲ្យតមអាហារអ្វីទាំងអស់។
ចំណាំ ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេង ក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូទ ដុំសាច់មហារីកនៅបាត និងបូស។ ដូច្នេះ ប្រសិនបើលោកអ្នកមានរោគសញ្ញា ផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និង ព្យាបាលឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា គ្លីនិកអេគីប មានទស្សនៈវិស័យមួយ គឺបង្កើន ស្តង់ដារ ក៏ដូចជាសមត្ថភាព សេវាកម្ម ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង រួមចំណែកក្នុងការលើកតម្កើងវិស័យសុខាភិបាល សេវាកម្មគ្លីនិកឯកជន និងសេវាសុខភាពក្នុងប្រទេសកម្ពុជាជូនដល់ប្រជាពលរដ្ឋក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅស្វែងរកសេវាសុខាភិបាលបរទេស។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ថាវ ស៊ីដានីន ឯកទេសផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃគ្លីនិកអេគីប
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ