គ្រោះថ្នាក់ពីក្រោយការរាកដោយប៉ារ៉ាស៊ីត
រាកជាជំងឺដែលត្រូវបានជួបញឹកញាប់បំផុត ស្តែងឡើងដោយអ្នកជំងឺបន្ទោបង់ច្រើនលើសពីធម្មតា ឬចាប់ពី៣ដងក្នុងមួយថ្ងៃក្នុងនោះការរាកដោយសារប៉ារ៉ាស៊ីតគឺជាមូលហេតុចម្បងទីមួយដែលជួបញឹកញាប់។ ជាក់ស្តែង ប្រភេទប៉ារ៉ាស៊ីតដែលអាចបង្កឲ្យរាកមានពីរក្រុមធំៗ៖
• Protozoa ដែលមានដូចជា អាមីប (Emtamoeba histolytica) និងGiardia lamblia
• ពពួកព្រូនដូចជា Trichuris trichiura, Strongyloïdes, Schistosoma mekongi, Ascaris និងTeania ជាដើម។
មូលហេតុនៃការរាកដោយប៉ារ៉ាស៊ីត
រាកដោយប៉ារ៉ាស៊ីត មានការប្រឈមខ្ពស់ចំពោះបុគ្គល ខ្វះការយល់ដឹងពីអនាម័យ ការបរិភោគអាហារ ឬបន្លែឆៅ មិនបានលាងសម្អាត ឬអាហារចម្អិនមិន បានត្រឹមត្រូវ និងការរស់នៅជាមួយសត្វចញ្ចឹមដែល មានផ្ទុកនូវគីសរបស់ប៉ារ៉ាស៊ីត។ អ្នកជំងឺរាកដោយសារប៉ារ៉ាស៊ីតអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបើប្រៀបធៀបជាមួយនឹងមូលហេតុនៃការបង្កឲ្យរាកផ្សេងទៀត ដោយសារពពួកប៉ារ៉ាស៊ីតអាចធ្វើឲ្យខូចដល់ភ្នាសរបស់ពោះវៀនតូច និងពោះវៀនធំ។
រោគសញ្ញា និងយន្តការនៃជំងឺ
ភាគច្រើនរោគសញ្ញាស្តែងចេញពីការរាកដោយប៉ារ៉ាស៊ីតមិនមានភាពខុសគ្នាជាមួយនឹងការរាកដោយវីរុស ឬមេរោគផ្សេងៗនោះទេ ដែលរួមមាន លាមកមានលាយសម្បោរ ឬឈាម រាកសុទ្ធតែទឹក ក្តៅខ្លួន ហើមពោះ ស្រកទម្ងន់។
នៅពេលអ្នកជំងឺបរិភោគចំណីអាហារដែលប្រឡាក់ទៅដោយគីស ពងព្រូន ឬប៉ារ៉ាស៊ីត នោះគីស ពងព្រូន និងប៉ារ៉ាស៊ីតមានសកម្មភាពផ្ទាល់ ឬប្រយោល ដោយសារការបញ្ចេញសារធាតុពុលទៅលើភ្នាសពោះវៀន ហើយបណ្តាលឲ្យរាករូស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចឲ្យមានរបួសនៅជញ្ជាំង ពោះវៀន ជាហេតុបង្កទៅជាការរាកមានលាយ សម្បោរ ឬលាយឈាម។
ការធ្វើរោគវិនិច្ឆ័យចាំបាច់
ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃការរាកបង្កដោយប៉ារ៉ាស៊ីត ពឹងផ្អែកទៅលើរោគសញ្ញា ឬសញ្ញាគ្លីនិក ដែលអ្នកជំងឺបានរៀបរាប់ខាងលើ។ ទោះជាយ៉ាង ណាក៏ដោយ អ្នកជំងឺក៏អាចតម្រូវឲ្យធ្វើតេស្តឈាម ឬពិនិត្យលាមក រកមើលគីសរបស់ប៉ារ៉ាស៊ីត ឬប៉ារ៉ាស៊ីតដើម្បីដឹងពីប្រភេទប៉ារ៉ាស៊ីតនោះឲ្យបាន ច្បាស់លាស់។ ក្នុងករណីចាំបាច់ផ្សេងទៀតដែល ការពិនិត្យខាងលើមិនអាចវាយតម្លៃបាន អ្នកជំងឺអាចឈានទៅដល់ការឆ្លុះពោះវៀនដើម្បីរកមូលហេតុ។
ការព្យាបាលរាកដោយប៉ារ៉ាស៊ីត
ការព្យាបាលជាទូទៅផ្អែកលើរោគសញ្ញាគ្លីនិក និងទៅតាមប្រភេទរបស់ប៉ារ៉ាស៊ីតដូចជា៖
• ប្រើប្រាស់ថ្នាំផ្សះដែលសមស្របទៅតាមប្រភេទប៉ារ៉ាស៊ីត ក្នុងរយៈពេល ៧ ទៅ១០ថ្ងៃ។
• ផ្តល់ថ្នាំទៅតាមសញ្ញាគ្លីនិកមួយចំនួន ដូចជា ការក្អួត បាត់បង់ជាតិទឹក ប្រភេទថ្នាំការពារកុំឲ្យ ភ្នាសពោះវៀនប៉ះពាល់ខ្លាំង រួមជាមួយថ្នាំផ្សះដែលផ្តល់ជូនអ្នកជំងឺ។
ប្រសិនបើ អ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា នោះអាការៈរាកខ្លាំងអាចឲ្យទៅជាការ ខ្សោះជាតិទឹកធ្ងន់ធ្ងរ វិលមុខ បាត់បង់ជាតិរ៉ែមួយចំនូនដូចជា អំបិល ប៉ូតាស្យូម ដែលសំខាន់សម្រាប់ សរីរាង្គ។ លើសពីនេះទៀត វាធ្វើឲ្យចុកពោះខ្លាំង ពោះវៀនហើមប៉ោង អាចមានឈាមហូរខ្លាំងក្នុងករណីពពួកប៉ារ៉ាស៊ីតដែលប៉ះពាល់ដល់ភ្នាសពោះវៀន និងសរសៃឈាម។ ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាអ្នកជំងឺអាចឈានដល់ការធ្លាយភ្នាសពោះវៀន ប៉ុន្តែវាជាករណីកម្រ។
វីធីសាស្រ្តការពារខ្លួន
ដើម្បីចៀសវាងការរាកបង្កដោយប៉ារ៉ាស៊ីតត្រូវផ្តោតសំខាន់លើ៖
• ការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ពិសេសត្រូវសម្អាតដៃជានិច្ចមុនចម្អិន ឬបរិភោគអាហារ និងបន្ទាប់ពីបន្ទោបង់រួច។
• លាងសាច់ និងបន្លែឲ្យបានស្អាត ចៀសវាងការ បរិភោគសាច់ឆៅ និងត្រូវចម្អិនឲ្យបានឆ្អិនល្អ។
សុខភាពជារឿងមួយសំខាន់បំផុតសម្រាប់បុគ្គលគ្រប់រូប ដូចនេះ ប្រសិនបើមានអាការៈមិនប្រក្រតី ណាមួយកើតឡើង គួរប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត។ គួរបញ្ជាក់ថា លោកអ្នកអាចកាត់បន្ថយការរាកដោយប៉ារ៉ាស៊ីតស្ទើរតែទាំងស្រុងដោយគ្រាន់តែរក្សាអនាម័យឲ្យបាន ខ្ជាប់ខ្ជួនប៉ុណ្ណោះ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ង សុភីរម្យ ឯកទេសផ្នែក ថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរសំរាកព្យាបាលអេគីប
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ