ស្វែងយល់ពីការវះកាត់ នៃជំងឺរលាកខ្នែងពោះវៀន
មនុស្សភាគច្រើនយល់ច្រឡំ និងតែងនិយាយថាពោះវៀនដុះខ្នែង តែតាមពិតទៅមនុស្សម្នាក់ៗសុទ្ធតែមានខ្នែងពោះវៀនទាំងអស់ ហើយនៅពេលមានការរលាកត្រង់ខ្នែងនោះ ទើបគេហៅថារលាកខ្នែងពោះវៀន។
និយមន័យ
ជំងឺរលាកខ្នែងពោះវៀន ជាការរលាកទៅលើខ្នែងពោះវៀនដែលស្ថិតនៅជាប់ផ្នែកដំបូងគេនៃពោះវៀនធំ។ បច្ចុប្បន្ន យើងសង្កេតឃើញថាការវះកាត់ជំងឺរលាកខ្នែងពោះវៀនមានការកើនឡើងដូចនៅតាមមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជនស្របតាមអត្រាប្រជាជនខ្មែរយើងមានការកើនឡើងផងនោះ។
មូលហេតុ និងកត្តាប្រឈម
មូលហេតុដែលបង្កឲ្យមានជំងឺរលាកខ្នែងពោះវៀន គឺ៖
• ដោយសារការស្ទះប្រហោងខ្នែងពោះវៀនដោយលាមក បន្លែ ឬគ្រាប់ធញ្ញជាតិដែលមិនរលាយពេលយើងញ៉ាំចូល
• ដោយការបង្ករោគពីបាក់តេរី (Escherichiacoli, Klebseilla, Bactericide fragility, Clostridium spp)
• ការបង្កពីពពួកប៉ារ៉ាស៊ីតក្នុងពោះវៀន (Schistosomes spicie, Pinworms, Strongyloides stercoralis)
• ការបង្កពីជំងឺអាប់សែនៅអាងត្រគាក
• ដោយសារការរីកនៃ Lymphatic tissue(Hyperplasia lyphoid)
• ការសង្កត់ដោយដុំសាច់ (Neoplasms)
• ការគ្រោះថ្នាក់ប៉ះចំផ្នែកពោះ (Abdominal Trauma) ។
អាការៈរោគ
ឈឺពោះ ដំបូងឡើយគឺឈឺនៅផ្នែកជុំវិញផ្ចិត ឬចុងដង្ហើម បន្ទាប់មកទៀតឈឺចាក់ទៅផ្នែកខាងក្រោម ខាងស្តាំនៃពោះ ក្តៅខ្លួន ៣៨-៣៩ អង្សាសេ ចង្អោរ៦១ទៅ៩២% ក្អួត៥០% អត់ឃ្លានអាហារ៧៥ ទៅ៧៨% និងរាក ឬទល់លាមក១៨%។
តាមរយៈការសិក្សាភាគច្រើនបានឲ្យដឹងថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺរលាកខ្នែងពោះវៀនគឺ ប្រជាជនដែលមានអាយុចន្លោះពី ១០ ទៅ ៣០ឆ្នាំ ហើយកើតលើបុរសច្រើនជាងស្រ្តី។
យន្តការនៃការរលាកខ្នែងពោះវៀន
នៅពេលដែលមានការស្ទះប្រហោងខ្នែងពោះវៀនដោយលាមក ឬដោយគ្រាប់ធញ្ញជាតិ ឬក៏អាហារដែលញ៉ាំចូលទៅមិនរលាយ វាជាហេតុដែលនាំឲ្យមានការកើនឡើងនៃសម្ពាធក្នុងប្រហោងខ្នែងពោះវៀន ដោយសារតែការបញ្ចេញ (secretion)ពីភ្នាសនៃប្រហោងខ្នែងពោះវៀននោះ នៅពេលនោះពពួកបាក់តេរីដែលមាននៅក្នុងខ្នែងពោះវៀនចាប់ផ្តើមបង្ករោគ នាំឲ្យមានការរលាកខ្នែងពោះវៀន ពេលនោះអ្នកជំងឺមានអាការៈឈឺពោះ ក្តៅខ្លួន ឈឺក្បាល អាចក្អួត ឬចង្អោរ និងមិនឃ្លានអាហារ។ ក្នុងករណីស្ទះខ្នែងពោះវៀនយូរទៅៗនាំឲ្យសម្បករបស់ខ្នែងពោះវៀនស្តើងទៅៗ បណ្តាលឲ្យធ្លាយ នាំឲ្យរលាកដល់ស្រោមពោះ និងមានគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងករណីដែលធ្វើការសង្គ្រោះវះកាត់មិនទាន់ពេលវេលា។
ការធ្វើរោគវិនិច្ឆ័យ
• គ្រូពេទ្យអាចសាកសួរព័ត៌មានពីអាការៈរោគពិសេសចំណុចនៃការឈឺចាប់
• ការវិភាគឈាម ឃើញមានវត្តមានគ្រាប់ឈាមសកើនឡើង និង C-Reactive Protein (CRP) កើនឡើង
• ឆ្លុះអេកូពោះ ដើម្បីរកមើលដុំដំបៅខ្នែងពោះវៀនឃើញមានការរលាកខ្នែងហើយទំហំវាស់ទៅធំជាង៦មីលីម៉ែត្រជួនកាលឃើញលក្ខណៈជាដុំអាប់សែ (Plastron appendicular)
• ការថតកាំរស្មីអុិចពោះ និងស៊ីធីស្កែនអាចឃើញមានគ្រាប់ធញ្ញជាតិ ឬដុំលាមកនៅក្នុងខ្នែងពោះវៀនឬកម្រិតខ្យល់ និងទឹក ឬកំណកកាល់ស្យូម ឬការធ្លាយក្រពះ (Image de croissant gazeux)និងទាត់ចោលនូវជំងឺតម្រងនោមមួយចំនួន។
ការព្យាបាល និងផលវិបាក
ឲ្យអ្នកជំងឺសម្រាកពេទ្យ ដោយធ្វើការព្យាបាលដោយវះកាត់ និងព្យាបាលរួមផ្សំ។
-ការព្យាបាលដោយការវះកាត់
មានគោលបំណងកាត់ខ្នែងពោះវៀន យកចេញនូវសរីរាង្គបង្ករោគនិងបន្ថយការឈឺចាប់។ នៅពេលកាត់ខ្នែងពោះវៀនហើយនោះ ជំងឺរលាកខ្នែងពោះវៀនមិនកើតមានទៀតទេ។ ការវះកាត់មាន២របៀប៖
• ការវះកាត់ខ្នែងពោះវៀនដោយវះបើកពោះនៅផ្នែកខាងក្រោមខាងស្តាំនៃពោះ (McBurney open Appendecetomy)
• ការវះកាត់ដោយចោះដោយប្រើឧបករណ៍ Laparoscope ។
ផលវិបាកក្រោយវះកាត់មានដូចជា ការបង្ករោគនៅមុខរបួសវះ ធ្លាយដោយរបូតចេស រលាកស្រោមពោះក្រោយវះកាត់ ស្ទះពោះវៀន។
-ការព្យាបាលរួមផ្សំ ប្រើអង់ទីប៊ីយ៉ូទិក និងថ្នាំបំបាត់ការឈឺចាប់។
ករណីអ្នកជំងឺរលាកខ្នែងពោះវៀនដែលមិនបានទទួលការព្យាបាលទាន់ពេលវេលានិងត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រ នឹងធ្វើឲ្យសរីរាង្គនៃខ្នែងពោះវៀនវិវឌ្ឍទៅជាដុំសាច់ ដែលបង្កគ្រោះថ្នាក់បាន។ ប្រសិនបើទុកយូរ វាបណ្តាលឲ្យធ្លាយនូវខ្នែងរបស់ពោះវៀន ដែលជាហេតុនាំឲ្យមានពពួកបាក់តេរីធ្លាក់ចុះទៅក្នុងស្រោមពោះ បង្កជាជំងឺរលាកស្រោមពោះ និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបានផងដែរ។
ការវះពោះ
១. មានតម្លៃថោក
២. មានប្រសិទ្ធភាពខ្ពស់ រហ័ស
៣. ស្នាមរបួសធំជាងវះចោះ
៤. សម្រាកពេទ្យយូរជាងវះដោយ Laparoscope ។
ចោះ Laparoscope
១. មុខរបួសតូច
២. បន្ថយការបង្ករោគ
៣. បន្ថយការឈឺចាប់ក្រោយវះ
៤. បន្ថយរយៈពេលសម្រាកពេទ្យ
៥. តម្លៃថ្លៃជាងវះដោយដៃ
៦. រយៈពេលវះកាត់យូរជាងវះបើកពោះ។
ការការពារ
ដើម្បីការពារខ្លួនពីជំងឺរលាកខ្នែងពោះវៀន គ្រប់គ្នាត្រូវបរិភោគអាហារដែលមានអនាម័យ និងងាយរលាយ ព្រមទាំងចូលរួមអនុវត្តគោលការណ៍អនាម័យទាំង៣រួមមាន ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត។ ដោយឡែក វេជ្ជបណ្ឌិតរួមទាំងអ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវធ្វើការវែកញែករករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ទៅលើអ្នកជំងឺរលាកខ្នែងពោះវៀន និងចូលរួមពិនិត្យ វិភាគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើកស្ទួយ វិស័យសុខាភិបាលនៅប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សុខ ចិត្ត គ្រូពេទ្យផ្នែកសង្គ្រោះជំងឺ វះកាត់ និងសណ្តំ នៅមន្ទីរពេទ្យព្រះកេតុមាលា និងជាប្រធានមន្ទីរពហុព្យាបាល ដូនពេញសែនសុខ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ