Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ស្វែងយល់ពីការព្យាបាលជំងឺមហារីកថ្លើម

 

មហារីកថ្លើម ជាប្រភេទមហារីកកើតឡើងនៅលើកោសិកាសាច់ថ្លើមដែលវាត្រូវបានបែងចែកជា៣ផ្នែកធំៗ៖
• ជំងឺមហារីកថ្លើមកើតឡើងនៅកោសិកាថ្លើមផ្ទាល់
• ជំងឺមហារីកថ្លើមកើតឡើងពីការរាលដាលកោសិកាមហារីកពីកន្លែងផ្សេង
• ជំងឺមហារីកថ្លើមកើតចេញពីប្រព័ន្ធទឹកប្រមាត់។
បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។

មូលហេតុនៃមហារីកថ្លើម
ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទBប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេគឺ អ្នកជំងឺក្រិនថ្លើម។

រោគសញ្ញា និងយន្តការ
ដំណាក់កាលដំបូងអ្នកជំងឺមហារីកថ្លើមមិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា៖
• ឈឺចាប់នៅត្រង់ពោះ ចុងដង្ហើម ឬក្រោមឆ្អឹងជំនីរខាងស្តាំ
• ស្បែកឡើងលឿង រមាស់ បើដុំសង្កត់លើទឹកប្រមាត់
• អាចកើតទាចទឹក បើវាស្ទះសរសៃឈាម
• អស់កម្លាំង និងបាត់បង់ចំណង់អាហារ។

យន្តការនៃមហារីកថ្លើម គឺបណ្តាលមកពីការរលាកថ្លើមរ៉ាំរ៉ៃបង្កឲ្យមានការប្រែប្រួលកោសិកាសាច់ថ្លើម (Mutation Oncogene) និង DNA នោះកោសិកាថ្លើមនឹងចាប់ផ្តើមវិវឌ្ឍ ឬលូតលាស់ដោយឯកឯង។ ករណីមេរោគរលាកថ្លើមប្រភេទBគឺវាធ្វើឲ្យមានការប្រែប្រួល DNA របស់កោសិកាថ្លើម ដែលវាខុសពីប្រភេទCធ្វើឲ្យកោសិកាថ្លើមក្រិន ទើបវិវឌ្ឍជាជំងឺមហារីកថ្លើម។

ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមត្រូវបែងចែកជា ២ផ្នែក៖
• ការរាវរក ដែលធ្វើឡើងក្នុងករណីអ្នកជំងឺមិនមានសញ្ញាសង្ស័យថាមានជំងឺមហារីកដោយគ្រាន់តែអេកូពោះ ជាមួយគ្រូពេទ្យជំនាញប៉ុណ្ណោះ ដើម្បីរកដុំនៃថ្លើម។
• ការធ្វើរោគវិនិច្ឆ័យពិតប្រាកដបន្ទាប់ពីបានរកឃើញថាមានដុំគឺ ការថតស្កែន ឬMRI ដើម្បី
បញ្ជាក់ឲ្យកាន់តែច្បាស់នូវដុំមហារីកថ្លើម។ប្រសិនបើ ក្នុងករណីដុំសាច់ថ្លើមខុសពីធម្មតាហើយការធ្វើអេកូសាស្ត្រ CT Scan និងMRI រួមនឹងការពិនិត្យឈាម (ការពិនិត្យមើលជាតិមហារីក AFP) នៅតែមិនអាចវិនិច្ឆ័យបាននោះទើបគ្រូពេទ្យចោះយកសាច់មកពិនិត្យបន្ថែម។

មហារីកថ្លើមត្រូវព្យាបាលទៅតាមដំណាក់កាលដោយផ្អែកលើដុំមហារីក និងជំងឺរបស់សាច់ថ្លើមផ្ទាល់៖
• ដំណាក់កាលដំបូង ឬចំពោះដុំតូច៖ ករណីអ្នកជំងឺដែលមានសាច់ថ្លើមនៅល្អគាត់នឹងតម្រូវឲ្យធ្វើការវះកាត់ ឬដុត។ ករណីអ្នកជំងឺដែលមាន សាច់ថ្លើមក្រិនខ្លាំង គាត់អាចនៅសល់ជម្រើសត្រឹមដុតនិងប្តូរថ្លើមតែម្តង។
• ដំណាក់កាលមធ្យម ឬចំពោះដុំធំ៖ អ្នកជំងឺអាចធ្វើការព្យាបាលដោយញ៉ុកសរសៃឈាម (TACE) ដោយការចាក់ទុយោចូលតាមក្រលៀន ឡើងរហូតចូលក្នុងសរសៃឈាមរបស់ថ្លើម បន្ទាប់មករកសរសៃឈាមដែលទៅចិញ្ចឹមដុំមហារីកនោះ ក្រោយមកបាញ់ថ្នាំគីមីចូលហើយញ៉ុកសរសៃឈាម។ ដុំមហារីកនឹងរលួយដោយសារជាតិគីមីដែលបានបាញ់ចូល ប៉ុន្តែអ្នកជំងឺត្រូវធ្វើការតាមដានរយៈពេល២ទៅ៣ខែក្រោយ រួចធ្វើការពិនិត្យ និងអាចធ្វើការដុតម្តងទៀត។
• ដំណាក់កាលចុងក្រោយ ឬធ្ងន់ធ្ងរ៖ ការព្យាបាលនៅដំណាក់កាលនេះមានជោគជ័យកម្រិតទាប ដែលអ្នកជំងឺអាចនឹងតម្រូវឲ្យប្តូរសរីរាង្គថ្លើម ឬព្យាបាលពន្យារ ដោយការញ៉ុកសរសៃឈាម រួមជាមួយការលេបថ្នាំគ្រាប់ជាដើម។

គួរបញ្ជាក់ថា ការព្យាបាលមហារីកថ្លើមដោយដុតអាចជួយអ្នកជំងឺឲ្យជាបាន១០០% ប្រសិនអ្នកជំងឺស្ថិតនៅដំណាក់កាលដំបូង ក្នុងនោះ៩៥% ជាលទ្ធផលនៃការដុតលើកដំបូង និង៥%ប៉ុណ្ណោះដែលនៅសល់ដុំ ហើយអ្នកជំងឺក៏អាចធ្វើការដុតម្តងទៀតបាន។

ផលវិបាក និងការការពារ
ភាគតិចណាស់ដែលអ្នកជំងឺអាចរស់បានលើសពីមួយឆ្នាំករណីដែលគាត់មិនបានព្យាបាលឲ្យទាន់ពេលវេលា។ ជាទូទៅ ដើម្បីការពារពីជំងឺមហារីកថ្លើម ចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន៖
• ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB
• ចៀសវាងការប៉ះពាល់ឈាមរបស់អ្នកជំងឺរលាកថ្លើមប្រភេទC
• បញ្ឈប់ការផឹកស្រា
• ការពារកុំឲ្យប៉ះពាល់ជាតិពុល
• ត្រូវព្យាបាលមេរោគឲ្យអស់ពីសាច់ថ្លើម។

មហារីកថ្លើមក៏អាចធ្វើការព្យាបាលនៅកម្ពុជាដូចនឹងប្រទេសដទៃទៀតដែរ ហើយនៅដំណាក់កាលដំបូង មានជោគជ័យរហូតដល់១០០%។ ដូចនេះ អ្នកជំងឺចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យឲ្យបាននៅដំណាក់កាលដំបូងដោយធ្វើការពិនិត្យសុខភាព និងធ្វើ Screening ឲ្យបានទៀងទាត់ រាល់៣ខែម្តង
ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទB និងអ្នកជំងឺក្រិនថ្លើម និងរាល់៦ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC និងអ្នកលើសជាតិខ្លាញ់ជាដើម។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត  មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Related Articles

View All

  ជំងឺមហារីកពោះវៀនធំ សំដៅទៅលើដុំសាច់កាច ឬដុំសាច់មហារីក ដែលកើតនៅលើពោះវៀនធំផ្ទាល់។ យោងទៅតាមទិន្នន័យរបស់ Globocan ២០១៥ នៅទ្វីបអាស៊ីមានអ្នកជំងឺមហារីកពោះវៀនធំចំនួន ៦១ ២២៨នាក់ដែលជាករណីថ្មីហើយក្នុងនោះភាគច្រើនមានវ័យលើសពី ៦៥ឆ្នាំ។ តាមការសិក្សាបង្ហាញថា ប្រហែលត្រឹមតែ ២%ទៅ៥% ដែលមហារីកពោះវៀនធំបង្កឡើងដោយហ្សែនពីជំនាន់មួយមកជំនាន់មួយទៀត។ ផ្អែកទៅលើការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថាពេលនោះប្រទេសកម្ពុជាយើងមានចំនួនប្រជាជនសរុប១៤ ៨៦៥ ០០០នាក់ ក្នុងនោះចំនួនអ្នកជំងឺមហា-រីកពោះវៀនធំ មានការកើតឡើងច្រើនគួរឲ្យកត់សម្គាល់ដែលបុរសមានចំនួន ៤៤៥ករណីថ្មី និងស្ត្រីមានចំនួន ៣៩៤ករណីថ្មី។ គេសង្កេតឃើញថា អត្រាមរណភាពក្នុងចំណោមជំងឺមហារីកគ្រប់ប្រភេទទាំងអស់ជំងឺមហារីកពោះវៀនធំមានរហូតដល់ ៥% ចំពោះបុរសនិយាយរួមច្រើនជាងនារី។ មូលហេតុ និងកត្តាប្រឈម • ការពិសាបារីច្រើន • ការពិសាស្រាច្រើន • កត្តាតំណពូជ • កត្តាលើសទម្ងន់ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺរលាកពោះវៀនរ៉ាំរ៉ៃ • អ្នកដែលពុំធ្វើលំហាត់ប្រាណ។ រោគសញ្ញា អាការៈនៃជំងឺមហារីកពោះវៀនធំដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖ • រាក និងទល់លាមករ៉ាំរ៉ៃ • ឈឺចាប់ក្នុងពោះរយៈពេលយូរ • ស្ថានភាពលាមកមានភាពមិនប្រក្រតី • បត់ជើងធំមានលាយឈាមក្នុងលាមក • មានហូរឈាមតាមផ្លូវលាមក។ យន្តការ ដោយសារមានបម្រែបម្រួលនៃហ្សែនទើបបណ្តាលឲ្យមានការខូចដល់កោសិការបស់ពោះវៀនធំ ហើយនេះជាកត្តាបង្កើតឡើងនូវដំបៅមហារីក។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺមហារីកពោះវៀនធំគឺផ្អែកទៅលើកត្តា៣យ៉ាង៖ • ការពិនិត្យលាមក ដោយបច្ចេកទេស FOBT(Faecal Occult Blood Test)៖ ដោយយកលាមកទៅពិនិត្យ ដោយមីក្រូទស្សន៍ នៅក្នុងមន្ទីរពិសោធន៍ ដើម្បីរកមើលគ្រាប់ឈាមក្រហម។ ក្នុងករណីឃើញមានគ្រាប់ឈាមក្រហម អ្នកជំងឺរូបនោះនឹងត្រូវតម្រូវឲ្យធ្វើការពិនិត្យម្យ៉ាងទៀតហៅថា ការពិនិត្យឆ្លុះពោះវៀនធំ Colonoscopy។ • ការពិនិត្យឆ្លុះពោះវៀនធំ Colonoscopy៖ ជាការពិនិត្យដោយប្រើម៉ាស៊ីនអង់ដូស្កូប (Endoscope) រកមើលដុំសាច់ក្នុងពោះវៀនធំ។ ដុំសាច់នោះនឹងត្រូវបានកាត់ ឬច្រឹបដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍មួយទៀត ដែលមានឈ្មោះថា មន្ទីរពិសោធន៍វិភាគកោសិកា (Histopathology Laboratory)។ • ការវិភាគកោសិកា Histopathology៖  ជាការពិនិត្យទៅលើកោសិកា ដើម្បីកំណត់ថាជា សាច់ធម្មតា សាច់ស្លូត ឬសាច់កាច(មហារីក)។ ការព្យាបាលត្រឹមត្រូវ   ជំងឺមហារីកពោះវៀនធំត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាល ដោយអាស្រ័យទៅនឹងស្ថានភាពអ្នកជំងឺ និងដុំសាច់មហារីក ដែលរួមមាន ២របៀប៖ • ការព្យាបាលនៅនឹងកន្លែង (local treatment)៖ ការវះកាត់ដែលធ្វើឡើងក្នុងករណីដុំតូច និងមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត។ • ការព្យាបាលជារួម (systemic treatment)៖ការប្រើថ្នាំគីមី ដោយចាក់បញ្ចូលតាមសរសៃឈាម ឬដោយត្រូវពិសាថ្នាំគ្រាប់ ធ្វើឡើងក្នុងករណីដុំសាច់មហារីក រាលដាលទៅកាន់សរីរាង្គផ្សេងទៀត ឬដុំសាច់មានលក្ខណៈធំខ្លាំងពេក។ អ្នកជំងឺមួយចំនួនអាចទទួលយកការព្យាបាលបានទាំងពីររបៀប តែអ្នកជំងឺមួយចំនួនទៀតមិនអាចទទួលយកការព្យាបាលបានគ្រប់របៀបនោះទេ។ ផលវិបាក • ព្យាបាលដោយវះកាត់ អាចមានការឈឺចាប់ត្រង់មុខរបួស ការហូរឈាមច្រើនពេលកំពុងវះកាត់ អាចមានមេរោគចូលក្នុងខ្លួន។ល។ • ព្យាបាលដោយថ្នាំគីមី អាចមានដូចជា ក្អួតចង្អោរ មិនឃ្លានអាហារ ក្តៅខ្លួន (ដោយមានមេរោគចូលក្នុងខ្លួន ពេលគ្រាប់ឈាមសថយចុះច្រើន) ស្លេកស្លាំង អស់កម្លាំង ញ័រទ្រូង វិលមុខ (ពេលមានគ្រាប់ឈាមក្រហមថយចុះច្រើន) មានហូរឈាមតាមអញ្ចាញធ្មេញ តាមស្បែក ឬកន្លែងផ្សេងទៀត (ពេលប្លាកែតថយចុះច្រើន) និងអាចស្ពឹកដៃជើង។ល។ បើករណីអ្នកជំងឺមកព្យាបាលទាន់ពេលវេលា នោះការព្យាបាលនឹងទទួលបានលទ្ធផលល្អច្រើន ព្រោះដុំមហារីកមិនទាន់មានការវិវឌ្ឍធំឡើង ឬរីករាលដាលទៅដល់សរីរាង្គផ្សេងទៀតទេ និងមិនបង្កឲ្យមានផលលំបាកច្រើន មានភាពងាយស្រួលក្នុងការព្យាបាល និងចំណាយកម្រៃតិច។ ម៉្យាងវិញទៀត ជំងឺនេះមិនត្រឹមតែយាយីចំពោះអ្នកជំងឺម្នាក់ប៉ុណ្ណោះទេ តែវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ បើអ្នកមាននូវរោគសញ្ញាដូចបានរៀបរាប់ខាងលើចាំបាច់ត្រូវទៅពិនិត្យ និងព្យាបាល ជាមួយគ្រូពេទ្យជំនាញ ឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហេង វីរដ្ឋឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងជាប្រធានបន្ទប់ពិគ្រោះ  និងព្យាបាលជំងឺវេជ្ជបណ្ឌិត ហេង វីរដ្ឋ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ជំងឺឫសដូងបាត គឺការរីកធំ នៃសសៃឈាមវ៉ែន ដែលបណ្តាលពីការរលាក ឬ ដាច់ស្បែកការពារសសៃឈាមវ៉ែននៅក្នុងទ្វារលាមករបស់យើងហើយសសៃឈាមវារីកធំ បន្តិចម្តង ៗ រួចវាវិវត្តន៍ទៅជាជំងឺឫសដូងបាត ។  រោគសញ្ញា នៃជំងឺឫសដូងបាត៖ ១) កាលណាយើងមានជំងឺឫសដូងបាត វាធ្វើអោយ តឹងចង្អៀតទ្វារលាមកធ្វើអោយពិបាកបត់ជើងធំ ( ជួនទល់ ជួនរាគ ជួនធ្លាក់ឈម ) បត់ជើងមិន ចេះអស់ មានលាមកមូល ឬ សំប៉ែតតូចៗ ។ ២ ) ឧស្សាហ៍មានការឈឺចាប់ រមាស់ ក្រហាយ នៅជុំវិញទ្វារលាមក និងឫសដូងបាត មានការរីកប៉ោង នៅជុំវិញទ្វារលាមក ឬម្ខាងនៃទ្វារលាមក។ ៣) ឧស្សាហ៍ ហើមពោះ ឆ្អល់ពោះ ហើមពោះវៀន ក្រពះ ជាប្រចាំ ដោយសាទល់ផោមឧស្ម័នពុល ទល់លាមក កាកសំណល់ពុល បន្សល់ជាតិពុល និងមេរោគ នៅពេញ ពោះវៀន ក្រពះ និងក្នុងឈាម ហើយបង្កអោយកោសិកា ជាលិកាទូទៅ ពុល មានជំងឺរ៉ាំហើយ ព្យាបាលមិនជា ។ ៤ ) ឧស្សាហ៍មានជំងឺពោះវៀន ក្រពះ ថ្លើមរ៉ាំរ៉ៃ ហើយព្យាបាលមិនជា បើមិនបានព្យាបាលជំងឺឫសដូងបាត អោយជាមុនទេនោះ ។ ៥ ) ឧស្សាហ៍ ឈឺក្បាល វិលមុខ ងងិតមុខ សក់ឆាប់ជ្រុះ ឆាប់ស្កូវ ភ្នែកឆាប់ស្រវ៉ាំងងងិត ខួរក្បាល ប្រាជ្ញាស្មារតី បាត់ការចងចាំ មានការធុញទ្រាន់​ និងមួម៉ៅច្រើន ។ ៦ ) ឧស្សាហ៍ឈឺចង្កេះខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកមិនបានសម្រាន្តមិនលក់ស្រួល ហូបចុកមិនដឹងរស់ជាតិឆ្ញាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។ ៧) ឧស្សាហ៍ តឹងទ្រូង ថប់ៗដង្ហើម ឆាប់ហេវ ឆាប់ហត់ ចលនាឈាមរត់មិនមិនទៀងទាត់ ជួនលើសជួនខ្វះ ជួនស្ទះៗដង្ហើម បេះដូង សួត ប្រឹងច្របាច់ហើយចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។ ៨ ) ពិបាកបត់ជើងតូច បត់ជើងតូច មិនចេះអស់ដូចនោមទាស់ ធ្វើអោយចុះ ខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ហើយវាចំលងជំងឺឫសដូងបាតទៅកូននៅក្នុងផ្ទៃ ដោយស្វ័យប្រវត្តិ។ ៩) ឧស្សាហ៍មានជំងឺសើស្បែក កន្ទួលរមាស់ កន្ទាលត្រអាកជាដើម ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ ស្បែកមានពណ៏សម្បុរមិនល្អ ។ ១០) កាលណាឫសដូងបាត ដល់ដំណាក់កាលទី ២ ឫសដូងបាតកាន់តែធំ រាល់ពេលបត់ជើងធំម្តងៗ ឫសដូងបាតវាលូនចេញមកក្រៅជាមួយលាមកដែរ តែក្រោយពេលបត់ជើងធំរួច វាលូនចូលវិញដោយខ្លួនឯង ។ ១១) កាលណាដល់ដំណាក់កាលទី៣ ឫសដូងបាត វាកាន់តែធំ វាកាន់តែធ្វើ អោយតឹងចង្អៀតទ្វារលាមក ផលលំបាក ផលប៉ៈពាល់កាន់តែធ្ងន់ធ្ងរ ហើយរាល់ពេលបត់ជើងធំ ឫសដូងបាតវាលូនចេញមកជាមួយលាមកដែរតែក្រោយពេលបត់ជើងធំរួច ឫសដូងបាត មិនអាចចូលវិញខ្លួនឯងបានទេលុះត្រាតែ យកម្រាមដៃជួរុញ ជួយច្រានវា ទើបចូលវិញបាន ទាំងឈឺចាប់ជួនមានហូរឈាមទៀតផង ។ ១២) កាលណាឫសដូងបាតដល់ដំណាក់ទី៤ គឺជាដំណាក់កាលចុងក្រោយ ជាដំណាក់កាលទុំ ឫសដូងបាតវាលូនចេញមកក្រៅដោយឯងៗ ហើយមិនអាចរុញអោយវាចូលវិញបានទេ ទោះបីខំរុញ ច្រានប៉ុណ្ណាក៏មិនអាចចូលវិញបានឡើយ ត្រូវរកកន្លែងព្យាបាលជាបន្ទាន់ ព្រោះវាមានការឈឺចាប់ហើយហូរឈាម ធ្ងន់ធ្ងរ ។ *** ចំណាំ បើសម្តេច ទ្រង់ ឯកឧត្តម មានជំងឺពោះវៀន ក្រពះ ថ្លើម រ៉ាំរ៉ៃហើយព្យាបាលមិនជា សូមងាកមកគិតពីជំងឺឫសដូងបាតវិញម្តងពីព្រោះឫសដូងបាត វាជាប្រភពបង្ក អោយពោះវៀន ក្រពះ ថ្លើមឈឺហើយព្យាបាលមិនជា ជាដាច់ខាតបើមិនបានព្យាបាល ជំងឺឫសដូបាតអោយ ជាមុនទេនោះ ។ ចែករំលែកដោយ គ្លីនិក តូច យ៉ាន​ ព្យាបាលជំងឺ ឫសដូងបាត

តើអ្វីជា ការគេងស្រមុក? ស្រមុក គឺជារោគសញ្ញានៃវិបត្តិក្នុងការដកដង្ហើម មានន័យថាវាជាសញ្ញាមួយនៃជំងឺដែលឆ្លុះបញ្ចាំងពីការដកដង្ហើមចូលសួតមានការរំខានដោយការត្បៀតនៃផ្លូវដង្ហើម។​ ការត្បៀតនេះអាចមាននៅក្នុងច្រមុះ ឬ​បំពង់ក ដោយសារមានការរីកសាច់ ឬមានដុះសាច់ច្រមុះ បំពង់ក ឬការមិនផ្តល់សញ្ញាពីខួរក្បាល ដែលធ្វើឲ្យខ្យល់អុកស៊ីសែនចូលក្នុងសួតមិនបានគ្រប់គ្រាន់និងខ្យល់ដែលឆ្លងកាត់ផ្លូវតូចចង្អៀត បង្កជាការលាន់ស្រមុក។ សញ្ញានៃការស្រមុកនេះ អាចឈានដល់ជំងឺមួយហៅថា ស្ទះដង្ហើម​នៅពេលគេងយប់ ឬObstructive Sleep Apnea។ តាមការសិក្សាមួយចំនួនបាន រកឃើញថា ស្រមុកអាចជារោគសញ្ញា ដែលមានលក្ខណៈតពូជ ដែលវាអាចឆ្លងពីជំនាន់ មួយទៅជំនាន់មួយទៀត តាមរយៈហ្សែន រួមជាមួយកត្តាខាងក្រៅដូចជា ចំណីអាហារ បរិស្ថាន ពិសេសរូបរាង។ មូលហេតុ កត្តាដែលបង្កឲ្យមានការគេងស្រមុកមានច្រើន រួមមាន៖ •    ទម្រង់រូបរាងមាត់ ៖ ទម្រង់មាត់ខុសពីធម្មតាដូចជាចង្កាខើចខ្លី ឬករួញ ឬអ្នកធាត់អាចធ្វើឲ្យសាច់នៅក្នុងបំពង់ក ឬមាត់មានការរីកធំ ហើយនៅពេលគេង ធ្វើឲ្យសាច់នោះទៅបិទនៅផ្លូវដង្ហើមបង្កឲ្យរន្ធនៅផ្លូវដង្ហើមស្ទះបណ្តាលឲ្យគេងស្រមុក។ •    អ្នកទទួលទានស្រាច្រើន ៖ កាលណាផឹកនូវជាតិអាល់កុល ឬស្រាច្រើន បង្កឲ្យសាច់ដុំនៅត្រង់ បំពង់ក និងមាត់ទន់ ជាហេតុនាំឲ្យសាច់នោះអាចទៅបិទផ្លូវដង្ហើម។ •    បញ្ហាច្រមុះមាត់ ៖ ករណីមានដុះសាច់ច្រមុះ ឬបំពង់ក កាលណាវាវិវឌ្ឍកាន់តែធំទៅៗ វានឹង សង្កត់រន្ធច្រមុះ ធ្វើឲ្យពិបាកក្នុងការដកដង្ហើម ហើយបង្កឲ្យមានសំឡេងស្រមុកឡើង។ •    គេងមិនបានគ្រប់គ្រាន់ ៖ កាលណាគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យសាច់ដែលស្ថិតនៅត្រង់បំពង់កមានលក្ខណៈទន់ ឬយឺត និងបង្កការរំខានដល់ផ្លូវដង្ហើម។ •    ទម្រង់នៃការគេង ៖ ចំពោះអ្នកធាត់ កាលណាគេងផ្ងារធ្វើឲ្យសាច់ធ្លាក់ទៅបិទផ្លូវដង្ហើម បង្កជាសំឡេងស្រមុក។ ការធ្វើរោគវិនិច្ឆ័យ •    ការសាកសួរប្រវត្តិអ្នកជំងឺ មើលលើទម្រង់រូបរាង ជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម ខ្សោយបេះដូង វិបត្តិចង្វាក់បេះដូង លើសសម្ពាធឈាម។ •    ការធ្វើតេស្តភាពរងៀម ឬចេះតែងងុយគេង ពេលថ្ងៃ ឆាប់មួម៉ៅ ខឹង ថប់ទ្រូង ឈឺក្បាល ពេលព្រឹក បត់ជើងតូចច្រើនពេលយប់ គេងមិន ស្កប់ស្កល់ និងឡើងទម្ងន់។ •    ការធ្វើតេស្តម៉្យាងហៅថា Polygraphy៖ ឃើញ Apnea Hypopnea Index (AHI)> ៥ដងក្នុងមួយម៉ោង នោះរោគវិនិច្ឆ័យជាជំងឺស្ទះដង្ហើមនៅពេលគេង។ ការព្យាបាល ជាទូទៅ ការព្យាបាលបញ្ហាស្រមុកដែលបង្កឲ្យមានការស្ទះដង្ហើមនៅពេលគេងយប់ អាស្រ័យទៅតាមប្រភេទនៃការស្ទះ រួមមាន៖ •    Central Sleep Apnea ៖ ជាការស្ទះដង្ហើម​នៅពេលគេងមានមណ្ឌលនៅខួរក្បាល មានន័យ​ថាការបញ្ជារបស់ខួរក្បាលលើផ្លូវដង្ហើមលែង​ដំណើរការជាហេតុនាំឲ្យចង្វាក់នៃការដកដង្ហើមត្រូវបានបាត់។ •    Obstructive Sleep Apnea ៖ ជាការ ស្ទះនៅបំពង់ក ដែលវាអាចមានមូលហេតុច្រើន ដូចបានរៀបរាប់ខាងលើ។ ដូចនេះ ប្រសិនបើស្ទះផ្លូវដង្ហើមនៅបំពង់ក ដោយមានសាច់ដុះ គ្រូពេទ្យនឹងអាចណែនាំឲ្យធ្វើការ កាត់សាច់នោះចេញ ឬធ្វើការពិចារណាលើការ ប្រើប្រាស់ម៉ាស៊ីនហៅថា CPAP ពាក់នៅពេល គេងយប់ និងវះកាត់ប្តូរទម្រង់ ប្រសិនបើអ្នកជំងឺមានសញ្ញាស្រមុកបង្កឲ្យស្ទះដង្ហើមដោយសារចង្កាខើចខ្លីជាដើម។ ផលវិបាក គួរបញ្ជាក់ថា អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារវិបត្តិចង្វាក់បេះដូង ខូចសាច់ដុំបេះដូង និងការដាច់សរសៃឈាមខួរក្បាល (Stroke) បើអាការៈស្រមុករបស់គាត់មានការស្ទះដង្ហើមនៅពេលគេងយប់ ហើយមិនបានទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ ការស្ទះដង្ហើមនៅពេលគេងយប់ អាចប៉ះពាលសកម្មភាពប្រចាំថ្ងៃ ដូចជា៖ •    គ្រោះថ្នាក់ចរាចរណ៍ •    កាន់តែលើសទម្ងន់ •    ប្រឈមការកើតជំងឺទឹកនោមផ្អែម ឬបន្ថយប្រសិទ្ធភាពព្យាបាល បើគាត់មានជំងឺទឹកនោមផ្អែមស្រាប់ •    ងាយប្រឈមនឹងការឡើងសម្ពាធឈាម​ ឬបន្ថយប្រសិទ្ធភាពព្យាបាលបើគាត់មានជំងឺលើសឈាម •    មានវិបត្តិផ្លូវចិត្ត បាក់ទឹកចិត្ត •    ឡើងខ្លាញ់ និងវិបត្តិមេតាបូលិក ជាដើម។ ការការពារ •    កាត់បន្ថយការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការប្រើប្រាស់ថ្នាំងងុយគេងច្រើន •    ប្តូររបៀបរបបក្នុងការរស់នៅ ដើម្បីបន្ថយទម្ងន់ •    ប្រើប្រាស់ឧបករណ៍ជំនួយនៅពេលគេង (CPAP) •    ធ្វើការវះកាត់សាច់ដែលសល់នៅក្នុងមាត់។ ស្រមុក ជាសញ្ញាអាសន្នដែលអាចវិវឌ្ឍទៅរកការមានជំងឺស្ទះដង្ហើមនៅពេលគេងយប់ និងជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើនដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ ប្រសិនមានសញ្ញាសង្ស័យគួរធ្វើការណាត់ជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តស្រមុក រកបញ្ហានៃការស្ទះដង្ហើមពេលគេងយប់ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ មហាបរិញ្ញា វ៉ាន់ មិច ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួត កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មនុស្សភាគច្រើនយល់ច្រឡំ និងតែងនិយាយថាពោះវៀនដុះខ្នែង តែតាមពិតទៅមនុស្សម្នាក់ៗសុទ្ធតែមានខ្នែងពោះវៀនទាំងអស់ ហើយនៅពេលមានការរលាកត្រង់ខ្នែងនោះ ទើបគេហៅថារលាកខ្នែងពោះវៀន។ និយមន័យ ជំងឺរលាកខ្នែងពោះវៀន ជាការរលាកទៅលើខ្នែងពោះវៀនដែលស្ថិតនៅជាប់ផ្នែកដំបូងគេនៃពោះវៀនធំ។ បច្ចុប្បន្ន យើងសង្កេតឃើញថាការវះកាត់ជំងឺរលាកខ្នែងពោះវៀនមានការកើនឡើងដូចនៅតាមមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជនស្របតាមអត្រាប្រជាជនខ្មែរយើងមានការកើនឡើងផងនោះ។ មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបង្កឲ្យមានជំងឺរលាកខ្នែងពោះវៀន គឺ៖ •    ដោយសារការស្ទះប្រហោងខ្នែងពោះវៀនដោយលាមក បន្លែ ឬគ្រាប់ធញ្ញជាតិដែលមិនរលាយពេលយើងញ៉ាំចូល •    ដោយការបង្ករោគពីបាក់តេរី (Escherichiacoli, Klebseilla, Bactericide fragility, Clostridium spp) •    ការបង្កពីពពួកប៉ារ៉ាស៊ីតក្នុងពោះវៀន (Schistosomes spicie, Pinworms, Strongyloides stercoralis) •    ការបង្កពីជំងឺអាប់សែនៅអាងត្រគាក •    ដោយសារការរីកនៃ Lymphatic tissue(Hyperplasia lyphoid) •    ការសង្កត់ដោយដុំសាច់ (Neoplasms) •    ការគ្រោះថ្នាក់ប៉ះចំផ្នែកពោះ (Abdominal Trauma) ។ អាការៈរោគ ឈឺពោះ ដំបូងឡើយគឺឈឺនៅផ្នែកជុំវិញផ្ចិត ឬចុងដង្ហើម បន្ទាប់មកទៀតឈឺចាក់ទៅផ្នែកខាងក្រោម ខាងស្តាំនៃពោះ ក្តៅខ្លួន ៣៨-៣៩ អង្សាសេ ចង្អោរ៦១ទៅ៩២% ក្អួត៥០% អត់ឃ្លានអាហារ៧៥ ទៅ៧៨% និងរាក ឬទល់លាមក១៨%។ តាមរយៈការសិក្សាភាគច្រើនបានឲ្យដឹងថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺរលាកខ្នែងពោះវៀនគឺ ប្រជាជនដែលមានអាយុចន្លោះពី ១០ ទៅ ៣០ឆ្នាំ ហើយកើតលើបុរសច្រើនជាងស្រ្តី។ យន្តការនៃការរលាកខ្នែងពោះវៀន នៅពេលដែលមានការស្ទះប្រហោងខ្នែងពោះវៀនដោយលាមក ឬដោយគ្រាប់ធញ្ញជាតិ ឬក៏អាហារដែលញ៉ាំចូលទៅមិនរលាយ វាជាហេតុដែលនាំឲ្យមានការកើនឡើងនៃសម្ពាធក្នុងប្រហោងខ្នែងពោះវៀន ដោយសារតែការបញ្ចេញ (secretion)ពីភ្នាសនៃប្រហោងខ្នែងពោះវៀននោះ នៅពេលនោះពពួកបាក់តេរីដែលមាននៅក្នុងខ្នែងពោះវៀនចាប់ផ្តើមបង្ករោគ នាំឲ្យមានការរលាកខ្នែងពោះវៀន ពេលនោះអ្នកជំងឺមានអាការៈឈឺពោះ ក្តៅខ្លួន ឈឺក្បាល អាចក្អួត ឬចង្អោរ និងមិនឃ្លានអាហារ។ ក្នុងករណីស្ទះខ្នែងពោះវៀនយូរទៅៗនាំឲ្យសម្បករបស់ខ្នែងពោះវៀនស្តើងទៅៗ បណ្តាលឲ្យធ្លាយ នាំឲ្យរលាកដល់ស្រោមពោះ និងមានគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងករណីដែលធ្វើការសង្គ្រោះវះកាត់មិនទាន់ពេលវេលា។ ការធ្វើរោគវិនិច្ឆ័យ •    គ្រូពេទ្យអាចសាកសួរព័ត៌មានពីអាការៈរោគពិសេសចំណុចនៃការឈឺចាប់ •    ការវិភាគឈាម ឃើញមានវត្តមានគ្រាប់ឈាមសកើនឡើង និង C-Reactive Protein (CRP) កើនឡើង •    ឆ្លុះអេកូពោះ ដើម្បីរកមើលដុំដំបៅខ្នែងពោះវៀនឃើញមានការរលាកខ្នែងហើយទំហំវាស់ទៅធំជាង៦មីលីម៉ែត្រជួនកាលឃើញលក្ខណៈជាដុំអាប់សែ (Plastron appendicular) •     ការថតកាំរស្មីអុិចពោះ និងស៊ីធីស្កែនអាចឃើញមានគ្រាប់ធញ្ញជាតិ ឬដុំលាមកនៅក្នុងខ្នែងពោះវៀនឬកម្រិតខ្យល់ និងទឹក ឬកំណកកាល់ស្យូម ឬការធ្លាយក្រពះ (Image de croissant gazeux)និងទាត់ចោលនូវជំងឺតម្រងនោមមួយចំនួន។   ការព្យាបាល និងផលវិបាក ឲ្យអ្នកជំងឺសម្រាកពេទ្យ ដោយធ្វើការព្យាបាលដោយវះកាត់ និងព្យាបាលរួមផ្សំ។ -ការព្យាបាលដោយការវះកាត់ មានគោលបំណងកាត់ខ្នែងពោះវៀន យកចេញនូវសរីរាង្គបង្ករោគនិងបន្ថយការឈឺចាប់។ នៅពេលកាត់ខ្នែងពោះវៀនហើយនោះ ជំងឺរលាកខ្នែងពោះវៀនមិនកើតមានទៀតទេ។ ការវះកាត់មាន២របៀប៖    •    ការវះកាត់ខ្នែងពោះវៀនដោយវះបើកពោះនៅផ្នែកខាងក្រោមខាងស្តាំនៃពោះ (McBurney open Appendecetomy)    •    ការវះកាត់ដោយចោះដោយប្រើឧបករណ៍ Laparoscope ។ ផលវិបាកក្រោយវះកាត់មានដូចជា ការបង្ករោគនៅមុខរបួសវះ ធ្លាយដោយរបូតចេស រលាកស្រោមពោះក្រោយវះកាត់ ស្ទះពោះវៀន។ -ការព្យាបាលរួមផ្សំ  ប្រើអង់ទីប៊ីយ៉ូទិក និងថ្នាំបំបាត់ការឈឺចាប់។ ករណីអ្នកជំងឺរលាកខ្នែងពោះវៀនដែលមិនបានទទួលការព្យាបាលទាន់ពេលវេលានិងត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រ នឹងធ្វើឲ្យសរីរាង្គនៃខ្នែងពោះវៀនវិវឌ្ឍទៅជាដុំសាច់ ដែលបង្កគ្រោះថ្នាក់បាន។ ប្រសិនបើទុកយូរ វាបណ្តាលឲ្យធ្លាយនូវខ្នែងរបស់ពោះវៀន ដែលជាហេតុនាំឲ្យមានពពួកបាក់តេរីធ្លាក់ចុះទៅក្នុងស្រោមពោះ បង្កជាជំងឺរលាកស្រោមពោះ និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបានផងដែរ។  ការវះពោះ         ១. មានតម្លៃថោក     ២. មានប្រសិទ្ធភាពខ្ពស់ រហ័ស     ៣. ស្នាមរបួសធំជាងវះចោះ     ៤. សម្រាកពេទ្យយូរជាងវះដោយ Laparoscope ។   ចោះ Laparoscope         ១. មុខរបួសតូច     ២. បន្ថយការបង្ករោគ     ៣. បន្ថយការឈឺចាប់ក្រោយវះ     ៤. បន្ថយរយៈពេលសម្រាកពេទ្យ     ៥. តម្លៃថ្លៃជាងវះដោយដៃ     ៦. រយៈពេលវះកាត់យូរជាងវះបើកពោះ។ ការការពារ ដើម្បីការពារខ្លួនពីជំងឺរលាកខ្នែងពោះវៀន គ្រប់គ្នាត្រូវបរិភោគអាហារដែលមានអនាម័យ និងងាយរលាយ ព្រមទាំងចូលរួមអនុវត្តគោលការណ៍អនាម័យទាំង៣រួមមាន ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត។ ដោយឡែក វេជ្ជបណ្ឌិតរួមទាំងអ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវធ្វើការវែកញែករករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ទៅលើអ្នកជំងឺរលាកខ្នែងពោះវៀន និងចូលរួមពិនិត្យ វិភាគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើកស្ទួយ វិស័យសុខាភិបាលនៅប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សុខ ចិត្ត គ្រូពេទ្យផ្នែកសង្គ្រោះជំងឺ វះកាត់ និងសណ្តំ នៅមន្ទីរពេទ្យព្រះកេតុមាលា និងជាប្រធានមន្ទីរពហុព្យាបាល ដូនពេញសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

រាកជាជំងឺដែលត្រូវបានជួបញឹកញាប់បំផុត ស្តែងឡើងដោយអ្នកជំងឺបន្ទោបង់ច្រើនលើសពីធម្មតា ឬចាប់ពី៣ដងក្នុងមួយថ្ងៃក្នុងនោះការរាកដោយសារប៉ារ៉ាស៊ីតគឺជាមូលហេតុចម្បងទីមួយដែលជួបញឹកញាប់។ ជាក់ស្តែង ប្រភេទប៉ារ៉ាស៊ីតដែលអាចបង្កឲ្យរាកមានពីរក្រុមធំៗ៖ •    Protozoa ដែលមានដូចជា អាមីប (Emtamoeba histolytica) និងGiardia lamblia •    ពពួកព្រូនដូចជា Trichuris trichiura, Strongyloïdes, Schistosoma mekongi, Ascaris និងTeania ជាដើម។ មូលហេតុនៃការរាកដោយប៉ារ៉ាស៊ីត រាកដោយប៉ារ៉ាស៊ីត មានការប្រឈមខ្ពស់ចំពោះបុគ្គល ខ្វះការយល់ដឹងពីអនាម័យ ការបរិភោគអាហារ ឬបន្លែឆៅ មិនបានលាងសម្អាត ឬអាហារចម្អិនមិន បានត្រឹមត្រូវ និងការរស់នៅជាមួយសត្វចញ្ចឹមដែល មានផ្ទុកនូវគីសរបស់ប៉ារ៉ាស៊ីត។ អ្នកជំងឺរាកដោយសារប៉ារ៉ាស៊ីតអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបើប្រៀបធៀបជាមួយនឹងមូលហេតុនៃការបង្កឲ្យរាកផ្សេងទៀត ដោយសារពពួកប៉ារ៉ាស៊ីតអាចធ្វើឲ្យខូចដល់ភ្នាសរបស់ពោះវៀនតូច និងពោះវៀនធំ។ រោគសញ្ញា និងយន្តការនៃជំងឺ ភាគច្រើនរោគសញ្ញាស្តែងចេញពីការរាកដោយប៉ារ៉ាស៊ីតមិនមានភាពខុសគ្នាជាមួយនឹងការរាកដោយវីរុស ឬមេរោគផ្សេងៗនោះទេ ដែលរួមមាន លាមកមានលាយសម្បោរ ឬឈាម រាកសុទ្ធតែទឹក ក្តៅខ្លួន ហើមពោះ ស្រកទម្ងន់។ នៅពេលអ្នកជំងឺបរិភោគចំណីអាហារដែលប្រឡាក់ទៅដោយគីស ពងព្រូន ឬប៉ារ៉ាស៊ីត នោះគីស ពងព្រូន និងប៉ារ៉ាស៊ីតមានសកម្មភាពផ្ទាល់ ឬប្រយោល​ ដោយសារការបញ្ចេញសារធាតុពុលទៅលើភ្នាសពោះវៀន ហើយបណ្តាលឲ្យរាករូស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចឲ្យមានរបួសនៅជញ្ជាំង ពោះវៀន ជាហេតុបង្កទៅជាការរាកមានលាយ សម្បោរ ឬលាយឈាម។ ការធ្វើរោគវិនិច្ឆ័យចាំបាច់ ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃការរាកបង្កដោយប៉ារ៉ាស៊ីត ពឹងផ្អែកទៅលើរោគសញ្ញា ឬសញ្ញាគ្លីនិក ដែលអ្នកជំងឺបានរៀបរាប់ខាងលើ។ ទោះជាយ៉ាង ណាក៏ដោយ អ្នកជំងឺក៏អាចតម្រូវឲ្យធ្វើតេស្តឈាម ឬពិនិត្យលាមក រកមើលគីសរបស់ប៉ារ៉ាស៊ីត ឬប៉ារ៉ាស៊ីតដើម្បីដឹងពីប្រភេទប៉ារ៉ាស៊ីតនោះឲ្យបាន ច្បាស់លាស់។ ក្នុងករណីចាំបាច់ផ្សេងទៀតដែល ការពិនិត្យខាងលើមិនអាចវាយតម្លៃបាន អ្នកជំងឺអាចឈានទៅដល់ការឆ្លុះពោះវៀនដើម្បីរកមូលហេតុ។ ការព្យាបាលរាកដោយប៉ារ៉ាស៊ីត ការព្យាបាលជាទូទៅផ្អែកលើរោគសញ្ញាគ្លីនិក និងទៅតាមប្រភេទរបស់ប៉ារ៉ាស៊ីតដូចជា៖ •    ប្រើប្រាស់ថ្នាំផ្សះដែលសមស្របទៅតាមប្រភេទប៉ារ៉ាស៊ីត ក្នុងរយៈពេល ៧ ទៅ១០ថ្ងៃ។ •    ផ្តល់ថ្នាំទៅតាមសញ្ញាគ្លីនិកមួយចំនួន​ ដូចជា ការក្អួត បាត់បង់ជាតិទឹក  ប្រភេទថ្នាំការពារកុំឲ្យ ភ្នាសពោះវៀនប៉ះពាល់ខ្លាំង រួមជាមួយថ្នាំផ្សះដែលផ្តល់ជូនអ្នកជំងឺ។ ប្រសិនបើ អ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា នោះអាការៈរាកខ្លាំងអាចឲ្យទៅជាការ ខ្សោះជាតិទឹកធ្ងន់ធ្ងរ វិលមុខ បាត់បង់ជាតិរ៉ែមួយចំនូនដូចជា អំបិល ប៉ូតាស្យូម ដែលសំខាន់សម្រាប់ សរីរាង្គ។ លើសពីនេះទៀត វាធ្វើឲ្យចុកពោះខ្លាំង ពោះវៀនហើមប៉ោង អាចមានឈាមហូរខ្លាំងក្នុងករណីពពួកប៉ារ៉ាស៊ីតដែលប៉ះពាល់ដល់ភ្នាសពោះវៀន និងសរសៃឈាម។ ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាអ្នកជំងឺអាចឈានដល់ការធ្លាយភ្នាសពោះវៀន ប៉ុន្តែវាជាករណីកម្រ។ វីធីសាស្រ្តការពារខ្លួន ដើម្បីចៀសវាងការរាកបង្កដោយប៉ារ៉ាស៊ីតត្រូវផ្តោតសំខាន់លើ៖ •    ការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ពិសេសត្រូវសម្អាតដៃជានិច្ចមុនចម្អិន ឬបរិភោគអាហារ និងបន្ទាប់ពីបន្ទោបង់រួច។ •    លាងសាច់ និងបន្លែឲ្យបានស្អាត ចៀសវាងការ បរិភោគសាច់ឆៅ និងត្រូវចម្អិនឲ្យបានឆ្អិនល្អ។ សុខភាពជារឿងមួយសំខាន់បំផុតសម្រាប់បុគ្គលគ្រប់រូប ដូចនេះ ប្រសិនបើមានអាការៈមិនប្រក្រតី ណាមួយកើតឡើង គួរប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត។ គួរបញ្ជាក់ថា លោកអ្នកអាចកាត់បន្ថយការរាកដោយប៉ារ៉ាស៊ីតស្ទើរតែទាំងស្រុងដោយគ្រាន់តែរក្សាអនាម័យឲ្យបាន ខ្ជាប់ខ្ជួនប៉ុណ្ណោះ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត  ស៊ង សុភីរម្យ ឯកទេសផ្នែក ថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរសំរាកព្យាបាលអេគីប ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

ក្នុងវីដេអូខាងក្រោមនេះ អ្នកនឹងជួយអ្នកឲ្យស្វែងយល់បន្ថែម ពីជំងឺឫសដូងបាត។ ការព្យាបាល​ជំងឺឫសដូងបាត នៅគ្លីនិក តូច យ៉ាន​! បើលោក លោកស្រី មានជំងឺឬសដូងបាត សូមកុំបារម្ភ ! សូមអញ្ជើញមកកាន់គ្លីនិក តូច យ៉ានយើងខ្ញុំ មានវេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺឫសដូងបាត ធានាព្យាបាលជាគ្រប់ប្រភេទ និងគ្រប់ដំណាក់កាលនៃជំងឺឫសដូងបាត ទោះបីដុះ ៥០ឬ៦០ឆ្នាំហើយក្តី ឬកំពុងទុំហូរឈាមក្តី ។ - ព្យាបាលដោយ បច្ចេកទេសវិទ្យាសាស្រ្តថ្មីទំនើប - ចាក់និងលេបថ្នាំពេទ្យសម័យ មិនបាច់វៈកាត់ មិនបាច់សំរាកពេទ្យ - ធានាព្យាបាលជាគ្រប់ប្រភេទ​ជំងឺឫសដូងបាតទោះបីដុះ៥០ឬ៦០ឆ្នាំហើយក្តី ឬ កំពុងទុំ ហូរឈាម ក្តី ។ - ព្យាបាលរយៈពេលខ្លី (៣ទៅ៥ថ្ងៃយ៉ាងយូរបំផុត ធានាមិនដុះវិញ)។ - ព្យាបាលរួចមាន ប័ណ្ណធានារាប់រងជូនអ្នកជំងឺ ធានាជូនមួយជីវិត។ - បើមានអ្នកជំងឺស្ត្រី មានអ្នកគ្រូពេទ្យពិនិត្យ និង ព្យាបាលជូន។ - ក្នុងរយៈពេលព្យាបាលអ្នកជំងឺ ពុំមានការឈឺចាប់ អាចដេក, ដើរ, ឈរ, អង្គុយ, ហូបចុក, លក់ដូរ, ធ្វើការងារ បានដូចធម្មតា មិនបាច់សម្រាកពេទ្យ។  - ពិនិត្យ, ពិគ្រោះ, ថត ជំងឺឬសដូងបាតជូនតលៃ $៥ក្នុងមួយនាក់។ - ចំពោះអ្នកនៅបណ្ដាខេត្ត,ក្រុងឆ្ងាយពុំមានកន្លែងស្នាក់នៅ គ្លីនិក មាន កន្លែងឲ្យស្នាក់នៅ ចាក់ថ្នាំរយៈពេល ៣ឬ៥ថ្ងៃ ដោយពុំគិតប្រាក់ទេ។ លោក លោកស្រី ទូរស័ព្ទពិភាក្សាពិគ្រោះជំងឺ ជាមួយលោកវេជ្ជបណ្ឌិត តូច យ៉ាន បានតាមរយៈទូរស័ព្ទលេខTel: 012 855 922 /070 855 922 /016 955 822/097 97 97 882ឬ ទូរស័ព្ទមិនអស់ប្រាក់លេខ 1800 20 1989 ឬ មកកាន់ផ្ទះលេខ 16-18 ផ្លូវលេខ16 ក្នុងបុរីពិភពថ្មី ផ្លូវ វេងស្រេង ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ័ ពោធិ៍សែនជ័យ និង សាខាទាំង ៥ នៅទីក្រុង ភ្នំពេញ ។ សូមអគុណ!

Top