មហារីកមាត់ស្បូនព្យាបាលមានប្រសិទ្ធភាពកម្រិតណា?
និយមន័យ
ជំងឺមហារីកមាត់ស្បូន ឬ Cervical Cancer ជាជំងឺមហារីកមួយប្រភេទក្នុងចំណោមមហារីកជាច្រើន កើតមាននៅលើកោសិកាមាត់ស្បូនរបស់ស្ត្រី ដែលវាត្រូវបានបែងចែកជា៤ដំណាក់កាលផ្សេងៗគ្នា។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក Globocan ២០១២ បង្ហាញថាមហារីកមាត់ស្បូនលើស្ត្រីកម្ពុជាមានអត្រាខ្ពស់រហូតស្ថិតនៅលំដាប់ទី១ ក្នុងចំណោមជំងឺមហារីកលើស្ត្រីកម្ពុជា។
មូលហេតុ និងកត្តាហានិភ័យ
តាមការសិក្សាបានបង្ហាញថា មហារីកមាត់ស្បូន កើតឡើងដោយសារជំងឺឆ្លងម៉្យាង ដែលបង្កឡើងពី Human Papillomavirus (HPV) ក្នុងនោះមានក្រុម Serotypes ច្រើនផ្សេងគ្នាដែលភាគច្រើន HPV16,18។ លើសពីនេះទៅ ទៀត តាមការសិក្សាបានបង្ហាញថាកត្តារួមផ្សំដែលធ្វើឲ្យស្ត្រីប្រឈមខ្ពស់នឹងការកើតជំងឺមហារីកមាត់ស្បូនគឺដោយសារតែកង្វះអនាម័យផ្លូវភេទ បញ្ហាសុខភាពផ្លូវភេទ ដូចជាការមានដៃគូរួមភេទ ច្រើន ការមានកូនច្រើន (ចាប់ពី៤ឡើងទៅ) ការចុះខ្សោយនូវប្រព័ន្ធការពាររាងកាយ (Immuno deficiency) និងការរលាកស្បូនរ៉ាំរ៉ៃដែល មិនទទួលបានការព្យាបាលត្រឹមត្រូវជាដើម។
រោគសញ្ញា
ជាទូទៅ អ្នកជំងឺមហារីកមាត់ស្បូនកម្រនឹងលេចចេញជារោគសញ្ញាសម្គាល់ច្បាស់លាស់ណាមួយណាស់ នៅដំណាក់កាលដំបូង។ ភាគច្រើនតែងស្តែងចេញជាសញ្ញាផ្សេងៗចាប់ពីដំណាក់កាលវិវឌ្ឍខ្ពស់បន្តិច ដែលរួមមានដូចជា ការធ្លាក់ឈាមតាមទ្វារមាស (ក្រៅពីឈាមរដូវរបស់ស្ត្រី) ការហូរទឹករំអិលពណ៌សតាមទ្វារមាស (អាចធុំ ឬមិនធុំក្លិនសោះ) ឬមានការឈឺចាប់នៅតំបន់អាងត្រគាកខុសធម្មតា។ ករណីធ្ងន់ធ្ងរមួយចំនួនអាចរហូតដល់បត់ជើងតូចឈាម ដោយសារដុំសាច់រីកធំធ្លុះដល់បង្ហួរនោម។
យន្តការ
ដំបូងកោសិកាមហារីកមាត់ស្បូនជាកោសិកាធម្មតាតែនៅពេលមានការឆ្លងនូវពពួកវីរុស HPV នៅក្នុងមាត់ស្បូនធ្វើឲ្យមេរោគនោះបំប្លែងហ្សែននៅក្នុងកោសិកា ក៏ដូចជាធ្វើឲ្យកោសិកាមាត់ស្បូនមានការរលាករ៉ាំរ៉ៃ ប្រឈមខ្លាំងនឹងការប្រែប្រួលកត្តាបរិស្ថានជុំវិញកោសិកា ដែលធ្វើឲ្យកោសិកាវិវឌ្ឍ ខ្លួនពីធម្មតា ទៅជាកោសិកាដែលអាចនឹងក្លាយជាមហារីកហៅថា Cervical Intraepithelial Neoplasia ពីកម្រិតទី១ ទី២ ទី៣ (CIN-1 CIN-2 CIN-3) និងក្នុងរយៈពេលប្រហាក់ប្រហែលជា ១០ឆ្នាំ ទៅ១៥ឆ្នាំឡើងទៅ មានការវិវឌ្ឍជាកោ-សិកាមហារីក ឬ Carcinoma in situ (CIS) រហូតដល់ Invasive Carcinoma ឬ Adenocarcinoma។
ការធ្វើរោគវិនិច្ឆ័យ
អ្នកជំងឺនឹងតម្រូវឲ្យធ្វើការច្រឹបសាច់ (Biopsy) បើមានការសង្ស័យថាមានជំងឺមហារីក ដោយយកទៅពិនិត្យដោយមីក្រូទស្សន៍ ដើម្បីបញ្ជាក់ថាវាពិតជាកោសិកាមហារីកពិតប្រាកដមែន។
ការព្យាបាល
ការព្យាបាលជំងឺមហារីកមាត់ស្បូនធ្វើឡើងតាមយុទ្ធសាស្ត្រធំៗ៣រួមមាន៖
• ការវះកាត់ ដែលភាគច្រើនធ្វើឡើងនៅដំណាក់កាលដំបូង (Stage I) ឬនៅពេលកោ-សិកាមហារីកមិនទាន់ឆ្លងផុត Basal Membrane (CIS) ដោយការវះកាត់ស្បូនចេញ (Hysterectomy) ឬវះកាត់តូចតាច (Conization)។
• នៅដំណាក់កាល Stage IB2 ទៅ គឺនៅពេលដែលកោសិកាមហារីកមានទំហំធំជាង៤សង់ទីម៉ែត្រ អ្នកជំងឺត្រូវធ្វើការព្យាបាលដោយកាំរស្មី និងថ្នាំគីមី អាចរួមផ្សំជាមួយការវះកាត់ ឬព្យាបាលដោយស្អំមាត់ស្បូន (Brachytherapy)។
• ក្នុងដំណាក់កាលទី៤ (Stage IV) ដែលកោសិកាមហារីករាលដាលដល់សរីរាង្គជិតខាងដូចជាប្លោកនោម ឬរន្ធគូទ ឬសាយភាយទៅសរីរាង្គផ្សេងទៀត ដូចជាថ្លើម សួត ។ល។ ការព្យាបាលត្រូវឆ្លងកាត់ការពិភាក្សាអំពីស្ថានភាពទូទៅរបស់អ្នកជំងឺពីគ្រូពេទ្យជំនាញជាច្រើនរួមគ្នា(Tumor Board)។
លទ្ធផលនៃការព្យាបាលជំងឺមហារីកឲ្យរស់រានមានជីវិត ប្រែប្រួលតាមដំណាក់កាលផ្សេងៗគ្នា និងកត្តាប្រឈមមុខ (Prognostic Factors) របស់បុគ្គលម្នាក់ៗដែលជាអ្នកជំងឺផ្ទាល់៖
• អ្នកជំងឺមហារីកដំណាក់កាលទី១ មានអត្រា រស់រានមានជីវិតលើសពី៥ឆ្នាំ លើសពី៨០%
• អ្នកជំងឺមហារីកដំណាក់កាលទី២ មានអត្រារស់រានមានជីវិតលើសពី៥ឆ្នាំ លើសពី៧០%
• អ្នកជំងឺមហារីកដំណាក់កាលទី៣ មានអត្រារស់រានមានជីវិតលើសពី៥ឆ្នាំ ក្នុងកម្រិត ៣០%-៤០%
• អ្នកជំងឺមហារីកដំណាក់កាលទី៤ មានអត្រារស់រានមានជីវិតលើសពី៥ឆ្នាំ មានកម្រិតទាប។
ការព្យាបាលខាងលើអាចផ្តល់ផលវិបាកដល់អ្នកជំងឺដូចជា ការប្រើកាំរស្មីធ្វើឲ្យពិបាកក្នុងការបន្ទោបង់ រីឯការប្រើប្រាស់ថ្នាំគីមី អាចបង្កឲ្យធុំអាហារ ស្រកទម្ងន់ អស់កម្លាំង ក្អួតចង្អោរ ជាដើម ប៉ុន្តែកត្តាផលវិបាកទាំងនោះសុទ្ធតែអាចទប់ស្កាត់ និងដោះស្រាយបានតាមការជួយថែទាំពីក្រុមគ្រូពេទ្យនិងគ្រួសារ។
ប្រសិនអ្នកជំងឺមានការយឺតយ៉ាវក្នុងការព្យាបាលនោះការវិវឌ្ឍរបស់ជំងឺនឹងកាន់តែធ្ងន់ធ្ងរ ប៉ះពាល់ដល់សរីរាង្គផ្សេងទៀតដូចជា តម្រងនោម ការហូរឈាមមិនឈប់ ការឈឺចាប់ដោយសារដុំសាច់ ការចុះខ្សោយមុខងារសរីរាង្គសំខាន់ៗ និងអាច រហូតដល់ស្លាប់។
រាល់បងប្អូនស្ត្រីទាំងអស់ដែលមានគ្រួសារ ឬមានដៃគូរួមភេទហើយ គួរមកពិនិត្យសុខភាពមាត់ស្បូន ឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញរោគស្ត្រី (Gynecologist)ដើម្បីមើលពីស្ថានភាពកោសិកាមាត់ស្បូនតាម-រយៈការបៀក (PAP Smear test) ឬ VIA test ឬតេស្ត HPV។ ចំពោះស្ត្រីដែលនៅលីវ គួរចាក់វ៉ាក់សាំងការពារពីវីរុស HPV កុំឲ្យបង្កទៅជាជំងឺមហារីកមាត់ស្បូនបាន រួមជាមួយការតាមដានយ៉ាងទៀងទាត់ ទោះជាបានចាក់វ៉ាក់សាំងហើយក៏ដោយ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ