គម្រោងអុីនធឺណែត
ម៉ោង ៧ ព្រឹក។ ពន្លឺព្រះអាទិត្យចែងចាំងចូលតាមបង្អួចបន្ទប់របស់អ្នក។ នៅជិតខ្លួនអ្នកវិញក៏មានពន្លឺទូរសព្ទរបស់អ្នកចែងចាំងព្រិចៗ ប្រណាំងគ្នាជាមួយព្រះអាទិត្យដែរ។ ហេតុអីបានជាវាចាំង? ដោយសារអ្នកកំពុងអូសមើលហ្វេសប៊ុក និងអុីនស្តាក្រាមនោះឯង។ គ្រាន់តែឆែកមើលមានគេផ្ញើរសារមកឬអត់ហ្នឹងណា!
អីលូវម៉ោង ៨ ព្រឹក។ អ្នកស្លៀកពាក់ស្អាតបាត កំពុងឈប់ឆ្ងក់នៅកណ្តាលផ្លូវ មិនដឹងថាកន្លែងដែលអ្នកណាត់ញ៉ាំអីពេលព្រឹកជាមួយមិត្តភក្តិអ្នកនៅឯណាទេ។ តែមិនអីទេគ្រាន់តែចុចចូល ផែនទីហ្គូហ្គល (Google Maps) បន្តិចទៅដឹងហើយ។ កាច់ទៅឆ្វេង ទៅស្តាំ ត្រង់បន្តិច ហើយដល់ហើយ!
ម៉ោង ៣ រសៀលហើយ។ អ្នកកំពុងកប់ខ្លួនធ្វើកិច្ចការសាលា។ តាមពិតអ្នកនៅអង្គុយស្រាវជ្រាវហ្នឹង អស់ជាង ៣ ម៉ោងមកហើយ មិនដែលហ៊ានដកខ្លួនពីកញ្ចក់កុំព្យូទ័រឡើយ។ គ្រាន់តែអើតមើលទៅឃើញថា អ្នកមានថាប ១៥ ហើយកំពុងបើកកម្មវិធីជាង ៥ ទៀតនៅក្នុងកុំព្យូទ័រដ៏តូចរបស់អ្នក។
អីលូវពេលយប់រាត្រីហើយ តែអ្នកមិនទាន់ចូលដេកទេ កំពុងតែនិយាយស្កែប (Skype) ជាមួយអតិថិជនម្នាក់។ ទោះស្តាប់គ្នាមិនសូវច្បាស់ ហើយពេលខ្លះសេវ៉ាដាច់ៗក៏ដោយ ក៏អ្នកនៅអាចយល់គ្នាបាន។ អ្នកសង្ឃឹមក្នុងចិត្តថាគេនឹងយល់ព្រមឲ្យគម្រោងនេះមកអ្នក។
នេះហើយជាសកម្មភាពប្រចាំថ្ងៃទូទៅរបស់អ្នកក្នុងក្រុងខ្មែរធម្មតាមួយរូប។ ទោះបីជាអ្នកមិនដែលបានស្កែបជាមួយអតិថិជន ឬ ចំណាយពេលអស់ទៅ ៣ ម៉ោងដើម្បីស្រាវជ្រាវកិច្ចការសាលាក៏ដោយ (មិនបាច់កុហកគេទេ គេក៏ដូចយើង យើងក៏ដូចគេ គ្មាននរណាគេធ្វើកិច្ចការសាលាម្តងៗ អស់ពេលដល់ទៅ ៣ ម៉ោងនោះទេ)
ក៏ខ្ញុំជឿថា អុីនធឺណែតបានលបៗ វារលូនចូលក្នុងជីវិតរបស់អ្នក មិនដឹងតាំងពីអង្កាល់ ហើយអីលូវនេះបើរស់នៅគ្មានវា ហាក់ដូចជាមិនសូវសមនោះទេ។
តែបើយើងរាវមុជចូលទៅក្នុងស្រទាប់ខួរក្បាលរបស់យើង ទៅប៉ះការចងចាំខ្លះៗដែលយើងមិនសូវបានរំលឹកជាយូរណាស់មកហើយ។ ចាំទេ ពេលដែលយើងដាក់នាឡិការោទិ៍មែនទែន ដើម្បីដាស់យើងឲ្យទៅសាលាទាន់ពេល។ អាផ្លូវទៅសាលាហ្នឹង មិនបាច់មានហ្គូហ្គលទេ យើងចាំច្បាស់ណាស់ ដល់ថ្នាក់អ្នកខ្លះរាប់ជំហានទៅសាលាចាំទៀតផង។ ហើយពេលនោះ ដើម្បីស្រាវជ្រាវរកអ្វីមួយ លុះត្រាតែយើងទៅអានសៀវភៅក្នុងបណ្ណាល័យ។ គ្មានសារ គ្មានហ្វេសប៊ុកអីទេ។ បើចង់និយាយគ្នា ទាល់តែស្កាត់ជួបគ្នា ឬហ៊ានទូរសព្ទរកគ្នាប៉ុន្មាននាទី ព្រោះវាថ្លៃគ្រាន់បើដែរ។ បើចង់សប្បាយ គឺពេលខ្លះអង្គុយច្រៀងពីសៀវភៅទំនុកចម្រៀងតូចៗ (មិនបាច់ខ្មាសអៀនទេព្រោះថា ជំនាន់នោះ នរណាក៏មានសៀវភៅហ្នឹងដែរ។) ហើយពេលល្ងាចៗ គ្មានអ្វីធ្វើក្រៅពីអង្គុយស្តាប់រឿងចាស់ៗនិយាយពីជីវិតពួកគាត់នោះទេ។
តើពេលនោះល្អជាង ពេលអីលូវឬ? ប្រហែលជាអត់ទេ។
តែក្មេងៗអាយុម្ភៃជាងម្នាក់ណា ក៏ធ្លាប់នឹកគិតដល់ពេលខ្លួននៅតូច ហើយតែងមានអារម្មណ៍ថា ពេលនោះខ្លួនស្រាលជាងនេះ ជីវិតដូចមិនសូវបង្ខំ មិនសូវស្ត្រេសដូចអីលូវនោះទេ។ ដោយសារហេតុនេះហើយ ទើបយើងគួរយកពេលគិតបន្តិចថាតើហេតុអី? ហេតុអីបានជាជីវិតយើងអីលូវចាក់ស្រែះជាងមុនម៉្លេះ? ការផ្លាស់ប្តូរដ៏ធំបំផុតនោះ គឺ សម្លាញ់អុីនធឺណែតយើងនេះឯង។
ដោយសារតែការគិត និងស្រាវជ្រាវនេះហើយ ទើបនាំឲ្យយើងបង្កើត គម្រោងអុីនធឺណែតនេះឡើង! កុំច្រឡំថា នេះជាគម្រោង ១២ ដុល្លារក្នុងមួយខែដូចគេឯងឲ្យសោះ។ គម្រោងអុីនធឺណែតក្នុងវ៉ិបសាយវប្បធម៌យើងនេះ ជាអត្ថបទមួយក្រុម ដែលចង់វែកញែករកមើលអត្ថប្រយោជន៍ និងគុណវិបត្តិរបស់អុិនធឺណែតមកលើជីវិតយើង។ យើងបានជ្រើសរើសប៉ុន្មានចំនុចដែលមានសារៈសំខាន់ និងមានឥទ្ធិពលមកលើមនុស្សជាងគេដូចជា៖
-ការចងចាំ
-ការងារស៊ីជម្រៅ
-បណ្តាញសង្គម
-សមត្ថភាពក្នុងការយកចិត្តទុកដាក់
-ភាពងាយសូននៃខួរក្បាល (brain plasticity)
នៅក្នុងអត្ថបទនីមួយៗ យើងនឹងវែកញែកពីឥទ្ធពលល្អ និងអាក្រក់របស់អុីនធឺណែតលើប្រធានបទនោះ។ មិនត្រឹមតែប៉ុណ្ណោះ យើងនឹងបញ្ចប់ដោយការសម្រចចិត្តថ្លឹងថ្លែងថាតើវាល្អឬអត់ ហើយនឹងធីបផ្សេងៗដើម្បីបង្ការឥទ្ធពលអាក្រក់របស់វា!
សង្ឃឹមថា ពេលអ្នកបានអានក្រុមអត្ថបទនេះចប់ អ្នកនឹងយល់ពីមិត្តភក្តិថ្មីយើង (អុីនធឺណែតហ្នឹងឯង) បានកាន់តែជ្រៅជាងមុន ហើយអាចប្រើប្រាស់វា ដើម្បីឲ្យជីវិតអ្នកសប្បាយ និងមានន័យជាងមុនផងដែរ។
អត្ថបទជាភាសាអង់គ្លេស ៖ The Internet Package!
អត្ថបទដោយ ៖ Sokcheng Seang
--------------------------
វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com
Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com
Facebook : វប្បធម៌ - Wapatoa