-
Mar 26, 2019
|
-
5 years ago
|
-
2.8K views
មិនខុសពីការចេញផ្សាយនៅរៀងរាល់ខែឡើយ ហេលស៍ថាម ប្រូ នៅតែបន្តផ្សព្វផ្សាយចំណេះដឹងសុខភាពជាច្រើន ដែលជាការបកស្រាយពីវេជ្ជបណ្ឌិតជំនាញ ក្រុមអ្នកនិពន្ធ ក៏ដូចជាការចូលរួមចែករំលែកពីអ្នកប្រកបវិជ្ជាជីវសុខាភិបាល។ ចំណែកសម្រាប់ខែ កុម្ភៈនេះ កំណើនអ្នកអានក៏នៅតែមានចំនួនច្រើន ដែលអត្ថបទ ៣ខាងក្រោម បានទទួលចំណាប់អារម្មណ៍ច្រើនជាងគេរួមមាន៖
១. អ្នកអាចកំពុងមានដុំសាច់ក្នុងខួរក្បាលឬ?
ដុំសាច់ខួរក្បាល ឬភាសាបច្ចេកទេស ហៅថា Brain Tumors គឺជាដុំដុះមិនធម្មតានៅក្នុងប្រអប់ខួរក្បាល ដែលរួមមានប្រមាណ ១៥០ ប្រភេទ ប៉ុន្តែជាក់ស្តែងវាត្រូវបានបែងចែកជា ២ ប្រភេទធំៗគឺ ដុំសាច់ដែលកើតឡើងដោយឯកឯង (Primary Brain Tumors) ដែលមានប្រភពពីកោសិកាណាមួយនៃខួរក្បាលខ្លួនឯងផ្ទាល់ និងដុំសាច់ដែលមានប្រភពមកពីការរាលដាលនៃសរីរាង្គមហារីកផ្សេងទៀតរបស់រាងកាយ (Metastatic Brain Tumors)។ ប្រភេទនៃដុំសាច់ខួរក្បាលកើតឡើងដោយខ្លួនឯងមាន ២ប្រភេទ គឺប្រភេទកាច និងប្រភេទស្លូត អាចកើតមកពីក្រពេញនៅក្នុងខួរក្បាល ហើយមួយចំនួនទៀតកើតចេញពីកោសិកាប្រព័ន្ធប្រសាទខួរក្បាល ឬពីកោសិកាស្រោមខួរក្បាល និងកោសិកានៅជុំវិញខួរក្បាលតែម្តង នេះបើយោងទៅតាមការបកស្រាយរបស់ វេជ្ជបណ្ឌិតស៊ឹម សុខចាន់ ឯកទេសវះកាត់ប្រព័ន្ធប្រសាទគ្លីនិកក្ដីសង្ឃឹមនៃយេរ៉េម៉ា និងជាសមាជិកអន្តរជាតិនៃសមាគមវះកាត់ប្រព័ន្ធប្រសាទសហរដ្ឋអាមេរិក។
កាន់តែស៊ីជម្រៅលើបញ្ហានេះ សូមអានបន្ថែម៖ http://healthtime.tips/library/article/1853
២. កូនកណ្តុររីកធំអាចជាសញ្ញានៃជំងឺមហារីក
វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី ឯកទេសបញ្ចាំងកាំរស្មី ជំងឺមហារីក និងជំងឺឈាមនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺមហារីក មន្ទីរពេទ្យកាល់ម៉ែត បានឲ្យនិយមន័យមហារីកកូនកណ្តុរ ឬភាសាបច្ចេកទេសហៅថា Lymphoma ជាប្រភេទជំងឺមហារីកដែលកើតមានផ្ទាល់នៅលើកោសិកាកូនកណ្តុរ ខុសពីការរាលដាលនៃជំងឺមហារីករបស់សរីរាង្គណាមួយមកលើកូនកណ្ដុរ។ ជំងឺនេះត្រូវបានគេបែងចែកជា ២ ប្រភេទធំៗគឺ ជំងឺមហារីកកូនកណ្តុរប្រភេទ Hodgkin (Hodgkin’s Lymphoma) និង Non-Hodgkin (Non-Hodgkin’s Lymphoma) ដែលបែងចែកជាប្រភេទបេ(B) និងប្រភេទតេ(T)។
ស្វែងយល់បន្ថែមពីជំងឺនេះបន្ថែមតាមរយៈ៖ http://healthtime.tips/library/article/1849
៣. អ្វីខ្លះជាប្រភេទនៃការវះកាត់សម្រាប់ព្យាបាលជំងឺមហារីក?
ជំងឺមហារីកដែលច្រើនតម្រូវឲ្យព្យាបាលដោយការវះកាត់គឺរាល់ដុំមហារីកទាំងឡាយណានៅលើសរីរាង្គ ដែលអាចដំណើរការដោយវិធីសាស្រ្តនេះបាន និងដុំមហារីកដែលមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត រួមមាន មហារីកបំពង់អាហារ មហារីកក្រពះ មហារីកពោះវៀនតូច ឬធំ មហារីកសួត មហារីកសុដន់ មហារីកក្រពេញដៃស្បូន មហារីកស្បូន និងមហារីកលើសរីរាង្គផ្សេងៗទៀត។ ក្នុងចំណោមមហារីកទាំងនេះគឺស្ទើរតែទាំងអស់អាចធ្វើការវះកាត់ព្យាបាលបាននៅប្រទេសកម្ពុជា ក្នុងកម្រិតស្តង់ដាដូចទៅនឹងបរទេស (Oncological surgery standard) ផងដែរ។ ដោយឡែក ចំពោះជំងឺមហារីកដែលមិនតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់រួមមានមហារីកគ្រាប់ឈាម (Leucemia) មហារីកប្រព័ន្ធទឹករងៃ ឬមហារីកកូនកណ្តុរ (Lymphoma) និងមហារីកដែលកើតនៅលើសរីរាង្គជ្រៅ មិនអាចធ្វើការវះកាត់បាន នេះបើយោងទៅតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ឆាយ រស្មី ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ និងមហារីកប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចង់ដឹងពីប្រភេទនៃការវះកាត់ សូមចូលទៅកាន់៖ http://healthtime.tips/library/article/1862
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ