អ្វីដែលអ្នកមិនដឹងអំពី Pilates...
Pilates សំដៅលើលំហាត់ប្រាណដែលត្រូវបានហាត់ ដោយគេងលើផ្ទៃរាបស្មើ សន្ធឹង និងពន្លាតសាច់ដុំ ដើម្បីបង្កើនភាពរហ័សរហួន និងលំនឹងដងខ្លួន។ បច្ចុប្បន្ននេះ Pilates ត្រូវបានគេស្គាល់ពាសពេញពិភពលោក និងត្រូវបានចាត់ទុកជាជម្រើសលំហាត់ប្រាណដ៏ពេញនិយមសម្រាប់មនុស្សរាប់លាននាក់។ នេះដោយសារគុណប្រយោជន៍សំខាន់ដែលមនុស្សមួយចំនួនប្រហែលមិនធ្លាប់បានដឹងខាងក្រោម៖
អាចហាត់បានគ្រប់គ្នា និងគ្រប់ទីកន្លែង
លំហាត់ប្រាណនេះមានលក្ខណ:ទន់ភ្លន់ និងសន្សឹមៗ ដែលសមស្របចំពោះមនុស្សគ្រប់វ័យ និងគ្រប់កម្រិតទាំងអស់ មិនថាក្មេង ឬចាស់ អ្នកចាប់ផ្តើមធ្វើកីឡាដំបូង ឬអត្តពលិក អ្នកជំងឺសម្រាកលើគ្រែយូរ ឬអ្នកឈឺសន្លាក់ ស្ត្រីមានផ្ទៃពោះ ឬក្រោយសម្រាលកូននោះទេ។ លើសពីនេះទៀត ការជ្រើសរើសទីតាំងហាត់ប្រាណ ក៏មានលក្ខណៈងាយស្រួលដែរ។ អ្នកអាចហាត់បាននៅផ្ទះ នៅក្នុងថ្នាក់ ឬនៅកន្លែងហាត់ប្រាណ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកគ្រាន់តែមានកន្ទេលហាត់ប្រាណមួយ ជាមួយឌីវីឌីនៃក្បាច់ហាត់ប្រាណ ឬមានគ្រូបង្វឹកម្នាក់ ដើម្បីណែនាំពីវិធីសាស្ត្រហាត់ប្រាណដែលត្រឹមត្រូវ ក៏ដូចជាក្បាច់ហាត់ប្រាណដែលសមស្របចំពោះអ្នកតែប៉ុណ្ណោះ។
ធ្វើឲ្យអ្នកមានរូបរាងស្អាត និងឥរិយាបថល្អ
ប្រសិនបើអ្នកកំពុងស្វែងរកលំហាត់ប្រាណដែលធ្វើឲ្យអ្នកមានរាងស្អាត ក្បាលពោះអស់ខ្លាញ់ហើយប្រែមកជារាបស្មើ និងមានសាច់ដុំតិចៗវិញនោះ Pilates នឹងអាចជាជម្រើសទី១របស់អ្នក។ ក្បាច់ភាគច្រើននៃលំហាត់ប្រាណនេះបានផ្តោតសំខាន់ទៅលើសាច់ដុំពោះ ដោយធ្វើយ៉ាងណាឲ្យសាច់ដុំរាក់ និងជ្រៅទាំងអស់អាចធ្វើចលនាបានត្រឹមត្រូវ និងស៊ីចង្វាក់គ្នា។ មិនតែប៉ុណ្ណោះ សាច់ដុំនៅផ្នែកផ្សេងទៀតសូម្បីតែកែងជើង បាតជើងផងនោះ ក៏ត្រូវហាត់ដោយមានតុល្យភាពផងដែរ។ ទាំងអស់នេះអាចឲ្យអ្នកទទួលបានឥរិយាបថ និងរូបរាងមួយដែលសមរម្យ។
បង្កើនចលនាបត់បែននៃរាងកាយ
ផ្ទុយពីលំហាត់ប្រាណផ្សេងៗទៀត Pilates ជួយលាតសន្ធឹងសាច់ដុំ បង្ហាប់សាច់ដុំ និងធ្វើឲ្យសាច់ដុំកាន់តែមានភាពយឺត ពិសេសធ្វើឲ្យចលនាសន្លាក់របស់អ្នកកាន់តែប្រសើរ។ នៅពេលដែលរាងកាយរបស់អ្នកមានតុល្យភាពនៃភាពរឹងមាំ និងភាពបត់បែននៃចលនាសាច់ដុំ និងសន្លាក់បានល្អហើយនោះ អ្នកនឹងមិនសូវប្រឈមនឹងរបួស ការប៉ះទង្គិចផ្សេងៗដែលកើតចេញពីសកម្មភាព ឬឥរិយាបថប្រចាំថ្ងៃរបស់អ្នកបាន។
ជួយកាត់បន្ថយស្ត្រេស
Pilates នឹងបង្រៀនអ្នកអំពីវិធីគ្រប់គ្រងលើដំណកដង្ហើម កាយវិការសណ្តូកខ្លួន វិធីពន្លាសាច់ដុំឲ្យបានត្រឹមត្រូវ ការផ្ចង់ស្មារតី និងការធ្វើចលនាបត់បែនដោយសន្សឹមៗ។ ការអនុវត្តទាំងកាយវិការ និងវិធីគ្រប់គ្រងដង្ហើមបែបនេះ ពិតជាមានប្រសិទ្ធភាពណាស់ចំពោះកាត់បន្ថយស្ត្រេស។ ជាពិសេសបច្ចេកទេសដែលអ្នកបានរៀនក្នុងថ្នាក់ហ្វឹកហ្វាត់ អាចនឹងត្រូវយកមកអនុវត្តក្នុងស្ថានភាពជីវិតផ្សេងៗ ដើម្បីធ្វើឲ្យចិត្តរបស់អ្នកស្ងប់ និងស្រស់ស្រាយផងដែរ។
បង្កើនការចងចាំ និងភាពឆ្លាតវៃ
ការសិក្សាថ្មីៗជាច្រើនបានបង្ហាញថា ការធ្វើលំហាត់ប្រាណត្រឹមត្រូវជួយធ្វើឲ្យប្រសិទ្ធភាពនៃការ បង្កើតកោសិកាខួរក្បាល ក៏ដូចជាការការពារកោសិកាដែលមានស្រាប់ឲ្យដំណើរការកាន់តែប្រសើរឡើង។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Illinois នៅ Urbana-Champaign បានរៀបរាប់នៅក្នុង Journal of Physical Activity & Health ថាអ្នកដែលបានធ្វើលំហាត់ប្រាណតាមបែប Pilates ឬយោគៈ មានមុខងារខួរក្បាលល្អប្រសើរជាងអ្នកធ្វើលំហាត់ប្រាណតាមបែបរត់ចម្ងាយ(Aerobic Exercise)។
លោកអ្នកត្រូវផ្តោតសំខាន់លើដំណាក់កាលនីមួយៗ ព្រមទាំងពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខភាព មុននឹងចាប់ផ្តើមហាត់ ដើម្បីប្រសិទ្ធភាពដូចការរំពឹងទុក…
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ