ការឡើងកម្តៅ អំឡុងពេលមានផ្ទៃពោះ
ការឡើងកម្តៅនៅអំឡុងពេលមានផ្ទៃពោះ គឺជាសញ្ញាដែលគួរឲ្យបារម្ភមួយ ដោយសារវាអាចទាក់ទងនឹងមូលហេតុមួយចំនួនដែលទាមទារឲ្យមានការព្យាបាលជាបន្ទាន់ ស្របពេលដែលមូលហេតុមួយចំនួនផ្សេងទៀតអាចមិនសូវចោទជាបញ្ហាឡើយ។ ដូចនេះ ការពិនិត្យឲ្យបានច្បាស់លាស់ជាមួយវេជ្ជបណ្ឌិតជំនាញ គឺជារឿងចាំបាច់នៅអំឡុងពេលនេះ។
សំណួរ៖ ខ្ញុំមានអាយុ ២៨ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់ ៦០គីឡូក្រាម ជាបុគ្គលិកក្រុមហ៊ុន សព្វថ្ងៃខ្ញុំមានផ្ទៃពោះ ៣ ខែហើយ។ ប៉ុន្មានថ្ងៃនេះ ផ្ចិតរបស់ខ្ញុំឡើងក្តៅ ហើយរាងកាយក៏ឧស្សាហ៍ឡើងកម្តៅញឹកញាប់។ តើវាបណ្តាលមកពីមូលហេតុអ្វីខ្លះ? តើវាអាចប៉ះពាល់ដល់ខ្ញុំ និងកូនក្នុងផ្ទៃខ្ញុំដែរឬទេ?
ចម្លើយ៖ ជាដំបូង អ្នកត្រូវស្វែងយល់ជាមុន ថាសីតុណ្ហភាពក្នុងកម្រិតប៉ុន្មានដែលអាចចាត់ទុកបានថាជាអាការៈក្តៅខ្លួន។ សម្រាប់មនុស្សពេញវ័យ ជាទូទៅ សីតុណ្ហភាពដែលត្រូវបានវាស់ដោយសម្ភារៈវាស់កម្តៅនៅក្នុងមាត់ឃើញថាលើសពី៣៨,៣ ដឺក្រេសេ ទើបអាចចាត់ទុកបានថាជាសញ្ញាក្តៅខ្លួន។ ម្យ៉ាងទៀត ប្រសិនបើអាការៈក្តៅខ្លួន នេះមិនបាត់ទៅវិញក្នុងរយៈពេលពី ២៤ ទៅ ៣៦ម៉ោងទេនោះ អ្នកគួរធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីពិនិត្យរកមើលមូលហេតុឲ្យបានច្បាស់លាស់។ ករណីដែលចាំបាច់ អ្នកអាចនឹងត្រូវចាប់ផ្តើមទទួលយកការព្យាបាលឲ្យបានឆាប់រហ័ស។
ដោយឡែក អ្នកគួរទៅជួបវេជ្ជបណ្ឌិតផងដែរប្រសិនបើអ្នកមានអាការៈរួមផ្សំមួយចំនួនដែលកើតមានស្របពេលក្តៅខ្លួនរួមមានដូចជា ការឈឺចាប់នៅតំបន់ពោះ ចង្អោរ ការកន្ត្រាក់ ឬឡើងកន្ទួល លើស្បែកជាដើម។ គួរបញ្ជាក់ថា អាការៈក្តៅ ខ្លួនអាចជាសញ្ញានៃជំងឺណាមួយ។ ដើម្បីកាត់បន្ថយអត្រាកើតឡើងនៃអាការៈក្តៅខ្លួននេះឲ្យនៅកម្រិតទាបបំផុត អ្នកអាចអនុវត្តទៅតាមគន្លឹះខ្លះៗរួមទាំងការលាងសម្អាតដៃឲ្យបានញឹកញាប់ និងចៀសវាងការប៉ះពាល់ជាមួយនឹងអ្នកដែលកំពុងមានជំងឺ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ