កូនកណ្តុររីកធំអាចជាសញ្ញានៃជំងឺមហារីក
មហារីកកូនកណ្តុរ ឬភាសាបច្ចេកទេសហៅថា Lymphoma ជាប្រភេទជំងឺមហារីកដែលកើតមានផ្ទាល់នៅលើកោសិកាកូនកណ្តុរ ខុសពីការរាលដាលនៃជំងឺមហារីករបស់សរីរាង្គណាមួយមកលើកូនកណ្ដុរ។ ជំងឺនេះត្រូវបានគេបែងចែកជា ២ ប្រភេទធំៗគឺ ជំងឺមហារីកកូនកណ្តុរប្រភេទ Hodgkin (Hodgkin’s Lymphoma) និង Non-Hodgkin (Non-Hodgkin’s Lymphoma) ដែលបែងចែកជាប្រភេទបេ(B) និងប្រភេទតេ(T)។
មូលហេតុ និងកត្តាប្រឈម
បច្ចុប្បន្ននេះ មហារីកកូនកណ្តុរមិនទាន់ត្រូវបានរកឃើញមូលហេតុពិតប្រាកដណាមួយនៅឡើយទេ ប៉ុន្តែ វាត្រូវបានគេសម្គាល់ឃើញថា ភាគច្រើនអាចកើតឡើងចំពោះបុគ្គលដែលមានប្រព័ន្ធភាពស៊ាំថយចុះ រួមមានអ្នកជំងឺផ្ទុកមេរោគអេដស៍ (HIV) អ្នកដែលប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធភាពស៊ាំ ឬនៅលើអ្នកដែលមានផ្ទុកមេរោគអែបស្តែនបា (Epstein-Barr Virus) ឬមេរោគ HTLV 1 (Human T-Lymphotropic Virus) ជាដើម។
រោគសញ្ញា
អ្នកជំងឺមហារីកកូនកណ្តុរមានរោគសញ្ញាសំខាន់ៗដូចជា ការរីកធំនៃកូនកណ្តុរនៅក ក្លៀក ក្រលៀន ពោះ ឬអណ្តើក រួមជាមួយអាការៈក្តៅខ្លួន ស្រកទម្ងន់ និងបែកញើសពេលយប់ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងរោគសញ្ញានៃជំងឺរបេងកូនកណ្តុរ។
ការធ្វើរោគវិនិច្ឆ័យ
ករណីសង្ស័យគ្រូពេទ្យនឹងធ្វើការច្រឹបសាច់ត្រង់កូនកណ្តុរដែលរីកធំនោះដើម្បីពិនិត្យ ក្នុងគោលបំណងបញ្ជាក់ថាវាពិតជាជំងឺមហារីកកូនកណ្តុរ។ ម៉្យាងទៀតការពិនិត្យខាងលើនឹងជួយសម្រួលឲ្យគ្រូពេទ្យជ្រើសរើសប្រភេទនៃកាព្យាបាល និងដឹងអំពីការវិវឌ្ឍរបស់ជំងឺទៅថ្ងៃមុខ។
ការព្យាបាល
ប្រសិនអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺមហារីកប្រភេទ Lymphoma នោះ ការព្យាបាលនឹងធ្វើតាមវិធីសាស្ត្រ២យ៉ាងដាច់ដោយឡែក ឬរួមបញ្ចូលគ្នា៖
• ការប្រើប្រាស់ថ្នាំគីមី ដែលខុសៗគ្នាអាស្រ័យទៅតាមប្រភេទរបស់ Lymphoma ដំណាក់កាលនៃជំងឺ និងភាពធ្ងន់ធ្ងររបស់ជំងឺ។ ប្រសិនបើជំងឺ Non-Hodgkin Lymphoma ប្រភេទបេ (B) នោះការព្យាបាលនឹងត្រូវរួមបញ្ចូលគ្នារវាងការប្រើប្រាស់ថ្នាំគីមី និងអង់ទីករប្រឆាំងប្រូតេអ៊ីនCD20 (ប្រូតេអ៊ីនម្យ៉ាងនៅលើភ្នាសកោសិកាមហារីក) ដែលធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាលកើនឡើងខ្ពស់ជាងការប្រើប្រាស់ថ្នាំគីមីតែឯង។
• ការបញ្ចាំងកាំរស្មី។
ការតាមដានបន្ទាប់ពីការព្យាបាល
៣០%-៤០% នៃអ្នកជំងឺដែលបានទទួលការព្យាបាលអាចនឹងលាប់មកវិញភាគច្រើនក្នុងអំឡុង ២-៣ឆ្នាំដំបូងក្រោយការព្យាបាល។ ដូច្នេះ អ្នកជំងឺត្រូវតាមដានឲ្យបានជាប់ជាប្រចាំជាមួយគ្រូពេទ្យតាមពេលកំណត់៖
• រយៈពេល ២-៣ឆ្នាំដំបូងបន្ទាប់ពីការព្យាបាល អ្នកជំងឺត្រូវធ្វើការតាមដានរាល់ ៣-៤ខែម្តង
• រយៈពេល ៤-៥ឆ្នាំបន្ទាប់ អ្នកជំងឺត្រូវធ្វើការតាមដានរាល់ ៦ខែម្តង
• រយៈពេល ៥ឆ្នាំឡើងទៅ អ្នកជំងឺត្រូវធ្វើការតាមដានរៀងរាល់ ១ឆ្នាំម្តង ចំពោះការតាមដានរួមមានការពិនិត្យដោយគ្រូពេទ្យការធ្វើតេស្តឈាម ការថតសួត ការថតអេកូពោះ និងការស្កែនជាដើម។
ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងរយៈពេល ៣-៦ខែ ករណីជាមហារីកប្រភេទកាចសាហាវខ្លាំង។
វិធីសាស្រ្តការពារ
ពុំមានវិធីសាស្ត្រណាអាចកំណត់ជាក់លាក់ដើម្បីការពារខ្លួនឲ្យចៀសផុតពីមហារីកកូនកណ្តុរនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាន់យកនូវគោលការណ៍ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតគួរតែត្រូវបានអនុវត្តជាប្រចាំ។ បន្ថែមពីនេះបុគ្គលគ្រប់រូបគួរពិនិត្យសុខភាពឲ្យបានជាប់ជាប្រចាំតាមក្បួនវេជ្ជសាស្ត្រដើម្បីតាមដាន និងស្វែងរកជំងឺឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ ប្រសិនបើមានសញ្ញារីកធំនៃកូនកណ្ដុរសូមមកពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ចៀសវាងការប្រើប្រាស់ថ្នាំសាកល្បង (ដូចជាថ្នាំរបេងជាដើម)។
ជំងឺមហារីកកូនកណ្តុរមិនមែនជាជំងឺតពូជនោះទេ ហើយអ្នកជំងឺក៏មិនបាច់ត្រូវតមអាហារក្នុងអំឡុងពេលព្យាបាលដែរ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៊ុនប៉ា ប៉ូលី ឯកទេសបញ្ចាំងកាំរស្មី ជំងឺមហារីក និងជំងឺឈាមនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺមហារីក មន្ទីរពេទ្យកាល់ម៉ែត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ