តើអ្នកដឹងអ្វីខ្លះពីផលប៉ះពាល់នៃគ្រឿងស្រវឹងមកលើសុខភាព?
ស្រាគឺជាសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ព្រោះវាជាសារជាតិដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើឲ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់ទៀតផង។
ជាញឹកញាប់ គេតែងមានការភ័ន្តច្រទ្បំថា សុរាជាសារជាតិដែលនាំឲ្យមានការភ្ញោច តែតាមពិតទៅសកម្មភាពទាំងនេះអាចកើតមាននៅពេលពួកគេពិសាវាក្នុងបរិមាណតិចប៉ុណ្ណោះ ដែលឥទ្ធិពលទាំងនោះមានដូចជា កាត់បន្ថយភាពតានតឹង ធ្វើឲ្យអារម្មណ៍ស្រាកស្រាន្ត និងសប្បាយរីករាយ។ ហេតុផលទាំងនេះហើយដែលនាំឲ្យមនុស្សភាគច្រើនពិសាសុរាជាលក្ខណៈទូទៅក្នុងឱកាសណាមួយម្តងម្កាល។ ផ្ទុយមកវិញ សុរាគឺជាសារជាតិមួយនាំឲ្យមានការចុះខ្សោយដល់មជ្ឈមណ្ឌលប្រព័ន្ធប្រសាទកណ្តាល ដែលឥទ្ធិពលទាំងនោះស្ទើរតែទាំងអស់ប៉ះពាល់ទៅលើកោសិកា និងប្រព័ន្ធប្រសាទទាំងមូល នៅពេលដែលគេបង្កើនកំហាប់សុរាទៅក្នុងសរីរាង្គ។ ជាលទ្ធផល វានឹងនាំឲ្យមានការបញ្ឈប់មុខងារខួរក្បាលមួយចំនួនដូចជា ការថយចុះនៃចលនាញាណថយចុះនៃការវិនិច្ឆ័យរហ័ស ធ្លាក់ចុះនៃភាពមានលំនឹង លំបាកជាងពេលមុន និងរំញោចយឺតៗ។ ជាទូទៅ សុរាមានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ និងប្រទេសនីមួយៗ ដែលក្នុងនោះមានដូចជាទឹកត្នោតជូរ ស្រាបៀរ ស្រាក្រហម ស្រាវីស្គី ម៉ាទីនី ជាដើម។
ការស្រូប ការបញ្ចេញ និងការបំប្លែងសុរានៅក្នុងសរីរាង្គ
• សុរាត្រូវបានស្រូបចូលយ៉ាងលឿនទៅក្នុងចរន្តឈាម តាមរយៈក្រពះ ២០% និងពោះវៀន ៨០%
• បន្ទាប់មកវានឹងអាចជ្រៀតចូលទៅដល់ខួរក្បាលក្នុងរយៈពេល ៥នាទីក្រោយ
• វានឹងត្រូវបានរងមេតាបូលីសនៅត្រង់ថ្លើមពី៩០ទៅ ៩៥% រួចត្រូវបានបញ្ចេញចោលវិញតាមរយៈទឹកនោម ញើស និងដង្ហើម។
មាត្រដ្ឋានសម្រាប់ការផឹក
ការប្រើមាត្រដ្ឋានសម្រាប់ផឹកត្រូវបានគេតាក់តែងទ្បើងដើម្បីជួយដល់អ្នកពិសាសុរាឲ្យចេះតាមដាននូវបរិមាណសុរាដែលគាត់នឹងត្រូវពិសា ហើយក៏ជាមាត្រដ្ឋានសម្រាប់ធ្វើលំហាត់ក្នុងការកាត់បន្ថយនូវបរិមាណសុរាដែលពួកគេពិសាលើសលប់កន្លងមក។ ប្រភេទសុរាមានច្រើនផ្សេងៗគ្នា ដូច្នេះ កម្រិតនៃកំហាប់សុរាសុទ្ធមានផ្សេងៗគ្នាដែរ៖
• កម្រិតមាត្រដ្ឋានដែលត្រូវផឹកមានប្រហែល ១៤ក្រាមនៃជាតិសុរាសុទ្ធខាងក្រោមនេះគឺជាបរិមាណសុរាដែលមានសមភាពទៅនឹងកម្រិតស្តង់ដា
- មួយដប ឬមួយកំប៉ុងបៀរ = ៣៥០ ម.ល (៥%)
- ស្រាក្រហម = ១៥០ ម.ល (១២%)
- ស្រាខ្លាំង = ៤០ម.ល (៤៥%)
- ទឹកត្នោតជូរ = ៣០០ ម.ល (៣%)។
ផលប៉ះពាល់សុរាមកលើសុខភាពរយៈពេលខ្លី
• ពិសាក្នុងកម្រិតតិចនាំឲ្យមានការសម្រាក សប្បាយ និយាយច្រើន កើនឡើងនូវសកម្មភាព និងថយចុះនូវការទប់ចិត្ត។
• ពិសាក្នុងកម្រិតខ្ពស់នាំឲ្យមានការថយចុះនូវការសម្របសម្រួលក្នុងការគ្រប់គ្រងចលនារាងកាយ និងសាច់ដុំ បាត់បង់លំនឹង រំញោច កាត់បន្ថយសមត្ថភាពដោះស្រាយ កាត់បន្ថយប្រតិកម្មឆ្លើយតប និយាយត្រដិត ថយចុះការផ្ចង់អារម្មណ៍ បាត់បង់ភាពម្ចាស់ការ បាត់បង់សតិ បាត់បង់នូវភាពមានសីលធម៌ បាត់បង់ការចងចាំរយៈពេលខ្លី ងងុយដេក ស្រវាំងភ្នែក ធ្លាក់ទឹកចិត្ត បង្កើនអាកប្បកិរិយា គ្រោះថ្នាក់ កាចឃោរឃៅ ធីងធោង ចង្អោរ ក្អួត ឈឺពោះវៀន សន្លប់ ឬរហូតដល់ស្លាប់។
ផលប៉ះពាល់សុរាមកលើសុខភាពក្នុងរយៈពេលវែង
• ចុះខ្សោយសមត្ថភាពផ្លូវភេទ មានបញ្ហាផ្ចង់អារម្មណ៍ និងការចងចាំ
• ធ្លាក់ទឹកចិត្ត ថប់បារម្ភ
• មានបញ្ហាគ្រួសារ និងការទំនាក់ទំនង
• ថយចុះការយកចិត្តទុកដាក់បំពេញកិច្ចការ
• មានបញ្ហាផ្នែកច្បាប់ និងសេដ្ឋកិច្ច
• ខូចខាតដល់សរីរៈមួយចំនួនជាបណ្តោះអាសន្ន និងអាចជារៀងរហូត
• ខូចខួរក្បាលនាំឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍
• តម្រូវការកម្រិតថ្នាំកាន់តែច្រើនដើម្បីទទួលបាននូវប្រសិទ្ធភាពដែលខ្លួនចង់បាន
• ញៀន “សម្អាងដោយមានចំណង់ប្រើខ្លាំង” មានបញ្ហាសុខភាព និងសង្គម ខកខានការបំពេញតួនាទីជាទម្លាប់ ពិបាកកាត់បន្ថយការទទួលទានសុរា។
ជំងឺទាំងឡាយដែលកើតចេញពីការពិសាសុរាច្រើនក្នុងរយៈពេលយូរ
• ការពិសាសុរាច្រើន និងរយៈពេលវែងអាចឲ្យមានជំងឺថ្លើមបីប្រភេទគឺ ខ្លាញ់រុំថ្លើម (Fatty liver) រលាកថ្លើម (១០ ទៅ ៣៥%) និងក្រិនថ្លើម (១០ ទៅ២០%)
• ជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាមមួយចំនួន
• ជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ ដែលមានជំងឺរលាកក្រពះ ដំបៅក្រពះ រលាកពោះវៀនធំ រលាកបំពង់អាហារ រលាកលំពែងជាដើម
• ជំងឺខួរក្បាលដែលមានទំនាក់ទំនងនឹងបញ្ហាថ្លើមអាចជាមូលហេតុនាំឲ្យមានបម្រែបម្រួលការគេង បម្រែបម្រួលអារម្មណ៍ បម្រែបម្រួលអាកប្បកិរិយា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប៉ះពាល់លើញាណធ្ងន់ធ្ងរ ការប្រុងប្រយ័ត្នមានរយៈពេលខ្លី បញ្ហាលើលំនឹង ករណីធ្ងន់ធ្ងរនាំឲ្យសន្លប់ ខ្លះអាចឲ្យស្លាប់
• បាត់បង់សារជាតិ Thiamine (វីតាមីន B1) ជាសារជាតិចម្បងសម្រាប់ទ្រទ្រង់គ្រប់ពពួកជាលិការាប់បញ្ចូលទាំងជាលិកាខួរក្បាល
• ការថយចុះនូវសម្រូបសារជាតិបំប៉ន វីតាមីន និងសារជាតិរ៉ែមួយចំនួនទៀត។
រហូតដល់ទៅ ៨០% នៃអ្នកពិសាសុរាក្នុងរយៈពេលខ្លីមួយនៃជីវិតរបស់គាត់ និងក្នុងស្ថានភាពធ្ងន់ធ្ងរ គាត់នឹងអាចកើតមានជំងឺមួយឈ្មោះថា Wernicke’s encephalopathy តែបើក្នុងរយៈពេលវែង និងក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំង អ្នកជំងឺនឹងអាចកើតជាជំងឺមួយឈ្មោះផ្សេងទៀតគឺ Korsakoff’s psychosis។ គួរបញ្ជាក់ផងដែរថា ប្រមាណជា ៨០ ទៅ ៩០% នៃអ្នកមានជំងឺ Wernicke’s encephalopathy នឹងអាចវិវឌ្ឍទៅជាមានជំងឺ Korsakoff’s psychosis។
គួរបន្ថែមថា ស្រ្តី ស្រ្តីមានផ្ទៃពោះ កុមារ និងទារក អាចរងគ្រោះថ្នាក់ដែលបណ្តាលមកពីសុរាច្រើនជាង និងធ្ងន់ធ្ងរជាងបុរស។ ហេតុនេះហើយទើប អ្នកវេជ្ជសាស្រ្តក្នុងលោកជាច្រើននាពេលថ្មីៗនេះបានអះអាងថា ការពិសាសុរាក្នុងពេលមានគភ៌ត្រូវតែចៀសវាងជាដាច់ខាត ព្រោះវានឹងអាចបង្កឲ្យគ្រោះថ្នាក់ដល់ទារក ថ្វីបើពិសាក្នុងកម្រិតតិចតួចក៏ដោយ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ