ឥទ្ធិពលអាក្រក់បំផុតនៃគ្រឿងស្រវឹងលើការបើកបរ
តើអ្នកចូលចិត្តការជួបជុំដែលពោរពេញដោយសុរាមែនទេ?ហើយតើអ្នកធ្លាប់បានគិតពីផលមិនល្អដែលអាចប្រហែលនឹងកើតមានឡើង នៅពេលអ្នកត្រូវបើកបរត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការជួបជុំនេះដែរឬទេ?
គ្រឿងស្រវឹង និងការបើកបរ
ការទទួលទានគ្រឿងស្រវឹងអាចផ្តល់ផលប៉ះពាល់ដល់ការបើកបររបស់អ្នកគួរឲ្យបារម្ភដែលរួមមាន៖
• កាត់បន្ថយលទ្ធភាពធ្វើសកម្មភាពលើសពីមួយក្នុងខណៈពេលមួយ
• ធ្វើឲ្យអ្នកពិបាកក្នុងការប្រមូលអារម្មណ៍ទៅលើការបើកបរ
• ពន្យឺតប្រតិកម្មឆ្លើយតប ទៅនឹងហេតុការណ៍ដែលមិនបានរំពឹងទុកកើតឡើង
• ធ្វើឲ្យអ្នកមានអារម្មណ៍ជឿជាក់លើខ្លួនឯងជ្រុល ដែលនឹងនាំឲ្យហ៊ានប្រថុយនឹងគ្រោះថ្នាក់
• រំខានចក្ខុវិញ្ញាណរបស់អ្នក ជាពិសេសនៅពេលយប់ និងសោតវិញ្ញាណ
• ធ្វើឲ្យអ្នកធូរស្បើយក្នុងអារម្មណ៍ និងងាយលង់លក់ពេលយានយន្តកំពុងទៅមុខ។
អ្នកដឹងទេ ៖
• អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល ០.០៥ក្នុងឈាមប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរ២ដង ធៀបទៅនឹងអ្នកបើកបរដែលគ្មាជាតិអាល់កុលក្នុងឈាម។
• អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល០.១០ក្នុងឈាមប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរលើសពី ៧ដង បើធៀបទៅនឹងអ្នកបើកបរដែលមានជាតិអាល់កុលសូន្យក្នុងឈាម។
• អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល០.១៥ក្នុងឈាម ប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរ២៥ដង បើធៀបទៅនឹងអ្នកបើកបរដែលគ្មានជាតិអាល់កុលក្នុងឈាម។
អ្វីជាកំហាប់ជាតិអាល់កុលក្នុងឈាម?
កំហាប់ជាតិអាល់កុលក្នុងឈាម គឺជាបរិមាណនៃជាតិអាល់កុលក្នុងចរន្តឈាម ឧទាហរណ៍ កំហាប់ជាតិអាល់កុលក្នុងឈាម ០.០៥ មានន័យថា អ្នកនោះមានជាតិអាល់កុល ០.០៥ ក្រាម ក្នុង១០០ មីលីលីត្រ ឈាម។ ជាក់ស្តែង កំហាប់ជាតិអាល់កុលក្នុងឈាមនឹងកើនឡើងភ្លាម បន្ទាប់ពីអ្នកទទួលទានគ្រឿងស្រវឹង ហើយឡើងដល់ចំណុចខ្ពស់បំផុតនៅពេលអ្នកឈប់ទទួលទាន ពី៣០-៦០នាទី ក្នុងករណីខ្លះ វាត្រូវប្រើពេលរហូតដល់២ម៉ោងដើម្បីឡើងដល់ចំណុចកំពូល ជាពិសេសពេលមានអាហារក្នុងក្រពះ។ ទោះបីជាអ្នកឈប់ទទួលទានគ្រឿងស្រវឹង ១-២ម៉ោងក៏ដោយ កំហាប់ជាតិអាល់កុលក្នុងឈាមអ្នកនៅតែកើនឡើងដែរ។ គួរបញ្ជាក់ថា ថ្លើមរំលាយគ្រឿងស្រវឹងក្នុងកម្រិតប្រហែល៧.៥ក្រាមអាល់កុល ក្នុង១ម៉ោង។ ទោះជាយ៉ាងណា កំហាប់ជាតិអាល់កុលក្នុងឈាមថយចុះតាមពេលវេលា លើកលែងតែមានការទទួលទានគ្រឿងស្រវឹងបន្ថែម ហើយវាត្រូវបានគេវាស់តាមរយៈខ្យល់ដង្ហើមដោយឧបករណ៍ម៉្យាង ឬដោយការវិភាគឈាម។
វិធីគណនារកកំហាប់ជាតិអាល់កុលក្នុងឈាម
លោកអ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖
១-រកបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទានជាក្រាម
២-គុណចំនួនម៉ោងដែលអ្នកបានទទួលទានគ្រឿងស្រវឹងនឹង៧.៥ ក្រាម (អត្រាជាមធ្យមនៃការបញ្ចេញជាតិអាល់កុលពីរាងកាយ)
៣-ធ្វើវិធីដកលទ្ធផលនៃជំហាន២ ទៅនឹងលទ្ធផលនៃជំហាន១
៤-គុណទម្ងន់អ្នកជាគីឡូក្រាមនឹង៦.៨ បើអ្នកជាបុរស និងជាមួយ៥.៥ បើអ្នកជាស្ត្រី
៥-ចែកលទ្ធផលនៃជំហាន៣នឹងលទ្ធផលនៃជំហាន៤អ្នកនឹងបានកំហាប់ជាតិអាល់កុលក្នុងឈាមរបស់អ្នក។
ឧទាហរណ៍៖
១-បើបុរសម្នាក់ទម្ងន់ ៨០គីឡូក្រាម ទទួលទានអស់ ១០០ក្រាមនៃគ្រឿងស្រវឹង ចន្លោះពីម៉ោង ៨យប់ ទៅពាក់កណ្តាលអធ្រាត្រ។ គាត់នៅមានជាតិអាល់កុលក្នុងឈាមនៅម៉ោង៨ព្រឹកនៃថ្ងៃបន្ទាប់ នេះដោយសារគាត់ត្រូវការពេលវេលាប្រហែល៨ម៉ោងកន្លះ ដើម្បីឲ្យជាតិអាល់កុលក្នុងឈាមគាត់ត្រឡប់ទៅសូន្យវិញក្រោយពេលគាត់ឈប់ផឹក។
២-បើស្ត្រីម្នាក់ទម្ងន់៥៥គីឡូក្រាម ទទួលទានអស់៦០ក្រាមនៃគ្រឿងស្រវឹងចន្លោះម៉ោង៨យប់ទៅពាក់កណ្តាលអធ្រាត្រ នោះគាត់មានកំហាប់ជាតិអាល់កុលក្នុងឈាមប្រហែល ០.១០ភាគរយនៅពាក់កណ្តាលអធ្រាត្រ។ យ៉ាងហោចណាស់ក៏៦ម៉ោងកន្លះទៀតដែរ ទើបកំហាប់ជាតិអាល់កុលក្នុងឈាមរបស់គាត់ត្រលប់ទៅសូន្យវិញ ក្រោយពីគាត់ឈប់ផឹក។
កត្តាដែលជះឥទ្ធិពលដល់កំហាប់ជាតិអាល់កុលក្នុងឈាម
ទទួលទានគ្រឿងស្រវឹងកាន់តែច្រើន កំហាប់ជាតិអាល់កុលក្នុងឈាមកាន់តែខ្ពស់ ប៉ុន្តែបើមនុស្សពីរនាក់ផ្សេងគ្នា ទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នា អាចមានកំហាប់ជាតិអាល់កុលក្នុងឈាមខុសគ្នា អាស្រ័យដោយកត្តាច្រើនយ៉ាងរួមមាន៖
• មាឌ (ទំហំខ្លួន)៖ អ្នកដែលមានមាឌតូច នឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងអ្នកដែលមានមាឌធំ បើសិនទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នា។
• ក្រពះទទេ៖ ចំពោះអ្នកដែលមិនទាន់ទទួលទានអាហារ កំហាប់ជាតិអាល់កុលក្នុងឈាមនឹងឡើងខ្ពស់លឿនជាងអ្នកដែលទទួលទានអាហាររួច។ អាហារនៅក្នុងក្រពះ ពន្យឺតល្បឿននៃជាតិអាល់កុលឆ្លងចូលទៅក្នុងចរន្តឈាម។
• ជាតិខ្លាញ់ក្នុងរាងកាយ៖ អ្នកមានជាតិខ្លាញ់ច្រើនក្នុងរាងកាយ (ធាត់) មានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ ព្រោះជាតិអាល់កុលមិនជ្រាបចូលទៅក្នុងជាលិកាខ្លាញ់ទេ។
• ភេទ៖ បើទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នាស្ត្រីតែងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស។
ដោយសារកត្តាទាំងអស់ខាងលើនេះហើយទើបការរកបរិមាណនៃគ្រឿងស្រវឹងដែលបានទទួលទានមិនអាចកំណត់កំហាប់ជាតិអាល់កុលក្នុងឈាមបានត្រឹមត្រូវទេ។
វិធីទទួលទានគ្រឿងស្រវឹងដើម្បីរក្សាកំហាប់ជាតិអាល់កុលក្នុងឈាមក្រោម០.០៥
• ចំពោះបុរស (ទម្ងន់មធ្យម)៖ មិនត្រូវទទួលទានលើសពី២០ក្រាមនៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង និងមិនលើសពី១០ក្រាមនៃគ្រឿងស្រវឹងនៅម៉ោងបន្តបន្ទាប់។
• ចំពោះស្ត្រី (ទម្ងន់មធ្យម)៖ មិនត្រូវទទួលទានលើសពី១០ក្រាមនៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង និងមិនលើសពី១០ក្រាមនៃគ្រឿងស្រវឹង នៅម៉ោងបន្តបន្ទាប់។
គួរបញ្ជាក់ថា ទោះបីជាកំហាប់ជាតិអាល់កុលក្នុងឈាមត្រឡប់មកសូន្យវិញក្រោយពេលឈប់ផឹកក៏ដោយ សមត្ថភាពក្នុងការវិនិច្ឆ័យ និងការសម្តែងនៅតែស្ថិតក្នុងភាពទន់ខ្សោយដោយសារការស្រវឹងនៅឡើយ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ