គីសក្នុងសុដន់ សុទ្ធតែបង្កជាមហារីក?
នាពេលបច្ចុប្បន្ន ការយល់ដឹងអំពីមហារីកសុដន់ចំពោះស្ត្រីមានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងស្ត្រីភាគច្រើនបានធ្វើការពិនិត្យសុដន់ដោយខ្លួនឯង ឬធ្វើការពិនិត្យដោយគ្រូពេទ្យជំនាញ។ ចម្ងល់ និងការព្រួយបារម្ភតែងកើនមានឡើងក្រោយធ្វើការពិនិត្យនេះ ជាពិសេសនៅពេលដែលបានដឹងថាពួកគាត់មានដុំសាច់ក្នុងសុដន់ ដូចករណីខាងក្រោម៖
សំណួរ៖ អ្នកជំងឺអាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បាននិយាយថា “ក្នុងអំឡុងពេលធ្វើការពិនិត្យសុដន់ តាមរយៈម៉ាស៊ីនអ៊ុលត្រាសោន គ្រូពេទ្យបានរកឃើញថា ខ្ញុំមានដុំគីសទំហំ ១សង់ទីម៉ែត្រមានទឹកថ្លាខាងក្នុង និងព័ទ្ធជុំវិញដោយសម្បកខាងក្រៅ។ ខ្ញុំមិនមានការឈឺចាប់ ឬមានអារម្មណ៍ថាមានដុំនេះនោះទេ។ តើដុំគីសជាអ្វី? តើវាអាចបង្កឲ្យគ្រោះថ្នាក់ទេ?”
ចម្លើយ៖ ដុំគីសជាប្រភេទដុំសាច់ស្លូតមួយប្រភេទដែលជាញឹកញាប់តែងតែកើតមានឡើងក្នុងសុដន់របស់មនុស្សស្រី។ ផ្នែកខាងក្នុងរបស់វាជាសារធាតុរាវការវិវឌ្ឍនៃដុំគីសនេះអាចបណ្តាលមកពីបម្រែបម្រួលកម្រិតអ័រម៉ូនដែលមានក្នុងសារពាង្គកាយ។ មានភស្តុតាងមួយចំនួនបានបង្ហាញថាការកើនឡើងនូវអ័រម៉ូនអឺស្ត្រូហ្សែនលើសលប់អាចជំរុញឲ្យមានការកើតប្រភេទដុំសាច់នេះ។ ដុំគីសក្នុងសុដន់អាចមានវត្តមានក្នុងសុដន់ទាំងសងខាង ឬតែម្ខាង ដែលប្រភេទដុំសាច់នេះត្រូវបានបែងចែកជាច្រើនប្រភេទក្នុងនោះមានដូចជា៖
• ប្រភេទធម្មតា (សម្បូរ) និងជាប្រភេទគីសបែប ស្មុគស្មាញ
• ប្រភេទដុំទោល (សម្បូរ) និងមានដុំគីសច្រើន
• ប្រភេទគីសតូចៗ (ពិបាកស្ទាបរក តែអាចត្រូវបានរកឃើញក្នុងអំឡុងពេលធ្វើអ៊ុលត្រាសោន) និងប្រភេទគីសធំៗ (អាចស្ទាបដឹង និងមានទំហំចាប់ពី ២ ទៅ៥ស.ម)។ ទំហំដុំគីសធំអាចដាក់សម្ពាធលើជាលិកាសុដន់ផ្សេងៗទៀតដែលនៅជិត បណ្តាលឲ្យមានការឈឺចាប់ និងមានអារម្មណ៍មិនស្រួលនៅតំបន់សុដន់នោះតែម្តង។
ដុំគីសក្នុងសុដន់អាចត្រូវបានគេរកឃើញចំពោះស្ត្រីគ្រប់វ័យទាំងអស់ វាកើតមានជាធម្មតាទៅលើស្ត្រីមុនពេលអស់រដូវ និងស្ត្រីក្រោយអស់រដូវដែលទទួលការព្យាបាលដោយប្រភេទថ្នាំអ័រម៉ូន។ គីសសុដន់អាចកើតឡើងដោយឯកឯង ឬមិនឯកឯងដែលអាចវិវឌ្ឍយ៉ាងលឿន។ ប្រភេទដុំមហារីកកាចដែលនៅជាប់ជញ្ជាំងកោសិកាគីសគឺកម្រកើតមានណាស់។ រោគសញ្ញាជាធម្មតានៃដុំគីសនេះមានលក្ខណៈរលោងមានរាងមូល ឬពងក្រពើបត់បែនបានយ៉ាងងាយស្រួលនៅក្នុងសុដន់ ព្រមទាំងអាចមានលក្ខណៈស្រដៀងនឹងផ្លែទំពាំងបាយជូរ ឬប៉ោងប៉ោងដែលមានផ្ទុកទឹកក្នុងនោះពេញ ប៉ុន្តែជួនកាលមានសភាពរឹង និងអាចឲ្យមានអារម្មណ៍ឈឺទៀតផង។ ដុំគីសទំហំតូច ដែលមិនបង្កការឈឺចាប់ប្រហែលជាអាចត្រូវបានរកឃើញតែតាមរយៈការពិនិត្យអ៊ុលត្រាសោនប៉ុណ្ណោះ។ ដុំគីសនេះអាចរីកធំ និងកាន់តែឈឺនៅពេលមករដូវ តែប្រែជាបាត់ទៅវិញក្រោយបញ្ចប់ការមករដូវ។
ការធ្វើរោគវិនិច្ឆ័យ
បន្ទាប់ពីការសាកសួរអំពីរោគសញ្ញា និងព័ត៌មានទាក់ទងប្រវត្តិគ្រួសាររបស់អ្នកជំងឺរួចរាល់ ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការពិនិត្យសុដន់តាមរយៈរូបរាងខាងក្រៅ និងស្នើសុំការថតពិនិត្យតាមបែបរូបភាពវេជ្ជសាស្រ្តបន្ថែមទៀត។គីសក្នុងសុដន់ងាយស្រួលក្នុងការកំណត់អត្តសញ្ញាណក្នុងអំឡុងពេលពិនិត្យតាមវិធីសាស្ត្រអ៊ុលត្រាសោនក្រោយសង្ស័យថាមានដុំគីស (បន្ទាប់ពីធ្វើការពិនិត្យដោយម៉ាស៊ីនអុលត្រាសោនរួចរាល់) ការប្រើប្រាស់ម្ជុលតូចឆ្មារ (FNA) ដើម្បីបឺតយកទឹកពីក្នុងដុំគីសនឹងត្រូវបានធ្វើបន្ត ដោយដំបូងត្រូវជូតស្បែកខាងលើជាមួយអាល់កុល ព្រមទាំងមានការចាក់ថ្នាំស្ពឹកត្រង់ទីតាំងដែលត្រូវចាក់ម្ជុលបឺតនោះ។ ម្ជុលនេះមានទំហំប្រហែលទំហំម្ជុលបូមឈាមពីសរសៃដៃ។គ្រូពេទ្យឯកទេសនឹងធ្វើការបូមយកទឹកគីសនេះចេញដោយកាន់ដុំគីសថ្នមៗចន្លោះម្រាមដៃរបស់គាត់ រួចរុញម្ជុលចូលជាច្រើនដងដើម្បីបូមទឹកនោះចូលក្នុងសឺរ៉ាំង។ បន្ទាប់មក ដុំគីសនោះនឹងប្រែជាស្វិតដូចជាប៉ោងប៉ោង ដែលត្រូវបានចាក់ទម្លុះ។ ទឹកគីសនៅក្នុងដបពិសេសនេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ពិសេសដើម្បីពិនិត្យមើលតាមរយៈមីក្រូទស្សន៍។ បន្ទាប់ពីធ្វើការបូមទឹកគីសរួច អ្នកជំងឺត្រូវមកជួបគ្រូពេទ្យឯកទេសជំងឺសុដន់ក្នុងរយៈពេល១ខែក្រោយ។ ជំងឺមហារីកកម្រវិវឌ្ឍពីដុំគីសណាស់ ហើយសម្រាប់ហេតុផលនេះទឹកគីសដែលបូមមកលាយឡំឈាមតម្រូវឲ្យពិនិត្យតាមរយៈមីក្រូទស្សន៍។ មានតែគ្រូពេទ្យឯកទេសជំងឺសុដន់តែប៉ុណ្ណោះដែលអាចសម្រេចចិត្តបានថាគួរធ្វើការវះកាត់ ឬយ៉ាងណា ពីព្រោះហានិភ័យដែលអាចវិវឌ្ឍដុំគីសដែលមានឈាមឲ្យទៅជាជំងឺមហារីកបានគឺមានតែ ១០% ហើយប្រភេទនៃគីសបែបនេះត្រូវតែវះកាត់ចេញ។
ការព្យាបាល
គ្មានការព្យាបាលដែលចាំបាច់សម្រាប់ដុំគីសមានទំហំតូច (តិចជាង ២ស.ម)ទេ ករណីដុំគីសទាំងនោះផ្ទុកទៅដោយសារធាតុរាវ និងមិនបង្កជារោគសញ្ញាអ្វីឡើយ ដែលត្រូវបានធ្វើការបញ្ជាក់ពីអ៊ុលត្រាសោន ឬបន្ទាប់ពីការបូមទឹកគីសរួចរាល់។
១. ដុំគីសមិនតម្រូវឲ្យមានការព្យាបាលទេ ប្រសិនបើវាមិនបានវិវឌ្ឍកាន់តែធំនិងគ្មានការឈឺចាប់ ឬមានអារម្មណ៍មិនស្រួល តែការបូមទឹកគីសប្រហែលជាត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិតជំនាញ។ ការបូមទឹកគីសចេញមកបណ្តាលឲ្យដុំគីសប្រែជាស្វិតដោយវាអាចកាត់បន្ថយសម្ពាធ និងភាពមិនស្រួលដែលបណ្តាលមកពីគីសផ្ទាល់។ ទោះបីជាមានការបូមទឹកនេះចេញក៏ដោយក៏ថង់គីសនេះអាចផលិតជាសារធាតុរាវថ្មីបរិមាណប្រហែល៥០%ទៀតនៅពេលអនាគតផងដែរ។ ដូច្នេះ ការបូមយកទឹកគីសចេញអាចត្រូវបានធ្វើឡើងលើសពីពីរដង។ ការលាប់ឬការកកើតថ្មីនៃដុំគីសតែងកើតឡើងជាធម្មតា។
២. ការវះកាត់អាចត្រូវបានពិចារណាក្នុងករណីគីសកើតឡើងវិញជារៀងរាល់ខែ ឬប្រសិនបើគីសផ្ទុកទៅដោយឈាម ឬករណីមានសញ្ញាណដែលគួរឲ្យព្រួយបារម្ភផ្សេងទៀត។ គីសដែលតែងកកើតទឹកឡើងវិញបន្ទាប់ពីការបឺតទឹកចេញ ២ដង ឬច្រើនជាងនេះប្រហែលជាត្រូវបានវះកាត់ចេញពីព្រោះវាអាចទាក់ទងនឹងជំងឺមហារីក។ ករណីដុំគីសមានសភាពរឹង ការច្រឹបសាច់គឺត្រូវបានធ្វើឡើង។
៣. ចំពោះស្ត្រីដែលតែងមានគីសជាប់ជានិច្ច ជួនកាលការប្រើប្រាស់ថ្នាំប្រហែលជាអាចជួយមិនឲ្យមានការវិវឌ្ឍដុំគីសបន្តទៀតបាន បើទោះបីជាថ្នាំទាំងនោះមិនមានប្រសិទ្ធភាពចំពោះដុំគីសដែលមានស្រាប់ក៏ដោយ។ ការផ្តល់ថ្នាំជូនអ្នកជំងឺអាចធ្វើឡើងដោយគ្រូពេទ្យឯកទេសជំងឺសុដន់មានបទពិសោធន៍តែប៉ុណ្ណោះ។ សម្រាប់ស្រ្តីដែលមានដុំគីសធម្មតាអាចធ្វើការតាមដានជារៀងរាល់ឆ្នាំ។ ប្រសិនបើស្ត្រីម្នាក់នៅតែអាចស្ទាបដឹងថាមានដុំសាច់បន្ទាប់ពីការមករដូវបានបញ្ចប់ ឬប្រសិនបើដុំសាច់នោះនៅតែបន្តរីកធំ ឬមានការផ្លាស់ប្តូរ ពួកគាត់ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។ចំពោះករណីរបស់អ្នកជំងឺខាងលើ គាត់មានដុំគីសតូចធម្មតា ដែលមិនបង្កគ្រោះថ្នាក់នោះទេ។ គីសនេះជួនកាលអាចបាត់ទៅវិញដោយឯកឯង។ គ្រប់គ្នាត្រូវតែធ្វើការពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងទៅជួបគ្រូពេទ្យឯកទេសជារៀងរាល់ឆ្នាំសម្រាប់ការពិនិត្យរាងកាយ ព្រមទាំងពិនិត្យតាមវិធីសាស្ត្រអ៊ុលត្រាសោន។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ