ក្អកស្ងួតស្តែងឡើងយ៉ាងដូចម្តេច?
ជាទូទៅ នៅពេលអ្នកទៅជួបគ្រូពេទ្យដើម្បីព្យាបាលអាការៈក្អក ក្រុមគ្រូពេទ្យតែងសួរអ្នកថាតើជាប្រភេទក្អកស្លេស្ម ឬក្អកស្ងួតដោយហេតុថាមូលហេតុបង្កនិងវិធីសាស្ត្រព្យាបាលផ្សេងៗគ្នា ដែលជួនកាល អ្នកអាចពិបាកញែករវាងការក្អកទាំងពីរនេះណាស់។ ដូច្នេះអត្ថបទខាងក្រោមនឹងបង្ហាញលោកអ្នកឲ្យដឹងថា អ្នកបាន និងកំពុងក្អកស្ងួត ដើម្បីអ្នកអាចធ្វើការបែងចែកខ្លួនឯងបាន។
ក្អកស្ងួតគឺជាប្រភេទក្អកមិនបញ្ចេញស្លេស្ម ដែលវាអាចមានលក្ខណៈរមាស់ ឬដូចមានអ្វីម៉្យាងដែលនៅជាប់បំពង់ក។ ជាញឹកញាប់អាការៈនេះអាចបង្កមកពីមេរោគដូចជា ជំងឺផ្តាសាយ ឬពេលខ្លះក៏អាចបង្កមកពីបញ្ហាអាល្លែកហ្ស៊ី ឬបញ្ហាបំពង់កផងដែរ។
* មូលហេតុនៃក្អកស្ងួត
បន្ថែមពីមូលហេតុដែលបានរៀបរាប់ខាងលើ វាក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតផងដែរ៖
- ជំងឺហឺត
- ជំងឺច្រាលទឹកក្រពះ (Gastro-esophageal reflux)
- ការជក់បារី
- អាល្លែកហ្ស៊ីច្រមុះដែលបណ្តាលមកពីសារធាតុ ឬវត្ថុដែលអ្នកធ្លាប់អាល្លែកហ្ស៊ីជាមួយ មានដូចជា លម្អងធូលី ឬរោមសត្វជាដើម
- ការរលាកបំពង់សំឡេង
- ក្អកមាន់ ដែលជាប្រភេទជំងឺបង្កមកពីបាក់តេរី
- រោគសញ្ញានៃការស្ទះផ្លូវដង្ហើមអំឡុងពេលគេង (Obstructive sleep apnea)
- ទម្លាប់ក្អក ដែលជាទូទៅកើតឡើងតែនៅពេលថ្ងៃ ប៉ុន្តែមិនមែនបង្កមកពីមេរោគ ឬបាក់តេរីនោះទេ ហើយភាគច្រើនកើតឡើងចំពោះក្មេងៗ
- ការដកដង្ហើមចូលនូវពពួកសារធាតុចម្លែកផ្សេងទៀតដោយចៃដន្យ ដែលអាចជាអាហារ ឬទឹក
- ជំងឺសួតមួយចំនួន
- អាចជាផលរំខានរបស់ថ្នាំមួយចំនួនដូចជា ថ្នាំលើសឈាមប្រភេទ ACE inhibitor (Angiotensin Converting Enzyme inhibitors)។
ក្រៅពីហេតុផលដែលតែងកើតឡើងជាញឹកញាប់ខាងលើ អាការៈនេះក៏អាចបង្កមកពីជំងឺបេះដូង ជំងឺស្ទះទងសួត (Pulmonary embolism) ឬជំងឺមហារីកសួតជាដើម។ គួរបញ្ជាក់ថា អាការៈនេះអាចកាន់តែធ្ងន់ធ្ងរនៅពេលដែល៖
- ការដកដង្ហើមជាមួយខ្យល់ស្ងួត ឬត្រជាក់ខ្លាំង
- ខ្យល់កង្វក់ដែលអាចមានជាធូលី ផ្សែង
- ស្រូបផ្សែងបារីដោយផ្ទាល់ ឬមិនផ្ទាល់
- ការប្រើប្រាស់សំឡេងច្រើន និងខ្លាំងពេក
- ការផ្លាស់ប្តូរសីតុណ្ហភាព។
* វិធីសាស្ត្រព្យាបាល
ក្អកស្ងួតដែលបណ្តាលមកពីការឆ្លងមេរោគ ដូចជាជំងឺផ្តាសាយ ជាធម្មតាអាចធូរស្រាលដោយខ្លួនឯងបានក្នុងរយៈពេល១ឬ២ សប្តាហ៍។ ការព្យាបាលបែបធម្មជាតិ រួមជាមួយការប្រើថ្នាំក្អកអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង ដែលក្នុងនោះអ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
ការព្យាបាលបែបធម្មជាតិ
- ផឹកទឹកឲ្យបានច្រើន
- លាយទឹកឃ្មុំជាមួយក្រូចឆ្មារ ដោយប្រើទឹកក្តៅជាមួយទឹកឃ្មុំ ១ទៅ២ស្លាបព្រានិងបន្ថែមក្រូចឆ្មារបន្តិច
- ខ្ពុរមាត់ជាមួយទឹកអំបិល ករណីអ្នកមានបញ្ហាក្អកស្ងួតមកពី ផ្តាសាយ ឬឈឺក។
ការព្យាបាលដោយប្រើថ្នាំ
- ប្រើប្រាស់ថ្នាំបន្ថយការក្អកក្នុងរយៈពេលខ្លី ដែលមានសារធាតុសកម្មដូចជា Pholcodine, Dextromethorphan, Codeine, Dihydrocodeine, និង Pentoxyverine។ ថ្នាំប្រភេទនេះភាគច្រើនអាចរកទិញបាននៅតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជា ប៉ុន្តែអ្នកត្រូវទទួលការណែនាំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវពីឱសថការីជាមុនរាល់ពេលប្រើប្រាស់
- ជួនកាលអ្នកក៏អាចត្រូវបានប្រើប្រាស់ប្រភេទថ្នាំដែលមានការបូកបញ្ចូលគ្នារវាង ថ្នាំផ្តាសាយ អាល្លែកហ្ស៊ី និងថ្នាំក្អក ករណីមូលហេតុបណ្តាលមកពីជំងឺផ្តាសាយ ឬអាល្លែកហ្ស៊ី
- ការប្រើប្រាស់ប្រភេទស្រៃ្ពយ៍បាញ់ច្រមុះ ឬមាត់ដែលមានសារធាតុសកម្មដូចជា ទឹកអំបិល (Saline nasal spray ) ឬ ថ្នាំប្រឆាំងរលាក (Corticosteroid nasal spray)
- ការប្រើប្រាស់ថ្នាំបន្ថយការបញ្ចេញជាតិអាស៊ីតក្រពះ ក៏ត្រូវបានអនុវត្តចំពោះអ្នកមានបញ្ហាច្រាលទឹកក្រពះផងដែរ។
* សញ្ញាណដែលអ្នកគួរជួបគ្រូពេទ្យជាបន្ទាន់
- ក្អកមានឈាម
- ពិបាកដកដង្ហើម ឬថប់
- ក្អករាល់ពេលយប់ ឬមានលាយឡំក្តៅខ្លួន
- ជាអ្នកជក់បារីជាប់ជាប្រចាំ
- មានលាយឡំជាមួយការឈឺក្បាល ឈឺត្រចៀក ក្អួត កន្ទួលរមាស់ ស្រកទម្ងន់ ឬឈឺសាច់ដុំពេញខ្លួន
- ក្មេងអាយុក្រោម៦ខែ
- ក្អកលើសពី ១០ថ្ងៃដោយមិនមានភាពប្រសើរ ឬកាន់តែធ្ងន់ធ្ងរ
- ឬអ្នកមានជំងឺលើសឈាម ជំងឺបេះដូង ក្រពះ ពោះវៀន ឬជំងឺផ្លូវដង្ហើម។
គួរបញ្ជាក់ថា អ្នកគួរប្រាប់គ្រូពេទ្យរបស់អ្នក ករណីអ្នកមានបញ្ហាក្អកធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំលើសឈាមដើម្បីធ្វើការផ្លាស់ប្តូរប្រភេទថ្នាំផ្សេងទៀតដែលអាចសមស្របជាងនេះ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ