តើអ្នកស្គាល់ជំងឺផ្ដាសាយកម្រិតណា?
ដោយសារតែភាពរំខាននានាជាច្រើននៃជំងឺផ្ដាសាយបានបង្ខំឲ្យអ្នកជំងឺមួយចំនួនសម្រេចចិត្តសម្រាកនៅផ្ទះ ជាជាងការចេញទៅក្រៅ ឬបំពេញការងារផ្សេងៗ ដោយរង់ចាំឲ្យស្ថានភាពជំងឺបានប្រសើរឡើងវិញជាមុនសិន។ ជាក់ស្ដែង ផ្ដាសាយអាចចាត់ទុកបានជាជំងឺសាមញ្ញ តែអ្នកប្រហែលមិនដឹងទេថាវាអាចមានភាពស្មុគស្មាញ និងអាថ៌កំបាំងដែលអ្នកមិនធ្លាប់បានដឹង។
ក្នុងករណីលេចចេញសញ្ញាសាមញ្ញដូចជា ហៀរសម្បោរ ក្ដៅខ្លួន ឬស្ងួតបំពង់ក នោះអាចបញ្ជាក់បានថាអ្នកកំពុងរងការវាយលុកពីជំងឺផ្ដាសាយ។ ជាធម្មតាអាការៈផ្ដាសាយទាំងនោះអាចនឹងមានភាពធូរស្បើយ និងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញបន្ទាប់ពីរយៈពេល ២ ទៅ ៣ថ្ងៃក្រោយ។
លក្ខណៈជំងឺផ្តាសាយ
វាជាជំងឺមួយដែលបណ្តាលមកពីការចម្លងរោគដ៏តូចមួយដែលគេហៅថា វីរុស។ ជំងឺផ្តាសាយបណ្ដាលមកពីវីរុសជាង ២០០ ប្រភេទ ប៉ុន្តែជំងឺទូទៅ និងបង្កឡើងញឹកញាប់បំផុតគឺពពួក Rhinovirus ដែលទទួលខុសត្រូវយ៉ាងហោចណាស់ ៥០% នៃជំងឺផ្តាសាយ។ វីរុសផ្សេងៗទៀតដែលអាចបង្កឲ្យមានជំងឺផ្តាសាយ រួមមានមេរោគ Coronavirus, Respiratory syncytial virus, Parainfluenza និងជំងឺគ្រុនផ្តាសាយ។ នៅពេលមេរោគទាំងនោះឆ្លងតាមរយៈច្រមុះ និងបំពង់ក ប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងធ្វើការប្រឆាំងជាមួយការចម្លងនោះដោយបង្កើតបានជាការរលាកនិងមានសម្បោរហើយអ្នកជំងឺថែមទាំងអាចមានអាការៈអស់កម្លាំង ឬល្ហិតល្ហៃទៀតផង។
ការចម្លង
វីរុសផ្តាសាយអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ភ្នែក ច្រមុះ ឬបំពង់ក។ វីរុសអាចរាលដាលតាមរយៈតំណក់តូចៗនៅលើអាកាសនៅពេលមនុស្សម្នាក់ក្អកបន្ទាប់មកធ្វើការរីករាលដាលទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងងាយ។ ជំងឺនេះក៏អាចឆ្លងតាមការប៉ះពាល់ផ្ទាល់ដៃជាមួយអ្នកជំងឺ ឬដោយការចែករំលែកវត្ថុកខ្វក់ដូចជាឧបករណ៍ប្រើប្រាស់ កន្សែងឧបករណ៍ក្មេងលេង ឬទូរស័ព្ទ។ល។
រោគសញ្ញាជំងឺផ្តាសាយ
រោគសញ្ញានៃជំងឺផ្តាសាយជាធម្មតានឹងកើតមានឡើងពី ១ថ្ងៃទៅ ៣ថ្ងៃបន្ទាប់ពីការប៉ះពាល់នឹងវីរុសដែលបង្កឲ្យមានជំងឺផ្តាសាយ។ រោគសញ្ញាអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ ដែលជាទូទៅរោគសញ្ញាទាំងនោះមានដូចជា៖
• ឈឺក
• ហៀរសម្បោរ ឬតឹងច្រមុះ
• ក្អក
• កណ្តាស់
• ឈឺក្បាល ឬឈឺខ្លួន។
ចំណែករោគសញ្ញាធ្ងន់ធ្ងរអាចមានដូចជា គ្រុនក្តៅឬឈឺសាច់ដុំ ដែលអាចជាសញ្ញាជំងឺផ្តាសាយធ្ងន់ (Flu) ជាជាងជំងឺផ្តាសាយធម្មតាហើយមនុស្សភាគច្រើននឹងមានភាពប្រសើរឡើងវិញក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ