ត្រឹមតែ ៧មុខជួយសម្រួលក្អកស្លេស្ម
ក្អកស្លេស្ម គឺជាដំណើរការធម្មតារបស់ប្រព័ន្ធដង្ហើមដើម្បីជម្រុះចោលសារធាតុរំខានចេញប៉ុន្តែប្រសិនបើលក្ខខណ្ឌនេះបង្កភាពរំខានចំពោះអ្នក អ្នកប្រាកដជាត្រូវការវិធីសាស្ត្រដ៏មានប្រសិទ្ធភាពនានាដើម្បីកម្ចាត់ភាពរំខានទាំងនោះ។ ជាក់ស្តែង អ្នកអាចអនុវត្តវិធីសាស្ត្រ ៧យ៉ាងដែលរួមបញ្ចូលទាំងឱសថធម្មជាតិដែលអ្នកអាចរកបានយ៉ាងងាយស្រួល ដែលមានដូចខាងក្រោម៖
១. ផ្សើមខ្យល់
ការផ្សើមខ្យល់ជុំវិញបន្ទប់ អាចជួយធ្វើឲ្យស្លេស្មកាត់បន្ថយកម្រាស់ និងមិនអាចកកផ្តុំបាន។ ហេតុនេះអ្នកអាចប្រើប្រាស់ម៉ាស៊ីនបន្សើមខ្យល់ជាប្រចាំក្នុងអំឡុងពេលកើតមានបញ្ហានេះ។ គ្រាន់តែប្រាកដថាអ្នកត្រូវផ្លាស់ប្តូរទឹករៀងរាល់ថ្ងៃ និងសម្អាតម៉ាស៊ីនបន្សើមខ្យល់ឲ្យបានជាប្រចាំផង បើមិនដូច្នោះអ្នកអាចឆ្លងមេរោគតាមខ្យល់មិនស្អាតបែបនោះទៅវិញ។
២. ពិសាទឹក
ទឹកជាសារធាតុចាំបាច់ប្រចាំថ្ងៃ ហើយកាន់តែសំខាន់នៅពេលអ្នកកំពុងមានបញ្ហានេះ។ ការពិសាទឹកក្តៅឧណ្ហៗអាចធ្វើឲ្យស្លេស្មរាវ និងអាចជួយបំបាត់ភាពស្អិតរបស់វាបាន។ ព្យាយាមពិសាទឹកឲ្យបានច្រើន ឬអ្នកក៏អាចពិសាទឹកផ្លែឈើ ឬទឹកក្រូចឆ្មារបានផងដែរ។
៣. គ្រឿងផ្សំសម្រួលដង្ហើម
អ្នកអាចសាកល្បងពិសាអាហារ និងភេសជ្ជៈដែលមានក្រូច ខ្ញី ខ្ទឹម ឬទឹកឃ្មុំលាយជាមួយក្រូចឆ្មារ និងទឹកក្តៅផងដែរ។ មានការសិក្សាជាច្រើនបានបង្ហាញថា សារធាតុទាំងអស់នេះពិតជាមានប្រសិទ្ធភាពចំពោះការព្យាបាលក្អកស្ងួត ផ្តាសាយ ជាពិសេសក្អកស្លេស្មនេះតែម្តង។ ម៉្យាងគ្រឿងផ្សំដែលមានសារធាតុហឹរ ក៏ជួយសម្រួលផ្លូវដង្ហើម និងលំហូរស្លេស្មបានផងដែរ។
៤. ខ្ពុរទឹកអំបិល
ទឹកក្តៅឧណ្ហៗ លាយជាមួយអំបិលមានមុខងារសម្លាប់មេរោគ និងសម្រួលដង្ហើមត្រង់បំពង់កបានយ៉ាងប្រសើរ។ ដោយដំបូង អ្នកត្រូវលាយអំបិលប្រមាណ ១/២ ទៅ ២/៣ស្លាបព្រា ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ១កែវ រួចកូរឲ្យរលាយសព្វ និងអាចយកទៅច្រោះបន្ថែមទៀតក៏បាន។ ចាប់ផ្តើមខ្ពុរដោយងើយកទៅលើ រយៈពេល៣០ ទៅ ៦០វិនាទី រួចខ្ជាក់ចេញ និងខ្ពុរទឹកស្អាតបន្តជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះតាមត្រូវការ។
៥. ប្រេងអឺកាលីបទីស (Eucalyptus oil)
ប្រេងអឺកាលីបទីស ជាប្រភេទប្រេងដែលត្រូវបានយកមកប្រើប្រាស់យ៉ាងពេញនិយមសម្រាប់សម្រួលផ្លូវដង្ហើម។ ជាក់ស្តែង នាពេលបច្ចុប្បន្នប្រេងនេះតែងមានវត្តមាននៅក្នុងប្រេងខ្យល់ ប្រេងកូឡាជាដើម ប៉ុន្តែអ្នកក៏អាចស្វែងរកប្រភេទប្រេងនេះសុទ្ធនៅតាមទីផ្សារផងដែរ។ ប្រេងនេះមានប្រសិទ្ធភាពជួយកាត់ផ្តាច់ស្លេស្មមិនឲ្យជាប់គ្នា ជាហេតុធ្វើឲ្យអ្នកងាយស្រួលខាកស្តោះចេញមកក្រៅ។ អ្នកអាចលាបរឹតប្រេងនេះត្រង់តំបន់ក និងផ្នែកខាងក្រោយក ៣ដងក្នុងមួយថ្ងៃ។
៦. តែទឹកឃ្មុំ
យោងតាមការសិក្សាជាច្រើនបានដឹងថា ទឹកឃ្មុំមានប្រសិទ្ធភាពក្នុងការបន្ថយអាការៈក្អក។ ការសិក្សាទៅលើការព្យាបាលអាការៈក្អកពេលយប់លើកុមារដោយធ្វើការប្រៀបធៀបរវាងទឹកឃ្មុំខ្មៅនិងថ្នាំបំបាត់ក្អកប្រភេទ Dextromethorphan។ អ្នកស្រាវជ្រាវបានរកឃើញថា ទឹកឃ្មុំអាចបំបាត់អាការៈក្អកគួរឲ្យកត់សម្គាល់បើប្រៀបទៅលើប្រសិទ្ធភាពនៃ Dextromethorphan។ បើទោះបីជាគុណប្រយោជន៍នៃទឹកឃ្មុំល្អជាង Dextromethorphan តែបន្តិចបន្តួចក៏ពិតមែន ក៏ម្តាយឪពុកភាគច្រើនជ្រើសរើសប្រើប្រាស់ទឹកឃ្មុំជាជាងថ្នាំ។ វិធីប្រើទឹកឃ្មុំសម្រាប់ព្យាបាលអាការៈក្អក គឺអ្នកគ្រាន់តែលាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្តៅឧណ្ហៗឬទឹកតែ។ ផឹកទឹកឃ្មុំនេះម្តង ទៅពីរដងក្នុងមួយថ្ងៃ ប៉ុន្តែមិនត្រូវឲ្យទឹកឃ្មុំទៅក្មេងអាយុក្រោម ១ឆ្នាំហូបទេ។
៧. ខ្ញី
ខ្ញីអាចបំបាត់ទាំងក្អកស្ងួត និងក្អកស្លេស្ម ព្រោះវាមានប្រសិទ្ធភាពប្រឆាំងនឹងភាពរលាកបាន។ វាក៏អាចបំបាត់អាការៈចង្អោរ និងការឈឺចាប់។ ការសិក្សាមួយ បានណែនាំថា សារធាតុប្រឆាំងរលាកមួយចំនួននៅក្នុងខ្ញីអាចសម្អាតភ្នាសនៅតាមបំពង់ខ្យល់ដែលអាចកាត់បន្ថយអាការៈក្អកបាន។ ដាក់បន្ទះខ្ញីស្រស់ប្រហែល២០ទៅ៤០ក្រាម ឆុងជាមួយទឹកក្តៅមួយកែវ។ ទុកប្រហែលប៉ុន្មាននាទីមុនផឹក។ អ្នកអាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដើម្បីបន្ថែមរសជាតិ។ គួរកត់សម្គាល់ថា តែខ្ញីអាចបណ្តាលឲ្យមានបញ្ហាក្រហាយក្រពះ។
ប្រសិនបើអ្នកបានសាកល្បងធម្មជាតិខាងលើមិនមានប្រសិទ្ធភាពទេនោះអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងតាមដានឲ្យបានកាន់តែច្បាស់ស្វែងរកមូលហេតុពិតប្រាកដ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ